ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ​ហ៊ុន សែន​ ប្រតិកម្ម​នឹង​អ្នក​ប្រមាថ​លោក​ពេល​លោក​មាន​ជំងឺ

  • ពិន ស៊ីសុវណ្ណ

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែងនៅក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទ​ក្រហម​ អឌ្ឍចន្ទ​ក្រហម ​៨​ ឧសភា លើក​ទី​១៥៤​នៅ​ស្នាក់ការ​របស់​កាកបាទ​ក្រហម​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហ្វេសប៊ុក​របស់ Samdech Hun Sen, Cambodian Prime Minister)

ក្រោយ​ពី​បាន​អរគុណ​នឹង​អ្នក​ជូនពរ​ឲ្យ​​លោក​បាន​ជា​សះ​ស្បើយ​ ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​ទើប​នឹង​​បាន​ធូរស្រាល​ពី​ជំងឺ​ បាន​ប្រតិកម្ម​នឹង​អ្នក​ប្រមាថ​ជីវិត​លោក​តាម​បណ្តាញ​សង្គម​ ពេល​លោក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នៅ​​ប្រទេស​សិង្ហបុរី។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​បាន​ប្រតិកម្ម​ទៅ​នឹង​អ្នក​ប្រមាថ​ជីវិត​របស់​លោក​តាម​បណ្តាញ​សង្គម ​Facebook​ ដោយបាន​ឆ្លើយ​តប​ថា ​កុំ​សង្ឃឹម​ការ​បន់​ស្រន់​ទេវតា​ឲ្យ​លោក​ស្លាប់​នោះ។ លោក​និយាយ​ថា​ ទេវតា​បាន​កំណត់​ឲ្យ​លោក​មក​ឈរ​ដឹកនាំ​ប្រទេស​កម្ពុជា​ ហើយ​បាន​នាំ​មក​នូវ​សុខ​សន្តិភាពនិង​ផ្តល់​ឱកាស​រស់រៀន​មាន​ជីវិត​ដល់​អ្នក​ប្រមាថ​លោកព្រម​ទាំង​ជីដូនជីតា​របស់ពួក​គេ​ផង​ដែរ។​

លោក ​ហ៊ុន សែន​ ថ្លែង​ទៀតថា ​ការ​ប្រមាថ​លោក​នឹង​ក្លាយ​ជា​បណ្តាសា​សម្រាប់​ខ្លួន​ឯង​ទៅ​វិញ​ទេ៖

«ហើយ​ក៏​សុំ​ផ្តាំ​ផ្ញើ​ទៅ​អ្នក​ដែល​មិន​ត្រូវការ​ខ្ញុំ​ ហើយ​ចង់​ផ្តួល​រំលំ​ខ្ញុំ សូម​កុំ​សង្ឃឹម​ថា រង់​ចាំ​ឱកាស​នៃ​សុខភាព​របស់​ហ៊ុន សែន ​ហើយ​សុំ​កុំ​ចង់​ចាំ​ការ​ស្លាប់​របស់ ​ហ៊ុន សែន​ ឲ្យ​សោះ»។

លោក​ ហ៊ុន សែន ​ដែល​ច្រើន​តែទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ល្អៗ​នៅ​ក្រៅ​ប្រទេស ​បាន​បន្ត​ថា​ លោក​មិន​ស្លាប់​ដោយ​ងាយៗ​នោះ​ទេ។

លោក​ ហ៊ុន សែន​ ថ្លែង​ដូច្នេះ​ក្រោយ​ពី​បាន​ថ្លែង​អំណរគុណ​អ្នក​ដែល​ជូនពរ​លោក​ឲ្យ​ឆាប់​បាន​ជា​សះស្បើយ។

