ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លិខិត​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​យល់​ច្រឡំ​ថា រដ្ឋាភិបាល​លុប​ចោល​មាត្រា​ចែង​ពី​បទ​បរិហារកេរ្តិ៍


លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែងក្នុង​សុន្ទរកថា​នៅក្នុង​ពិធី​សម្ពោធ​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ចន្ទ ទី៦ ខែមីនា ឆ្នាំ២០១៧។ (រូបដកស្រង់ចេញពី​ទំព័រហ្វេសប៊ុក​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

លិខិត​​អបអរ​សាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​១៦​មួយ​ច្បាប់ ដែល​​​​ចុះ​​ហត្ថ​លេ​ខា​ដោយ​​​លោក​ ហ៊ុន សែន​​​​ តាំង​​ពី​​ថ្ងៃ​ទី​២៦ ខែមេសា​ ត្រូវ​​​បាន​​សារព័ត៌មាន​មួយ​ចំនួន​​យក​​មក​​​ផ្សព្វ​ផ្សាយ​​កាល​ពី​​​ថ្ងៃ​​​​អង្គារ។

បន្ទាប់ពី​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ចេញលិខិត​មួយច្បាប់​ ដោយលើក​ឡើងពីការ​លុបចោលទោសជាប់ពន្ធនាគារ​ក្នុងបទបរិហារកេរ្តិ៍ ​បាន​ធ្វើឲ្យអ្នក​ប្រើប្រាស់បណ្តាញសង្គមមួយចំនួន​យល់​ច្រឡំ​ថា រដ្ឋាភិបាល​បាន​លុប​ចោលមាត្រាចែង​ពី​បទបរិហារ​កេរ្តិ៍។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បាន​ពន្យល់ពីអត្ថន័យ​របស់​លិខិតនោះថា រដ្ឋា​ភិបាលមិន​បានលុប​ចោល​មាត្រាដែលចែង​ពី​បទ​បរិហារកេរ្តិ៍នោះ​ទេ ប៉ុន្តែគ្រាន់​តែរំឭក​ពីក្រមព្រហ្មទណ្ឌ​ចាស់តែ​ប៉ុណ្ណោះ។

អ្នក​ប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានយល់ច្រឡំ​ចំពោះ​អត្ថន័យ​ក្នុង​លិខិត​របស់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធ​នឹងការប្រកាសពីការ​លុប​ចោលទោសជាប់​ពន្ធនាគារនៃបទ​បរិហារ​កេរ្តិ៍ក្នុងក្រមព្រហ្ម​ទណ្ឌ​ដ៏​ចម្រូង​ចម្រាស។

លិខិតអបអរ​សាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​១៦​មួយ​ច្បាប់ ដែលចុះហត្ថ​លេ​ខា​ដោយ​លោក​ ហ៊ុន សែន តាំងពីថ្ងៃ​ទី​២៦ ខែមេសា​ ត្រូវ​បានសារព័ត៌មាន​មួយ​ចំនួនយកមក​ផ្សព្វ​ផ្សាយកាល​ពី​ថ្ងៃអង្គារ។

លិខិតរបស់លោក ហ៊ុន សែន សរ​សេរ​អបអរ​សាទរទិវាសេរីភាពសារព័ត៌មាន​ ដែលត្រូវ​បានប្រទេសស្ទើ​តែទូទាំងពិភពលោកប្រារព្ធ​ដែរនោះ​សរសេរ​ថា​ រដ្ឋាភិបាលបានសម្រេចលុបចោល​ទោសជាប់ពន្ធនាគារនៃបទបរិហារកេរ្តិ៍ចេញពីក្រមព្រហ្ម​ទណ្ឌ ដើម្បីធានាដល់សេរី​ភាព​នៃការ​បញ្ចេញ​មតិ។

