ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វេទិកា​តំបន់​ស្ដីពី​ទំនប់ ប៉ាក់ បេង បញ្ចប់​ដោយ​នៅ​តែ​បន្សល់​ទុក​ការ​ព្រួយ​បារម្ភ


រូបភាពនៃគម្រោងសាងសង់ទំនប់វារីអគ្គីសនីថ្មីរបស់ឡាវ ឈ្មោះប៉ាក់ បេង(Pak Beng)/រូបថតដោយPak Beng hydropower project (Courtesy Photo)

សង្គម​ស៊ីវិល​វៀតណាម​បារម្ភ​ថា​ដំណើរ​ការ​PNPCA​លើ​ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង​នេះ នឹង​ដូច​គ្នា​ទៅ​នឹង​ទំនប់​ពីរ​របស់​ឡាវ​ពី​មុន ដែល​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ព្រួយ​បារម្ភ​ពី​ភាគី​វៀតណាម​និង​កម្ពុជា។

វេទិកា​ថ្នាក់​តំបន់រយៈពេល​ពីរ​ថ្ងៃ​ដែល​ពិភាក្សា​អំពី​ទំនប់​វារីអគ្គិសនី​ថ្មី​របស់​ឡាវ ឈ្មោះ ប៉ាក់ បេង (Pak Beng) បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​មាន​ការ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​អំពី​ទំនប់​វារីអគ្គិសនី​ថ្មី​នេះ។​

ទោះ​ជា​យ៉ាង​ណា​ មន្ត្រី​ឡាវ​និយាយ​ថា​បញ្ហា​ទាំង​នោះ​ ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ​និង​ថា​ភាគី​ឡាវ​នឹង​បន្ត​ដំណើរ​ការ​ស្ថាបនា​ទំនប់​នេះ។​

វេទិកា​ពិភាក្សា​ថ្នាក់​តំបន់​ក្នុង​ទីក្រុង​ហ្លួងព្រះបាង​(Luang Prabang)​ ប្រទេស​ឡាវ បាន​អនុញ្ញាត​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ ក្នុង​នោះ​មាន​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​បរិស្ថាន​និង​អ្នកស្រាវជ្រាវ ​ចែក​រំលែក​ការ​ព្រួយ​បារម្ភ​និង​ផ្ដល់​មតិ​យោបល់​លើ​ការ​ស្នើ​សុំ​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​នេះ។

លោក ហុក ម៉េងហ៊ាន់ អ្នក​គ្រប់គ្រង​កម្មវិធី​បរិស្ថាន​នៃ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា(NGO Forum on Cambodia) ដែល​បាន​ចូល​រួម​វេទិកា​នេះ​ មាន​ប្រសាសន៍​ថា​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​របាយការណ៍​សិក្សា​ស៊ី​ជម្រៅ​លើ​ទំនប់​វារី​អគ្គិសនី ​ប៉ាក់ បេង​ នៅឡើយ​ទេ។

លោក​បន្ត​ថា​នៅ​ក្នុង​វេទិកា​នេះ​ គណៈកម្មការ​ទន្លេ​មេគង្គ​ គ្រាន់​តែ​បាន​បង្ហាញ​ពី​ឯកសារ​ពាក់ព័ន្ធ​និង​នីតិវិធី​សម្រាប់​ការ​ជូន​ដំណឹង​ ការ​ពិគ្រោះ​យោបល់​ជា​មុន​ដែល​ហៅ​ថា(PNPCA)​ប៉ុណ្ណោះ។

លោក​បន្ត​ថា​ចំពោះ​ទំនប់ ​ប៉ាក់ បេង ​លោក​ចង់​ឲ្យ​មាន​ការ​សិក្សា​ភ្ជាប់​ជាមួយ​ការ​សិក្សា​ទំនប់​ផ្សេងៗ​ទៀត​និង​ការ​សិក្សា​ថា​តើ​នឹង​អាច​បាត់​បង់​ពូជ​ត្រី​ដែរ​ឬ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖

