ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សំណើរ​សាងសង់​ទំនប់​វារី​អគ្គីសនី​ធំទី​៣របស់​ឡាវ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពិច័យ


ទីតាំង​ដែល​ឡាវ​ស្នើ​ឲ្យ​សាងសង់​ទំនប់វារីអគ្គីសនី​ Pak Beng នៅ​លើ​ទន្លេ​មេគង្គ។

ប្រទេស​ជា​សមាជិក​នៃ​គណកម្មការ​ទន្លេ​មេគង្គ ក៏​ដូច​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​នាំ​គ្នា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង ហ្លួង​ព្រះបាង ប្រទេស​ឡាវ​ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្នុង​តំបន់​មួយ​នៅ​ថ្ងៃ​ទី២២ និង​២៣ ខែ​កុម្ភៈ​នេះ ពាក់​ព័ន្ធ​នឹង​សំណើរ​របស់​ប្រទេស​ឡាវ​ក្នុង​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី​ធំ​ទី៣ របស់​ខ្លួន​នៅ​លើ​ទន្លេ​មេគង្គ ដែល​ទំនប់​នេះ​មាន​ឈ្មោះ​ថា «ទំនប់​វារី​អគ្គីសនី Pak Beng»។ គម្រោង​ទំនប់​វារី​អគ្គីសនី​ដែល​ផ្តល់​ថាមពល​ដល់​ទៅ ៩១២ មេហ្គាវ៉ាត់​នេះ​បាន​រង​ការ​រិះគន់​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី​នេះ​ទៅ​លើ​ជីវិត​របស់​មនុស្ស​រាប់​លាន​នាក់​ដែល​រស់​នៅ​ក្នុង​បណ្តា​ប្រទេស​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ។

មុន​នឹង​ឈាន​ដល់​កិច្ច​ប្រជុំ​ក្នុង​តំបន់​នៅ​ក្នុង​ទីក្រុង ហ្លួង​ព្រះបាង​ ប្រទេស​ឡាវ ពាក់ព័ន្ធ​នឹង​សំណើរ​របស់​ឡាវ​ក្នុង​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី​ធំ​ទី៣ របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា «Pak Beng‍» នៅ​លើ​ទន្លេ​មេ​របស់​ទន្លេ​មេគង្គ​នោះ ការ​រំពឹង​ទុក​ពី​កិច្ច​ប្រជុំ​នេះ​ហាក់​ដូច​ជា​មាន​ភាព​វិជ្ជមាន​ជាង​មុន ប៉ុន្តែ​បទដ្ឋាន​នៃ​កិច្ច​ប្រជុំ​នេះ​នៅ​តែ​មាន​កម្រិត​ទាប​នៅ​ឡើយ បើ​ផ្អែក​ទៅ​តាម​បទ​ពិសោធន៍​ដែល​ទទួល​បាន​ពី​គម្រោង​ទំនប់​វារី​អគ្គីសនី Don Sahong និង​ទំនប់​វារី​អគ្គីសនី Xayaburi។ នេះ​បើ​យោង​តាម​អ្នក​នាង Courtney Weatherby អ្នក​វិភាគ​ស្រាវជ្រាវ​ទៅ​លើ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​រូប​នៅ​ឯ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Stimson ដែល​មាន​ស្នាក់​ការ​នៅ​រដ្ឋធានី វ៉ាស៊ីនតោន។

«ខ្ញុំ​គិត​ថា វេទិកា​ពិគ្រោះ​យោបល់​នេះ​នឹង​ជា​សូចនករ​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​ពេល​អនាគត​រយៈ​ពេល​យូរ​នៃ​ការ​សាងសង់​ទំនប់។ យើង​បាន​ឃើញ​ច្បាស់​ហើយ​តាម​រយៈ​ដំណើរ​ការ​នៃ​ការ​ប្រឹក្សា​យោបល់​ទៅ​លើ​ទំនប់​វារី​អគ្គីសនី Xayaburi និង​ទំនប់​វារី​អគ្គីសនី Don Sahong ដែល​មាន​ការ​លំបាក​ក្នុង​ការ​ចរចារ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ពេល​ដែល​ក្រុម​អ្នក​អភិវឌ្ឍ​និង​រដ្ឋាភិបាល​ឡាវ​បាន​ធ្វើ​សេចក្តី​សម្រេច​ មុន​នឹង​ការ​ពិគ្រោះ​យោបល់​ជា​មុន ថា​ពួក​គេ​នឹង​បន្ត​គម្រោង​របស់​គេ​ទៅ មុខ»។

