ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល ច្រានចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស​និង​គ.ជ.ប


លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កំពុង​អង្គុយ​ជាមួយ​គ្រួសារ​ក្នុង​បន្ទប់​រង់ចាំ​នៅ​តុលាការ​កំពូល​ នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កំពុង​អង្គុយ​ជាមួយ​គ្រួសារ​ក្នុង​បន្ទប់​រង់ចាំ​នៅ​តុលាការ​កំពូល​ នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

ទាំង​ក្រុម​គ្រួសារ មន្ត្រី​ការ​ពារ​សិទ្ធិ​មនុស្ស និង​មេធាវី ​សុទ្ធ​តែ​លើកឡើង​ថា​​ ការ​សម្រេច​នេះ​​​មាន​ភាព​​អយុត្តិធម៌​​ និង​មាន​លក្ខណៈ​នយោបាយ។

«ខ្ញុំ​ទ្រាំ​៦-៧ខែ​ ដើម្បី​ថា​ប្ដី​របស់​ខ្ញុំ​លែង​ថ្ងៃនេះ មក​ដល់​ថ្ងៃនេះ​អត់​ដោះ​លែង​ទេ គ្រួសារ​ខ្ញុំ​ទាំង​អស់​គ្នាធ្លាក់​ក្រ​លំបាក ហូប​បាយ​ក៏​មិន​ចង់​បាន​ផង ខ្ចី​បុល​គេ​គ្រប់​កន្លែង។ សម្លាប់​ខ្ញុំ​ទាំង​អស់​គ្នា ចាក់​សាំង​ដុត​គ្រួសារ​ខ្ញុំ​ទាំង​៥​គ្រួសារ​ហ្នឹង​តែ​ម្ដង​ទៅ»។

នេះ​ជា​សំឡេង​ស្រែក​ទ្រហោ​យំ​របស់​ក្រុម​គ្រួសារមន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតទាំង​៥​រូប បន្ទាប់​ពី​តុលាការ​កំពូលបាន​ច្រាន​ចោល​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគេ​ និង​សម្រេច​ឲ្យ​សាលា​ដំបូង​រាជធានី​បន្ត​ការ​ឃុំ​ខ្លួន​ដើម្បីស៊ើបសួរ។

អ្នកស្រី យ៉ែម ចន្ថា ភរិយា​របស់​លោក នី ចរិយា ប្រាប់​អ្នកសារព័ត៌មាន​នៅ​តុលាការ​កំពូល​ នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
អ្នកស្រី យ៉ែម ចន្ថា ភរិយា​របស់​លោក នី ចរិយា ប្រាប់​អ្នកសារព័ត៌មាន​នៅ​តុលាការ​កំពូល​ នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

ទាំង​ក្រុម​គ្រួសារ មន្ត្រី​ការ​ពារ​សិទ្ធិ​មនុស្ស និង​មេធាវី ​សុទ្ធ​តែ​លើកឡើង​ថា ការ​សម្រេច​នេះ​មាន​ភាពអយុត្តិធម៌ និង​មាន​លក្ខណៈ​នយោបាយ។

មន្ត្រី​សមាគម​អាដហុកបួន​រូបរួមមាន​លោក ​នី សុខា​ លោក ​យី សុខសាន្ត ​លោក ​ណៃ វ៉ង់ដា និង​លោក​ស្រី​ លឹម មុនី ចំណែក ​លោក នី​ ចរិយា​ ​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​អស់​រយៈពេល​ជិត​៨​ខែ​មក​ហើយ ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កោះហៅ​ពួកគេ​ទៅ​សាក​សួរពាក់ព័ន្ធ​នឹង​បទ​សូក​ប៉ាន់​សាក្សី ​ក្នុង​សំណុំ​រឿងអាស្រូវ​ស្នេហា​របស់​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​នារី​កាត់សក់​វ័យ​ក្មេង​ម្នាក់​កាលពី​ចុង​ខែ​មេ​សា។

លោក យី សុខសាន មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចេញ​ពី​ការស្តាប់​ការប្រកាស​សាលដីកា​នៅ​តុលាការ​កំពូល នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក យី សុខសាន មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចេញ​ពី​ការស្តាប់​ការប្រកាស​សាលដីកា​នៅ​តុលាការ​កំពូល នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

