ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​ខ្មែរក្រហម​នៅ​អន្លង់វែង​ខ្លាច​មាន​សង្រ្គាម​ក្រោយ​ការ​បោះ​ឆ្នោត ខណៈ​ត្អូញត្អែរ​ពី​កង្វះ​ខាត​ទឹក​ភ្លើង


អតីតខ្មែរក្រហម លោកស្រី ផាត់ រុន អាយុ៦៥ឆ្នាំ រស់នៅ​ក្នុងភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ ចងស្លឹកព្រាល យកទៅ​ធ្វើជន្លុះ។ (ស៊ុន ណារិន/VOA)

លោកស្រី ផាត់ រុន អាយុ៦៥ឆ្នាំ បាន​ថ្លែង​ប្រាប់​ VOA ​ថា លោកស្រី​ចង់​ឲ្យ​មេឃុំ​ថ្មី ជួយ​បុក​អណ្តូងទឹក​ ដើម្បី​អាច​មាន​ទឹក​ប្រើប្រាស់​​គ្រប់​ពេល ដោយសារ​បច្ចុប្បន្ន​នេះ លោកស្រី​បាន​ទិញ​ទឹក​គេ​ដឹក​លក់​តាម​ភូមិ មួយ​កាដុង​ចំណុះ​ប្រមាណ​៥០លីត្រ ​តម្លៃ​៥​ពាន់​រៀល។

អន្លង់វែង​គឺ​ជា​តំបន់​មួយ​ដែល​សំបូរ​ទៅ​ដោយ​អតីត​ខ្មែរ​ក្រហម​កំពុង​រស់​នៅ។ ក្នុង​ភូមិ​កណ្តាល​ក្រោម​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​អន្លង់វែង អតីត​ខ្មែរ​ក្រហម​បាន​ត្អូញត្អែរ​ពី​ការ​ខ្វះខាត​ទឹក​និង​ភ្លើង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ពួកគេ​បាន​ស្នើ​ឲ្យ​មេឃុំ​ថ្មី​ដែល​នឹង​ឈ្នះ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃទី​៤ ខែ​មិថុនា ខាង​មុខ​នេះ ដោះស្រាយ​បញ្ហា​ទាំង​នេះ​ជា​បន្ទាន់។

ទន្ទឹម​នឹង​នេះ​ផង​ដែរ អតីត​ខ្មែរ​ក្រហម​បាន​បង្ហាញ​ភាព​ភ័យ​ខ្លាច​ថា​ មាន​សង្រ្គាម​ក្រោយ​ការ​បោះឆ្នោត​ក្រោយ​ពី​មាន​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា​នឹង​មាន​សង្រ្គាម ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ការ​បោះ​ឆ្នោត។

កណ្តាល​ក្រោម ជា​ភូមិមួយ​ស្ថិត​ក្នុង​ឃុំ​អន្លង់វែង ​ស្រុកអន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ ដែល​សំបូរ​ទៅ​ដោយ​អតីត​ខ្មែរ​ក្រហម​កំពុង​រស់នៅ។

បើ​ទោះ​ជា​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៦​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​អន្លង់វែង​ក៏​ដោយ ​ភូមិ​មួយ​នេះ​ ក៏ដូចភូមិ​ជា​ច្រើន​ទៀត​ដែរ ​ក៏​មិន​ទាន់​មាន​ភ្លើង​អគ្គិសនី ​និង​ទឹក ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ឡើយ។ ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ បាន​រអ៊ូរទាំ​ជា​បន្ត​បន្ទាប់ ដោយ​សារ​បញ្ហា​ទឹក​ភ្លើង​នេះ ហើយ​ពួកគេ​ថា​ចង់​ឲ្យ​មេឃុំ​ថ្មី ដោះស្រាយ​បញ្ហា​ទាំង​នេះ។

ស្លាកសញ្ញា​គណបក្សប្រជាជន​កម្ពុជា​ស្ថិត​នៅ​ខាងមុខ​ផ្ទះ​អនុប្រធានភូមិ​កណ្តាលក្រោម ក្នុងតំបន់ខ្មែរក្រហមនៃស្រុកអន្លង់វែង។ (ស៊ុន ណារិន/VOA)
ស្លាកសញ្ញា​គណបក្សប្រជាជន​កម្ពុជា​ស្ថិត​នៅ​ខាងមុខ​ផ្ទះ​អនុប្រធានភូមិ​កណ្តាលក្រោម ក្នុងតំបន់ខ្មែរក្រហមនៃស្រុកអន្លង់វែង។ (ស៊ុន ណារិន/VOA)

