ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កង្វល់​បន្ថែម​ទៀត​ទៅ​លើ​ទំនប់​វារី​អគ្គិសនី​បន្ទាប់​នៅ​​ប្រទេស​ឡាវ

  • Ron Corben

អ្នកនេសាទត្រីនៅ​ទន្លេមេគង្គ​ខាង​ក្រោម​តំបន់​ទឹកធ្លាក់ Khone ជិត​ព្រំដែនកម្ពុជា និង​ឡាវ។

រដ្ឋាភិបាល​ឡាវ​កំពុង​ជំរុញ​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ថ្មី​មួយ​ទៀត​នៅ​តាម​ទន្លេ​មេគង្គ ក្រោម​ ក្រុម​សកម្មជន​និង​អ្នក​វិទ្យាសាស្ដ្រព្រមាន​ពីការ​កើន​ឡើង​នៃ​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ស្បៀង​ក្នុង​តំបន់។

ប្រទេស​ឡាវ​បាន​ជូន​ដំណឹង​ដល់​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​បួន​ប្រទេស​ដែល​មាន​ឈ្មោះថា​គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC)​ កាល​ពី​ដើម​ខែ​វិច្ឆិកា​ថា ​ប្រតិបតិ្តការ​រៀបចំ​សាងសង់​កំពុង​តែ​ដំណើរការ​ទៅ​មុខ​សម្រាប់ទំនប់វារី​អគ្គិសនី ​Pak Beng​ ដែល​អាច​នឹង​ផលិត​ថាមពល​អគ្គិសនី​បាន​ ​៩១២​ មេហ្គាវ៉ាត់​នៅ​ភាគ​ខាង​ជើង​ខេត្ត​ Oudomxay ។

ទំនប់​ Pak Ben ​នឹង​ក្លាយ​ជា​ទំនប់​វារីអគ្គិសនី​ទីបី​នៅ​តាម​ដង​ទន្លេ​មេគង្គខ្សែទឹក​ខាង​ក្រោម​ ដែល​នៅ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ឡាវ។ ទំនប់​វារីអគ្គិសនី​ Xayabori​ ដែល​មាន​តម្លៃ​ ៣,៥​ពាន់​លាន​ដុល្លារ​ និង​ទំនប់​វារី​អគ្គិសនី​ Don Sahong ​នៅ​ជិត​ព្រំ​ប្រទល់​ប្រទេស​កម្ពុជា​ ជា​ផ្នែក​មួយ​នៃ​ទំនប់​វារីអគ្គិសនី​ទាំង​១១ ​ដែល​បាន​គ្រោង​ទុក​នៅ​តាម​ដង​ទន្លេ​មេគង្គក្រោម។

ប្រទេស​ឡាវ​បាន​ឲ្យ​ដឹង​ថា​ ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ គឺ​ជា​គន្លឹះ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ប្រទេស​ខ្លួន​ក្លាយ​ជា​«អាគុយ» ​នៃ​តំបន់​អាស៊ី​ បើ​ទោះ​បី​ជា​ការ​លក់​ថាមពល​វារីអគ្គិសនី​ក្នុង​តំបន់​ត្រូវ​បាន​កំណត់​ជាស្រេច​ភាគ​ច្រើន​ឲ្យ​ប្រទេស​ថៃ​យ៉ាង​ណា​ក៏​ដោយ។

លោកស្រី​ Maureen ​Harris ​នាយក​កម្ម​វិធី​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ ហៅ​ថា​ទន្លេ​អន្តរជាតិ (International Rivers) ​បាន​ថ្លែង​ថា​ ការ​សាងសង់​ទំនប់​ Pak Beng ​នេះ​ បង្កើន​ហានិភ័យ​ដល់​ការ​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​មួយ​ដ៏​សំខាន់​របស់​ទន្លេ​ដែល​ចិញ្ចឹម​ជីវិត​មនុស្ស​៦០លាន​នាក់​នៅ​ក្នុង​តំបន់​នេះ។

