\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាកសព​កីឡាករ​ពីរ​នាក់​ដែល​បាត់​ខ្លួន​ ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃ​ទី​១​នៃ​ពិធី​បុណ្យ​អុំទូក


ទូក ​ង​ ឈ្មោះ ​«រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ‍» មក​ពី​វត្តអម្ពវ័ន្ត សង្កាត់​ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវ​បាន​ទូក​ទេសចរណ៍​បុក នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦។ (កាន់ ​វិច្ឆិកា/VOA)

ទូក ​ង​ ឈ្មោះ ​«រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ‍» មក​ពី​វត្តអម្ពវ័ន្ត សង្កាត់​ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវ​បាន​ទូក​ទេសចរណ៍​បុក នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦។ (កាន់ ​វិច្ឆិកា/VOA)

ការ​រក​ឃើញ​សាកសព​​កីឡាករ​ទាំង​ពីរ​នាក់​នេះ កើត​ឡើង​ស្រប​ពេល​ដែល​ពិធី​បុណ្យ​អុំទូក​ថ្ងៃ​ទី​មួយ​​កំពុង​ចាប់​ផ្តើម។

ក្រោយ​ហេតុការណ៍​ទូក​ទេសចរ បុក​ទូក ង មួយ​គ្រឿង​បណ្តាល​ឲ្យ​កីឡាករ​អុំទូក​ពីរ​នាក់​បាត់​ខ្លួន​កាល​ពី​ប៉ុន្មានថ្ងៃ​មុន​នោះ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ​សមត្ថកិច្ច​បាន​រក​ឃើញ​សាកសព​ជន​រង​គ្រោះ​ទាំង​ពីរ​អណ្តែត​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ខេត្ត​កណ្តាល។ ហេតុការណ៍​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់​ថា រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​សន្តិសុខ។

ការ​រក​ឃើញ​សាកសពកីឡាករ​ទាំង​ពីរ​នាក់​នេះ កើត​ឡើង​ស្រប​ពេល​ដែល​ពិធី​បុណ្យ​អុំទូក​ថ្ងៃ​ទី​មួយកំពុង​ចាប់​ផ្តើម។

កាល​ពី​ព្រឹកថ្ងៃ​សុក្រ​ ទី១១ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ ​ទូក​ដឹក​ភ្ញៀវ​ទេសចរ​បាន​បុក​ទូក​ ង ​មួយ​គ្រឿង​ដែល​ត្រៀម​ប្រណាំង​ក្នុង​ពិធី​បុណ្យ​អុំទូក ​នៅ​កណ្តាល​ទន្លេ​ខាង​មុខ​ព្រះ​បរមរាជវាំង ​បណ្តាល​ឲ្យ​កីឡាករ​ចំនួន​ពីរ​នាក់​បាត់​ខ្លួន។​ បើ​តាម​សាក្សី​ដែល​ជា​ជន​រងគ្រោះ​ម្នាក់ប្រាប់ VOA នៅ​ថ្ងៃ​កើត​ហេតុ​ថា ក្រុម​កីឡាករ​អុំទូក​ចំនួន​៩​នាក់​បាន​សណ្ដោង​ទូក​ដែល​មាន​ឈ្មោះ​ថា រស្មី​ស្រី​ស្រស់​ដាញ់​ទិព្វ​សែន​ជ័យ​ មកពី​វត្ត​អម្ពវ័ន្ត សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ ​មក​ត្រៀម​ប្រណាំង​នៅ​មុខ​វាំង ​ប៉ុន្តែ​ត្រូវ​បាន​ទូក​ទេសចរ​របស់​ក្រុមហ៊ុនវៀតណាមបុក​លិច​ បណ្តាល​ឲ្យ​កីឡាករ​ប្រណាំង​ទូក​ចំនួន​ពីរ​នាក់​ធ្លាក់​ចូល​ទៅ​ក្រោម​ទូក​ទេសចរនោះ។​