ក្នុង​ពេល​ប្រកាស​សាល​ដីកា​នៅ​តុលាការ​កំពូល នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​វិច្ឆិកា នេះ ក៏​មានការ​ចូល​រួម​ឃ្លាំមើល​ពី​មន្រ្តី​ស្ថានទូត មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិមួយ​ចំនួន​ផង​ដែរ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក​ស្រី គិម សត្ថាវី បាន​ប្រកាសតម្កល់​សាល​ដីកា​សាលា​ឧទ្ធរណ៍​ដែល​សម្រេច​បន្តឃុំ​ខ្លួន​មន្ត្រី​អាដហុក និង​មន្ត្រី គ.ជ.ប ទាំង​៥រូប ទុក​ជា​បាន​ការ​ ដោយ​បញ្ជាក់​មូល​ហេតុ​ថា ​ការលើក​ឡើង​របស់​សាលា​ដំបូង​រាជ​ធានី និង​សាលា​ឧទ្ធរណ៍ដែល​ថា​ការ​ដោះ​លែង​ឲ្យ​អ្នក​ទាំង៥​នៅក្រៅ​ឃុំនឹង​ធ្វើ​ឲ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម​ជា​ការ​ត្រឹមត្រូវ​ និង​ដើម្បី​កុំ​ឲ្យ​មាន​ការ​ត្រូវ​រ៉ូវ​គ្នារវាងជន​ជាប់​ចោទ និង​អ្នក​សម​គំនិត។

លោក នី សុខា មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចេញ​ពី​ការស្តាប់​ការ​ប្រកាស​សាលដីកា​នៅ​តុលាការ​កំពូល នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក នី សុខា មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចេញ​ពី​ការស្តាប់​ការ​ប្រកាស​សាលដីកា​នៅ​តុលាការ​កំពូល នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

ក្នុង​សវនាការ​នៅ​តុលាការ​កំពូល​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​ទាំង​៥រូប ​កាលពី​ថ្ងៃ២៤ ខែ​វិច្ឆិកា នេះ ​អ្នក​ទាំង​៥ បាន​លើកឡើង​ពី​មូលហេតុ​នៃ​ការ​សុំ​នៅ​ក្រៅ​ឃុំ​ថា​ពួកគេ​កំពុង​មាន​ជំងឺ និង​ត្រូវ​មើល​ថែ​គ្រួសារ ព្រម​ទាំង​បានអះអាង​ថា ​ពួកគេ​នឹងគោរព​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ដើម្បី​សួរ​នាំ ដាក់​ប្រាក់ និង​លិខិត​ឆ្លង​ដែន​តម្កល់​ ដើម្បី​ធានា​ថា​ពួកគេ​នឹង​មិន​អាច​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ជា​ដើម។

ក្រោយ​ការ​ប្រកាស​សាលដីកា ក្រុម​គ្រួសារ​របស់​មន្ត្រី​ទាំង​៥​រូប​បាន​ស្រែក​ទ្រហោ​យំ ស្រប​ពេល​ដែលមន្ត្រី​អាដហុក៤រូប​ស្រែក​ថា តុលាការ​សម្រេច​សាល​ដីកា​ដោយ​ភាព​អយុត្តិធម៌​ជា​ប្រព័ន្ធ។​

លោក នី សុខា មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចេញ​ពី​ការស្តាប់​ការ​ប្រកាស​សាលដីកា​នៅ​តុលាការ​កំពូល នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក នី សុខា មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចេញ​ពី​ការស្តាប់​ការ​ប្រកាស​សាលដីកា​នៅ​តុលាការ​កំពូល នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក ណៃ វ៉ង់ ដា​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ ប្រាប់​អ្នក​សារព័ត៌មាន​ថា តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ពួក​លោក​ដើម្បី​ធ្វើ​ជា​ចំណាប់​ខ្មាំងនយោបាយ ដូច្នេះ​លោក​គ្មាន​សង្ឃឹម​ថា​តុលាការអាច​ផ្ដល់​យុត្តិធម៌​ដល់​ពួក​លោក​បាន​នោះ​ទេ។