លោកស្រី​បាន​ប្រាប់​VOA​ថា​៖ « [ទំនប់​វារី​អគ្គិសនី​នេះ] នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ដៃ​ទន្លេ​ផ្នែក​ខាង​ក្រោម​ពីព្រោះ​តែ​គម្រោង​ភាគ​ខាង​ជើង​ភាគ​ច្រើន​គឺ​ស្ថិតនៅ​តំបន់​ទឹក​ល្បាក់។ វា​នឹង​ធ្វើឲ្យ​ប៉ះ​ពាល់​ជា​ពិសេស​គឺ​ការ​បង្អាក់​លំហូរ​ដី​ល្បាប់​ផ្សេងៗ​ហើយ​ថែម​ទាំង​ប៉ះពាល់​ទៅ​លើ​ការ​នេសាទ​ត្រី​ផង​ដែរ។​ ការ​ព្រួយ​បារម្ភ​របស់​យើង​បន្ថែម​ទៀត ​គឺ​គម្រោង​កសាង​ទំនប់​ផ្សេងៗ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ»។

អង្គការ​មូល​និធិ​សត្វ​ព្រៃ​ពិភពលោក​ (WWF) បាន​និយាយ​ថា​ធនធាន​ត្រី​តែ​មួយមាន​តម្លៃ​ប្រមាណ​រហូត​ដល់ ១៧​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ អង្គការ​ WWF​ បាន​ឱ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ថា​៖​ «សកម្មភាព​សេដ្ឋកិច្ច​ទាំងអស់​នៅ​ក្នុង​តំបន់​នេះ​ត្រូវ​បាន​ភ្ជាប់​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ជាមួយ​នឹង​ទន្លេ​នេះ​ ដូច្នេះ​វា​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​នៅពេល​ទន្លេមាន​ការ​ប្រែប្រួល»។

នៅ​តាម​បណ្តោយទន្លេ​មេគង្គ​លើ​ ដែល​មាន​ប្រវែង​៤.៣០០​គីឡូ​ម៉ែត្រ ប្រទេស​ចិន​បាន​សាង​ទំនប់​ទឹក​ចំនួន​៦​ ដែល​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​លំហូរ​ដី​ល្បាប់​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​សំខាន់​ចាំបាច់​ហូរ​ចាក់​ទៅ​ផ្នែក​ខ្សែ​ទឹក​ខាង​ក្រោម។

លោក​ RobertMather ទីប្រឹក្សា​និង​ជា​អតីត​នាយក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​សម្រាប់​សហភាព​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ​ (ICUN)​ បាន​និយាយ​ថា​ ប្រទេស​ចិន​មាន​គម្រោង​អនុវត្ត​ការ​ប្រែក្លាយ​ការ​ធ្វើ​ការ​ចរាចរ​នាវា​តាម​ផ្លូវ​ទន្លេ​នៅ​ខាង​លើ​ទី​ក្រុង​ហ្លួង​ព្រះបាង​របស់ប្រទេស​ឡាវ​ឲ្យ​ទៅ​ជា​ផ្លូវទឹក​ដែល​មាន​សមត្ថភាព​អាច​បម្រើ​ការ​ធ្វើ​ចរាចរនា​វាផ្ទុក​ទំនិញ​ធុន​ធ្ងន់​ចំណុះ​៥០០តោន​(DWT) ។

គម្រោង​នេះ​នឹង​បង្ក​ឲ្យមាន​ការ​បំផ្លិចបំផ្លាញ​ព្រែក ថ្ម​ និង​តំបន់​ដីដុះយ៉ាង​ឆាប់​រហ័ស​ រួមនឹង​ការ​បូម​ខ្សាច់​និង​ការ​សាងសង់​កំពង់​ផែ​ថ្មី​នានា​ ស្របពេល​ជាមួយ​គ្នា​នោះ​ដែរ​ការ​សាងសង់​ទំនប់វារី​អគ្គិសនី​ Pak Beng ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ដំណើរ​ការ​នៅ​លើ​ដៃ​ទន្លេ​តែ​មួយ។