ចៅ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ លោក លី វណ្ណថេង ប្រាប់ VOA ថា​ នៅ​ម៉ោង​ប្រមាណ​ជា​៨ព្រឹកថ្ងៃ​អាទិត្យ​នេះ​ ក្រោយ​ការ​រាយការណ៍​របស់​ប្រជាពលរដ្ឋ សមត្ថកិច្ច​បាន​រក​ឃើញ​សាកសព​របស់​កីឡាករ​អុំទូក​ដែល​បាត់​ខ្លួន​ទាំង​២​នាក់ អណ្តែតនៅ​ទីតាំង​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ។ លោក​បន្ត​ថា​ សព​ជន​រងគ្រោះ​ឈ្មោះ ឈឿន សុខុម ហៅ ចន អាយុ​៣៣​ឆ្នាំ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ចំណុច​ ឃុំសត្បូ ស្រុកស្អាង ខេត្ត​កណ្តាល។ ចំណែក​ជនរងគ្រោះ​ម្នាក់​ទៀត​ឈ្មោះ សុខ ចាន់ចេស្តា អាយុ​១៧​ឆ្នាំ ត្រូវបាន​ប្រទះ​ឃើញ​នៅ​ចំណុច​មាត់​ទន្លេ ភូមិ​កោះរះ​ក្រោម ឃុំ​កោះរះ​ក្រោម ស្រុក​ល្វាឯម ខេត្ត​កណ្តាល។

លោក លី វណ្ណថេង បន្ថែម​ថា ​សមត្ថកិច្ច​បាន​បញ្ជូន​សាកសព​ជនរងគ្រោះទាំង​ពីរ​ទៅ​គ្រួសារ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ លោក​បន្ត​ថា​ ទូក​ទេសចរ​នោះបាន​ធ្វើ​ដំណើរ​មុន​ពេលដែល​មាន​បម្រាម​ពី​ខាង​កំពង់ផែ​ភ្នំពេញ​ដែល​ហាម​មិន​ឲ្យ​ទូក និង​នាវា​គ្រប់​ប្រភេទ​ឆ្លង​កាន់​កន្លែង​ប្រារព្ធ​ពិធី។ ទោះ​ជា​យ៉ាង​ណា​លោក​ថា ទូក​បង្ក​ហេតុឈ្មោះ Cruiseco Advanturer កំពុង​បន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​ទៅ​កាន់​ខេត្ត​សៀមរាប ហើយ​នឹង​ត្រឡប់​មក​ដោះ​ស្រាយក្រោយ​បញ្ចប់​ពិធី​បុណ្យ​អុំទូក។

លោក លី វណ្ណថេង ​បញ្ជាក់​ថា៖

«តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម​អគ្គ​កំពង់ផែ​ភ្នំពេញ​នោះ គាត់​បាន​និយាយ​ថា ការ​ដែល​គាត់​ប្រជុំ​ហ្នឹង គឺ​យើង​មាន​កំណត់​ម៉ោង ឧទាហរណ៍​ថា​ ម៉ោង​ប៉ុន្មាន​ដែល​ត្រូវ​នាវាចរណ៍​មិន​អាច​ឆ្លង​កាត់​តំបន់​ហ្នឹង​បាន ហើយ​ក៏​វា​មាន​កាល​បរិច្ឆេទ​ច្បាស់​លាស់ តែ​ដោយ​ឡែក​ថ្ងៃ​ដែល​គ្រោះថ្នាក់​នេះ​គឺ​អត់​ទាន់​ដល់​ថ្ងៃ​បរិច្ឆេទ​ដែល​ថា​ត្រូវ​កំណត់​ថា ​មិន​ឲ្យ​នាវា​ចរ​ចូល​នោះ​ទេ ដោយ​សារ​ថ្ងៃ​នោះ​ជា​ថ្ងៃ​ទី​១១​ទេ មិន​ទាន់​ដល់​ថ្ងៃទី១២ ឬ១៣ ដែល​ក្នុង​ព្រះ​រាជពិធី​បុណ្យ​អុំ​ទូក​ទេ»។

លោក លី វណ្ណថេង បន្ថែម​ថា៖

«ដោយ​យោង​តាម​ឧប្បត្តិហេតុ​នេះ យើង​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​ថា ​នឹង​ដោះ​ស្រាយ​ក្រោយ​ពេល​បុណ្យ​សព​ចប់ យើង​នឹង​ជួប​ដោះ​ស្រាយ​គ្នា»។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ប្រាប់ VOA ថា សមត្ថកិច្ច​បាន​បញ្ជូន​សំណុំ​រឿង​ទូក​ទេសចរ​បុកទូក ង នេះ​ទៅ​តុលាការ​រួច​ហើយ។​

ក្រុម​កីឡាករ​អុំទូក និង​ប្រជាពលរដ្ឋ បង្ហាញ​ពី​ការ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​របស់​កីឡាករ​ទាំង​ពីរ​នាក់​ និង​ស្នើ​ឲ្យ​អាជ្ញាធរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ជៀសវាង​កុំ​ឲ្យ​មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ផ្សេងៗ​កើត​ឡើង។

