ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​ទាហាន​ខ្មែរ​ក្រហម​គ្រោង​ឡើង​មក​ខុទ្ទកាល័យ​លោក​ហ៊ុន​ សែន​ ទាមទារ​ប្លង់ដី


រូបឯកសារ៖ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចូលរួម​ការ​ប្រារព្ធ​ទិវា​សិទ្ធិកុមារ​នៅទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។ (REUTERS/Samrang Pring)

ក្រុម​ប្រជា​ពល​រដ្ឋ​ទាំង​អស់នេះ ភាគច្រើន​ជា​អតីត​ទាហាន​ខ្មែរក្រហម​ និង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​មន្ត្រី​រដ្ឋា​ភិបាល​ ស្នើ​ឲ្យ​ប្តូរ​ទីលំនៅ​ពី​ខេត្តពោធិ៍សាត់​ មក​ខេត្ត​កោះកុង​កាលពី​ឆ្នាំ​២០០៧។

ក្រុម​ប្រជា​ពលរដ្ឋ​ចំនួន​៨៤​គ្រួសារ​ ដែល​រស់​នៅ​សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ គ្រោង​ឡើង​មក​ដាក់​ញត្តិ​នៅ​រាជធានី​ភ្នំពេញ​ ដោយសារ​ពួក​គេ​មិន​ទាន់​ទទួល​បាន​បណ្ណ​កម្មសិទ្ធិ​ដើម្បី​កាន់កាប់​ដី​ទំហំ​១៥០​ហិកតា​ នៅក្នុង​ស្រុក​មណ្ឌល​សីមា ចាប់​តាំង​ពី​ក្រុម​និស្សិត​ និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​បញ្ចប់​ការ​វាស់វែង​ដី​របស់​ពួកគេ​តាំងពី​ដើម​ឆ្នាំ​២០១៣។​ នេះ​បើយោង​ទៅ​តាម​ការបញ្ជាក់​របស់​តំណាង​ប្រជាពលរដ្ឋ​ និង​មន្ត្រី​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង។​

ក្រុម​ប្រជា​ពល​រដ្ឋ​ទាំង​អស់នេះ ភាគច្រើន​ជា​អតីត​ទាហាន​ខ្មែរក្រហម​ និង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​មន្ត្រី​រដ្ឋា​ភិបាល​ ស្នើ​ឲ្យ​ប្តូរ​ទីលំនៅ​ពី​ខេត្តពោធិ៍សាត់​ មក​ខេត្ត​កោះកុង​កាលពី​ឆ្នាំ​២០០៧។ ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ធ្វើការ​ដាំដុះ​នៅលើ​ដី​ចំនួន​១៥០ ​ហិកតា​នោះ។​ ប៉ុន្តែ​ពួកគេ​ពុំ​ទាន់​ទទួល​បាន​បណ្ណ​កម្មសិទ្ធិ​ពី​រដ្ឋា​ភិបាល​នោះ​ឡើយ​ទោះបី​ជា​ពួកគេ​បាន​បង្ក​បង្កើន​ផលកសិកម្ម​លើ​ដីនោះ​អស់​ជា​ច្រើន​ឆ្នាំ។​

លោក​ស្វាយ​ តុប តំណាង​ប្រជា​ពលរដ្ឋ​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​ពុធ​ អំពី​ការ​ផ្លាស់ប្តូរ​ទីលំនៅ​ពី​ខេត្ត​ពោធិ៍សាត់​ ជាថ្នូរ​នឹង​ការ​ទទួល​បាន​ដីនៅ​ខេត្ត​កោះកុង​ថា៖​

«​កាល​ពី​ដំបូង​ឡើយ​មក​ ខ្ញុំ​នៅ​ឯខាង​ខេត្តពោធិ៍សាត់​ នៅ​គេហៅ​តំបន់​ថ្មដា​ បាទ​ ដល់​ក្រោយ​មក​បាន​ខាង​ខេត្ត​កោះ​កុង​ហ្នឹង គាត់​ទៅ​យក​ពួក​ខ្ញុំ​ពី​នោះ​មក។ ទៅ​យក​ពួក​ខ្ញុំ​ពីនោះ​មក​នៅ​ក្នុង​ខេត្ត​ហ្នឹង​ បាន​ខេត្ត​ហ្នឹង​បែង​ចែក​ដី​ ទាំង​ដី​ផ្ទះ​ ទាំងដី​ចំការ​ហ្នឹង​ ដីភូមិ​សព្វថ្ងៃ​ហ្នឹង ​ក៏​គាត់​ចែក​ឲ្យ​ដែរ​បាន​ម្នាក់​ក្បាល​១៥​ម៉ែត្រ​ បណ្តោយ​៣០​ ហើយ​ដល់​ដី​ចំការ​ហ្នឹង​គាត់​ឲ្យ​ក្បាល​១០០ ហើយ​បណ្តោយ​យើង​ធ្វើ​បាន​ប៉ុណ្ណា​ យក​ប៉ុណ្ណឹង​ទៅ​ ព្រោះ​ដំបូង​ឡើយ​មក​ពួកខ្ញុំ​នៅ​ថ្មដា​នោះ​ ដី​ម្នាក់ៗ​៤ [ទៅ]​១០ ២០​ហិកតា​នោះ​ ប៉ុន្តែមក​ចោល​ទាំង​ផ្ទះ ​ចោល​ទាំងដី​ និង​ធ្លី​ គេថា​មក​នេះ​មក​ មិនចេះ​ខ្វះ​ទេដី»។