«មិន​អាច​សិក្សា​តែ​ ប៉ាក់ បេង​ មួយ​ទេ ព្រោះ​កាល​ណា​គម្រោង​ ប៉ាក់ បេង​មួយ​ ផល​ប៉ះពាល់​វា​ វា​អាច​ភ្ជាប់​ទៅ​នឹង​គម្រោង​ដន សាហុង និង​គម្រោង​សាយ៉ាប៊ូរី ហើយ​និង​ទាក់ទង​ទៅ​នឹង​លំហូរ​ទឹក​ទៅ​ស្រុក​ខ្មែរ។ ជា​ពិសេស​ពូជ​ត្រី​មួយ​ចំនួន​ដែល​វា​ត្រូវ​ការ​ធ្វើ​បម្លាស់ទី​ពី​បឹងទន្លេសាប​មក​តំបន់​ដង​ទន្លេ​មេគង្គ​នៅ​ខាង​លើ​ហ្នឹង។ អញ្ចឹង​សួរ​ថា​នីតិវិធី​ហ្នឹង​ធានា​បាន​ទេ​ថា​ពូជ​ត្រី​មួយ​ចំនួន​មិន​ត្រូវ​បាន​បាត់​បង់។ អញ្ចឹង​អា​ហ្នឹង​នៅតែ​ជា​សំណួរ​នៅឡើយ​ទេ»។

រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ប្រទេសឡាវ លោក Sommad Pholsena (កណ្តាល)ថ្លែងទៅកាន់អ្នកចូលរួមក្នុងវេទិកាថ្នាក់តំបន់រយៈពេលពីរថ្ងៃ ២២-២៣ខែកុម្ភៈ ស្តីពីទំនប់វារីអគ្គិសនីថ្មីរបស់ឡាវ ឈ្មោះប៉ាក់ បេង (Pak Beng) (ស៊ុន ណារិន/VOA)
រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ប្រទេសឡាវ លោក Sommad Pholsena (កណ្តាល)ថ្លែងទៅកាន់អ្នកចូលរួមក្នុងវេទិកាថ្នាក់តំបន់រយៈពេលពីរថ្ងៃ ២២-២៣ខែកុម្ភៈ ស្តីពីទំនប់វារីអគ្គិសនីថ្មីរបស់ឡាវ ឈ្មោះប៉ាក់ បេង (Pak Beng) (ស៊ុន ណារិន/VOA)

ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង ​ដែល​ផ្ដល់​ថាមពល​ក្នុង​បរិមាណ​៩១២​មេហ្គាវ៉ាត់​និង​មាន​តម្លៃ​ប្រមាណ ​២៣៧២ លាន​ដុល្លារ​អាមេរិក ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ១៥៤០ ​គីឡូ​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា~ឡាវ។ បើ​យោង​ទៅ​តាម​គម្រោង​ស្ថាបនា​ទំនប់​នេះ ដែល​គ្រោង​នឹងបញ្ចប់​នៅ​ឆ្នាំ​២០២៤។

តំណាង​សង្គម​ស៊ីវិល​វៀតណាម​ឈ្មោះ​ថា​បណ្ដាញ​ទន្លេ​វៀតណាម(Vietnam Rivers Networ) ដែល​មាន​សមាជិក​ចូលរួម​ក្នុង​វេទិកា​នោះ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ ដោយ​លើក​ឡើង​ថា​ដំណើរ​ការ​PNPCA ត្រូវ​បាន​អនុវត្ត​ទៅ​តាម​ទំនប់​វារីអគ្គិសនី​មួយៗ ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​វាយ​តម្លៃ​ទាំង​ស្រុង​ទៅ​លើ​ឥទ្ធិពល​ដែល​បង្ក​ដោយ​សារ​ទំនប់​ទាំង​អស់​នោះ​ទេ។

