\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលា​ឧទ្ធរណ៍​សម្រេច​បន្ត​ឃុំខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​បោះឆ្នោត


លោក ណៃ វ៉ង់ដា មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុក ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្គាប់​សាក្សី​ឲ្យ​កុហកតុលាការ ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចូល​សវនា​ការ ខណៈ​កំពុង​មាន​ជំងឺ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក ណៃ វ៉ង់ដា មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុក ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្គាប់​សាក្សី​ឲ្យ​កុហកតុលាការ ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចូល​សវនា​ការ ខណៈ​កំពុង​មាន​ជំងឺ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក​ទូច ថាវរិទ្ធ ​អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ប្រាប់ ​VOA​ ថា ​សាលា​ឧទ្ធរណ៍​មាន​សំអាង​ហេតុ​ត្រឹមត្រូវ​ក្នុង​ការ​​សម្រេច​ឲ្យ​សាលា​ដំបូង​រាជធានី​បន្ត​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​៥នាក់។

សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បានច្រាន​ចោល​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្រ្តី​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​៤រូប ​និង​មន្រ្តី​គ.ជ.ប.​មួយ​រូប​ ដោយ​សម្រេច​ឲ្យ​សាលា​ដំបូង​រាជធានី​បន្ត​ឃុំ​ខ្លួន​ដើម្បី​ស៊ើប​សួរ ​ស្រប​ពេល​ដែល​មន្រ្តី​អាដហុក​ម្នាក់​ក្នុង​ចំណោម​នោះ​កំពុង​មាន​ជំងឺ។​

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​កោះ​ហៅ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ ដែល​មាន​លោក​នី សុខា​ លោក​យី សុខសាន្ត ​លោក​ណៃ វ៉ង់ដា ​និង​លោកស្រី​លឹម មុនី​ ទៅ​សាកសួរ​ បន្ទាប់​ពី​នាង​ខុម ចាន់តារ៉ាទី ​ហៅ​ស្រីមុំ​ បាន​ឆ្លើយ​ថា ​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំងនេះបង្គាប់​ឲ្យ​នាង​កុហក​ទាក់ទង​នឹង​រឿង​អាស្រូវ​ស្នេហា​គួរ​ឲ្យ​មន្ទិល​រវាង​នាង​ជាមួយ​លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​កាលពី​ចុង​ខែ​មេសា​កន្លង​មក។ ​ក្នុង​សំណុំ​រឿង​នេះ​ដែរ​ លោក​នី ចរិយា ​អគ្គ​លេខាធិការ​រង​គ.ជ.ប.​ ក៏​ត្រូវ​បាន​សាក​សួរ​ដែរ​ពាក់ព័ន្ធ​នឹង​បទ​សូក​ប៉ាន់​សាក្សី។​

លោក នី សុខា (ស្តាំ) និង​ លោក យី សុខសាន (ឆ្វេង) មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្គាប់​សាក្សី​ឲ្យ​កុហកតុលាការ ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចូលសវនាការ នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក នី សុខា (ស្តាំ) និង​ លោក យី សុខសាន (ឆ្វេង) មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្គាប់​សាក្សី​ឲ្យ​កុហកតុលាការ ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចូលសវនាការ នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រោយ​បញ្ចប់​សវនាការ លោក​សួស សំអាត ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន ប្រកាស​ច្រាន​ចោល​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​មន្រ្តី​អាដហុក​ទាំងនោះ​ ដោយ​តម្កល់​សាល​ដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ។​ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​សំ សុគង់​ មេធាវី​ការពារ​ក្តី​ឲ្យ​អ្នក​ទាំង​៥។​

លោក​សំ សុគង់​ ប្រាប់ ​VOA​ ថា ​ក្រុម​មេធាវី​បាន​លើក​យក​សំអាង​ហេតុ​ជាច្រើន​ដែល​មាន​ចែងក្នុង​ច្បាប់​ដើម្បី​ការពារ​កូនក្តី​របស់​លោក​ ដូចជា​បញ្ហា​សុខភាព ​តួនាទី ​ទីលំនៅ​ជាក់លាក់ និង​ការ​ធានា ​និង​ការ​សន្យា​ផ្សេងៗ ប៉ុន្តែ​លោក​ថា សំអាង​ហេតុ​ទាំង​នោះ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​អង្គចៅ​ក្រម​ច្រាន​ចោល។​

លោក​សំ សុគង់​ បន្ថែម​ថា ​លោក​នឹង​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ជា​បន្ត​ដើម្បី​រក​យុត្តិធម៌​ឲ្យ​កូនក្តី​របស់​លោក ដោយ​លោក​អះអាង​ថា ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​សាលា​ឧទ្ធរណ៍​មិន​ត្រឹមត្រូវ។