លោក​បន្តថា ប្រជា​ពលរដ្ឋ​មក​រស់នៅ​ទីនេះ​បាន​រយៈពេល​ជិត​បួន​ឆ្នាំ ពួកគេ​ខិតខំ​សម្អាត​ដី​សម្រាប់​ធ្វើ​ស្រែ​ និង​ដំាដុះ​ដំណាំ​ផ្សេងៗ។​ ប៉ុន្តែ ​ក្រោយ​ពី​មាន​វត្តមាន​អង្គការ​ Wild Aid ​ប្រជា​ពលរដ្ឋ​ចាប់​ផ្តើម​មាន​ទំនាស់​ដីធ្លី​ ដោយ​សារ​អង្គការ​នេះ​បាន​ហាម​ប្រជាពលរដ្ឋ​មិនឲ្យ​ធ្វើការ​ដាំដុះ​នៅលើ​ដី​នោះ ​ដែល​នាំ​ឲ្យ​ប៉ះ​ដល់​គម្រប​ព្រៃ​ការពារ។​

ក្រុម​ប្រជាពល​រដ្ឋ​បាន​តវ៉ា​រហូត​ដល់​មាន​ការ​វាស់​វែង​ដីធ្លី​ពី​ក្រុម​និស្សិត​ រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ និង​អង្គការ​ Wild Aid​ នេះ។​ អង្គការ​នេះ​ ក៏​បាន​បញ្ចប់​ការ​ជំទាស់​របស់​ខ្លួន​លើ​ដី ដែល​ប្រជា​ពលរដ្ឋ​កាន់​កាប់​ ហើយ​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ជាមួយ​អាជ្ញាធរ​ខេត្ត​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ។​ ប៉ុន្តែ​ អាជ្ញាធរ​ខេត្ត​មិន​បាន​ផ្តល់​ដំណោះ​ស្រាយ​អ្វី​នោះ​ឡើយ។​

រហូត​ដល់​ឆ្នាំ​២០១៥​ លោក​ ប៉ែន​ វណ្ណា​ អភិ​បាល​រង​ស្រុក​មណ្ឌ​ល​សីមា ​មន្ត្រី​សុរិយោដី​ស្រុក​ និង​មន្ត្រី​ប៉ូលីស បាន​ទៅ​វាស់វែង​ដី​របស់​ប្រជាពលរដ្ឋ​ជា​ច្រើនដង​ទៀត។ នៅ​ពេល​នោះ​លោក​អភិបាល​រង​ស្រុក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​សុរិយោដី ទារ​លុយ​ពី​ប្រជាជន​ជា​ញឹកញាប់​ដែល​លុយ​នោះ​មាន​ចំនួន​ពី​៣០,០០០​រៀល​ រហូត​ដល់​ប្រមាណ​ ៤០០.០០០​រៀល​ ជា​ថ្នូរ​នឹង​ការ​វាស់​វែង​ដើម្បី​បាន​បណ្ណ​កម្មសិទ្ធិ។

«គាត់​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់​ ៥០​ទៅ​១០០​ដុល្លារ​ ហើយ​ខ្ញុំ​ក៏ថា​ឥឡូវ​បើ​ ៥០​ ទៅ​១០០​ ខ្ញុំ​ថា​អីទេ​ ប៉ុន្តែ​ធ្វើ​ម៉េច​ឲ្យ​បាន​ដីហ្នឹង​ឲ្យ​ខ្ញុំ។​ បើ​ឲ្យ​ខ្ញុំ​ធ្វើ​ចាប់ពី​ថ្ងៃ​ហ្នឹង​ទៅ​ គឺ​ខ្ញុំ​បង់​លុយ​ថ្ងៃ​ហ្នឹង​ បើ​ថា​អត់​ឲ្យ​ខ្ញុំ​ធ្វើ​ទេ​ ខ្ញុំ​អត់​ឲ្យ​ដល់​អញ្ចឹង​ តាំង​ពីថ្ងៃ​ហ្នឹង​មក​គាត់​ក៏​របៀប​អន់​ចិត្ត​ រហូត​តាំង​ពីហ្នឹង​មក​ស្ងាត់‍»។

លោក​បញ្ជាក់​បន្ត​ទៀត​ថា ក្រោយពី​ការ​វាស់វែង​ដី​ជាច្រើន​លើក​ហើយ​ ប្រជាពលរដ្ឋ​នៅមិន​បាន​ទទួល​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំង​នោះ។​ ប្រជា​ពលរដ្ឋ​ក៏​បាន​ចាប់ផ្តើម​ការ​តវ៉ា​ម្តង​ទៀត​នៅ​ឆ្នាំ​២០១៦​ ដោយ​ពួកគេ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​រដ្ឋបាល​ព្រៃឈើ​ នៅ​ក្រសួង​កសិកម្ម​ និង​ខុទ្ទកា​ល័យ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ តែ​ពួក​គេ​ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប។​