លោក ​ Mather បាន​ប្រាប់​ VOA ​ថា៖​ «នេះអាច​បង្ហាញពី​ការ​ពិត​ថា​សូម្បី​តែ​ស្តង់ដារ​ឬកម្រិត​នៃ​គម្រោង​សាង​សង់​ធំ​ទាំង​អស់នោះ​ គឺ​មិន​មានភាពស៊ីគ្នា​តាម​គម្រោង​ទាំងនោះ​ទៅ​ហើយ។ អញ្ចឹង​ដើម​ចម​នៃ​គម្រោង​ទាំងនោះ គឺ​អាច​មាន​តួអង្គ​ខុសៗគ្នា​ជះ​ឥទ្ធិពល​លើ​គម្រោង​ទាំង​នោះតាម​របៀបវារៈ​រៀង​ខ្លួន​របស់​ពួក​គេ»។

ការ​សិក្សា​បាន​ព្យាករណ៍​ថា​ ផលិតផល​ស្រូវ​ក្នុង​តំបន់​ធ្លាក់​ចុះ​ដោយ​សារ​តែ​ទំនប់​វារីអគ្គិសនីដែល​គ្រោង​នឹង​សាងសង់​នៅ​ប្រទេស​ឡាវ ​ការ​បង្អាក់​លំហូរ​ដី​ល្បាប់ ​ការ​ធ្លាក់​ចុះ​សារធាតុ​ចិញ្ចឹម​និង​ធនធាន​ត្រីដោយ​ការ​រំខាន​ការ​ផ្លាស់​ទីរបស់​ត្រី​ដើម្បី​បង្កាត់​ពូជ។

ប្រជាជន​រស់នៅ​តាម​តំបន់​ទន្លេមេគង្គ​នេះ ​គឺ​ជា​ប្រជាជន​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ក្រីក្រ​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ជីវិត​របស់​ពួក​គេ​ពឹង​ផ្អែក​លើ​ត្រី​ទឹក​សាប​សម្រាប់​សន្តិសុខ​ស្បៀង​របស់​ពួក​គេ។

លោក ​Chris​ Barlow​ ​អ្នក​ជំនាញ​ខាង​ជលផល​នៃ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​ស្រាវជ្រាវកសិកម្ម​អន្ដរជាតិ​ (ACIAR)​ បាន​និយាយ​ថា​ នៅ​ពេល​ដែល​ទំនប់​វារីអគ្គិសនី​សាងសង់​រួចរាល់​ហើយ​នោះ​ ផល​ប៉ះពាល់​លើ​ត្រី​នឹង​កើត​មាន​ភ្លាម​ៗ។

លោក​បាន​ពន្យល់​ថា៖ «នៅពេល​ទំនប់​ធំ​ៗ​នៅ​លើ​ខ្សែ​ទឹក​សំខាន់ៗ​ត្រូវ​បាន​សាងសង់​ក្នុង​ប្រទេស​ឡាវ​ ទំនប់​ទាំង​នោះ​ផ្តល់​ផល​ប៉ះពាល់​ភ្លាម​ៗ​ទៅ​លើ​ការ​នេសាទ​ត្រី​ ហើយ​វាចុងក្រោយ​ប៉ះពាល់​ដល់​បរិមាណ​ត្រី​»។

លោក​បាន​ព្រមាន​ថា ​ស្ថានភាព​បែប​នេះ​នាំ​ឲ្យ​មាន​វិបត្តិ​ស្បៀង​អាហារ​នៅ​ក្នុង​តំបន់។

លោក​ Barlow ​បាន​បន្ថែម​ទៀត​ថា៖​ «ពេល​វេលា​សម្រាប់រដ្ឋាភិបាល​ឆ្លើយតប​នឹងបញ្ហា​នោះ​គឺ​អស់​ហើយ។ វាហួស​ពេលហើយ​ក្នុងរក្សា​ធនធាន​ត្រី។ ​ការ​ឆ្លើយ​តែ​មួយ​គត់​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​ គឺខិតខំ​ប្រឹងប្រែង និង​រិះរក​ស្បៀង​អាហារ​ផ្សេង​មក​ជំនួស​ការ​ផ្គត់ផ្គង់​ដោយ​ធនធាន​ត្រី»។​

