\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​កម្សាន្ត​បុណ្យ​អុំ​ទូក​នៅ​ភ្នំពេញ​​ចង់​ឲ្យ​ប្រពៃណី​នេះ​បន្ត ​​ទោះ​បី​មិន​ភ្លេច​សោកនាដកម្ម​កាល​ពី​៦​ឆ្នាំ​មុន


ប្រជាពលរដ្ឋទស្សនាការប្រណាំងទូកនាថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប សំពះព្រះខែ និងអកអំបុក។ ព្រះរាជពិធីបុណ្យអុំទូកដែលធ្វើឡើងជារៀងរាល់ឆ្នាំ ហើយ​នៅ​ឆ្នាំ​នេះ​ ចាប់ផ្ដើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ដែលមានទួកចូលរូមប្រណាំងប្រមាណ២៥៩ទូកដែលភាគច្រើនមកពីបណ្ដាខេត្តនានាតាមបណ្ដោយទន្លេមេគង្គ។ (ឡេង ឡែន/VOA)

ប្រជាពលរដ្ឋទស្សនាការប្រណាំងទូកនាថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប សំពះព្រះខែ និងអកអំបុក។ ព្រះរាជពិធីបុណ្យអុំទូកដែលធ្វើឡើងជារៀងរាល់ឆ្នាំ ហើយ​នៅ​ឆ្នាំ​នេះ​ ចាប់ផ្ដើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ដែលមានទួកចូលរូមប្រណាំងប្រមាណ២៥៩ទូកដែលភាគច្រើនមកពីបណ្ដាខេត្តនានាតាមបណ្ដោយទន្លេមេគង្គ។ (ឡេង ឡែន/VOA)

ប្រជារាស្ត្រ​ខ្មែរ​ដែល​បាន​ចូលរួម​ទស្សនា​ការ​ប្រណាំង​ទូក​នៅ​ឆ្នាំ​នេះ​ បាន​សម្តែង​ក្តី​រីករាយ​ និង​ការ​ចង​ចាំ​សោកនាដកម្ម​លើ​ស្ពាន​កោះពេជ្រ​ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រមាណ​​ជាង ៣៥០​នាក់​ ដោយ​ ឧបទ្ទវហេតុ​រត់​ជាន់​គ្នា។

ពិធី​បុណ្យ​ អុំទូក​ បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ​និង អកអំបុក ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​បាន​ចាប់​ផ្តើម​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ទី១៣ វិច្ឆិកា។​ ប្រជាជន​ខ្មែរ​ជា​ច្រើន​ដែល​បាន​ចេញ​មក​ទស្សនា​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ​បាន​សម្តែង​ក្តី​សាទរ​ចំពោះ​ការ​រៀបចំ​ពិធី​បុណ្យ​នេះ​ឡើង​វិញ​បន្ទាប់​ពី​ការ​ខកខាន​កាល​ពី​ឆ្នាំ​មុន។ យ៉ាង​ណា​ក៏​ដោយ​ ពួក​គេ​មិន​បាន​បំភ្លេច​នូវ​សោកនាដកម្ម ដែល​បាន​កើត​ឡើង​នៅ​លើ​ស្ពាន​កោះពេជ្រ​កាល​ពី​៦​ឆ្នាំ​មុន​ដែល​មាន​មនុស្ស​ជាង​៣៥០​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។​

​ទូក​ប្រណាំង​ បាន​បង្ហាញ​ខ្លួន​សារ​ជា​ថ្មី​ នៅ​ក្នុង​ទន្លេ​ចតុមុខ​នៃ​រាជធានី​ភ្នំពេញ​ បន្ទាប់​ពីខកខាន​មិន​បាន​ប្រណាំង​កាលពី​ឆ្នាំ​២០១៥​ ដោយ​រដ្ឋាភិបាល​លើក​ហេតុ​ផល​ថា ទឹក​ទន្លេមាន​កម្រិត​ទាប។​

រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​កាន់​ទុក្ខ​ ក្រោយពីសោកនាដកម្ម​នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាលពីឆ្នាំ២០១១។

រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​កាន់​ទុក្ខ​ ក្រោយពីសោកនាដកម្ម​នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាលពីឆ្នាំ២០១១។