លោក​បញ្ជាក់​ថា៖​

«ក្រុម​មេធាវី​ទាំងអស់​មិន​អាច​ទទួល​យក​ការសម្រេច​នេះ​បាន​ទេ ​ហើយ​ចំពោះ​កូន​ក្តី​ក៏​បាន​លើក​ឡើង​ពី​សេចក្តី​សម្រេច​ហ្នឹង​ដែរ​ថា ​មិន​បាន​ផ្តល់​ភាព​យុត្តិ​ធម៌​ឲ្យ​ពួកគាត់​ ហើយ​ពួក​គាត់​ក៏​បាន​ស្នើ​ឲ្យក្រុម​មេធាវី​ទាំងអស់​ហ្នឹង​រៀបចំ​បណ្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ ដើម្បី​ឲ្យ​តុលាការ​កំពូល​ហ្នឹង​ពិនិត្យ​អំពីសេចក្តី​សម្រេច​ហ្នឹង​ឡើង​វិញ»។​

លោក​ទូច ថាវរិទ្ធ ​អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ប្រាប់ ​VOA​ ថា ​សាលា​ឧទ្ធរណ៍​មាន​សំអាង​ហេតុ​ត្រឹមត្រូវ​ក្នុង​ការសម្រេច​ឲ្យ​សាលា​ដំបូង​រាជធានី​បន្ត​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​៥នាក់។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើសិនជា​ឲ្យ​គាត់​នៅ​ក្រៅឃុំ​ ត្រូវ​ធ្វើ​ឲ្យ​មាន​ការ​រារាំង​ដល់​នីតិវិធី​របស់​តុលាការ​ អីចឹង​ទេ​ត្រូវ​តែ​ឲ្យ​ពួក​គាត់​ស្ថិត​នៅ​ក្នុងការ​ឃុំ​ជា​បណ្តោះ​អាសន្ន​ដើម្បី​ឲ្យ​តុលាការ​បន្ត​ការ​ស៊ើប​អង្កេត​តទៅ​មុខ​ទៀត»។​

លោក​ នី ចរិយា អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចូល​សវនា​ការ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក​ នី ចរិយា អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចូល​សវនា​ការ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុម​មន្រ្តី​អាដហុក​ ដែល​ត្រូវ​នាំ​ខ្លួន​ចូល​សវនាការ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​ពួកគេ​គឺជា​រឿង​អយុត្តិធម៌ ​និង​រំលោភ​លើ​សិទ្ធិ​សេរី​របស់​ពួកគេ ​ហើយ​ថា​ តុលាការ​នឹង​មិន​អាច​ផ្តល់​យុត្តិធម៌​ជូន​ពួកគេ​បាន​ទេ​ ដោយ​សារ​តុលាការ​ស្ថិត​ក្រោម​គំនាប​នយោបាយ។​

ខណៈ​សមត្ថកិច្ច​បណ្តើរ​ពួកគេ​ចូល​សាល​សវនាការ​ គេ​ឃើញ​លោក​ណៃ វ៉ង់ដា ​ដែល​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​យ៉ាង​សកម្ម​ក្នុង​ពេល​កន្លង​មក ​ហាក់​មាន​សភាព​ទន់​ខ្សោយ​ដោយ​សារ​មាន​ជំងឺ។​

ភរិយា​របស់​លោក​ណៃ វ៉ង់ដា ​អ្នកស្រី​ខៀវ ម៉ី បាន​ប្រាប់ ​VOA ​ថា ​ស្វាមី​របស់​អ្នកស្រី​បាន​ឆ្លង​ជំងឺ​ពី​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត​ក្នុង​ពន្ធនាគារ​ ជាហេតុ​ធ្វើ​ឲ្យ​សុខភាព​របស់​លោកមាន​សភាព​ទ្រុឌទ្រោម។ ​អ្នកស្រី​បន្ថែម​ថា ​អ្នកស្រី​ចង់​ឲ្យ​ស្វាមី​របស់​អ្នកស្រី​ដែល​កំពុង​មាន​ជំងឺ ​និង​កំពុង​ជួយ​បង្រៀន​ភាសា​អង់គ្លេស​ដល់​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត​នោះ​ ​បាន​នៅ​ក្រៅ​ឃុំ​ដើម្បីធ្វើ​ការ​បម្រើ​ប្រជាជន​ដូច​មុន។​

