ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជីវករ​ត្អូញ​ត្អែរ​ថា​ការ​ខកខាន​ពិធី​បុណ្យ​អុំ​ទូក​ជា​ច្រើន​ដង​ប៉ះពាល់​ដល់​ការ​រកស៊ី


តូប​លក់​ទឹកក្រអូបនៅ​កោះពេជ្រ​។​ (ហ៊ុល រស្មី/​VOA)
តូប​លក់​ទឹកក្រអូបនៅ​កោះពេជ្រ​។​ (ហ៊ុល រស្មី/​VOA)

ក្រុម​អាជីវករ​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​​ថា​ ការ​ផ្អាក​ពិធី​បុណ្យ​អុំទូក​​ញឹកញាប់​ ​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​​​ការ​លក់​ទំនិញ​របស់​ពួកគេ​ នៅ​ក្នុង​ពិធី​បុណ្យ​ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​នៅ​រាជធានី​​ភ្នំពេញ។​

ការ​ខកខាន​មិន​បាន ​រៀបចំ​ព្រះ​រាជពិធី​បុណ្យ​ អុំទូក​ បណ្តែត​ប្រទីប​ អក​អំបុក​ និង​សំពះ​ព្រះខែ​ បាន​ធ្វើ​ឲ្យ​ការ​លក់​ដូរ​ផលិត​ផល​ប្រើប្រាស់​ បានចន្លោះ​ពី​៣០​ ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​នា​ថ្ងៃដំបូង​ និង​ថ្ងៃ​ទី​ពីរ​នៃ​ព្រះ​រាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ។

ក្រុម​អាជីវករ​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទថា​ ការ​ផ្អាក​ពិធី​បុណ្យ​អុំទូកញឹកញាប់​ ​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​ការ​លក់​ទំនិញ​របស់​ពួកគេ​ នៅ​ក្នុង​ពិធី​បុណ្យ​ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​នៅ​រាជធានីភ្នំពេញ។​

រដ្ឋាភិបាល​បាន​ផ្អាក​មិន​រៀបចំ​ព្រះ​រាជពិធី​បុណ្យ​ អុំ​ទូក​ បណ្តែត​ប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ជាប់​គ្នា​ កាល​ពីឆ្នាំ​២០១១ ឆ្នាំ​២០១២​ និង​ ឆ្នាំ​២០១៣។​ នៅ​ឆ្នាំ​២០១៥​ រដ្ឋាភិបាល​បាន​ផ្អាកធ្វើ​ព្រះ​រាជពិធី​បុណ្យ​នេះ​ម្តង​ទៀត​ ដោយ​បាន​ផ្តល់​ហេតុផល​ថា​ ទឹក​ទន្លេ​ទាប​ពេក​ ​ទូក​មិន​អាច​ប្រណាំង​បាន។

​ក្រុម​អាជីវករ​ដែល​បាន​ដាក់​លក់​ផលិតផល​នៅ​ទីតាំង​ផ្សេងៗ​គ្នា​ ក្នុង​អំឡុង​ពេល​បី​ថ្ងៃ​នៃ​ការ​រៀបចំ​ព្រះ​រាជពិធី​បុណ្យ​នេះ​ ប្រាប់​ VOAថា ​ពួក​គេ​អាច​លក់​បាន​តែ​៣០​ ទៅ​ ​៤០​ភាគរយ​នៃ​ផលិតផល​សរុប​ប៉ុណ្ណោះ​ បើ​ប្រៀប​ធៀប​ទៅ​ពិធី​បុណ្យ​ឆ្នាំ​មុនៗ​ មុន​ពេល​ដែល​ពិធីបុណ្យ​អុំ​ទូក​ត្រូវ​បាន​ផ្អាក​ជា​ច្រើន​ដង។​