ប្រជាពលរដ្ឋ​ដែល​ជា​អតីត​ខ្មែរ​ក្រហម​មួយ​ចំនួន​ក៏​បាន​ថ្លែង​បារម្ភ​អំពី​ «ភាព​ភ័យ​ខ្លាច​ថា​មាន​សង្រ្គាម» ក្រោយ​ថ្ងៃ​បោះ​ឆ្នោត ស្របពេល​ដែល​មាន​ការ​ថ្លែង​ពី​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ថា ប្រទេស​នឹង​មាន​សង្រ្គាម ប្រសិន​បើ​មិន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។

កំពុង​អង្គុយ​ចង​ស្លឹកព្រាល​សម្រាប់​ធ្វើ​ជន្លុះ​ដុត អតីត​ខ្មែរ​ក្រហម​ម្នាក់ លោកស្រី ផាត់ រុន អាយុ៦៥ឆ្នាំ មាន​ប្រសាសន៍ថា លោកស្រី​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ តែ​លោកស្រី​មិន​បាន​ដឹង​ថា ​តើ​អ្នកណា​បាន​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​យក​តំណែង​មេឃុំ​អន្លង់​វែងនោះ​ទេ។

លោកស្រី​បាន​ថ្លែង​ប្រាប់​ VOA ​ថា លោកស្រី​ចង់​ឲ្យ​មេឃុំ​ថ្មី ជួយ​បុក​អណ្តូងទឹក​ ដើម្បី​អាច​មាន​ទឹក​ប្រើប្រាស់គ្រប់​ពេល ដោយសារ​បច្ចុប្បន្ន​នេះ លោកស្រី​បាន​ទិញ​ទឹក​គេ​ដឹក​លក់​តាម​ភូមិ មួយ​កាដុង​ចំណុះ​ប្រមាណ​៥០លីត្រ ​តម្លៃ​៥​ពាន់​រៀល។

«ខ្ញុំ​ចង់​ឲ្យ​ជួយ​បុក​អណ្តូងទឹក បុក​អី ព្រោះ​អត់​មាន​ទឹក​ផឹក​ទេ​ ខែប្រាំង​ឡើង​ ទិញ​គេ​រហូត»។

លោកស្រី​បន្ត​ថា​អណ្តូង​ទឹក​មាន​នៅ​ក្នុង​ភូមិ ប៉ុន្តែ​មិន​មាន​ទឹក​ចេញ​សម្រាប់​ប្រើប្រាស់​នោះ​ទេ។ មួយ​វិញ​ទៀត​ លោកស្រី​ចង់​បាន​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​ចូល​មក​ក្នុង​ភូមិ​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

អតីត​ខ្មែរ​ក្រហម​រូប​នោះ បាន​មាន​ប្រសាសន៍​ទៀត​ថា លោកស្រី​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅថ្ងៃ​ទី៤ ​ខែមិថុនា ខាងមុខ​នេះ ប៉ុន្តែ​មិន​ទាន់​សម្រេច​ចិត្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​នោះទេ។

​អតីត​ខ្មែរ​ក្រហម​មួយ​រូប​ទៀត លោកស្រី ប៊ូ ខន អាយុ​៦១ឆ្នាំ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ភ្លើង​ដូចគ្នា។

«ចង់​បាន​ភ្លើង​ឲ្យ​ភ្លឺ បើ​អត់​មាន​អី​ប្រើ​ផង។ ងងឹត​ឈឹង​ យប់​ឡើង»។

លោកស្រី​ក៏​បាន​បញ្ជាក់​ថា​ លោកស្រី​មិន​ទាន់​សម្រេច​ចិត្ត​ថា​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​នោះទេ។​

«ដល់​ថ្ងៃហ្នឹង​បាន​សម្រេច ឥឡូវ​អត់​ហ៊ាន​សម្រេច​ចិត្ត​ទៅ​គណបក្ស​ណា​ទេ»។

អតីត​ខ្មែរក្រហម លោកស្រី អួន រឿន អាយុ៦០ឆ្នាំ រស់នៅ​ក្នុងភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ ចងស្លឹកព្រាល យកទៅ​ធ្វើជន្លុះ។ (ស៊ុន ណារិន/VOA)
អតីត​ខ្មែរក្រហម លោកស្រី អួន រឿន អាយុ៦០ឆ្នាំ រស់នៅ​ក្នុងភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ ចងស្លឹកព្រាល យកទៅ​ធ្វើជន្លុះ។ (ស៊ុន ណារិន/VOA)