ប្រជារាស្ត្រ​ខ្មែរ​ដែល​បាន​ចូលរួម​ទស្សនា​ការ​ប្រណាំង​ទូក​នៅ​ឆ្នាំ​នេះ​ បាន​សម្តែង​ក្តី​រីករាយ​ និង​ការ​ចង​ចាំ​សោកនាដកម្ម​លើ​ស្ពាន​កោះពេជ្រ​ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រមាណជាង ៣៥០​នាក់​ ដោយ​ ឧបទ្ទវហេតុ​រត់​ជាន់​គ្នា។​ ពួកគេ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​ពិធី​បុណ្យ​តាំង​ពី​បុរាណកាល​នៅ​ឆ្នាំ​ខាង​មុខ​ទៀត​ ដោយ​បារម្ភ​ថា ​ពិធី​បុណ្យ​ដ៏​មាន​ប្រជាប្រិយ​នេះ​ អាច​នឹង​សាប​រលាប​ទៅ​ក្នុង​ចំណោម​មហាជន​ខ្មែរ​ទូទៅ។​

លោក​ យឹម​ ពិសាល​ វ័យ​ ២៤​ឆ្នាំ​ ប្រជា​ពលរដ្ឋ​មក​ពី​ខេត្ត​តាកែវ​ ថ្លែង​ពី​ក្តី​រីករាយ​យ៉ាង​ដូច្នេះ​ថា៖​ ​

«មាន​អារម្មណ៍​ថា​ សប្បាយ​ចិត្ត​ព្រោះ​អី​ វា​ជា​ប្រពៃណី​របស់​ខ្មែរ​យើង​តាំង​ពីដើម​មក​ ដល់​ពេល​គេ​ផ្អាក​ រៀង​ពីរ​បី​ឆ្នាំ​អញ្ចឹង​ មាន​អារម្មណ៍​ថា​ អើយ​ ដូច​អត់​មាន​សប្បាយ​ ព្រោះ​អី​ចូលឆ្នាំ​អកអំបុក​អញ្ចឹង​យើង​ត្រូវ​ការ​មាន​ពិធី​បុណ្យ​រំឭក​ឡើង​វិញ​ដល់​ពេល​ឥឡូវ​មាន​អារម្មណ៍​ថា​ សប្បាយ​ហើយ​មាន​មនុស្ស​ច្រើន​មក​មើល»។​

កម្ពុជា​បាន​ខកខាន​មិន​បានប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​មួយ​នេះ​៣​ឆ្នាំ​ជាប់ៗ​គ្នា​កាល​ពី​ឆ្នាំ​២០១១ ​ឆ្នាំ​២០១២ ​និង​ឆ្នាំ២០១៣ ​ក្រោយ​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជា​ង​៣៥០​នាក់​ស្លាប់​នៅ​ឆ្នាំ​២០១០​ ​និង​ ដោយសារ​ហេតុ​ផល​គ្រោះ​ទឹក​ជំនន់ ​និង​ក្រោយ​ការ​សោយទិវង្គត​របស់​ព្រះ​បរមរតន​កោដ្ឋ​ព្រះបាទ​ នរោត្តម ​សីហនុ។​

ក្នុង​ឆ្នាំ​២០១៤​ ពិធី​បុណ្យ​បុណ្យ​អុំទូក​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​វិញ​ តែ​ក៏​បាន​ខកខាន​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៥ ​ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​ឡើង​កម្តៅ​ តែ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​អះអាង​ថា​ ការ​ផ្អាក​ប្រារព្ធ​ពិធីបុណ្យ​កាលពី​ឆ្នាំ​មុននេះ​គឺ​ដោយសារ​កម្ពស់​ទឹក​ទន្លេ​ទាប​ពេក​មិន​អាច​អុំទូក​បាន។​

នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​ ​អុំទូក ​បណ្ដែត​ប្រទីប​ អកអំបុក ​និង​សំពះ​ព្រះខែ​ នេះ​ អ្នក​ដើរ​កម្សាន្ត​ច្រើន​កុះករ​បាន​ទៅ​ឈរ​នៅ​តាម​ដងទន្លេ​ចតុមុខ​ ដើម្បី​ទស្សនា​ការ​ប្រណាំង​ទូក​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ម៉ោង​ ១១​ ថ្ងៃ​ត្រង់​ រហូត​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ។​

ទោះ​ជា​យ៉ាង​ណា​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ ដែល​មិន​មាន​ហេតុការណ៍​ជាន់​ជើង​គ្នា​ស្លាប់​នៅ​ស្ពាន​ឆ្លង​ចូល​កោះ​ពេជ្រ​ ចំនួន​អ្នក​ចូលរួម​ទស្សនា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​នេះ​ ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​គិត​មក​ត្រឹម​ម៉ោង​ជិត​៥ល្ងាច​ ដោយសារ​ដង​វិថី​នានា​ ដែល​ធ្លាប់តែ​មាន​មនុស្ស​កកកុញ​ ប្រែ​ជា​មាន​សភាព​មិន​សូវ​ជា​កក​កុញ​ ដោយ​ការ​ដើរ​ថ្មើរ​ជើង។​

