\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​គ្រួសារ​មន្ត្រី​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ឃុំ​ទទូច​ឲ្យ​តុលាការ​ពន្លឿន​ដំណើរការ​សវនាការ

  • ហ៊ាន សុជាតា

រូបភាព​ឯកសារ​៖ លោកស្រី​ លឹម​ មុន្នី​ ​មន្ត្រី​សិទ្ធិ​មនុស្ស​​នៃ​អង្គការ​អាដហុក​ នៅ​ឯ​តុលាការ​កំពូល ​ក្នុង​រាជធានី​​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​។ (ហ៊ាន​ សុជាតា​/ VOA​)

រូបភាព​ឯកសារ​៖ លោកស្រី​ លឹម​ មុន្នី​ ​មន្ត្រី​សិទ្ធិ​មនុស្ស​​នៃ​អង្គការ​អាដហុក​ នៅ​ឯ​តុលាការ​កំពូល ​ក្នុង​រាជធានី​​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​។ (ហ៊ាន​ សុជាតា​/ VOA​)

លោក​ នី ​ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប​ និង​មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀត​រួម​មាន​លោក​ នី ​សុខា លោក​ ណៃ​ វ៉ង់ដា​ លោក​ យី​ សុខសាន្ត​ និង​លោកស្រី​ លឹម មុន្នី ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា​ ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់​លោក​ កឹម សុខា ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

គិត​ត្រឹម​ថ្ងៃ​អង្គារទី​៨​ ខែ​វិច្ឆិកា​នេះ មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​៤​រូប​ផ្សេង​ទៀត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ចំនួន​១៩៤​ថ្ងៃ​គត់។

​ក្រោយ​ការ​ឃុំ​ខ្លួន​របស់​លោក​ នី ​ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប​ និង​មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀត​រួម​មាន​លោក​ នី ​សុខា​ លោក​ ណៃ​ វ៉ង់ដា​ លោក​ យី​ សុខសាន្ត​ និង​លោកស្រី​ លឹម មុន្នី ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​៥ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា ​សុខភាព​របស់​អ្នកដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ មាន​ស្ថានភាព​ដុន​ដាប​ជាង​មុន ហើយ​នីតិវិធី​តុលាការ​ទៀត​សោត​ហាក់​មាន​ភាព​យឺតយ៉ាវ។​

​អ្នក​ស្រី ​យ៉ែម ចន្ថា​ ភរិយា​របស់​លោក​ នី ចរិយា​ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឯ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ​ស្ថានភាព​សុខភាពស្វាមី​របស់​លោកស្រី​មាន​ភាព​ទ្រុឌទ្រោម​ជាង​មុន ជា​ពិសេស​រយៈពេល​ចុង​ក្រោយ​នេះ។

«ប្តី​ខ្ញុំ​គាត់​ឈឺ​ ក្រហល់​ក្រហាយ​ដៃជើង។ យប់​ឡើង​គេង​អត់​លក់​ទេ​ បាន​តែ​មួយ​ម៉ោង​២​ម៉ោង​ ប្រហែល​ជា​ជាង​២ខែ​ហើយ។​ គាត់​ឡើង​ជាតិ​អាស៊ីដ​ និង​ជាតិ​ខ្លាញ់​ច្រើន។​ គាត់​មាន​ពេទ្យ​គាត់​ គាត់​លេប​ថ្នាំ​ជា​ប្រចាំ។ ដល់ពេល​គាត់​ទៅ​ហ្នឹង​ គាត់​អត់​បាន​លេប​ថ្នាំ​អី​ចឹង​ទៅ។ កាល​នៅ​នេះ​គាត់​បាន​ធ្វើការ​ព្រលប់ ជំងឺ​ហ្នឹង​កាល​ណា​ស្ត្រេស​មក​ វា​ទៅ​ជាមួយ​គ្នា»។

អ្នក​ស្រី ​យ៉ែម​ ចន្ថា​ រំពឹង​ថា​ តុលាការ​នឹង​ពិចារណា​អនុញ្ញាត​ឲ្យ​ស្វាមី​លោកស្រី​ និង​មន្ត្រី​សិទ្ធិ​ផ្សេង​ទៀត​ឲ្យ​នៅ​ក្រៅ​ឃុំ។

«បង​បន់​រាល់​តែ​ថ្ងៃ​ថា​ឲ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​ទៅ​ គ្រាន់​បាន​ព្យាបាល​ជំងឺ​ ហើយ​បាន​ជួបជុំ​កូន​ចៅ​។ ចង់​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​ទៅ​គាត់​គ្មាន​រត់​ទៅ​ណា​ទៅ​ណី​ទេ​។ គាត់​មិន​ដែល​ល្មើស​នឹង​តុលាការ​ម្ដង​ណា​ទេ។ គេ​ហៅ​ចូល​ គាត់​ចូល គេ​ហៅ​ទៅ​ណា​គាត់​ទៅ​តាម​ពេល​វេលា​កំណត់​របស់​គេ»។