«រឿង​ធំ​បំផុត​គឺ​នៅ​លើ​នាយក​រដ្ឋមន្ត្រី​ទេ លែង ឬក៏​មិន​លែង​នោះ តុលាការ​គ្មាន​សិទ្ធិ​អំណាច​អី​ក្នុង​ការ​លែង​ ឬក៏​មិន​លែង​ដែរ ព្រោះ​គាត់​ក៏​នៅ​ក្រោម​អំណាច​របស់​អំណាចក្រសួង​យុត្តិធម៌​ដែរ ហើយ​ក្រសួង​យុត្តិធម៌​ក៏​ស្ថិត​ក្រោម​អំណាច​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ដែរ ហើយ​ទីស្ដីការគណៈ​រដ្ឋមន្ត្រីក៏​ស្ថិត​នៅក្រោម​អំណាច​លោក​នាយក​រដ្ឋមន្ត្រី​ដែរ។ ដូច្នេះ​យើង​មិន​បាច់​ឆ្ងល់​ទេ គ្មាន​តុលាការ​ឯករាជ្យ​ទេ​នៅ​ស្រុក​ខ្មែរ​ គ្មាន​តុលាការ​ដែល​ធ្វើ​ការ​ប្រសិទ្ធ​ភាព​យុត្តិធម៌​ដល់​ប្រជា​ពល​រដ្ឋ​ទូទៅ​ទេ។ នៅ​ក្នុង​ពន្ធនាគារ​យើង​បាន​ព័ត៌មាន​ថា​អ្នក​ជាប់​ទោស​ភាគ​ច្រើន​ណាស់​គឺជា​អ្នក​ល្អ​បរិ​សុទ្ធត្រូវ​បាន​គេ​កាត់​ក្ដី​ទាំង​អយុត្តិធម៌ ហើយ​ដាក់​ក្នុង​ពន្ធនាគារ»។

អ្នកស្រី យ៉ែម ចន្ថា ភរិយា​របស់​លោក នី ចរិយា ដែល​កំពុង​ចិញ្ចឹម​កូន​បី​នាក់ដោយ​ប្រាក់ខែ​ស្វាមី​ជា​អគ្គលេខាធិការ​រង គ.ជ.ប លើក​ឡើង​ថា ​កូនៗ​របស់​អ្នកស្រី​នឹង​ត្រូវ​ឈប់​រៀន ហើយ​ស្ថាន​ភាព​គ្រួសារ​ នឹង​ត្រូវ​ធ្លាក់​ដុនដាប ប្រសិនបើស្វាមី​អ្នកស្រី​ត្រូវ​បាន​តុលាការ​កាត់​ទោស។

អ្នក​ស្រី​បន្ថែម​ថា អ្នកស្រីលែង​មាន​ជំនឿ​លើ​ស្ថាប័ន​តុលាការ ​ថា​នឹង​អាច​ផ្ដល់​យុត្តិធម៌​ដល់​ស្វាមី​របស់​អ្នកស្រី​ទៀត​ហើយ។

«បង​គិត​តែ​ពី​អុជ​ធូប​បន់​រហូត​ហើយ​ឥលូវ​ហ្នឹង មុន​មក​ក៏​បង​បន់ ម្សិលមិញ​ក៏​បង​ទៅ​ព្រះអង្គ​ដង​កើ បង​មិន​ដឹង​ធ្វើ​ម៉េច​ទេ​ បង​មិន​ដឹង​និយាយ​ជាមួយ​មនុស្ស​យ៉ាង​ម៉េច​ទេ​រាល់​ថ្ងៃ​នេះ​ បង​មាន​តែ​អុជ​ធូប​បន់​ បង​ដូច​អស់​ជំនឿ​ មិន​ដឹង​ស្ថាប័ន​អី មក​ដល់​កំពូល​ហ្នឹង​ហើយ​ក៏​មិន​ដឹង អត់​បាន​យុត្តិធម៌​ទៀត មិន​ដឹង​ឲ្យ​ទៅ​ដល់​ណា​ទៀត»។

លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឲ្យ​អគ្គ​លេខាធិការ​រង គ.ជ.ប ប្រាប់​អ្នក​សារព័ត៌មាន​ថា សំអាង​ហេតុរបស់​តុលាការ​ទាំង​ជាន់​ខ្ពស់ និង​ជាន់​ទាប​សុទ្ធ​តែ​ជា​សំអាង​ហេតុ​ដែល​មិន​សម​ហេតុ​ផល និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ និង​សេរីភាព​របស់​កូន​ក្តី​លោក រួម​និង​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​៤រូប។