សង្គម​ស៊ីវិល​វៀតណាម​បារម្ភ​ថា​ដំណើរ​ការ​PNPCA​លើ​ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង​នេះ នឹង​ដូច​គ្នា​ទៅ​នឹង​ទំនប់​ពីរ​របស់​ឡាវ​ពី​មុន ដែល​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ព្រួយ​បារម្ភ​ពី​ភាគី​វៀតណាម​និង​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា៖ «គណៈកម្មការ​ទន្លេ​មេគង្គ​ បាន​បិទ​ដំណើរ​ការ​ពិភាក្សា​ដោយ​ពុំ​មាន​ការ​ជូន​ដំណឹង ទាក់ទង​នឹង​ការ​សម្រេច​ចុង​ក្រោយ​លើ​គម្រោង​ទាំង​ពីរ​នេះ។ ករណី​ទាំង​នេះ​បង្ហាញ​ថា​ប្រសិន​បើ​ដំណើរ​ការ​ពិភាក្សា​លើ​ទំនប់ ​ប៉ាក់ បេង ដូច​គ្នា វា​(ការពិភាក្សា)នឹង​មិន​មាន​សារសំខាន់​ដ៏​មាន​អត្ថន័យ​និង​ជាក់​ស្ដែង​នោះ​ទេ»។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក Pham Tuan Phan នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ​បាន​ថ្លែង​ថា​គណៈកម្មការ​នេះ​នឹង​ចែក​រំលែក​ឯកសារ​ដែល​មាន​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ឲ្យ​ពួកគេ​ចែករំលែក​ការ​ព្រួយ​បារម្ភ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​កំពុង​តែ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង​ ដើម្បី​គាំទ្រ​ប្រទេស​ជា​សមាជិក​ទន្លេ​មេគង្គ​ក្នុង​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​សម្រាប់​អភិវឌ្ឍ​ប្រទេស ប៉ុន្តែ​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ផល​ប្រយោជន៍​និង​សេចក្ដី​ត្រូវការ​ ដើម្បី​ធានា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​និង​ស្រប​តាម​ការ​គ្រប់គ្រង​ទន្លេ​មេគង្គ»។

ទោះ​ជា​យ៉ាង​ណា លោក ដាវង់ ផនកែវ (Daovong Phonekeo) លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ថាមពល​និង​រ៉ែ​របស់​ប្រទេស​ឡាវ​ មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​ស្វាគមន៍​មតិ​យោបល់​ទាំង​នោះ តែ​លោក​ថា​បញ្ហា​ព្រួយ​បារម្ភ​ទាំង​នោះ​ ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ។

លោក​មាន​ប្រសាសន៍​ថា៖

«យើង​ស្វាគមន៍​ការ​បារម្ភ​សម​ស្រប​ណា​មួយ​ហើយ​យើង​នឹង​ពិនិត្យ​មើល​ការ​បារម្ភ​ទាំង​នោះ។ តើ​វា​សម​ស្រប​ទេ ឬ​គ្រាន់​តែ​លើក​ឡើង​ ដោយ​ពុំ​មាន​ការ​ពន្យល់​ណា​មួយ»។

លោក​បញ្ជាក់​ថា​ការ​ព្រួយ​បារម្ភ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ​នៅ​ពេល​ធ្វើ​ការ​សិក្សា រួម​មាន​បញ្ហា​កំណកកករ សុវត្ថិភាព​ទំនប់ ការ​បម្លាស់ទី​ត្រី​និង​ការ​ចរាចរណ៍​តាម​ផ្លូវ​ទឹក​ជាដើម។ លោក​បញ្ជាក់​ថា​ទំនប់​ ប៉ាក់ បេង​ នេះ​នឹង​ត្រូវ​សាង​សង់។