ស្របគ្នា​នោះ​លោកស្រី​ ខៀវ ម៉ី​ ជា​ភរិយា​របស់​លោក​ ណៃ​ វ៉ង់ដា ជា​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក​ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឯ​ពន្ធនាគារ​ព្រៃ​ស ​ថ្លែង​ថា​ ដោយសារ​តែពន្ធនាគារ​ជា​បន្ទប់​តូច ហើយ​មិន​មាន​ទឹក​គ្រប់​គ្រាន់​ផង​ ធ្វើ​ឲ្យ​ស្វាមី​លោកស្រី​ និង​អ្នក​នៅ​ឃុំ​ខ្លួន​ដទៃ​ទៀត ងាយ​ចម្លង​ជំងឺ​ និង​មេរោគ​គ្នា​ទៅ​វិញ​ទៅ​មក។

«នៅ​ក្នុង​ហ្នឹង​ ចេះ​តែ​មាន​បញ្ហា​ ផ្ដាសាយ ក្អក​ ជំងឺ​ហ្នឹង​ឆ្លង​គ្នា​ពី​មួយ​ទៅ​មួយៗ​ អត់​ចេះ​ជា។ មនុស្ស​ច្រើន​ នៅ​បន្ទប់​ហប់ បិទ​ជិត​ចឹង​ ហើយ​ណា​មួយ​ទឹក​ប្រើ​អត់​គ្រប់គ្រាន់​ទេ។​ អញ្ចឹង ​ធ្វើ​ឲ្យ​ប្រភព​ជំងឺ​មូល​នៅ​ហ្នឹង​ហ្មង។​ កាល​មិន​ទាន់​ឃុំ ​វា​មិន​មាន​បញ្ហា​អី​ប៉ុន្មាន​ទេ តែ​ដល់​ទៅ​ដល់​ក្នុង​ហ្នឹង ​អត់​មាន​ធ្វើ​ចលនា​ ដូច​សកម្មភាព​យើង​នៅ​ខាង​ក្រៅ​ ចឹង​ជាតិ​អាស៊ីដ​ក៏​ឡើង ខ្លាញ់​ក៏​ឡើង​ ហើយ​ឧស្សាហ៍ ​ឈឺ»។

លោក​ស្រី​បន្ត​ថា​ ការ​ឃុំ​ឃាំង​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្លូវ​ចិត្ត​របស់​ស្វាមី​លោកស្រី ​ដែល​ធ្លាប់​ជា​មនុស្ស​សកម្ម​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​សង្គម​នោះ។

យ៉ាង​ណា​ក៏​ដោយ​ លោកស្រី​ហាក់​មាន​សង្ឃឹម​តិច​តួច​ដែល​ថា​ ស្វាមី​លោកស្រី​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ។

លោក​ នី ​ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប​ និង​មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀត​រួម​មាន​លោក​ នី ​សុខា លោក​ ណៃ​ វ៉ង់ដា​ លោក​ យី​ សុខសាន្ត​ និង​លោកស្រី​ លឹម មុន្នី ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា​ ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់​លោក​ កឹម សុខា ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បញ្ជូន​អ្នក​ទាំង៥​ ​ទៅ​តុលាការ​នា​ថ្ងៃ​បន្ទាប់​ពី​បទ​សូក​ប៉ាន់ និង​ការ​ផ្សំ​គំនិត​សូកប៉ាន់​សាក្សី ​គឺ​នាង​ខុម ចាន់​តារ៉ាទី ឬ​ស្រី​មុំ ​ដែល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ធ្លាប់​បាន​ផ្ដល់​សេវា​ផ្លូវ​ច្បាប់​ជូន។

រូបភាព​ឯកសារ៖ ​លោក ​យី ​សុខ​សាន្ត ​(ឆ្វេង​) ​លោក​ ណៃ​ វ៉ង់ដា (​កណ្តាល​) លោក​ នី ​សុខា​ (​ស្តាំ​) មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក​ នៅ​ឯ​តុលាការ​កំពូល​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​។ (ហ៊ាន​ សុជាតា​/ VOA​)

រូបភាព​ឯកសារ៖ ​លោក ​យី ​សុខ​សាន្ត ​(ឆ្វេង​) ​លោក​ ណៃ​ វ៉ង់ដា (​កណ្តាល​) លោក​ នី ​សុខា​ (​ស្តាំ​) មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក​ នៅ​ឯ​តុលាការ​កំពូល​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​។ (ហ៊ាន​ សុជាតា​/ VOA​)