លោក​ រស់​ វីរ៉ាវុធ​ ប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី​ នគរូប​នីយកម្ម​សំណង់​នៃ​ខេត្ត​កោះកុង​ ប្រាប់​ VOA​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មិនមាន​ករណី​ទាក់​ទិន​ការ​ទាមទារ​បណ្ណកម្មសិទ្ធិ​ដីធ្លី​នៅ​ស្រុក​មណ្ឌល​សីមា​នោះ​ទេ។​ លោក​និយាយ​ថា​ លោក​នឹង​ទាក់ទង​ទៅ​ខាង​សាលាខេត្ត ដើម្បី​ស្រាវជ្រាវ​អំពី​ករណី​នេះ។​ លោក​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​អំពី​ការ​ទារ​លុយ​កាក់​ពី​ប្រជា​ពលរដ្ឋ​នោះ។

«បើ​មាន​ការ​អ្វី​អ្នក​ណា​នេះ​ សូម​ប្អូន​មក​ជួប​ខ្ញុំ​ឲ្យ​ច្បាស់​មក​ណ៎ា​ បើ​រឿង​យក​លុយ​យក​កាក់។​ អត់មាន​ទេ​ណ៎ា​បាទ»។

VOA ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​អភិបាល​ស្រុក​រង​មណ្ឌល​សីមា​ ប៉ែន​ វណ្ណា​ និង​លោក​ ស៊ុន តារា​ អភិបាល​រង​ខេត្ត​កោះកុង​ ដែល​ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​បាន​នៅឡើយ​ទេ​ នៅ​ថ្ងៃ​ព្រហស្បត៍​នេះ។​

លោក​ អ៊ិន​ គង់ជិត​ មន្ត្រី​ស​ម្របសម្រួល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ប្រាប់​ VOA ថា​ ករណី​វាស់វែង​ដីធ្លី​នៅ​ស្រុក​មណ្ឌល​សីមា​នេះ ស្ថិត​ក្នុង​ចំណោម​ករណី​ចំនួន​៥​ ដែល​អាជ្ញាធរ​ខេត្ត​មិន​ទាន់​អាច​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​នៅ​ឡើយ។ លោក​បញ្ជាក់​ថា​ ក្រៅពី​ករណី​វាស់​វែង​ដីធ្លី​ ខេត្ត​កោះកុង​ក៏​នៅសល់​ករណី​ទំនាស់​ដីធ្លី​រវាង​ប្រជាជន​ និង​ក្រុមហ៊ុន​ចំនួន​៩​ករណី​ផ្សេង​ទៀត​ដែល​មិន​ទាន់​ដោះស្រាយ​ផង​ដែរ។

លោក​បន្ថែម​ថា​ រដ្ឋាភិបាល​អាច​ប្រឈម​នឹង​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ពី​ប្រជាពលរដ្ឋ​ ប្រសិន​បើ​មន្ត្រី​ដែល​ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ បន្ត​ទុក​ឲ្យ​ករណី​ទាំង​អស់​នេះ​អូស​បន្លាយ​ពេល​យូរ​ទៅ​មុខ​ទៀត​នោះ។

«ការណ៍​ដែល​រដ្ឋាភិបាល​អូសបន្លាយ​ មិន​យក​ចិត្ត​ទុកដាក់​ក្នុងការ​ដោះស្រាយ​ បញ្ចប់​ជម្លោះ​នេះ​ វា​អាច​ហ្នឹង​ បណ្តាល​ទៅ​ឲ្យ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ ដែល​រងគ្រោះ​ដីធ្លី​ហ្នឹង​គាត់​អាច​នឹង​ចងក្រង​ជា​បណ្តាញ​ គាត់​នឹង​ធ្វើ​ការ​តស៊ូ​មតិ​រួម​គ្នា​ទៅថ្ងៃ​អនាគត​ បាទ»។

លោក​ស្វាយ​ តុប​ តំណាង​ប្រជា​ពល​រដ្ឋ​ បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ក្រុម​ប្រជាពលរដ្ឋ​នឹង​មក​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ម្តង​ទៀត​នៅ​ក្នុង​ខែមករា​នេះ​ ដោយ​លោករំ​ពឹង​ថា​ នឹង​មាន​ដំណោះស្រាយ​សម្រាប់​រូប​លោក​ និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

លោក​ថា​ ការ​សម្រេច​ដាក់​ញត្តិ​សារ​ជាថ្មី​នេះ​ធ្វើ​ឡើង ដោយ​សារតែ​លោក​សង្កេត​ឃើញ​ថា ​ប្រជាពល​រដ្ឋ​ជា​ច្រើន​ផ្សេង​ទៀត​បាន​ចាក​ចេញ​ពី​ខេត្ត​កោះកុង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ពី​រដ្ឋាភិ​បាល​ ដើម្បី​បញ្ចប់​ទំនាស់​ដីធ្លី​របស់​ពួកគេ​ផង​ដែរ៕

XS
SM
MD
LG