លោក​មាន​ប្រសាសន៍​ថា៖ «បាទ ហេតុ​អី​មិន​សាង​សង់? ខ្ញុំ​មិន​ឃើញ​មាន​បញ្ហា​អ្វី​នោះ​ទេ ដែល​មិន​ត្រូវ​សាង​សង់​ទំនប់​ ប៉ាក់ បេង។ វា​លុះ​តែ​ក្នុង​ករណី​ ឧទាហរណ៍​ដូច​ជា​មាន​វិបត្តិ​ហិរញ្ញវត្ថុ ឬ​ពុំ​មាន​តម្រូវការ។ ប្រសិន​បើ​នៅ​តែ​មាន​តម្រូវ​ការ មនុស្ស​ប្រើប្រាស់​អគ្គិសនី យើង​ត្រូវ​តែ​អភិវឌ្ឍ»។

លោក​បញ្ជាក់​បន្ថែម​ថា​មុន​ការ​ស្នើ​សុំ​សាងសង់​ទំនប់​នេះ មាន​ការ​សិក្សា​ពី​ការ​វាយ​តម្លៃ​ស្ដីពី​ផល​ប៉ះពាល់​បរិស្ថាន​យ៉ាង​ល្អិតល្អន់​រួច​ទៅ​ហើយ។

ទាក់ទង​នឹង​វេទិកា​នេះ អង្គការ​ទន្លេ​អន្តរជាតិ​(International Rivers )ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​រិះគន់​ថា​ការសិក្សា​គម្រោង ​ប៉ាក់ បេង​ មិនទាន់​បាន​ទូលំទូលាយ​នៅ​ឡើយ​ទេ ​ហើយ​ពេលវេលា​សម្រាប់​ការ​វាយ​តម្លៃ​ក៏​មាន​រយៈពេល​តិចតួច​ដែរ។

សេចក្ដី​ប្រកាស​ដដែល​នេះ​បញ្ជាក់​ថា៖ «វា​ត្រូវការ​កំណែ​ទម្រង់​ដ៏​មាន​អត្ថន័យ​និង​ការ​សិក្សា​ពេញ​មួយ​អាង​ទន្លេ​មេគង្គ​ មុន​ការ​ឈាន​ដល់​ការ​សាងសង់​ទំនប់​ថ្មី​នៅ​ទន្លេ​មេគង្គ»។

អង្គការ​អន្តរ​ជាតិ​មួយ​នេះ ​ធ្លាប់​ឲ្យ​ដឹង​ថា​ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង​ នឹង​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​លើ​សហគមន៍​ក្រៅ​តំបន់​ក្នុង​ប្រទេស​ថៃ​និង​ពេញ​តំបន់​ទន្លេ​មេគង្គ រួម​នឹង​ការ​ប៉ះពាល់​នៃ​គម្រោង​វារីអគ្គិសនី​ដែល​មាន​ស្រាប់»។

បើ​យោង​តាម​អង្គការ​អន្តរជាតិ​មួយ​នេះ មនុស្ស​ប្រមាណ​៦៧០០​នាក់​ នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទីលំនៅ​ដោយ​សារ​ការ​សាងសង់​ទំនប់​ទាំង​នេះ។

មន្ត្រី​ឡាវ​លើ​ក​ឡើង​ថា​ប្រទេស​ឡាវ​ត្រូវ​ការ​ថាមពល​អគ្គិសនីដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​ដើម្បី​លើក​តម្កើង​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​ដល់​៧,៥​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០២០។

បើ​តាម​មន្ត្រី​ឡាវ​ រដ្ឋាភិបាល​ឡាវ​បាន​ព្រមព្រៀង​ជាមួយ​ប្រទេស​ជិត​ខាង​ដើម្បី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ក្នុង​នោះ​មាន​លក់​ថាមពល​ទៅ​ឲ្យ​ប្រទេស​ថៃ​ចំនួន​៩០០០​ មេហ្គាវ៉ាត់​នៅ​ឆ្នាំ​២០២៥ ​ប្រទេស​កម្ពុជា​ចំនួន​១៥០០​មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ​២០២៥ និង​ប្រទេស​វៀតណាម​ចំនួន​៥០០០​មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ​២០៣០៕

XS
SM
MD
LG