កញ្ញា ​គង់​ វណ្ណឌី​ វ័យ​៣០​ អ្នក​ដើរ​កម្សាន្ត​ ​ក្នុង​ពិធី​បុណ្យ​អុំទូក​នា​ថ្ងៃ​ដំបូង​នេះ​ បាន​សង្កេត​ឃើញ​ពី​ភាព​ស្ងប់ស្ងាត់​នេះ​ និង​បាន​បញ្ជាក់​ថា​ ហេតុការណ៍​រត់​ជាន់​គ្នា​កាល​ពី​៦​ឆ្នាំ​មុន​ ជា​ហេតុផល​ពី​ក្រោយ​ការ​ថយ​ចុះ​ចំនួន​អ្នក​កម្សាន្ត​នៅ​ឆ្នាំ​នេះ។​ ​

​«ស្ងាត់​រៀង​ស្ងាត់​ ​ជាង​មុន​អីចឹង​ណា​បង​ កាល​ម្ហឹក​មាន​បញ្ហា​នៅ​លើ​ស្ពាន​អី​ចឹង​ណា​បង»។​

ថ្វី​ត្បិត​តែ​គ្រោះ​ថ្នាក់​ជាយថាហេតុ​នេះ​ បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់​ក្តី​ មន្ត្រី​រដ្ឋាភិបាល ឬ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ត្រូវ​គេ​ដឹង​ថា​ មិន​បាន​ចេញ​មុខ​មក​ទទួល​កំហុស​ តែ​លោក​នាយករដ្ឋមន្ត្រី​លើក​ឡើង​ថា​ ហេតុការណ៍​ជា​កំហុស​រួម​ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ មិន​មាន​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់ត្រូវ​បាន​បញ្ឈប់​ ឬ​លា​លែង​ពីមុខ​តំណែង​នោះ​ឡើយ។

​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ក៏បាន​ហៅ​ឧបទ្ទវហេតុ​នេះ​ថា​ ជា​សោកនាដកម្ម​ដ៏​ធំធេង​បំផុត​ ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៣១​ឆ្នាំ ​ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ។ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ជំនួយ​ជា​ប្រាក់​ជាង​១ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​សពជន​រងគ្រោះ​ម្នាក់ៗ។

មហាជន​ដើរ​កម្សាន្ត​តាម​បណ្ដោយ​មាត់​ទន្លេ ​នៅ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១៦។ (អូន​ ឆេងប៉រ/VOA)

មហាជន​ដើរ​កម្សាន្ត​តាម​បណ្ដោយ​មាត់​ទន្លេ ​នៅ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១៦។ (អូន​ ឆេងប៉រ/VOA)

អ្នក​ដើរ​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​អុំទូក​មួយ​ចំនួន នៅ​ថ្ងៃ​ទី​មួយ​នេះ​ បាន​និយាយ​ថា​ ពួកគេ​នៅ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ បន្ទាប់​ពី​បាន​នឹកដល់​ហេតុការណ៍​ដ៏​រន្ធត់​នោះមក។ បើ​ទោះ​បី​ជា​ពួក​គេ​ នៅ​ចងចាំ​ហេតុ​ការណ៍​អាក្រក់​នោះ​ យ៉ាង​ណា​ក៏​ដោយ​ ក៏​ពួក​គេ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ បន្ត​រៀបចំ​ពិធី​បុណ្យ​ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​អរិយធម៌​ខ្មែរ​នេះ​ នៅ​ឆ្នាំ​ខាងមុខ​បន្ត​ទៀត។​

ពួក​គេ​លើក​ឡើង​ថា​ ​ប្រសិន​បើ​ចេះ​តែ​មាន​ការ​ខកខាន​មិន​បាន​ធ្វើ​ពិធី​បុណ្យ​នេះ​នៅ​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​បន្តបន្ទាប់​ទៅ​មុខ​ទៀត​នោះ​ ​ពិធី​បុណ្យ​នេះ​នឹង​មិន​ត្រូវ​បាន​កូនខ្មែរ​ចង​ចាំ​បន្ត​ទៀត​នោះ​ឡើយ។

លោក​ យឹម​ ពិសាល​ ​ដែល​នឹង​ចំណាយ​ពេល​បី​ថ្ងៃ​ ​ដើរ​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​អុំទូក​ក្នុង​ឆ្នាំ​នេះ​ ​និយាយ​បន្ថែម​ថា៖​