រូបឯកសារ៖ អ្នក​នាង​ Ana Maria Quintero អ្នក​សិក្សា​គោល​នយោបាយ​នៅ​ឯ​អង្គការ Nature Conservancy (រូប​ខាង​ឆ្វេង) អ្នក​នាង Courtney Weatherby អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​ឯ​មជ្ឈមណ្ឌល Stimson (រូប​កណ្តាល) និង​លោក Brian Eyler នាយក​ផ្នែក​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឯ​មជ្ឈមណ្ឌល​ Stimson ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន។

រូបឯកសារ៖ អ្នក​នាង​ Ana Maria Quintero អ្នក​សិក្សា​គោល​នយោបាយ​នៅ​ឯ​អង្គការ Nature Conservancy (រូប​ខាង​ឆ្វេង) អ្នក​នាង Courtney Weatherby អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​ឯ​មជ្ឈមណ្ឌល Stimson (រូប​កណ្តាល) និង​លោក Brian Eyler នាយក​ផ្នែក​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឯ​មជ្ឈមណ្ឌល​ Stimson ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន។

នីតិ​វិធី​ជូន​ដំណឹង ពិគ្រោះ​ជា​មុន និង​ការ​ព្រមព្រៀង ឬ​ហៅ​កាត់​ថា PNPCA ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គណកម្មការ​ទន្លេ​មេគង្គ មាន​គោល​បំណង​ចង់​អនុញ្ញាត​ឲ្យ​ប្រទេស​ជា​សមាជិក​ចំនួន​៤ រួម​មាន​ប្រទេស​ឡាវ ថៃ វៀតណាម​ និង​កម្ពុជា លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ​ជុំវិញ​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ។

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​នៃ​អង្គការ NGO Forum បាន​ប្រាប់​ VOA ថា នីតិ​វិធី PNPCA គឺ​ជា​នីតិវិធី​ល្អ​មួយ​ ប្រសិន​បើ​គេ​យក​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ការ​ពិចារណា។

«នីតិ​វិធី​ PNPCA គឺ​ជា​នីតិ​វិធី​ល្អ​មួយ​ ក្នុង​ករណី​ដែល​ មាន​ន័យ​ថា រដ្ឋាភិបាល​ឡាវ ឬ​មួយ​គណកម្មការ​ទន្លេ​មេគង្គ គាត់​យក​លទ្ធផល​ដែល​ជាក់​ស្តែង មាន​ន័យ​ថា ចេញ​ពី​ការ​ប្រជុំ​ពិគ្រោះ​យោបល់​ពី​ប្រទេស​ទាំង​បួន​ហ្នឹង​យក​ទៅធ្វើ​ការ​ថ្លឹង​ថ្លែង ដាក់​នៅ​ក្នុង​ផែនការ ឬ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ពិត​ប្រាកដ»។

លោក វណ្ណារ៉ា បន្ត​ថា ផ្ទុយ​ទៅ​វិញ នីតិវិធី PNPCA គ្រាន់​តែ​ជា​នីតិ​វិធី​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ ដែល​ផ្អែក​ទៅ​លើ​ហេតុ​ផល​នយោបាយ​ជាជាង​ផ្អែក​ទៅ​តាម​ហេតុផល​បច្ចេកទេស។

«នីតិ​វិធី PNPCA នេះ​នឹង​ក្លាយ​ទៅ​ជា​នីតិ​វិធី​បង្គ្រប់​កិច្ច​ដើម្បី​ធ្វើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ហ្នឹង​គេ​អស់​ចិត្ត។ នៅ​ពេល​ដែល​ប្រទេស​ឡាវ​ ឬ​មួយ​គណកម្មការ​ទន្លេ​មេគង្គ​ដែល​មាន​បួន​ប្រទេស​ហ្នឹង គាត់​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ផ្អែក​ទៅ​លើ​នយោបាយ​ ច្រើន​ជាង​ផ្នែក​បច្ចេកទេស»។

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា NGO Forum ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ស្តីពី​ការព្រួយ​បារម្ភ​របស់​សង្គមស៊ីវិល​លើ​គម្រោង​សាង​សង់​ទំនប់វារី​អគ្គិសនី​របស់​លោក ឈ្មោះ Pak Beng។ (ស៊ុន ណារិន/VOA Khmer)

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា NGO Forum ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ស្តីពី​ការព្រួយ​បារម្ភ​របស់​សង្គមស៊ីវិល​លើ​គម្រោង​សាង​សង់​ទំនប់វារី​អគ្គិសនី​របស់​លោក ឈ្មោះ Pak Beng។ (ស៊ុន ណារិន/VOA Khmer)