លោក ហ៊ុន សែន សរសេរក្នុង​ន័យ​ដើម​ថា៖ «ដោយ​មើល​ឃើញ​នូវ​ភាព​ចាំបាច់​និង​សារៈសំខាន់​នៃ​ការបញ្ចេញ​មតិ​និង​សេរីភាព​សារព័ត៌មាន រាជរដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​ទោសជាប់​ពន្ធ​នា​គារ​នៃ​បទ​បរិហារកេរ្តិ៍ចេញ​ពី​ក្រម​ព្រហ្មទណ្ឌ​និង​បាន​ធានា​ថា មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​ជាប់​ពន្ធ​នា​គារ​ដោយ​សារ​ការ​បញ្ចេញ​មតិ​ឡើយ»។​

ការ​សរសេរ​នោះ​បានធ្វើ​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​ថា រដ្ឋាភិបាល​ទើប​តែ​បាន​លុប​ចោល​ទោស​ជាប់​ពន្ធនាគារ​ក្នុង​មាត្រា​នៃ​បទ​បរិហារកេរ្តិ៍​ ដោយសារ​លិខិត​នោះ​មិន​បាន​បញ្ជាក់​លម្អិត​អំពីពេល​វេលា​នៃ​ការលុប​ចោល។

ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​បានផ្សាយ​បន្ត ដោយ​បាន​លើកយកអត្ថន័យ​ដែល​ថា ​រដ្ឋាភិបាល​សម្រេច​លុប​ចោល​ទោសជាប់​ពន្ធនាគារ​នៃ​បទ​បរិហារកេរ្តិ៍​ ចេញ​ពី​ក្រម​ព្រហ្ម​ទណ្ឌ។ ក្រោយ​ការ​ផ្សាយ​បាន​បន្តិច​គេ​ឃើញ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិតមួយ​ចំនួន​បាន​សរសេរ​បញ្ចេញ​មតិ​របស់​ពួកគេ​ដោយ​ភ័ន្ត​ច្រឡំ​ថា ​រដ្ឋាភិបាល​ទើប​លុប​ចោល​ទោស​ជាប់​ពន្ធនាគារ​ក្នុង​បទ​បរិហារកេរ្តិ៍​និង​ខ្លះ​ទៀត​យល់​ច្រឡំ​ថា​រដ្ឋាភិបាល​សម្រេច​លុប​ចោល​មាត្រា​បរិហារកេរ្តិ៍​តែ​ម្តង។ ការ​សរ​សេរ​របស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ដែល​បាន​យល់​ច្រឡំ​ទាំង​នោះ​ខ្លះ​បង្ហាញ​ពី​ការ​អបអរសាទរ​និង​ខ្លះ​រិះគន់​ថា​រដ្ឋាភិបាលទើប​តែ​ដឹង​ខ្លួន​ពី​សារៈសំខាន់​នៃ​ការ​សេរីភាពនៃការបញ្ចេញមតិជា​ដើម។

លោក ហូរ ប៊ុនយ៉េត អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ ​បាន​សរសេរ​អប​អរ​សារទរ​ជាការ​ឆ្លើយ​តប​នឹង​អត្ថបទ​ព័ត៌មាន​ដែល​ផ្សាយ​ពី​លិខិតរបស់​លោក​នាយករដ្ឋមន្រ្តី​ ដែល​បាន​លើកឡើង​ពី​ការសម្រេច​លុប​ចោល​ទោសជាប់​ពន្ធ​នា​គារ​នៃ​បទ​បរិហារកេរ្តិ៍ចេញ​ពី​ក្រម​ព្រហ្មទណ្ឌ​នោះ។

លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖«សូម​ចូលរួម​អបអរសារទ​ចំពោះ​ការ​សម្រេច​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល សូម​ឲ្យ​ការសម្រេច​នេះ​ក្លាយ​ជា​ការ​អនុវត្ត​ល្អ​សម្រាប់​ទាំង​អស់​គ្នា»។