តូប​លក់​ផលិត​សរីរាង្គ​សម្រាប់​បំប៉ន​សុខភាព នៅ​មុខ​វត្តបទុម​វត្តី​នាថ្ងៃ​ទី​ ១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៦។ (ហ៊ុល រស្មី/VOA)
តូប​លក់​ផលិត​សរីរាង្គ​សម្រាប់​បំប៉ន​សុខភាព នៅ​មុខ​វត្តបទុម​វត្តី​នាថ្ងៃ​ទី​ ១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៦។ (ហ៊ុល រស្មី/VOA)

កញ្ញា​ ទូច​ ស្រីអូន​ វ័យ​២៣​ ឆ្នាំ​ អ្នក​លក់​ផលិតផល​សរីរាង្គ​សម្រាប់​បំប៉ន​សុខភាព​នៅ​មុខវត្តបទុមវតី​ ក្បែរ​ព្រះ​បរម​រាជ​វាំង​ និយាយ​ថា​ ការ​លក់​ផលិតផល​ គឺ​បាន​ត្រឹមតែ​៣០​ភាគរយ​នៃ​ផលិតផល​សរុប​ ១០០​ភាគរយ​ ចាប់​ពី​ថ្ងៃ​ដំបូង​មក​ដល់​ល្ងាច​ថ្ងៃ​ទី​ពីរ​នៃ​ព្រះ​រាជពិធី​បុណ្យ​នេះ​ ដោយ​ហេតុ​ថា​ ចំនួន​អ្នក​កម្សាន្ត​ពិធីបុណ្យ​អុំ​ទូក​នៅ​ឆ្នាំ​នេះ​ បាន​ធ្លាក់​ចុះ​ខ្លាំង​ ហើយ​ថា​ការ​ផ្អាកច្រើន​ដង​នៃ​ការ​រៀប​ចំ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​មួយ​នេះ បាន​រួម​ចំណែក​ដល់​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​ផលិតផល​ក្នុង​ឆ្នាំ​នេះ។​

«ខ្ញុំ​គិត​ថា​ អា​ហ្នឹង​ក៏​ជា​កត្តា​មួយ​ដែរ​ ដោយសារ​តែ​ឆ្នាំ​ខ្លះ​បាន​ធ្វើ​ដល់​ពេល​ឆ្នាំ​ខ្លះ​អត់​បាន​ធ្វើ​អញ្ចឹង​ ហើយ​ឆ្នាំ​នេះ​ ខ្ញុំ​អត់​ដឹង​ថា​ ប្រជាជន​ខ្លះ​គាត់​ដឹង​ថា ឆ្នាំ​ហ្នឹង​គេ​ប្រារព្ធ​ឬអត់​ទេ។​ អា​ហ្នឹង​តាម​យោបល់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ អ្នក​ខ្លះ​ប្រហែល​ជា​គាត់​អត់​ដឹង»។​ ​

លោក​ ឃួយ​ រ៉ាយុទ្ធ​ អ្នក​លក់​សម្លៀក​បំពាក់​ម្នាក់​ទៀត នៅ​មុខ​វត្ត​បទុមវតី​ដដែល​នោះ​ និយាយ​ថា​ ការ​លក់សំលៀកបំពាក់​ក្នុង​តូប​របស់​លោក​ គឺ​បាន​តែ ២០​ភាគរយ​ ប៉ុណ្ណោះ​ ដោយ​លោក​លើក​ហេតុ​ផលស្រដៀង​គ្នា​ថា៖​

«អា​នេះ​ មក​ពី​ខ្ញុំ​គិត​ថា​ ខ្ញុំ​គិត​ថា​ ដោយសារ​មក​ពី​ការ​ផ្អាក​ធ្វើ​យូរ​ពេក​ ដោយ​សារ​យើង​ផ្អាក​ប៉ុន្មាន​ឆ្នាំ​ ដល់​ពេល​យូរ​ទៅ​ វា​លែង​មាន​រឿង​អី​ទៅ​ជា​រំភើប​ សម្រាប់​ពួកគាត់​អ្ហាស់»។​