ក្រោម​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៩៥ ផ្តួចផ្តើម​ឡើង​ដោយ​គណកម្មការ​ទន្លេ​មេគង្គ​ សមាជិក​ទាំង​អស់​ត្រូវ​ធ្វើ​ការ​សិក្សា​និង​ពិគ្រោះ​យោបល់​ជា​មុន​ មុន​នឹង​សមាជិក​ណា​មួយ​អាច​សាងសង់​ទំនប់​វារី​អគ្គីសនី​ណា​មួយ​ ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

ប៉ុន្តែ​ជា​អកុសល ឡាវ​មិន​បាន​គោរព​ទៅ​តាម​កិច្ច​ព្រមព្រៀង​នោះ​ទេ ហើយ​ថែម​ទាំង​បន្ត​សាងសង់​ទំនប់​វារី​អគ្គីសនី​មួយ​ហើយ​មួយ​ទៀត នេះ​បើ​យោង​តាម​លោក មាជ មាន ​អ្នក​សម្រប​សម្រួល​ផ្នែក​ប្រព័ន្ធ​ផ្សព្ធផ្សាយ​នៅ​ឯ​បណ្តាញ​ការពារ​ទន្លេ​បី ឬ 3S Rivers Protection Network។

«អ្វី​ដែល​ប៉ះពាល់​ធ្ងន់​នោះ​គឺ​គោល​នយោបាយ​ទេ។ កិច្ច​ព្រមព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥ ដែល​ឡាវ​ព្យាយាម​មិន​គោរព​ទៅ​លើ​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៩៥។ អានេះ​គឺ​អ្វី​ដែល​យើង​មើល​ឃើញ»។

លោក តឹក វណ្ណារ៉ា បាន​ប្រាប់ VOA ថា អង្គការ​ NGO Forum នឹង​លើក​ឡើង​សំណើរ​ចំនួន​បី ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​នា​ពេល​ខាង​មុខ​នេះ។

«ចំណុច​ទី​មួយ​គឺ​ស្នើរ​ឲ្យ​មាន​ការ​បញ្ឈប់​ មាន​ន័យ​ថា ការ​សាងសង់​ទំនប់​វារី​អគ្គីសនី​នៅ​លើ​ទន្លេ​មេគង្គ។ ហើយ​ចំណុច​ទី​២ គឺ​យើង​ស្នើរ​ឲ្យ​មាន​ការ​សិក្សា​ឡើង​វិញ​ទៅ​លើ​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​ ជាពិសេស​គឺ​ផល​ប៉ះពាល់​ឆ្លង​ដែន​មក​លើ​ប្រទេស​កម្ពុជា​និង​ប្រទេស​ដទៃៗ​ទៀត​ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​ក្រោម។ ហើយ​ចំណុច​ទី​៣ គឺ​យើង​ស្នើរ​ឲ្យ​ស្តាប់​សំឡេង​ប្រជាជន​ដែល​ពឹង​អាស្រ័យ​ទៅ​លើ​ធនធាន​ទន្លេ​មេគង្គ»។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​នាង Weatherby បាន​ណែនាំ​ឲ្យ​គណកម្មការ​ទន្លេ​មេគង្គ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​បង្រួប​បង្រួម​បណ្តា​ប្រទេស​ជា​សមាជិក​ឲ្យ​មាន​ការ​សន្ទនា​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ​សំឡេង​របស់​ប្រជាពលរដ្ឋ​នឹង​ត្រូវ​បាន​គេ​ដឹង​ឮ។

«ខ្ញុំ​ចង់​ស្នើ​ឲ្យ​គណកម្មការ​ទន្លេ​មេគង្គ​ប្រើ​ប្រាស់​តួនាទី​ដ៏​សំខាន់​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​ដែល​រួប​រួម​ឲ្យ​មាន​ការសន្ទនា​រវាង​ប្រទេស​ជា​សមាជិក​កើត​មាន​ឡើង ដូច្នេះ​រាល់​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​នឹង​ត្រូវ​បាន​អ្នក​ដែល​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ទៅ​លើ​គម្រោង​នោះ​ដឹង​ឮ»។

នីតិ​វិធី PNPCA ត្រូវ​ការ​រយៈ​ពេល​៦ខែ។ ដំណើរ​ការ​នៃ​ការ​ពិគ្រោះ​យោបល់​ជា​មុន​នៃ​គម្រោង​ទំនប់​វារី​អគ្គីសនី​ Pak Beng​ បាន​ចាប់​ផ្តើម​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ២០១៦។ ក្រោយ​កិច្ច​ប្រជុំ​ក្នុង​តំបន់​នៅ​ថ្ងៃ​ទី២២ ២៣ ខែ​កុម្ភៈ​នេះ ជំហាន​បន្ទាប់​នឹង​មាន​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីតាំង​ទំនប់​វារី​អគ្គីសនី Pak Beng នៅ​ខែ​មេសាខាង​មុខ​នេះ៕

XS
SM
MD
LG