«និយាយ​ទៅ​ បើ​ធ្វើ​ហើយ​អត់​ ធ្វើ​ហើយ​អត់​អញ្ចឹង​ យើង​អាច​ វា​អាច​សាប​រលៀប​ ធ្វើ​ឡើង​អត់​ ធ្វើ​ឡើង​អត់​ អញ្ចឹង​អាចឲ្យ​កូន​ខ្មែរ​យើង​វា​ភ្លេច​ភ្លាំង​ អញ្ចឹង»។

អ្នក​ស្រី ​យន់​ ស្រីអូន​ វ័យ​ ៣៥​ឆ្នាំ​ និយាយ​អំពី​ការ​រក្សា​ការ​ធ្វើ​ពិធី​បុណ្យ​អុំ​ទូកនៅ​ឆ្នាំ​ខាងមុខ​នេះ​ថា៖​ ​

«និយាយ​ទៅ​ ពេល​អុំ​ទូក​អញ្ចឹង​ ខ្ញុំ​ធ្លាប់​តែ​ដើរលេង​ ខ្ញុំ​ចង់​ឲ្យ​គេ​រៀបចំ​រាល់​ឆ្នាំ​អញ្ចឹង​ បើ​អត់​បង​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ដែរ​អូន​ គ្រាន់​តែថា​ ពេល​ខ្លះ​យើង​សោកស្តាយ​ដែរ ពីព្រោះ​អាហ្នឹង​ដូច​ថា ​យើង​ធ្លាប់​មាន​រាល់​ឆ្នាំ​អញ្ចឹង​ហ្ហាស់​ អញ្ចឹង​ហើយ​ ចង់​ឲ្យ​មាន​រាល់​ឆ្នាំ​អញ្ចឹង​ទៅ​ណ៎ា»។​

VOA ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ឈិន​ កេតនា​ អនុ​ប្រធាន​អចិន្ត្រៃយ៍ ​និង​ជា​អគ្គ​លេខាធិការ​គណៈកម្មាធិការ​រៀប​ចំ​បុណ្យ​ជាតិ​ និង​អន្តរជាតិ ​បានទេ​ កាល​ពី​ថ្ងៃ​អាទិត្យ។​

ទូក ដែល​ចូល​រួមក្នុងការប្រណាំងទូកនៅ​ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប សំពះព្រះខែ និងអកអំបុក។ (ឡេង ឡែន/VOA)

ទូក ដែល​ចូល​រួមក្នុងការប្រណាំងទូកនៅ​ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប សំពះព្រះខែ និងអកអំបុក។ (ឡេង ឡែន/VOA)

ពិធី​បុណ្យ​អុំទូក​នា​ឆ្នាំ​នេះ​ មាន​ការ​ចូលរួម​ពី​ទូក​ប្រណាំង​ចំនួន​២៥៧​គ្រឿង​ និង​មាន​កីឡាករ​ និង​កីឡាការិនី​ ចំនួន​ប្រមាណ​១៧.០០០​នាក់។​

ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ព្រម​ទាំង​មន្ត្រី​រដ្ឋាភិបាល​ ហើយ​និង​មន្ត្រី​អង្គ​ទូត​ផ្សេង​ទៀតក៏បាន​ចូលរួម​ទស្សនា​ការ​ប្រណាំង​ទូក​ និង​ពិធី​បណ្តែត​ប្រទីប​របស់​ស្ថាប័ន​ព្រះមហាក្សត្រ​ និង​ក្រសួង​នានា​របស់​រដ្ឋាភិបាល​ នៅ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​អុំទូក​នេះ​ដែរ។​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ដដែល​នេះ​ ក៏​មាន​ការ​បាញ់​កាំជ្រួច​អបអរ​ពិធីបុណ្យ​ដ៏​ធំ​នេះ​ ដូច​សព្វ​មួយ​ដង។​

អ្នក​ដើរ​កម្សាន្ត​ពិធី​បុណ្យ​អុំទូក​ កាលពី​ថ្ងៃ​អាទិត្យ ក៏​បាន​ស្នើ​ឲ្យ​ប្រជាជន​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​ជាមួយ​គ្នា​នេះ​ មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​សន្តិសុខ​ ​ដើម្បី​ចៀសវាង​នូវ​ការ​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​នូវ​សោកនាដកម្ម​ដែល​បាន​កើត​ឡើង​នៅ​លើ​ស្ពាន​កោះពេជ្រ​កាល​ពី​ឆ្នាំ​២០១០៕

XS
SM
MD
LG