កញ្ញា​ គន្ធ​ ប៊ុន​ណារី​ វ័យ​២៣ឆ្នាំ ជា​កូន​ស្រី​របស់​លោកស្រី​ លឹម​ មុន្នី​ ដែល​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​រូប​ទៀត​នៃ​អង្គការ​អាដហុក​ ​ដែល​ត្រូវ​បាន​ឃុំ​ឃាំង​នៅ​ឯ​ពន្ធនាគារ​ព្រៃស​ប្រាប់​ ​VOA​ ​ថា​ បើ​ទោះ​ជា​លោក​ស្រី​ លឹម មុន្នី​ គឺជា​បុគ្គល​រឹង​មាំ​ម្នាក់​យ៉ាង​ណា​ក្ដី​ ក៏​ប៉ុន្តែ​កញ្ញា​ថា​ ម្ដាយ​របស់​ខ្លួន​នៅតែ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ឃុំ​ឃាំង​នេះ​ ជា​ពិសេស​គឺ​ការ​ប៉ះទង្គិច​ដល់​ផ្លូវ​អារម្មណ៍​របស់​លោកស្រី។​

«ពី​ដំបូង​ឡើយ​ដែល​គេ​បាន​បញ្ជូន​គាត់​ទៅ​ពន្ធនាគារ គាត់​តក់ស្លុត។ គាត់​មើល​ទៅ​សោក​សៅ​ ហើយ​សុខភាព​គាត់​បាក់។​ គាត់​ចាស់​ហើយ។ គាត់​ប្រឈម​នឹង​បញ្ហា​ដែល​គាត់​សម្រាន្ត​អត់​សូវ​បាន​ ព្រោះ​នៅ​ហ្នឹង​គាត់​ត្រូវ​សម្រាន្ត​ចង្អៀត​ ហើយ​ក្ដៅ​ ហើយ​ចូល​ជាមួយ​គេ​ច្រើន។ ក្នុង​បន្ទប់​ហ្នឹង​ មាន​មនុស្ស​ប្រហែល​ជិត​៤០​នាក់។ គាត់​ឈឺ​ដៃ​ ឈឺ​ជើង​ ឈឺ​ចង្កេះ​ ហើយ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា​ជំងឺ​លើស​ឈាម»។

លោក​ អំ ​សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ កត់​សម្គាល់​ឃើញ​ថា អ្នក​ដែល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ជា​រឿយៗ​ មាន​សុខភាព​ទ្រុឌ​ទ្រោម​ជាង​មុន។

យ៉ាង​ណា​ក៏ដោយ លោក​បញ្ជាក់​ប្រាប់​ VOA ថា ការ​អូស​បន្លាយ​ពេល​យូរ​ហួស​ហេតុ​នៃ​សវនាការ​ ក៏​ជា​ផ្នែក​មួយនៃ​ការ​រំលោភ​បំពាន​សិទ្ធិ​ និង​សេរីភាព​របស់​បុគ្គល​ ​ដែល​បាន​កំណត់​ក្នុង​ច្បាប់​អន្តរ​ជាតិ​ផង​ដែរ។

លោក​បន្ត​ថា ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​ចំណូល​រដ្ឋ​ចំពោះ​ពន្ធ​លើ​ប្រាក់​ខែ​របស់​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ផង។

«ការ​អូស​បន្លាយ​ការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ច្រើន​ ទាំង​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​របស់​ជន​ជាប់​ឃុំ​ហ្នឹង។ ហើយ​ការ​ឃុំ​ខ្លួន​យូរ​ ហើយ​មិន​មាន​អ្វី​ដែល​ជឿន​លឿន​ ​ហើយ​គ្មាន​ភាព​ស្មុគស្មាញ​ទេ។ ខ្ញុំ​គិត​ថា​ មិន​គួរ​មាន​ការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​យូរ​ពេក​ទេ»។

នៅ​ក្នុង​បទ​សម្ភាស​ដាច់​ដោយ​ឡែក​មួយ​ជា​មួយ VOA កាល​ពី​ខែ​តុលា​កន្លង​ទៅ​លោកស្រី រ៉ូណា ស្មីត ​( Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា​ បាន​លើក​ឡើង​ថា តុលាការ​គួរ​តែ​បង្ហាញ​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់ និង​កំណត់​ថា​បុគ្គល​នោះ​ មាន​ទោស​ទណ្ឌ​ឬ​យ៉ាងណា។

លោក​ស្រី​ Rhona Smith បញ្ជាក់​ពី​ការ​ព្រួយបារម្ភ​ផង​ដែរ​ថា​ វា​ជា​បញ្ហា​មួយ នៅ​ពេល​ដែល​មានការ​ឃុំ​ខ្លួន​បុគ្គល​ទាំង​នោះ​ក្នុង​រយៈពេល​វែង​មួយ​សម្រាប់​នីតិវិធី​តុលាការ​នោះ៕

XS
SM
MD
LG