ក្រុមប្រទេសផ្តល់ជំនួយនានាក្នុងបូរីញូវយ៉កបានសម្រេចអនុម័តផ្តល់ថវិកាចំនួនជាង៣០លានដុល្លារសម្រាប់គាំទ្រដំណើរការកាត់ទោសខ្មែរក្រហមឆ្នាំ ២០១៦ និង ឆ្នាំ២០១៧។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីដែលចេញផ្សាយឲ្យដឹងនៅថ្ងៃពុធនេះ។
លោក ក្រាញ់ តូនី (Kranh Tony) ប្រធានការិយាល័យរដ្ឋបាលស្តីទីនិងលោក ឃ្នុត រ៉ូហ្សិនហក (Knut Rosandhaug) អនុប្រធានរដ្ឋបាលនៃសាលាក្តីខ្មែរក្រហមបានថ្លែងតាមខ្លឹមសារដើមថា៖
«យើងសូមស្វាគមន៍ចំពោះការអនុម័តលើគម្រោងថវិកាថ្មីនេះ និងសូមអំពាវនាវដ៏ទទូចដល់សហគមន៍ម្ចាស់ជំនួយ បន្តផ្តល់ជំនួយហិរញ្ញវត្ថុដល់សាលាក្តីខ្មែរក្រហមដើម្បីអនុវត្តន៍ដោយជោគជ័យលើអាណត្តិការងាររបស់ខ្លួន»។
គម្រោងថវិកា ឆ្នាំ២០១៧នេះ មានទឹកប្រាក់សរុបចំនួន៣០លានដុល្លារ។ ក្នុងនោះចំនួន ២៣លាន ២សែន ៦ម៉ឺនដុល្លារ ជាគម្រោងចំណាយសម្រាប់ភាគីអន្តរជាតិ និងចំនួន ៦លាន ៣សែន ៧ម៉ឺន ដុល្លារទៀតជាគម្រោងចំណាយសំរាប់ភាគីជាតិ។
គម្រោងចំណាយចុងក្រោយនេះ បានកើនជិត២លានដុល្លារបើធៀបនឹងការចំណាយឆ្នាំកន្លងទៅ។
សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអ.ស.ប. យូរៗម្តងប្រឈមនឹងការខ្វះខាតថវិកាហើយនាំឲ្យមានការពន្យាពេលនិងខកខានដំណើរការសាលាក្តី។ ការណ៍នេះ ត្រូវគេគិតថា គឺដោយសារតែមានការចោទប្រកាន់ពីការជ្រៀតជ្រែកផ្នែកនយោបាយនិងអំពើពុករលួយ។
សាលាក្តីខ្មែក្រហមចំណាយថវិកាប្រមាណ២៧០លានដុល្លារចាប់តាំងពីឆ្នាំ២០០៦ មកដើម្បីកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម បានតែ៣នាក់ប៉ុណ្ណោះ ដែលពាក់ព័ន្ធនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០។ សាលាក្តីនេះកំពុងបន្តកាត់ទោសសំណុំរឿងសេសសល់បន្ថែមទៀតដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនិងភាគីពាក់ព័ន្ធ៕