ចំណែក​អតីត​ខ្មែរ​ក្រហម​ម្នាក់​ទៀត លោកស្រី អួន រឿន អាយុ៦០ឆ្នាំ មាន​ប្រសាសន៍​ថា លោកស្រី​ចង់​បាន​ទីផ្សារ​កសិផល ដោយ​លោកស្រីបាន​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​និង​ដំឡូង លក់​មិន​បាន​ខ្ពស់​នោះ​ទេ។

«ចង់​ឲ្យ​មាន​ដំឡូង​អី​បាន​ថ្លៃ​ខ្លះ​ទៅ ខំ​ធ្វើ​ចង់​ងាប់​ ហើយ​អត់បាន​ថ្លៃ។ ស្រូវ​ក៏​ថោក ដំឡូង​ក៏​ថោក ចង់​ឲ្យ​មាន​តម្លៃ​ទៅ​មុខ​ទៀត។ ឲ្យ​មេឃុំ​ថ្មី​ជួយ»។

អតីត​ខ្មែរ​ក្រហម​ទាំង​នោះ​ ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ថា ពួកគេ​មិន​ចង់​ឃើញ​មាន​សង្រ្គាម​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នោះ​ទេ ដោយសារ​ពួកគេ​ធ្លាប់​ឆ្លង​កាត់​ឆ្អែតឆ្អន់​រួច​មក​ហើយ។

«ឮ​តែ​តាម​វិទ្យុ តាម​គេ​និយាយ​តាម​ព័ត៌មាន ចេះ​តែ​ខ្លាច​ទៅ‍ មិន​ហ៊ាន​និយាយ​ទេ»។​

ចំណែក​អ្នកស្រី ចន គឹមឈុន អាយុ២៩ឆ្នាំ​ និង​ជា​កូន​អតីត​ខ្មែរ​ក្រហម​មួយ​រូប មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​សម្រេច​ចិត្ត​រួច​ហើយ​ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ពេល​ខាងមុខ​នេះ។ អ្នកស្រី​បន្ត​ថា អ្នកស្រី​ចង់​បាន​មេឃុំ​មិន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​ចេះ​ជួយ​ប្រជាពលរដ្ឋ។

បញ្ហា​ទឹក​និង​ភ្លើង ក៏​ជា​តម្រូវ​ការ​ចាំបាច់​ ដែល​អ្នកស្រី​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ឲ្យ​បាន​ឆាប់។

«សំខាន់​អាហ្នឹង​ហើយ ពី​ព្រោះ​រាល់​ថ្ងៃ​បញ្ចូល​អាគុយ​មួយ​ថ្ងៃ​បញ្ចូលៗ បញ្ចូល​រាល់​តែ​ថ្ងៃ។ ហើយ​ទឹក​អី​ទិញ​គេ ពីរ​ថ្ងៃ​មួយ​ធុងៗ‍»។

អ្នកស្រី​បាន​ថ្លែង​ប្រាប់ ​VOA ​ថា អ្នកស្រី និង​ខ្មែរក្រហម​នៅ​ភូមិ​នេះ ភ័យ​ខ្លាច​នឹង​សង្រ្គាម​ដែលអាច​កើត​ឡើង ក្រោយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ថ្លែង​ថា នឹង​មាន​សង្រ្គាម​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ការ​បោះឆ្នោត។

«ខ្លាច​តែ​សង្រ្គាម​ទៀត​ហ្នឹង​ឯង ភ័យ​ខ្លាច​សង្រ្គាម​ទៀត​ហ្នឹង​ឯង ព្រោះ​ធ្លាប់​រត់​ឡើង​ឆ្អែត​ហើយ។ ចេះ​តែ​ខ្លាច​ទៅ។ ខ្លាច​ពេល​បោះឆ្នោត​មាន​បញ្ហា។ ចេះ​តែ​ខ្លាចទៅ មើល​តាម​ព័ត៌មាន ឃើញ​អញ្ចឹង ចេះ​តែ​ខ្លាច​ទៅ»។

អ្នក​ស្រី​បាន​បន្ត​ថា ធ្លាប់​ទៅ​រស់​នៅ​ជុំរុំ​នៅ​ក្នុង​ប្រទេស​ថៃ នៅ​ពេល​ប្រទេស​មិន​ទាន់​មាន​សន្តិភាព ដូច្នេះ​ហើយ​នេះ​ជា​ការ​ភ័យ​ខ្លាច​មួយ​សម្រាប់​អ្នកស្រី នៅ​ពេល​បោះឆ្នោត​ខាង​មុខ។

«ភ័យ​ខ្លាច​ទៅ ខ្លាច​តែ​មាន​អញ្ចឹង​ទៀត កូន​តូចតាច​មិន​ដឹង​ថា​ទៅ​ប្រឡោះ​ណា​ទេ»។

កាលពី​ថ្ងៃ​ទី២០ ខែមេសា ឆ្នាំ២០១៧ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ព្រមាន​ជា​ថ្មី​ទៀត​ថា នៅ​ពេល​គណបក្សប្រជាជន​កម្ពុជា​កាន់​អំណាច​ ប្រជាពលរដ្ឋ​ណា​ក៏​អាច​រស់​នៅ​ជាមួយ​បាន ហើយ​សន្តិភាព​ត្រូវ​បាន​ធានា​ច្បាស់លាស់។ លោក​បាន​ថ្លែង​បន្ត​ថា ប្រសិន​បើ​គណបក្ស​ផ្សេង​ឈ្នះ​ការ​បោះឆ្នោត នោះ​សន្តិភាព​មិន​អាច​ធានា​បាន​នោះ​ទេ។

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍ នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍ នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

«នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​មិន​កាន់​អំណាច តើ​ធានា​ប្រាកដ​ថា​សន្តិភាព​នេះ ត្រូវ​បាន​ធានា​ ឬ​អត់? បើ​ការ​លាប​ពណ៌ ការ​ជេរ​ប្រទេច​ ការ​ប្រមាថ​មាក់​ងាយ នៅ​តែ​បន្ត​កើត​នៅ​ក្នុង​ចំណោម​មេដឹកនាំ​ និង​អ្នកគាំទ្រ​របស់​ពួក​គេ។ នេះ​ជា​ការ​ដាស់​តឿន​មួយ​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ តើ​បោះឆ្នោត​ដើម្បី​សន្តិភាព​បន្ត​ ឬ​បោះដើម្បី​សង្រ្គាម? ជ្រើសរើស​ទៅ​រវាង​សន្តិភាព និង​សង្រ្គាម។ បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន សន្តិភាព​នឹង​មាន​បន្ត ឱកាស​អភិវឌ្ឍ​នឹង​មាន​បន្ត»។

ជំទប់​ទីពីរ​របស់​គណបក្ស​សម រង្ស៊ី តែ​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ ដោយសារ​ជម្លោះ​ផ្ទៃ​ក្នុង លោក អម សំណាង​ ដែល​រស់នៅ​ភូមិ​ខ្មែរ​ក្រហម​ និង​ជា​កូន​អតីត​ខ្មែរ​ក្រហម​ដែរ​នោះ មាន​ប្រសាសន៍​ថា ការ​ចាក​ចេញ​របស់​លោក​ពី​គណបក្ស​សង្រ្គោះជាតិ ​អាច​នាំ​ឲ្យ​ធ្លាក់​សំឡេង​នៃ​ការ​គាំទ្រ​ក្នុង​ចំណោម​អតីត​ខ្មែរ​ក្រហម នៅ​ពេល​ការ​បោះឆ្នោត​ខាង​មុខ​នេះ។

លោក​បន្ត​ថា​ អតីត​ខ្មែរក្រហម​ភាគ​ច្រើន​នៅ​ទី​នេះ តែង​តែ​បារម្ភ​ពី​សង្រ្គាម​ក្រោយ​ការ​បោះឆ្នោត។

«ការ​ផ្លាស់​ប្តូរ​នាយក​រដ្ឋមន្រ្តី គាត់​តែង​តែ​ខ្លាចហើយ ខ្លាច​សង្រ្គាម ការ​ផ្លាស់​ប្តូរ​របប​មួយៗ​គឺ​គាត់​ខ្លាច ហើយ​គាត់​អត់​ចង់​ជួប​ប្រទះ​កន្លែង​ហ្នឹងទៀត​ទេ។ ប្រជាជន​ភាគ​ច្រើន ខ្ញុំដើរ​ធ្វើ​ការ​កន្លង​មក ភាគ​ច្រើន គាត់​គិត​អញ្ចឹង»។