គណៈកម្មការ​ទន្លេ​ទន្លេ​មេគង្គ (MRC)​ បាន​រង​ការ​រិះគន់​លើ​ដំណោះ​ស្រាយ​តាមរយៈ​ការ​ជជែក​ដេញដោល​លើ​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​កាន់​តែ​ច្រើន​ឡើង​តាមដង​ទន្លេ​នេះ។ នៅ​ក្នុង​សេចក្តី​អធិប្បាយមួយ ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ទន្លេមេគង្គ លោក ​Pham ​Tuan ​Phan​ ​បាននិយាយថា​ តួនាទី​របស់​គណៈកម្មការ​នេះ​គឺជា​គ្រាន់តែជា «វេទិកា»​ សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ ​មិនមែន​ជា​ស្ថាប័ន​បញ្ញត្ដិ។​ លោក​ Phan​ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា​៖ ​«គណៈកម្មការ​ទន្លេ​មេគង្គ​គឺ​មិន​ល្អ​ឥតខ្ចោះ​ទេ ប៉ុន្តែ​វាក៏​មិន​អាច​ខ្វះ​បានដែរ»។

ក្រុម​សកម្មជន​និយាយ​ថា​គណៈកម្មការ​ទន្លេមេគង្គ ​ខ្វះ​ឥទ្ធិពល​លើ​ប្រទេស​សមាជិក​នីមួយ​ៗ ​ដែល​ការណ៍​នេះ​ធ្វើឲ្យ​ខូច​ដល់​សិទ្ធិ​អំណាច​គណៈកម្មការ​នេះ។

លោក​ Robert​ Edis​ អ្នក​គ្រប់គ្រង​កម្ម​វិធី​ស្រាវជ្រាវ​លើ​ដី​និង​ដំណាំ​អាហារ​រូប​ត្ថម្ភ (ACIAR)​និយាយ​ថា​ លំហូរ​ទឹក​ចាក់ចុះ​ដល់​តំបន់​ផលិតផល​កសិកម្ម​សំខាន់​ៗដូច​ជា​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​នៅប្រទេស​វៀតណាម​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។

លោក ​ Edis ​បាន​និយាយ​ថា​៖ «ប្រសិន​បើ​ក្បាល​រ៉ូប៊ីនេ​ទឹក​ត្រូវ​បាន​បិទ​ នោះ​វា​នឹង​មិនមាន​ទឹក​គ្រប់គ្រាន់​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​ដែល​មិនមែន​ជាដំណាំ​ស្រូវ​នៅ​ក្នុង​តំបន់ជា​ច្រើន» ។

លោក​បាន​និយាយ​ថា៖ «​នៅពេល​ប្រជាជន​ជាច្រើន​ពឹង​ផ្អែក​លើ​ប្រភព​ទឹក​ទន្លេមេគង្គ ពេល​នោះ​ក៏នឹង​មាន​ប្រជាជន​ច្រើន​ណាស់​ដែល​នឹង​និយាយ​ថា​ពួកគាត់​មាន​ទឹក​ប្រើប្រាស់​គ្រប់​គ្រាន់ និង​ច្រើន​អ្នក​ផ្សេង​ទៀត​និយាយ​ថាពួក​គាត់​មិនសូវ​មានទឹក​គ្រប់គ្រាន់​។ នេះ​យើង​មិន​និយាយ ​អំពីប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ក្រៃលែង ​ឬមាន​ស្បៀង​អាហារ​បម្រុង​សម្បូរ​ហូរហៀរ​ទេ»។

អង្គការ​ទន្លេ​អន្តរជាតិ​ (International​ Rivers)​ បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​ទន្លេមេគង្គ​ពន្យាពេល​នៃ​ដំណើរ​ការ​ពិគ្រោះ​យោបល់​សម្រាប់​ទំន​ប់ Pak ​Beng​ នឹង​ផ្អាកសកម្មភាព​សាងសង់​ទាំង​អស់​ដើម្បី​ធានា​នូវ​តម្លាភាព​និង​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ។

ប្រែសម្រួលដោយ ផន បុប្ផា

XS
SM
MD
LG