«នៅ​ក្នុង​កតិកា​សញ្ញា​ស្ដីពី​សិទ្ធិ​ពល​រដ្ឋ សិទ្ធិ​នយោបាយ​ហ្នឹង​ក៏​មានចែង​ដែរ​ថា ការ​ឃុំ​ខ្លួន​មនុស្សមិនមែន​ដើម្បីទុក​សម្រាប់​តែ​យកមក​សវនាការ​ទេ គឺ​យើង​ត្រូវ​គិត​អំ​ពី​សិទ្ធិ​របស់​គាត់ គិត​អំពី​សេរីភាពជា​ចម្បងដែល​តុលាការ​ត្រូវ​តែ​ពិចារណា។ ប៉ុន្តែ​ក្នុង​សវនាការ ក្រុម​មេធាវី​ទាំង​អស់​បាន​ព្យាយាម​លើក​ពន្យល់​តាំង​ពី​ច្បាប់​ជាតិ ទាំង​អន្តរជាតិ ក៏​ដូចជា​ភស្តុតាង​ផ្សេងៗ​នេះ​ តុលាការ​កំពូលហាក់​ដូច​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពិនិត្យអំពី​អ្វី​ដែល​ក្រុម​មេធាវី​លើក​ឡើង ហើយ​តម្កល់​នូវ​សាលដីកា​របស់​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​ទុកជា​បាន​ការ​ដដែល»។​

លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ​ប្រាប់​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​តុលាការ​កំពូល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ​ប្រាប់​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​តុលាការ​កំពូល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ លើកឡើង​ថា មន្ត្រីទាំង​៥​នាក់​តែងតែជួយ និង​ជំរុញ​ឲ្យ​មាន​ការការពារ​សិទ្ធិ​មនុស្ស និង​ការ​អនុវត្ត​ច្បាប់ ​ដូច្នេះ​ ពួកគេ មិន​អាច​បង្ក​ឲ្យ​មាន​អសន្តិសុខ​ណា​មួយ​ដូច​ការ​លើកឡើង​របស់​តុលាការ​នោះ​ទេ។

លោក​បន្ថែម​ថា ការ​បន្ត​ឃុំ​ខ្លួនមន្ត្រី​ទាំង​៥​រូប​គឺ​ជា​រឿង​នយោបាយ ​ដែល​លោក​យល់​ថា​គ្មាន​ផល​ចំណេញ​អ្វី​ទាំងអស់​សម្រាប់​រដ្ឋាភិបាល។

«កន្លង​មក​យើ​ង​ឃើញ​ថា​សហគមន៍​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​មួយ​ចំនួន​គេ​ធ្វើ​ការ​រិះគន់ ហើយគេ​ទាមទារ​ឲ្យ​មាន​ការដោះ​លែង​ពួកគាត់​ទាំងអស់​ហ្នឹង ហើយ​រហូត​ទៅ​ដល់​ឈាន​ទៅ​ដល់​ការ​បង្កក​ជំនួយ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុ​ជា​យើង។ អានេះ​វា​ប៉ះពាល់​ច្រើន ដោយ​សារ​ការ​ចាប់​និង​ការ​ឃុំ​ខ្លួន​របស់​ពួក​គាត់​ហ្នឹង»។

លោកស្រី លឹម មុនី មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចេញ​ពី​ការស្តាប់​ការប្រកាស​សាលដីកា​នៅ​តុលាការ​កំពូល​នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
លោកស្រី លឹម មុនី មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចេញ​ពី​ការស្តាប់​ការប្រកាស​សាលដីកា​នៅ​តុលាការ​កំពូល​នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

កាលពីសប្ដាហ៍​មុន ​ បណ្ដុំ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង​១០ បាន​ហៅ​ការ​បន្ត​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​៤​នាក់ និង​អគ្គលេខាធិការ​រង​ម្នាក់​នៃ​គ.ជ.ប ថា​ មិន​ស្រប​ច្បាប់​ជាតិ​ និង​ជា​ការ​អនុវត្ត​ខុស​ពី​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG