\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​៤​នាក់​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​លិច​ទូក​ទេសចរណ៍​នៅ​ខេត្ត​កំពត


ទូក​ដឹក​អ្នក​ទេសចរ​មើល​អំពិលអំពែក​ដែល​លិច​បណ្តាល​ឲ្យមនុស្ស​ចាស់​ ក្មេង​ជា​ជនជាតិ​ខ្មែរ​៤​នាក់​ស្លាប់ កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (រូបថតពី៖ ស្នងការខេត្តកំពត)

ទូក​ដឹក​អ្នក​ទេសចរ​មើល​អំពិលអំពែក​ដែល​លិច​បណ្តាល​ឲ្យមនុស្ស​ចាស់​ ក្មេង​ជា​ជនជាតិ​ខ្មែរ​៤​នាក់​ស្លាប់ កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (រូបថតពី៖ ស្នងការខេត្តកំពត)

កាល​ពី​ម៉ោង​ប្រមាណ​ជា​៩​យប់​ថ្ងៃ​ច័ន្ទ ដែល​ត្រូវ​ជា​ថ្ងៃ​ទី២​នៃ​ពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ​នេះ ទូក​ដឹក​ភ្ញៀវ​ទេសចរ​មើល​អំពិលអំពែក​ពេល​យប់​ បាន​លិច​នៅ​ជិត​ស្ពាន​ថ្ម ខេត្ត​កំពត ដោយ​បណ្ដាល​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​បាត់បង់​ជីវិត និង​មនុស្ស​បី​នាក់​បាត់​ខ្លួន។

មនុស្ស​ចាស់ និង​ក្មេង​៤នាក់ បាន​បាត់បង់​ជីវិត​ ក្នុង​ពេល​ដែលទូក​ដឹក​ភ្ញៀវ​ទេសចរ​មើល​អំពិលអំពែក​មួយ​គ្រឿង ​បាន​លិច​នៅ​ខេត្ត​កំពត​ក្នុង​ថ្ងៃបុណ្យ​អុំ​ទូក​ទី​២ ដោយ​សារ​ការ​ដឹក​លើស​ចំណុះ។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ប៉ូលិស​ខេត្ត​កំពត ដែល​បាន​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារ​នេះ។

កាល​ពី​ម៉ោង​ប្រមាណ​ជា​៩​យប់​ថ្ងៃ​ច័ន្ទ ដែល​ត្រូវ​ជា​ថ្ងៃ​ទី២​នៃ​ពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ​នេះ ទូក​ដឹក​ភ្ញៀវ​ទេសចរ​មើល​អំពិលអំពែក​ពេល​យប់​ បាន​លិច​នៅ​ជិត​ស្ពាន​ថ្ម ខេត្ត​កំពត ដោយ​បណ្ដាល​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​បាត់បង់​ជីវិត និង​មនុស្ស​បី​នាក់​បាត់​ខ្លួន។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​ប៉ូលិស​ខេត្ត​កំពត ប្រាប់ VOA នា​រសៀល​ថ្ងៃអង្គារ​នេះ​ថា កាលពី​យប់​ម៉ោង​៩ ថ្ងៃ​ចន្ទ​ ទូក​ដឹក​ភ្ញៀវ​ទេសចរ​ផ្ទុក​មនុស្ស​លើស​ចំណុះ បាន​បុក​ពំនូក​ខ្សាច់​ក្នុង​ព្រែក​ ទើប​បង្ក​ឲ្យ​ស្រ្តី​ចំណាស់​ម្នាក់​ស្លាប់ និង​ក្មេង​ចាស់​៣​នាក់​ផ្សេង​ទៀត​បាត់​ខ្លួន។

លោក​បន្ថែម​ថា នា​រសៀលថ្ងៃអង្គារ សាក​សព​ស្ត្រី​ពីរ​នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​ដែល​បាត់​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​និង​បញ្ជូន​ទៅ​គ្រួសារ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

