ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រុស្ស៊ី​​ថា​អាមេរិក​«គ្មាន​ជំនាញ​ច្បាស់លាស់‍»​ដែល​ចោទ​រុស្ស៊ី​រឿង​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត


រូបឯកសារ៖ លោក Dmitry Peskov អ្នក​នាំពាក្យ​របស់​​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និយាយ​ជា​មួយ​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​មូស្គូ។

រដ្ឋាភិបាល​ក្រុង​ក្រឹមឡាំង​កំពុង​តែ​ថ្កោលទោស​ការ​អះអាង​របស់​ក្រុម​ស៊ើបការ​សម្ងាត់​អាមេរិក​ថា​ គ្មាន​មូលដ្ឋាន​និង​គ្មាន​ជំនាញ​ច្បាស់​លាស់ ចំពោះ​ការ​ចោទ​ប្រកាន់​ថា​រុស្ស៊ី​ជ្រៀត​ជ្រែក​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ដើម្បី​ជួយ​លោក ដូណាល់ ត្រាំ​ ឲ្យ​ឈ្នះ​តំណែង​រយៈពេល​៤​ឆ្នាំ​ក្នុង​សេតវិមាន។

អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​ក្រុង​ក្រឹមឡាំង លោក ​Dmitry Peskov ​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖ «ការចោទ​ប្រកាន់​នេះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គ្មាន​ភស្តុតាង និង​ធ្វើ​ឡើង​ដោយ​គ្មាន​ជំនាញ​ច្បាស់លាស់​ ដែល​មិនមែន​ជា​ការងារ​វិជ្ជាជីវៈ​របស់​ទីភ្នាក់ងារ​សន្តិសុខ​លំដាប់​ពិភពលោក​ពិតប្រាកដ​នោះ​ទេ»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​នឿយ​ហត់​ខ្លាំង​ណាស់​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ វា​ក្លាយ​ទៅ​ជា​ការតាម​ចាប់​ខ្លួន​ពេញ​ទំហឹង​ហើយ»។‍

អត្ថាធិប្បាយ​របស់​លោក​គឺ​ជា​ការឆ្លើយ​តប​ដំបូង​បង្អស់​របស់​រដ្ឋាភិបាល​ក្រុង​ក្រឹមឡាំង ចាប់​តាំង​ពី​សហគមន៍​ស៊ើបការ​សម្ងាត់​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ខ្លួន​មាន​ «ជំនឿ​ខ្ពស់»​ ថា ប្រធានាធិបតី​រុស្ស៊ី លោក ​Vladimir Putin បាន​បញ្ជា​យុទ្ធនាការ​មួយ​ដោយ​ខ្លួន​ឯង ដើម្បី​បន្ថយ​តម្លៃ​របស់​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីដោយ​លក្ខណៈ​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

មន្ត្រី​សហរដ្ឋអាមេរិក​បាន​និយាយ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រុស្ស៊ី​គឺ​មាន​បំណង​កាត់​បន្ថយ​ឱកាស​ទទួល​បាន​ជ័យជម្នះ​របស់​លោកស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ ​និង​ជួយ​លោក ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ​ឲ្យ​ទទួល​ជ័យជម្នះ​ជំនួស​វិញ៕

XS
SM
MD
LG