អនុ​ភូមិ​កណ្តាល​ក្រោម លោក អ៊ុំ ម៉េង ដែល​ជា​អតីត​ខ្មែរ​ក្រហម​ផង​ដែរ មាន​ប្រសាសន៍​ថា នៅក្នុង​ភូមិ​កណ្តាល​ក្រោម មាន​ប្រជាពលរដ្ឋ​ជាង​៤០០នាក់ ហើយ​ភាគ​ច្រើន​ជា​អតីត​ខ្មែរ​ក្រហម។

លោក​បន្ត​ថា​ពួក​គាត់​មាន​ចំណេះដឹង​ក្នុង​ការ​សម្រេចចិត្ត​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច​ និង​ការ​គំរាម​កំហែង។

«អត់​មាន​អ្នកណា​ទៅ​បង្ខិត​បង្ខំ​គាត់​ អា​នេះ​ គេ​ឲ្យ​សិទ្ធិ​សេរីភាព​របស់​គាត់​ហ្មង។ ឲ្យ​គាត់​មើល​ឃើញ​អ្នកណា​ល្អ​ជាង​អ្នក​ណា គាត់​បោះ​ឲ្យ​ទៅ»។

ទាក់ទង​នឹង​បញ្ហា​មិន​មាន​ទឹក​ប្រើប្រាស់ និង​បណ្តាញ​ភ្លើង​ត​ភ្ជាប់​ចូល​មក​ក្នុង​ភូមិ អនុភូមិ​រូប​នោះ ក៏​មាន​ចម្ងល់​ដែរ​ថា ​ហេតុអ្វី​មិន​មាន​ភ្លើង​តភ្ជាប់​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ភូមិ​របស់​លោក។លោក​បន្ត​ថា​កន្លង​ទៅ មាន​ការ​លើក​ឡើង​បញ្ហា​ទាំង​នេះ​ជា​បន្តបន្ទាប់។

«ខ្ញុំ​ឆ្ងល់​ត្រង់​ហ្នឹង​ដែរ​ ភ្លើងស្នើសុំ​គេ​យូរ​ហើយ​ ប៉ុន្តែ​គេ​មិន​ដាក់​ចូល។ មិន​ដឹង​មូល​ហេតុ​អ្វី‍»។

លោក​បន្តថា​ ភូមិ​មួយ​ចំនួន​ទៀត​ដែល​ជា​តំបន់​អតីត​ខ្មែរ​ក្រហម​កំពុង​រស់​នៅ ក៏​មិន​មាន​ភ្លើង​ប្រើប្រាស់​នោះ​ទេ។

«តែ​អា​រឿង​ខ្វះ​ទឹក​ ខ្វះ​ភ្លើង គិត​តើ​ អាជ្ញាធរ​គាត់​ជួយ​គិត​ដែរ​តើ ប៉ុន​ប្រហែល​ខ្ទង់​ខែ​៨ ខែ​៩ ទុយោ​ទឹក​គេ​ត​មក​ដល់​ហើយ។ ទុយោ​ទឹក​ស្អាត ហើយ​ភ្លើង​ប្រហែល​គេ​ដាក់​ចូល ព្រោះ​គេ​ស្នើ​សុំ​យូរ​ហើយ»។

លោក វង្ស ភ័ក្រ្ត មេឃុំ​អន្លង់​វែង ដែល​ជាអតីត​ខ្មែរ​ក្រហម​ដែរ​នោះ បាន​បដិសេធ​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់ ​VOA ​ទាក់ទង​នឹង​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​លើ​កង្វះខាត​ទឹក​ និង​អគ្គិសនី​ប្រើប្រាស់។ លោក​បាន​លើក​ឡើង​ថា៖ «ចេះ​ដើរ​សួរ តែ​អត់​ចេះដោះស្រាយ»។

លោក​ក៏​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ពី​ការ​បោះឆ្នោត​ផង​ដែរ។ លោក​ថា៖ «ម៉េច​មក​សួរខ្ញុំ បើ​ចង់​ដឹង​ ទៅ​សួរ​ប្រជាពលរដ្ឋ​ទៅ ខ្ញុំ​គ្រាន់​តែ​ឈរឈ្មោះ​តើ»។

នៅ​ក្នុង​ឃុំ​អន្លង់វែង កាល​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០១២ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​៧ ក្នុង​ចំណោម​៩អាសនៈ។

បុរស​ម្នាក់​អង្គុយ​នៅមុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិនៅរាជធានី កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)
បុរស​ម្នាក់​អង្គុយ​នៅមុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិនៅរាជធានី កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