អ្នកស្រី​បញ្ជាក់​ថា៖​

«សូម​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល​ សុំ​ឲ្យ​គាត់​ជួយ​ពិនិត្យ​មើល​សំណុំ​រឿង​របស់មន្រ្តី​សិទ្ធិ​មនុស្ស​ទាំង​ប៉ុន្មាន​នាក់​ហ្នឹង​ឡើង​វិញ ​ហើយ​សុំ​ឲ្យ​គាត់​ជួយ​រក​យុត្តិធម៌​ឲ្យ​ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​ចំពោះ​មន្រ្តី​សិទ្ធិ​មនុស្ស​ហ្នឹង​ ព្រោះ​មើល​ទៅ​ គាត់​អត់​មាន​ធ្វើ​ខុស​អី​ទេ។​ សូម្បី​ប្រជាពលរដ្ឋ​សឹង​តែ​មួយ​ប្រទេស​ក៏​គេ​គាំទ្រ​ពួក​គាត់។​ ​សកម្មភាព​ពួក​គាត់​អត់​មាន​បម្រើ​ឲ្យ​គណបក្ស​ណាទេ។​ គាត់​ធ្វើ​តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស​របស់​គាត់»។​

លោក​អំ សំអាត ​មន្រ្តី​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​ ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​បរទេស ​បាន​ប្រាប់ ​VOA ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ​លក្ខខណ្ឌ​ដែល​មេធាវី​របស់​មន្រ្តី​អាដហុក ​និង​មន្រ្តី​គ.ជ.ប.​លើក​ឡើង ​គឺ​គ្រប់គ្រាន់​ដែល​អាច​ឲ្យអ្នកទាំង​៥​ស្ថិត​នៅ​ក្រៅ​ឃុំ។ ​ទោះ​ជា​យ៉ាង​ណា ​លោក​ថ្លែង​ថា ​ករណី​នេះ​ផ្តើម​ចេញ​ពី​ការ​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ដូច្នេះ​តុលាការ​មិន​ងាយ​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​៥​ស្ថិត​នៅ​ក្រៅ​ឃុំ​នោះ​ទេ។​

លោកស្រី លឹម មុនី មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្គាប់​សាក្សី​ឲ្យ​កុហកតុលាការ ត្រូវ​បាន​សមត្ថកិច្ច​រុញ​ចូល​រថយន្ត​ នៅ​រាជភ្នំពេញ កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកស្រី លឹម មុនី មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្គាប់​សាក្សី​ឲ្យ​កុហកតុលាការ ត្រូវ​បាន​សមត្ថកិច្ច​រុញ​ចូល​រថយន្ត​ នៅ​រាជភ្នំពេញ កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក​បញ្ជាក់​ដោយ​សម្រង់​សម្តី​ដើម​ថា៖​

«កន្លង​មក ​ខ្ញុំ​សង្កេត​ឃើញ​ថា​ នៅ​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើប​អង្កេត​ករណី​អ្វី​មួយ​ រួច​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ​ ខ្ញុំ​មិន​ដែល​ឃើញ​តុលា​ការ​អនុញ្ញាត​ឲ្យ​ជន​ទាំងនោះ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ទេ​ ទោះជា​ពួកគេ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​តុលាការ​ពិចារណា​លើ​ការ​នៅ​ក្រៅ​ឃុំ​ក៏​ដោយ»។​

លោក​អំ សំអាត​ បន្ថែម​ថា៖​

«បើ​និយាយ​ពី​សិទ្ធិ​របស់​ពួកគាត់​វិញ​គឺ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ព្រោះ​ការ​ឃុំ​ខ្លួន​ពួកគាត់​ត្រូវ​បាន​ចៅក្រម​បន្ត​ឃុំខ្លួន​បណ្តោះ​អាសន្ន​៦​ខែ​បន្ត​ទៀត​ បន្ទាប់​ពី​ឃុំ​ខ្លួន​អស់​រយៈ​ពេល​៦ខែ​រួច​ហើយ»។​

រហូត​មក​ដល់​ពេល​នេះ ​បុគ្គលិក​ទាំង​បួន​រូប​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​និងលោក​នី ចរិយា​ ត្រូវ​បាន​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ជិត​៧​ខែ​មក​ហើយ។ ​ការ​ចាប់​ខ្លួន​មន្រ្តី​សិទ្ធិ​មនុស្ស ​និង​អគ្គលេខាធិការ​រង​គ.ជ.ប.នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ ​និង​អន្តរជាតិ​រិះគន់​ថា ​រដ្ឋា​ភិបាល​បាន​លូក​ដៃ​ចូល​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ​ និង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា៕

XS
SM
MD
LG