តូប​លក់​ទំនិញ ដែល​ត្រូវ​បាន​ដំឡើង​សម្រាប់​លក់​ទំនិញ​នៅ​មុខ​វត្ត​បទុម​វត្តី ចាប់ពី​ថ្ងៃ​ទី​ ១៣​ ដល់​ ថ្ងៃ​ទី​១៥​ វិច្ឆិកា​ ក្នុង​អំឡុង​ពេល​នៃ​ការរៀបចំ​ព្រះ​រាជពិធី​បុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)
តូប​លក់​ទំនិញ ដែល​ត្រូវ​បាន​ដំឡើង​សម្រាប់​លក់​ទំនិញ​នៅ​មុខ​វត្ត​បទុម​វត្តី ចាប់ពី​ថ្ងៃ​ទី​ ១៣​ ដល់​ ថ្ងៃ​ទី​១៥​ វិច្ឆិកា​ ក្នុង​អំឡុង​ពេល​នៃ​ការរៀបចំ​ព្រះ​រាជពិធី​បុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)

​សម្រាប់​អ្នក​លក់​មួយ​ចំនួននៅ​ក្នុង​ទី​តាំង​កោះ​ពេជ្រ បាន​និយាយ​ថា​ ការ​លក់ដូរ​របស់​ពួក​គេ​បាន​ពី​៣០ភាគរយ​ទៅ​៥០​ភាគរយ​ ដោយសារ​ការ​ផ្លាស់​ប្តូរ​ទី​កន្លែង​កម្សាន្តរបស់​ប្រជារាស្ត្រ​ខ្មែរ​ពី​រាជធានីទៅ​តាម​បណ្តា​ខេត្ត​ និង​ការ​បិទ​ផ្លូវ​ការពារ​សន្តិសុខ​ជា​ច្រើន​ដំណាក់​នៅ​តាម​ដង​វិថី​នានា​ មុន​ពេល​ចូល​ដល់កន្លែង​សំខាន់​នៃ​ការធ្វើ​ពិធីបុណ្យ​អុំទូក។

កញ្ញា ​ស្មាន​ ចន្ធូ​ អ្នក​លក់​ផលិតផល​សំបក​កង់​ម៉ូតូ​ និយាយ​ថា​ ទំនិញ​ដែល​បាន​លក់នៅ​ឆ្នាំ​នេះ គឺ​បាន៥០​ភាគ​រយ​នៃ​ផលិតផល​សរុប​ ដែល​បាន​ដាក់​លក់។​ កញ្ញា​លើក​ឡើង​ថា​ ការ​ផ្អាក​ពិធី​បុណ្យ​អុំទូកញឹក​ញាប់​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួនប្តូរ​គោលដៅ​ទៅ​ទស្សនា​កន្លែងកម្សាន្ត​នានា​នៅ​តាម​បណ្តា​ខេត្ត។​

​«បងប្អូន​មួយ​ចំនួន​គាត់​ទៅ​តាម​ខេត្ត​ បង​ប្អូន​មួយ​ចំនួន​គាត់​នៅ​លេង​ហ្នឹង​ ហើយ​បងប្អូន​មួយ​ចំនួនគាត់​មក​ពី​ខេត្ត​ មក​លេង​នៅ​ភ្នំពេញ»។​

លោក ​សួស​ ឧត្តម​ អ្នក​លក់​ផលិតផល​ទឹកក្រអូប​សម្រាប់​ប្រើ​ប្រាស់​ក្នុង​គេហដ្ឋាន​ និង​ក្នុង​រថយន្ត​ ថ្លែង​ថា​ ការ​បិទ​ផ្លូវ​ច្រើន​កំណាត់​មុន​ពេល​ចូល​ដល់មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ​ បង្ក​ឲ្យ​មាន​ការ​លំបាក​ដល់​ការ​លក់​ផលិតផល​ក្នុង​ពិធី​បុណ្យ​ដែល​កំពុង​តែ​ពុំសូវ​សំបូរ​អ្នក​ដើរ​កម្សាន្ត​ធៀប​នឹង​គ្រា​កាល​ដែល​មិន​ទាន់​មានឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នៅ​ឆ្នាំ​២០១០។​