​កាល​ពី​ថ្ងៃ​សុក្រ មន្ត្រីជាន់​ខ្ពស់​សាលា​រាជធានី​ភ្នំពេញបាន​ប្រាប់ VOA ​ថា អាជ្ញាធរ​ត្រៀម​សមត្ថកិច្ច​ចម្រុះ​ជាង​១​ម៉ឺន​នាក់ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិ​ភាព ​សណ្ដាប់​ធ្នាប់​ចរាចរណ៍​ព្រមទាំង​មាន​បំពាក់​កាមេរ៉ា​តាម​ដាន​តំបន់​ដែល​មាន​ប្រជាពលរដ្ឋច្រើន​ ដើម្បី​ចៀសវាង​បាតុភូត​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ​ ក្នុង​ការប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ទាំង​៣​ថ្ងៃ។

លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ប្រាប់ VOA ថា ការ​ត្រៀម​ការពារ​សន្តិសុខ​របស់​រដ្ឋាភិបាលធ្វើឡើង​គ្រាន់​តែ​ជា​ការ​បង្អួត​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក​ថា ការ​ត្រៀម​រៀប​ចំ​នោះ​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ។

លោក​មាន​ប្រសាសន៍​ថា៖

«ការ​ជួយ​សង្គ្រោះ​ហ្នឹង​វា​មាន​ការ​យឺតយ៉ាវ វា​ធ្វើ​ឲ្យ​យើង​បារម្ភ​អំពី​ប្រសិទ្ធភាព​នៃ​ការ​បំពេញ​ការងារ​ក្នុង​ការ​រក្សា​សុវត្ថិភាព​នៅ​ក្នុងពិធីបុណ្យ​ហ្នឹង​ដែរ ទី១។ ទី២​ បើ​យើង​មើល​ទិដ្ឋភាព​ជា​រួម នៅ​ពេល​មាន​ក្រុម​កីឡាករ​ដ៏​ច្រើន​កំពុង​តែ​ត្រៀម​បម្រុង​នៅ​ក្នុង​ការ​ប្រណាំង​ទូក​ហ្នឹង​ បែរ​ជា​មាន​ការ​បណ្តែត​បណ្តោយ​ឲ្យ​ទូក​ទេសចរ​វៀតណាម​ធ្វើ​ដំណើរចូល​មក​ អញ្ចឹង​ខ្ញុំ​ថា​សមត្ថកិច្ច​នៅ​តែ​ធ្វើ​កិច្ច​ការងារ​របស់​ខ្លួន​មិនបាន​ល្អ​សម្រាប់​សុវត្ថិភាព​នៅ​ក្នុងពិធី​បុណ្យ​អុំទូក​ហ្នឹង»។

លោក សន ជ័យ​ បន្ថែម​ថា ការ​លិច​ទូក និង​គ្រោះថ្នាក់​ផ្សេងៗ​ក្នុង​អំឡុង​ពិធី​បុណ្យ​អុំទូក​តែង​កើត​មាន​ស្ទើរ​រាល់​ឆ្នាំ ដែល​ជា​ការបង្ហាញ​ថា រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​ពង្រឹង​ការការពារ​បន្ថែម​ ដើម្បី​ធានា​ដល់​សន្តិសុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ។

កម្ពុជា​បាន​ខកខាន​មិន​បាន​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​មួយ​នេះ​៣ឆ្នាំ​ជាប់ៗ​គ្នា​កាលពី​ឆ្នាំ​២០១១ ​ឆ្នាំ​២០១២ ​និង​ឆ្នាំ២០១៣ ​ក្រោយ​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ក្មេង​ចាស់ ប្រុស​ស្រី​ស្លាប់​ជាង​៣៥០​នាក់ និង​របួស​រាប់​រយ​នាក់​ផ្សេង​ទៀត ​និង​ដោយសារ​ហេតុ​ផល​គ្រោះ​ទឹក​ជំនន់ ​និង​ក្រោយ​ការ​សោយទិវង្គត​របស់​ព្រះ​បរមរតនកោដ្ឋ​ព្រះបាទ​ នរោត្តម ​សីហនុ។ ក្នុង​ឆ្នាំ​២០១៤​ ពិធី​បុណ្យ​អុំទូក​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​វិញ​ តែ​ក៏​បាន​ខកខាន​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៥ ​ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​ឡើង​កម្ដៅ តែ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​អះអាង​ថា​ ការ​ផ្អាក​ប្រារព្ធ​ពិធី​នេះ​គឺ​ដោយសារ​កម្ពស់​ទឹក​ទន្លេ​ទាប​ពេក​មិន​អាច​អុំទូក​បាន៕

XS
SM
MD
LG