ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភាពយន្ត​ឯកសារ​លើក​កម្ពស់​ការ​យល់​ដឹង​នៅ​អន្តរជាតិ​ពី​របប​ប្រល័យ​ពូជសាសន៍​និង​យុត្តិធម៌​នៅ​កម្ពុជា


រូបឯកសារ៖ សាស្ត្រាចារ្យ នូ លក្ខិណា និង​ស្ត្រី​បីនាក់នៃ​ខ្សែភាពយន្ត​ឯកសារ "Daze of Justice" នៅ​វត្ត​ព្រះពុទ្ធ​មួយ​កន្លែង។ (រូបភាព​ផ្តល់​ឲ្យលោក Michael Siv)

ភាពយន្ត​ឯកសារ​មួយ​បង្ហាញ​ពី​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​នៅ​តែ​ទាមទារ​ស្វែង​រក​យុត្តិធម៌ ​ដែល​ពួកគេ​បាន​បាត់បង់​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។

ភាពយន្ត​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា “Daze of Justice” ឬ​ជា​ភាសាខ្មែរ​ហៅ​ថា «ភាពវិលវល់​នៃ​យុត្តិធម៌»​ ដែល​មាន​រយៈពេល​៦៩​នាទី ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​នាំ​មក​នូវ​ការ​យល់​ដឹង​កាន់​តែ​ទូលំទូលាយ​ទៅ​លើ​ការ​ឈឺចាប់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លង​កាត់​ក្នុង​របប​ខ្មែរ​ក្រហម។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក Terrence Graham ព្រឹទ្ធបុរស​រង​ និង​ជា​នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ California State។

ភាពយន្ត​ឯកសារ​នេះ​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ​ខាង​មុខ​នេះ នៅ​ឯ​សាកលវិទ្យាល័យ California State​ ក្នុង​ទីក្រុង Long Beach។ នៅ​ទីនោះ ​មាន​ពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍​ជាច្រើន ជាពិសេស​សំបូរទៅ​ដោយ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ។

លោក Graham ​បាន​មាន​ប្រសាសន៍​ថា៖

«ការ​នាំ​យក​ខ្សែ​ភាពយន្ត​នេះ​មក​ចាក់​បញ្ចាំង​នៅ​ក្នុង​សាកលវិទ្យាល័យ​ គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ការលើក​កម្ពស់​ការ​យល់​ដឹង​នៅ​ក្នុង​សាកលវិទ្យាល័យ​របស់​យើង ​ហើយ​ក៏​ជា​ឱកាស​អប់រំ​ដ៏​ល្អ​មួយ​សម្រាប់​និស្សិត​របស់​យើង​ផង​ដែរ»។​

ខ្សែភាពយន្ត​នេះ​មាន​បំណង​ចង់​ស្វែងរក​អត្ថន័យ​នៃ​«យុត្តិធម៌​តាមរយៈ​ការ​យល់​ឃើញ​របស់​អ្នក​នៅ​រស់រាន​មាន​ជីវិត»​ ពី​របប​ខ្មែរ​ក្រហម។ នេះ​បើ​យោង​តាម​លោក Michael Siv​ ដែល​ជា​ផលិតករ​ខ្សែ​ភាពយន្ត​នេះ ​ដែល​បាន​ថ្លែង​ប្រាប់ VOA កាល​ពី​ឆ្នាំ​២០១៦។

លោក​បាន​ឲ្យ​ដឹង​ថា៖ «តើ​អ្វី​ទៅ​ជា​យុត្តិធម៌? នៅ​ពេល​ដែល​ខ្ញុំ​បាន​ចាប់​ផ្តើម​តាម​ដាន​ដំណើរ​ស្វែងរក​យុត្តិធម៌​របស់​ជន​រងគ្រោះ ​ខ្ញុំ​មិន​ដឹង​ថា ​យុត្តិធម៌​ជា​អ្វី​នោះ​ទេ?»