​«ឆ្នាំ​នេះ​ គាត់​បិទ​ផ្លូវ​ ច្រើន​កន្លែង​ពេក​ ផ្លូវ​ចូល​បាន​តែ​មួយ​ច្រក​ទេ​ ចូល​តាម​ Aeon បាន​ ក្រៅ​ពី​ហ្នឹងចូល​ពី​នោះ​មក​ទាល់​ដើរ​តាម​វិមាន​ឯករាជ្យ​មក​បាន​ដល់​នេះ»។

​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ត្រូវ​បាន​ផ្អាក​ ​ក្រោយ​ពី​មាន​ហេតុការណ៍​រត់​ជាន់គ្នា​នៅ​លើ​កោះ​ពេជ្រ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង​៣៥០​នាក់​ស្លាប់​ និង​ក្រោយពីការ​សោយទិវង្គត​របស់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះ​បរមរតន​កោដ្ឋ​ព្រះ​បាទ​ នរោត្តម​ សីហនុ​ ក៏​ដូច​ជា​គ្រោះ​ទឹក​ជំនន់។​

នៅ​ឆ្នាំ​ ២០១៤​ រាជរដ្ឋាភិបាល​បាន​ប្រារព្ធ​ពិធី​នេះ​ឡើង​វិញ​ តែ​ត្រូវ​ផ្អាក​ម្តង​ទៀត​នៅ​ឆ្នាំ​២០១៥​ ស្រប​ពេលដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ឡើង​កម្តៅ។ តែ​ទោះ​ជា​យ៉ាង​ណា​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​អះអាង​ថា​ ការ​ផ្អាក​ប្រារព្ធ​ពិធី​នា​ពេល​នោះ​ ​គឺ​ដោយសារ​កម្ពស់​ទឹក​ទន្លេ​ទាប​ពេក​មិន​អាច​អុំទូក​បាន។​

ក្រុម​អាជីវករ​បាន​លើក​ឡើង​ព្រមគ្នា​ថា រដ្ឋាភិបាល​គួរ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ជៀស​វាង​ ការផ្អាក​ការ​រៀបចំព្រះ​រាជ​ពិធីបុណ្យ​ដ៏​មាន​សារៈសំខាន់​នេះនៅ​ក្នុង​រាជធានី​ភ្នំពេញ។​ ពួកគេ​យល់​ថា​ ប្រសិន​បើ​មាន​ការ​អាក់​ខាន​កាន់​តែ​ច្រើន​លើក​ទៀត​នោះ​ ចំនួន​ប្រជាពលរដ្ឋ​មក​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​នឹង​ចេះ​តែ​ថយ​ចុះ​ទៅ​ ហើយ​សកម្មភាព​លក់​ដូរ​ក៏​មិន​មាន​សភាព​មមាញឹក​ទៀត​នោះ​ដែរ។​

អ្នក​លក់ដូរ​ទំនិញ​ទាំង​នេះអះអាង​ថា​ ចំនួន​មនុស្ស​ដើរ​លេង​កម្សាន្ត​នា​ឆ្នាំ​នេះ​ បាន​ថយ​ចុះ​ មិន​ក្រោម​៦០​ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំមុនៗ​ គឺ​មុនពេល​សោកនាដកម្ម​កោះ​ពេជ្រ​បាន​កើតឡើង។​ យ៉ាង​ណា​ក៏​ដោយ​ ពួក​គេ​រំពឹង​ថា​ ការលក់​ដូរ​ផលិត​ផល​របស់​ពួក​គេ​ នៅ​ដំណាច់​ថ្ងៃ​ទី​ពីរ និង​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នេះ​ នឹង​មាន​ភាព​ប្រសើរ​ឡើង។​ ព្រះ​ពិធី​បុណ្យ​ប្រពៃ​ណី​ជាតិខ្មែរនេះ​ ធ្លាប់ត្រូវ​បាន​ផ្អាក​ផង​ដែរ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ឬ​ ប៉ុល​ ពត៕​

XS
SM
MD
LG