លោក​បន្ត​ថា ទូក​នោះ​អាច​ផ្ទុកមនុស្សចំនួន​ត្រឹម​តែ​៥០​ទៅ​៦០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ម្ចាស់​ទូក​បាន​ដាក់​មនុស្ស​ពី​៧០​ទៅ​៨០​នាក់ ទើប​បណ្ដាល​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ​នេះ​កើត​ឡើង។

«មូលហេតុ​ហ្នឹង​គឺ​ទូក​ហ្នឹង​គាត់ដឹក​លើស​ចំណុះ បាន​ន័យ​ថា​ គាត់​ដាក់​ដឹក​មនុស្ស​ច្រើនពេក ដោយ​សារ​ថ្ងៃ​ហ្នឹងបុណ្យ​អុំ​ទូក។ ដល់​អញ្ចឹង​ វា​គួបផ្សំ​នឹង​ទឹក​វា​នាច​ទៅ វា​បុក​ជាមួយ​នឹង​ពំនូក​ដី​នៅ​ខាង​បាត​ព្រែក​ហ្នឹង​ វា​ធ្វើ​ឲ្យ​ផ្អៀង​ទូក។ អា​នេះ​តាម​អ្វី​ដែល​យើង​បាន​សួរ​ជន​រងគ្រោះ​ដែល​យើង​បាន​ជួយ​សង្គ្រោះ។ គាត់​បំភ្លឺ​គឺ​មាន​មនុស្ស​ធ្លាក់​ពី​លើ​ទូក​ចូល​ក្នុង​ទឹក។ ពេល​ហ្នឹង​គឺ​ប្រជាពលរដ្ឋ​ គាត់​ចាប់​ផ្ដើម​ចលាចល​ថា​មាន​ទូក​បុក​មាន​អី​អញ្ចឹង​ទៅ គាត់​ផ្អើល អ្នក​ខ្លះ​ហក់​ចូល​ទឹក​ធ្លាក់​អី​អញ្ចឹង​ទៅ»។

សកម្មភាព​សមត្ថកិច្ច​កំពុង​ចុះ​ស្រង់​សាកសព​អ្នក​ដែល​ស្លាប់​ដោយសារ​ទូក​ដឹក​អ្នក​ទេសចរ​មើល​អំពិល​អំពែក​លិច កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (រូបថតពី៖ ស្នងការខេត្តកំពត)

សកម្មភាព​សមត្ថកិច្ច​កំពុង​ចុះ​ស្រង់​សាកសព​អ្នក​ដែល​ស្លាប់​ដោយសារ​ទូក​ដឹក​អ្នក​ទេសចរ​មើល​អំពិល​អំពែក​លិច កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (រូបថតពី៖ ស្នងការខេត្តកំពត)

លោក​ស្នងការ​បន្ថែម​ថា សមត្ថកិច្ច​បាន​បញ្ជូន​ម្ចាស់​ទូក​ដែល​ផ្ទុក​មនុស្ស​លើស​ចំណុះ​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​នេះ​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​ហើយ។ ចំណែក​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ទាំងអស់ ​ត្រូវ​ផ្អាក​ធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​ចាំ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​បន្ថែម។

ទោះ​ជា​យ៉ាង​នេះ​ក្តី សង្គម​ស៊ីវិល​យល់​ថា ការ​ដឹក​លើស​ចំណុះ​បណ្ដាល​ឲ្យ​ទូក​លិច​នេះ ដោយសារ​អសមត្ថភាព​របស់​សមត្ថកិច្ច។

លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ប្រាប់ VOA ថា ករណី​លិច​ទូក​ដែល​ដឹក​លើស​ចំណុះ​នេះ កើត​ឡើង​ដោយសារ​តែ​អសមត្ថភាព​ក្នុងការ​គ្រប់​គ្រង​របស់​អាជ្ញាធរ។