សំណួរ​របស់​លោក Siv នៅ​មិន​ទាន់​ទទួល​បាន​ចម្លើយ​នៅ​ឡើយ​ទេ ហើយ​ប្រហែល​ជា​អាច​គ្មាន​ចម្លើយ​រហូត។

លោក​បាន​បន្ថែម​ថា៖ «ហេតុដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រើ​ពាក្យ​«ភាពវិលវល់​នៃ​យុត្តិធម៌» ​ដោយសារ​តែ​ការ​ស្វែងរក​យុត្តិធម៌​នេះ​ នឹង​បន្ត​រហូត ​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​មនុស្ស​ភាគច្រើន»។

ខ្សែភាពយន្ត​នេះ​បង្ហាញ​ពី​ស្រ្តី​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​បី​នាក់ ​ដែល​នៅ​រស់រាន​ជីវិត​ពី​របប​ខ្មែរក្រហម។ ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ ​កាល​ពី​ឆ្នាំ​២០១១ ​ដើម្បី​ផ្តល់​សក្ខីកម្ម​លើ​ករណី​០០២ ​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម។

ក្នុង​ចំណោម​ពួកគេ​ទាំង​បី​នាក់​ ម្នាក់​គឺ​អ្នកស្រី​ នៅ សារីម ​វ័យ​៧៧​ឆ្នាំ​ ដែល​បាន​បាត់បង់​ស្វាមី​ និង​កូន​ទាំង​ពីរ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

អ្នកស្រី​បាន​ថ្លែង​ប្រាប់ VOA តាម​ទូរស័ព្ទ​ពី​គេហដ្ឋាន​របស់​អ្នកស្រី​ក្នុង​រដ្ឋ Maryland សហរដ្ឋអាមេរិក​ថា៖ «ហេតុអី្វ​បាន​ជា​ស្រុក​ខ្មែរ របប​ខ្មែរ​ក្រហម ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ម្ល៉េះ? យើង​ចង់​ដឹង​រឿង។ យើង​ចង់​ដឹង​ការពិត»។

ពី​ដំបូង​ឡើយ អ្នកស្រី ​សារីម ​តម្រូវ​ឲ្យ​ផ្តល់​សក្ខីកម្ម​ទៅ​លើ​ករណី អៀង សារី​ ដែល​ជា​មេដឹកនាំ​ខ្មែរ​ក្រហម​ម្នាក់​ ប៉ុន្តែ​អ្នក​ស្រី​មិន​មាន​ឱកាស​ផ្តល់​សក្ខីកម្ម​នោះ​ទេ ដោយសារ​តែ អៀង សារី បាន​ស្លាប់​បាត់​ទៅ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នកស្រី​នៅ​តែ​ចង់​ឃើញ​មេដឹកនាំ​ខ្មែរក្រហម​ទាំង​អស់​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ។

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា៖

«ខ្លួន​ខ្ញុំ​ផ្ទាល់​យល់​ថា មិន​សូវ​បាន​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​បាន​ត្រឹមត្រូវ​ប៉ុន្មាន​ទេ ពីព្រោះ​មនុស្ស​ដែល​ជា​ខ្មែរ​ក្រហម​ខ្លះ​មិន​ព្រម​មក​ឆ្លើយ ទោះ​ជា​តុលាការ​ហៅ​មក​ក៏​មិន​ព្រម​មក​ឆ្លើយ។ ហើយ​នៅ​កាន់​អំណាច»។

លោកស្រី នូ លក្ខិណា ​សាស្ត្រាចារ្យ​នៃ​ដេប៉ាតឺម៉ង់​សង្គមវិទ្យា​នៅ​សាកល​វិទ្យាល័យ​ California State បាន​មាន​ប្រសាសន៍​ថា ​ការ​បញ្ចាំង​ភាពយន្ត​នេះ​គឺ​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​អ្នក​នៅ​ក្នុង​សហគមន៍​អាច​បញ្ចេញ​មតិ​យោបល់ ​និង​ចែក​រំឡែក​បទពិសោធន៍«​តក់ស្លុត»​ «ភាពខ្លាំង» និង​«ការ​ជា​សះស្បើយ​ឡើង​វិញ»បាន។

លោកស្រី លក្ខិណា ​ក៏​ជា​អ្នក​ជួយ​សម្របសម្រួល​ដល់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ដែល​នៅ​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ ឲ្យ​ចូលរួម​ក្នុង​ដំណើរការ​កាត់ក្តី​ខ្មែរ​ក្រហម​ផង​ដែរ។

លោកស្រី​បាន​ថ្លែង​ថា៖ «ភាពយន្ត​គឺ​ជា​យន្តការ​ដ៏​មាន​អានុភាព​មួយ ​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​អាច​ឃើញ​រូបភាព ដែល​ពួកគេ​ជួប​ប្រទះ​ដោយ​ផ្ទាល់​បាន។ ​

លោកស្រី​ក៏​បាន​បន្ថែម​ទៀត​ថា៖ «ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ​ម្នាក់ ខ្ញុំ​យល់​ថា ប្រជាជន​ខ្មែរ​គ្រប់​រូប​គួរ​តែ​ទស្សនា​ខ្សែ​ភាពយន្ត​នេះ»៕

XS
SM
MD
LG