ចំណែក​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ទៀតឈ្មោះ ណា នីតា ​សរសេរ​ក្នុង​ន័យ​ដើមថា៖«សង្ឃឹម​ថា​អ្វីៗ​ជិត​ប្រសើរ​ឡើង​វិញ​ហើយ នេះ​បើ​អ្នក​ទោស​ពាក់ព័ន្ធ​នយោបាយ​ត្រូវ​បាន​ដោះលែង​ទៀត​គិតថា​យើង​បាន​គិតគូរ​ដោះ​ខ្លួន​ពី​គំនាប​គេ​បណ្តើរៗ»។

លោក ឈុន លី បាន​សរសេរអរគុណ​ចំពោះ​ប្រមុខ​រដ្ឋាភិបាល​និង​ថា​នេះ​ជា​អំពើ​ល្អ​របស់​អ្នក​ដឹកនាំ។

ចំណែក​គណនី​ហ្វេស​ប៊ុក​ឈ្មោះ កឹម ផា សរសេរ​ថា៖ «ចាំ​មើល​ក្រឹត្យ​ឬ​សារាចរណ៍​ចេញ​សិន កុំ​និយាយ​លឿន​ពេក ក្រែង​និយាយ​ខុស​ពី​ការ​ពិត»។

មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​លើកឡើងថា​ អ្នក​ប្រើប្រាស់​សង្គម​ហ្វេសប៊ុក​ទាំង​នោះ​បាន​យល់​ច្រឡំ​លើ​អត្ថន័យ​នៃ​លិខិត​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក កើត រិទ្ធ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ប្រាប់ VOA កាល​ពី​ពុធ​ថា ក្នុង​លិខិត​ដែល​លោកនាយករដ្ឋមន្រ្តីបញ្ជាក់​ពី​ការ​លុបចោល​ទោស​ពន្ធនាគារនៃ​បទ​បរិហាកេរ្តិ៍​គឺ​ជា​ការ​រំឭកពី​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​រដ្ឋាភិបាល​ក្នុង​ពេល​កន្លង​ទៅ មិនមែន​ជា​ការ​សម្រេច​លុប​ចោល​មាត្រា​ដែល​ចែង​ពីបទ​បរិហារកេរ្តិ៍​នោះ​ទេ។

«ពី​មុន​យោង​តាម​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល បទ​បរិហារកេរ្តិ៍​មាន​ទោស​ដាក់​ពន្ធ​នា​គារ​ពី១ខែ​ទៅ​១ឆ្នាំ ហើយ​និង​មាន​ពិន័យ​ជា​ប្រាក់​ទៅ​ទៀត។ អញ្ចឹង​រាជរដ្ឋាភិបាល​ពេល​នោះ​បាន​ស្នើ​ដក​ចេញ​នូវ​ទោស​ដាក់​ពន្ធនាគារ​ហ្នឹង អញ្ចឹង​បច្ចុប្បន្ន​អត់​មាន​ទោស​ដាក់ពន្ធនាគារ​ទេ មាន​តែ​ទោស​ពិន័យ​ជា​ប្រាក់ នៅ​តែ​ជា​បទល្មើស​ព្រហ្មទណ្ឌ ប៉ុន្តែ​បទល្មើស​ហ្នឹង​ហៅថា​បទ​លហុ»។

មាត្រា​៣០៥​នៃ​ក្រម​ព្រហ្មទណ្ឌ​បាន​ចែង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ថា គ្រប់ការ​អះ​អាង​បំផ្លើស ទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្តលើ​អំពើ​ណាមួយ​ ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស ឬ​កិត្តិសព្ទ​នៃ​បុគ្គល ឬ​ស្ថាប័ន តាម​រយៈ​សម្តី តាម​លិខិត​ឬ​គំនូរ​និង​តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍ជា​សាធារណៈ​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ១សែនរៀល ទៅ​១០​លាន​រៀល ដោយ​មិន​កំណត់ពី​ទោសដាក់​ពន្ធនាគារ​នោះ​ទេ៕

XS
SM
MD
LG