លោក​បន្ថែម​ថា ​អាជ្ញាធរ​តែង​មាន​ការ​ធ្វេស​ប្រហែស​លើ​ការ​អនុវត្ត​ច្បាប់ ព្រម​ទាំង​ខ្វះ​ខាត​ការ​ប្រុង​ប្រយ័ត្ន​ និង​វិធានការ​ជួយ​សង្គ្រោះ​ផ្សេងៗ។

« អាជ្ញាធរ​ហ្នឹង​ គួរ​តែ​ដាក់​កម្រិត​ឲ្យ​តឹង​រ៉ឹង មិនមែន​គ្រាន់​តែ​ណែនាំ​ទេ។ ណែនាំ​មិន​ស្តាប់​ ត្រូវ​ធ្វើ​ការ​ផាក​ពិន័យ​អត់​ឲ្យ​ធ្វើ​ចរាចរណ៍។ យើង​គិត​ពី​របរ​រក​ស៊ី​របស់​ប្រជា​ពលរដ្ឋ​ជា​រឿង​សំខាន់​មួយ​ហើយ ប៉ុន្តែ​បញ្ហា​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​គឺ​ជា​បញ្ហា​សំខាន់​មែនទែន ហើយ​កន្លែង​តំបន់​ទេសចរណ៍​មួយៗ​ហ្នឹង​ មិន​គួរ​ឲ្យ​មាន​បញ្ហា​អញ្ចឹង​ទេ។ បើ​កាលណា​ធ្វើ​ឲ្យ​មាន​បញ្ហា​អញ្ចឹង វា​ប៉ះ​ពាល់​ដល់​ទេសចរណ៍ ឬក៏​អ្នក​ដែល​ទៅ​លេង​ហ្នឹង ពី​ព្រោះ​ម្នាក់ៗ​គេ​ចង់​ទៅ​លេង​សប្បាយ​ហើយ​មាន​សុវត្ថិ​ភាព​ទៀត។ អាជ្ញាធរ​គួរ​តែ​ពិចារណា​ចំពោះ​បញ្ហា​ហ្នឹងឡើង​វិញ ហើយ​រិះ​រក​គ្រប់​មធ្យោបាយ ព្រោះ​នេះ​ជា​មេរៀន​មួយ​ក្រើន​រំឭក​ដល់​អាជ្ញាធរ​គ្រប់​កន្លែង»។

បើ​តាម​ស្នងការ​ខេត្ត​កំពត ទូក​ដឹក​ភ្ញៀវ​ទេសចរ​មើល​អំពិលអំពែក​នៅ​ខេត្ត​កំពត​ មាន​ប្រហែល​ជា​៥​គ្រឿង។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ បន្ថែម​ថា កន្លង​មក​អាជ្ញាធរ​តែង​ប្រាប់​ម្ចាស់​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ឲ្យ​ប្រុង​ប្រយ័ត្ន និង​ដឹក​មនុស្ស​ទៅ​តាម​ស្តង់ដារ ប៉ុន្តែ​លោក​ថា ម្ចាស់​ទូក​ទាំងនោះមិន​ធ្វើ​តាម។

ទោះ​ជា​យ៉ាង​ណា​ លោក​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ នឹង​រឹត​បន្តឹង​ច្បាប់​លើ​ទូក​ទេសចរ​ទាំង​នោះ​បន្ថែម។

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ទី១១ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ មាន​ករណី​ទូក​ដឹក​ភ្ញៀវ​ទេសចរ​បុក​ទូក​ង ​មួយ​គ្រឿង​ដែល​ត្រៀម​ប្រណាំង​ក្នុង​ពិធី​បុណ្យ​អុំទូក ​នៅ​កណ្ដាល​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះបរមរាជវាំង ​ដោយ​បណ្ដាល​ឲ្យ​កីឡាករ​អុំទូក​ចំនួន​ពីរ​នាក់​ស្លាប់​បាត់​បង់ជីវិត៕

XS
SM
MD
LG