បេក្ខជន​ប្រកួត​ប្រជែង​តំណែង​មេឃុំ​អន្លង់វែង​ មក​ពីគណបក្ស​សង្រ្គោះជាតិ លោក ទឹម ហឿន មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​នឹង​ឈ្នះ​តំណែង​មេឃុំ​នៅ​ពេល​ខាង​មុខ ដោយ​សារ​ប្រជាពលរដ្ឋ​ចង់​បាន​ការ​ផ្លាស់​ប្តូរ។ លោក​បាន​បន្ត​ថា​ ភាគ​ច្រើន​អតីត​ខ្មែរក្រហម​ដែល​ចង់​បាន​ការ​ផ្លាស់ប្តូរ តែ​ពួកគេ​មិន​សូវ​ជា​បញ្ចេញ​មុខ​មាត់​នោះ​ឲ្យ​គេ​ដឹង​នោះ​ទេ។

«អតីត​ខ្មែរ​ក្រហម​ពីដើម ក៏​ចាត់​ទុក​ថា​គាត់ក៏​ស៊ុប​ខ្លាំង​ដែរ ក៏​ប៉ុន្តែ​កាល​ដែល​គាត់​ស្ទង់​មតិ​ថ្នាក់​ដឹកនាំ​យូរៗទៅ ឃើញ​ថា​ការងារ​ វា​ដូច​ថា ​សេដ្ឋកិច្ច​វា​ធ្លាក់​ចុះ។ ថវិកា​ចំណូល​ចំណាយ វា​អត់​តុល្យភាព​ឥឡូវគាត់​ចាត់ទុកថា​គាត់​ដូរ​ម្តង ដើម្បី​រក​អ្នកដឹកនាំ​ថ្មី ក្រែងលោ​មាន​ទម្រង់​បែប​បទ​នៃ​ការងារ​ប្រែប្រួល ដើម្បី​ឲ្យ​មាន​ទម្រង់​រីកចម្រើន​ទៅ​ពេល​ខាង​មុខ។ អញ្ចឹង​គាត់​សំណូម​ពរ​ សូមដូរ​អញ្ចឹង​ហ្មង»។

លោក​ក៏​បាន​ពន្យល់​ប្រាប់​ទៅ​អតីត​ខ្មែរ​ក្រហម​ថា មិន​អាច​មាន​សង្រ្គាម​នោះ​ទេ នៅ​ពេល​គណបក្ស​សង្រ្គោះជាតិ​ឈ្នះ​ការ​បោះឆ្នោត។

«ខ្ញុំ​ធ្លាប់​បាន​ឮ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ គាត់​ភ័យ​ខ្លាច​ដែរ ដោយ​សារ​កាល​ហ្នឹង ​បើ​គណបក្ស​សង្រ្គោះជាតិ​ឈ្នះ​ឆ្នោត ខ្លាច​មាន​សង្រ្គាម ខ្ញុំ​ក៏​បាន​ពន្យល់​គាត់​វិញ​ត្រង់​ថា​អញ្ចេះ គេ​ថាបើ​និយាយ​ពីគណបក្ស​សង្រ្គោះជាតិ​ គ្មាន​ធនធាន គ្មាន​គ្រឿង​សព្វាវុធ សម្រាប់​ឆ្លើយ​តប​ជាមួយ​គណបក្ស​ប្រជាជន ​មាន​អំណាច​ទេ ព្រោះ​គណបក្ស​ប្រជាជន​ គាត់​មាន​អំណាច គាត់​មាន​តួនាទី ការងារ​គ្រប់គ្រង​ផ្នែក​យោធា ឬ​សណ្តាប់ធ្នាប់​សង្គម​អី»។

គួរ​បញ្ជាក់​ថា ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២ ​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន រហូត​ដល់៨.២៩២​អាសនៈ​ ក្នុង​ចំណោម​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​១១.៤៥៩ និង​ទទួល​បាន​តំណែង​មេឃុំ​-ចៅ​សង្កាត់​ចំនួន​១.៥៩២​ ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង​១.៦៣៣។

គណបក្ស ​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ច្របាច់​បញ្ចូល​គ្នា​បង្កើត​គណបក្ស​សង្រ្គោះជាតិ​ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​សរុប​ចំនួន​២.៩៥៥ ​និង​តំណែង​មេឃុំ​ចៅ​សង្កាត់​តែ​ចំនួន​៤០​ប៉ុណ្ណោះ៕

XS
SM
MD
LG