កាល​ពី​ថ្ងៃ​សៅរ៍ លោក​ ហ៊ុន សែន​ បាន​អុរគុណលោក​ សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​បាន​សរសេរ​សារ​ជា​ភាសា​អង់គ្លេស​តាម​បណ្តាញ Twitter​ របស់​លោក ​ជូនពរ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​ជា​គូ​ប្រជែង​នយោបាយ​របស់​លោក ឆាប់​បាន​ជា​សះស្បើយ។ ​សារ​នៅ​លើ​ទំព័រ​ Twitter របស់​លោក​ សម រង្ស៊ី​ ចេញ​ផ្សាយ​ក្រោយ​ពី​លោក ​ហ៊ុន សែន​ សរសេរ​នៅ​លើ​ទំព័រ​ Facebook​ ​របស់​លោក​សម្តែង​ការ​សោក​ស្តាយ​និង​សុំ​ទោស​មន្ត្រី​រាជការ​និង​មន្ត្រី​បរទេស។ លោក​ត្រូវ​លុបចោល​កម្មវិធី​មួយ​ចំនួន​ដោយ​សារ​បញ្ហា​សុខភាព។

លោក ​មាស នី​ អ្នក​វិភាគ​ឯករាជ្យ​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម​ក៏​បាន​ក៏​បាន​សង្កេត​ឃើញ​ដែរ​ថា អ្នក​ប្រើប្រាស់​ Facebook​ មួយ​ចំនួន​ ជាពិសេស​ក្នុង​ចំណោម​អ្នក​នយោបាយ​ខ្លះ ​មាន​ការ​ប្រើសប្រាស់​ពាក្យ​វោហាសាស្ត្រ និង​រូប​ភាព​មិន​គប្បី​ដែល​គួរ​តែ​បញ្ឈប់​ជា​បន្ទាន់។

អ្នក​វិភាគ​រូប​នេះ​ថ្លែង​ប្រាប់ VOA ថា៖

«ការ​ប្រើសប្រាស់​ Facebook នៅ​កន្លែង​ខ្លះ​ហាក់​ដូច​ជា​វា​បាត់​នូវ​ក្រម​សីលធម៌​ដូច​ជា​ការ​ជេរ​ប្រមាថ​គ្នា​ក៏​យើង​ឃើញ​ដែរ»។

ប្រតិកម្ម​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ធ្វើ​ឡើងក្នុង​សុន្ទរកថា​នៃ​កម្មវិធី​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទ​ក្រហម​ អឌ្ឍចន្ទ​ក្រហម ​៨​ ឧសភា លើក​ទី​១៥៤​នៅ​ស្នាក់ការ​របស់​កាកបាទ​ក្រហម​កម្ពុជា ​ដែល​ដឹកនាំ​ដោយ​ភរិយា​របស់​លោក​គឺ​លោកស្រី ​ប៊ុន រ៉ានីហ៊ុន សែន។

កម្មវិធី​នេះ​ក៏​មាន​ការកៀរគរ​ថវិកា​បាន​ប្រមាណ១៣,៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​សប្បុរស​ជន​នានា​ យក​មក​ទ្រទ្រង់​សកម្មភាព​ការងារ​មនុស្សធម៌​របស់​កាកបាទ​ក្រហម​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៧​ផងដែរ។

ក្រៅ​ពី​បញ្ហា​កាកបាទ​ក្រហម ​លោក​ ហ៊ុន សែន ថ្លែង​អំពី​បញ្ហា​សង្គម​នានា ដូចគ្រោះថ្នាក់​ចរាចរ​ ​ជំងឺ​អេដស៍ និង​ថ្នាំញៀន។ លោកថ្លែង​ថា ​ការ​ដឹកនាំ​ប្រទេស​មាន​មនុស្សជាង​១៥​លាន​នាក់​មិនមែន​ជា​ការ​ងាយ​ស្រួល​ទេ ​ហើយ​ពលរដ្ឋ​មិន​គួរ​មើលតែ​ចំណុច​អវិជ្ជមាន​ ហើយ​បន្ទោស​ការ​ដឹកនាំ​របស់​លោក​នោះទេ។​

លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ថ្លែង​ថា៖

«យើង​មាន​កូន​បី​នាក់​ យើង​លំបាក​ប៉ុណ្ណេះ ​ ហើយ​មក​ស្តី​បន្ទោស​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ប្រជាពលរដ្ឋ​រហូត​ទៅ​ដល់​១៥​លាន​នាក់ វា​មិនមែន​ជា​ការ​សមរម្យ​នោះ​ទេ។ គួរស្តី​បន្ទោសខ្លួន​ដែល​ខ្វះ​ការ​ទទួលសុខ​ត្រូវ​ក្នុង​ការ​អប់រំ​កូនចៅ»។​

ទោះ​ជា​យ៉ាងណា​ក្តី​ លោក មាស នី ​យល់​ឃើញ​ថា វិបត្តិ​សង្គម​ដូច​ដែល​លោក​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ជា​កំហុស​ទាំង​អស់​គ្នា ប៉ុន្តែ​លោក​យល់​ថា វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ រដ្ឋាភិបាល​ច្រើន​ជាង​ឪពុកម្តាយ​ជន​រង​គ្រោះ​នៃ​ជំងឺ​សង្គម​ទាំង​នេះ។ ​លោក​ទទួល​ស្គាល់​ថា ​ប្រទេស​ណា​ក៏​មាន​បញ្ហា​សង្គម​ដែរ ​ដូច​ជា​គ្រឿង​ញៀន​ជាដើម។ ​

«រដ្ឋាភិបាល​ជា​អ្នក​ទទួល​បន្ទុក​មើល​កិច្ចការ​ទាំង​អស់​ហ្នឹង​បាន។ ទោះបី​ជា​រដ្ឋាភិបាល​ប្រកែក​ថា នៅ​ស្រុក​ណា​ក៏​មាន​ដែរ​ក៏ដោយ ក៏ប៉ុន្តែ​រដ្ឋាភិបាល​គឺ​ជា​អាជ្ញាធរ​មួយ​ឬ​ជា​យន្តការ​មួយ​ដែល​ពលរដ្ឋ​ផ្តល់​ការ​ទុកចិត្ត»។

​ក្នុង​សុន្ទរកថា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក​ ហ៊ុន សែន ​ក៏​ថ្លែង​អំពី​ការ​គំរាមកំហែង​ដោយ​សង្គ្រាម​នុយក្លេអ៊ែរដែល​អាច​កើត​មាន​នៅ​ឧបទ្វីប​កូរ៉េ និង​សង្គ្រាម​ក្នុង​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក។

«លទ្ធផល​ចុង​ក្រោយ​គឺ​មាន​តែ​អ្នក​ចាញ់​ប៉ុណ្ណោះ។ ​សង្ឃឹម​ថា​ ប្រទេស​មហា​អំណាច​នុយក្លេអ៊ែរ​ហើយ​ដែល​កំពុង​បង្អួត​សាច់ដុំ​ដាក់​គ្នា​ ជា​ម៉ែ​គ្រាប់​បែក និង​ជា​ឪ​គ្រាប់បែក ជា​នុយក្លេអ៊ែរ​និង​នុយក្លេអ៊ែរ​គប្បី​ត្រូវ​បាន​គិតគូរ​ឡើង​វិញ​អំពី​ជម្រើស​នយោបាយ​ផ្សេងៗ​គ្នា»។

លោក ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ ​ បាន​ប្រាប់​អ្នក​ចូល​រួម​អំពី​សារៈសំខាន់​នៃ​សន្តិភាព​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​សព្វថ្ងៃ ក្រោយ​ពី​ប្រទេស​នេះ​ហែកហួរ​ដោយ​សង្គ្រាម​ច្រើន​ទសវត្ស។ ​លោក​បន្ត​ថា​ គ្រោះ​ថ្នាក់​នៃ​សង្គ្រាម​នៅ​តែ​បន្ត​មាន​នៅ​កម្ពុជា​ដោយ​សារ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​ពី​សង្គ្រាម៕

XS
SM
MD
LG