ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ទទួល​ការ​ពិនិត្យ​ជំងឺ និង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ (រូបថត​ពីទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

លោក​ហ៊ុន សែន ក៏​បាន​សុំ​អភ័យទោស និង​ការ​យោគយល់​ពី​មន្ត្រី​រាជការ អាជ្ញាធរ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ក៏​ដូចជា​អ្នកការទូត​បរទេស​នានា ដោយសារ​លោក​ត្រូវ​សម្រេច​ចិត្ត​លុប​ចោល​ភ្លាមៗ​នូវ​កម្មវិធី​ជួបជុំ​មួយ ដែល​បាន​គ្រោង​ទុក​រួច​ទៅ​ហើយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​មេដឹកនាំ​កាន់​អំណាច​យូរ​ជាង​គេ​មួយ​រូប​នៅ​លើ​ពិភពលោក កំពុង​ទទួល​ការ​ពិនិត្យ​ជំងឺ និង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក នៅ​លើ​ទំព័រ Facebook ផ្ទាល់​ខ្លួន​លោក កាល​ពី​ថ្ងៃ​ពុធ​ទី ៣ ខែ​ឧសភា ម្សិលមិញ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ដោយ​ការ​ហត់​នឿយ​ខ្លាំង​ពេក ខ្ញុំ​ធ្លាក់​ខ្លួន​មាន​ជំងឺ ដែល​ចាំបាច់​ត្រូវ​មក​ពេទ្យ​បន្ទាន់ ដើម្បី​ពិនិត្យ និង​ព្យាបាល។ ខ្ញុំ​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅ​សិង្ហបុរី តាំង​ពី​ម៉ោង ២ ល្ងាច ថ្ងៃ ៣ ឧសភា»។

លោក​ហ៊ុន សែន ក៏​បាន​សុំ​អភ័យទោស និង​ការ​យោគយល់​ពី​មន្ត្រី​រាជការ អាជ្ញាធរ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ក៏​ដូចជា​អ្នកការទូត​បរទេស​នានា ដោយសារ​លោក​ត្រូវ​សម្រេច​ចិត្ត​លុប​ចោល​ភ្លាមៗ​នូវ​កម្មវិធី​ជួបជុំ​មួយ ដែល​បាន​គ្រោង​ទុក​រួច​ទៅ​ហើយ។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​សុំ​ការ​យោគយល់​ពី​សំណាក់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ខេត្ត​កំពង់​ស្ពឺ ដែល​ខ្ញុំ​ត្រូវ​ជួប​នៅ​ព្រឹក​នេះ តែ​ត្រូវ​អាក់​ខាន។ សុំ​ការ​យោគយល់​ពី​មិត្តភ័ក្ដិ​បរទេស ពិសេស​ជប៉ុន ឥណ្ឌា បារាំង ដែល​កម្មវិធី​គ្រោង​ទុក​សម្រាប់​ការ​ជួប ត្រូវ​បាន​លុប​ចោល​ទៅ​វិញ»។

គេ​ក៏​ឃើញ​មាន​ការ​បង្ហោះ​រូបថត​ប៉ុន្មាន​សន្លឹក​ផង​ដែរ នៅ​លើ​ទំព័រ Facebook របស់​លោក ហ៊ុន សែន ផ្ទាល់ អំពី​រូប​លោកសម្រាក​នៅ​លើ​គ្រែ​ពេទ្យ ដោយ​មាន​សមាជិក​ក្រុម​គ្រួសារ​លោក​មួយ​ចំនួន​នៅ​ក្បែរ​នោះ។

លោក ហ៊ុន សែន ក៏​បាន​បន្ថែម​ទៀត​ថា លោក​គ្រោង​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ពុធ ទី ៧ ខែ​ឧសភា សប្ដាហ៍​ក្រោយ ដើម្បី​បន្ត​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក​ជា​បន្ត​ទៀត។

កាល​ពី​ឆ្នាំ​មុន លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ទៅ​ពិនិត្យ​សុខភាព​ផង​ដែរ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដែល​កាល​នោះ លោក​អះអាង​ថា ជា​ការ​ពិនិត្យ​សុខភាព​ធម្មតា៕

XS
SM
MD
LG