ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន សែន​ថ្លែង​ថា​ អាមេរិក​នាំ​ឱ្យ​មាន​របប​ខ្មែរ​ក្រហម​ និង​ស្នើ​ឱ្យ​លុប​បំណុល​ក្នុង​សម័យ​សង្គ្រាម


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​នៅ​ក្នុង «ទិវាវប្បធម៌ជាតិ ៣ មីនា» ​(រូបភាព​ពី​ទំព័រ​ ​Facebook​របស់​លោក​ហ៊ុន សែន)​

ខណៈពេល​ដែល​សហ​រដ្ឋអាមេរិក​កំពុង​រៀបចំ​រដ្ឋាភិបាល​ថ្មី​ដើម្បី​ឡើង​កាន់​អំណាច​នៅ​ក្នុង​ខែ​មករា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ ​កាលពី​ថ្ងៃសៅរ៍​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនបាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​ស.រ.អា.​ ដែល​ដឹកនាំ​ដោយ​លោក​ដូណាល់ត្រាំ ពិចារណា​លុបចោល​បំណុល​ដែល​កម្ពុជា​បាន​ខ្ចី​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ។​ លោក​បាន​ចោទ​ថា​ ​អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​១៩៧០​ដែល​នាំ​ឱ្យ​មាន​សង្គ្រាម​ស៊ីវិល​ និង​របប​វាលពិឃាត​ខ្មែរ​ក្រហម​នៅ​កម្ពុជា។​

លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែនលើក​ឡើង​ជា​ថ្មី​ថា​ រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​នរោត្ដម ​សីហនុ ក្នុង​ឆ្នាំ​១៩៧០​ដោយ​របប​សាធារណរដ្ឋ​ខ្មែរដែល​លោក​ថា​គាំទ្រ​ដោយ​អាមេរិកគឺ​ជា​ដើមចម​ដែល​នាំ​ឱ្យ​មាន​របប​វាលពិឃាត​ខ្មែរ​ក្រហម​ដែល​បាន​សម្លាប់​ពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់។ ​លោកហ៊ុន សែន​ក៏ជំរុញ​ឱ្យ​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​អាមេរិក​ពិចារណា​លុប​ចោល​បំណុល​ដែល​កម្ពុជា​បាន​ខ្ចី​នៅ​ក្នុង​របប​សាធារណ​រដ្ឋ​របស់​លោក​សេនា​ប្រមុខ​លន់ នល់​ផង​ដែរ។​

ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ធ្វើឡើង​នៅ​ពេល​ដែល​លោក​ចូលរួម​ពិធី​បើក​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៦ ​នៅ​ឯ​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​យប់ថ្ងៃ​សៅរ៍។​

លោក​ហ៊ុន សែន​បាន​ថ្លែង​ដូចនេះ​ថា៖​

«មិនមែន​ប៉ុល ពតកើតឡើង​ដោយ​ឯកឯង​ទេ ​បើ​សិន​អាមេរិក​មិន​ទម្លាក់​សម្ដេច​នរោត្ដម ​សីហនុ ​ច្បាស់ណាស់ ​សង្គ្រាម​នឹង​មិន​បាន​កើត​នៅ​ហ្នឹង​កម្ពុជា​ ហើយ​ពួក​ប៉ុល ពត​ក៏​គ្មាន​ភ័ព្វ​វាសនា​នឹង​ឡើង​កាន់​អំណាច​នោះ​ទេ។ ​ដូច្នេះ ​តើ​អាមេរិក​ត្រូវ​ទទួល​ពាក់រង្វាន់​ណូបែល ​ឬ​ក៏ត្រូវ​ទទួល​ការ​កាត់​ទោស​នៅ​តុលាការ​អន្តរជាតិ​ស្ដីពី​ការ​បង្កើត​សោកនាដ​កម្ម​សម្រាប់​ប្រជាជន​កម្ពុជា​និង​បង្កើត​សោកនាដ​កម្ម​សម្រាប់​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​នេះ ​ជាពិសេស​នៅ​វៀតណាម​ និង​នៅ​ឡាវ ​ដែល​ហៅ​ថា​ សង្គ្រាម​វៀតណាម​នៅ​ពេល​នោះ»។​

លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា ​អាមេរិក​គួរ​តែ​ប៉ះប៉ូវ​ឱ្យ​កម្ពុជា​សម្រាប់​អ្វី​ដែល​អាមេរិក​បាន​ធ្វើ​មក​លើ​កម្ពុជា​ក្នុង​អតីតកាល​ តាមរយៈ​ការ​ផ្ដល់​ជំនួយ​ ឬ​យ៉ាងហោច​ក៏​លុប​ចោល​បំណុល​ដែល​លោក​ថា​ជា​ «បំ​ណុល​កខ្វក់» ​ដែល​កម្ពុជា​បាន​ខ្ចី​ក្រោមរបប​សាធារណរដ្ឋ​ខ្មែរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​ខ្ញុំពិបាក​នឹងការ​ពន្យល់​ប្រជាជន​កម្ពុជា​ដើម្បី​ឱ្យ​ទទួល​ស្គាល់​បំណុល​ដែល​ទិញ​គ្រាប់​បែក ​និង​គ្រាប់​កាំភ្លើង​មក​សម្លាប់​ប្រជាជន​កម្ពុជា។ ​សង្ឃឹម​ថា​ រដ្ឋាភិបាល​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក​នឹង​ពិចារណា​ដោយ​ដិតដល់​ទៅ​លើ​វិនាសកម្ម​ដែល​ខ្លួន​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រាប់ទាំង​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់ផ្ទុះ​យ៉ាងច្រើន។​ តើ​ត្រូវ​ផ្ដល់​ជំនួយ​យ៉ាង​ណា? ​យ៉ាង​ហោច​បំផុត​លុប​ចោល​បំណុល​ដែល​របប​លន់ នល់​បាន​ជំពាក់​នៅ​ក្នុង​អតីតកាល»។​

លោកបាន​ស្នើ​ឱ្យ​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​លើក​យក​បញ្ហា​បំណុល​នេះ​ទៅ​ពិចារណា​ឱ្យ​បាន​ដិតដល់​ផង​ដែរ។​

លោក​ដេវីដ យ៉ូស្ហា ​(David Josar)​ អនុ​ព័ន្ធ​សារ​ព័ត៌មាន​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យដោយ​លោក​អះអាងថា ​លោក​មិន​ទាន់​បាន​ឃើញ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ឡើយ។ ​លោក​ក៏​បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយថា ​រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក​នឹង​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​សំណើរបស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​សុំ​ឲ្យ​លុប​ចោល​បំណុល​នេះ។​

សម្តេច​នរោត្ដម​ សីហនុ​ត្រូវ​បាន​ទម្លាក់​ចេញ​ពីមុខ​តំណែង​ជា​ប្រមុខរដ្ឋ​កាលពី​ថ្ងៃ​ទី១៨​ខែ​ មីនា​ឆ្នាំ​១៩៧០​ ដោយ​ក្រុម​របស់​លោក​សេនា​ប្រមុខ​ លន់ នល់ ​ដែល​គេ​សង្ស័យ​ថា​ មាន​អាមេរិកនៅ​ពី​ក្រោយ​នោះ។​ ក្រោយ​មក​ព្រះ​អង្គ​បាន​បង្កើត​ចលនា​តស៊ូ ​ហើយ​បន្ទាប់ពី​នោះ ​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​ជា​ហូរហែ។​ នៅ​ឆ្នាំ​១៩៧៥ ​របប​ខ្មែរក្រហម​បាន​ឡើង​កាន់​អំណាច ​ហើយ​របប​នេះ​បានសម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧សែន​នាក់​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩។

លោក​អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក បាន​គាំទ្រ​ការ​ស្នើរបស់​លោក​ហ៊ុន សែនដែល​ឱ្យ​អាមេរិក​លុប​បំបាត់​បំណុល​ដែលកម្ពុជា​ជំពាក់​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​ដោយ​លោក​ចាត់ទុក​បំណុល​នោះ​ថា​ ជាបំណុល​សង្គ្រាម​និង​ជា​«បំណុល​ឈាម»​ដ៏​ជូរចត់​សម្រាប់​ពលរដ្ឋ​កម្ពុជា។ ​លោក​បន្ត​ថា ​កម្ពុជា​ក៏​មាន​ជំពាក់​បំណុល​រុស្ស៊ី​កាល​ពី​សម័យ​សង្គ្រាម​ស៊ីវិល​ផង​ដែរ​ ហើយ​លោក​ថា ​បំណុល​ទាំង​នោះ​ក៏​គួរ​ត្រូវ​បាន​លុបចោល​ផង​ដែរ។​

លោក​អ៊ូ វីរៈ​បន្ត​ថា ​ក្រៅពី​អាមេរិក​ ថ្នាក់​ដឹក​កម្ពុជា​មួយ​ចំនួនក្នុង​សម័យ​អតីត​កាល ​និងប្រទេស​មួយ​ចំនួន​ផ្សេងទៀតក៏​ត្រូវទទួល​ខុសត្រូវ​សម្រាប់​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ក្នុង​នោះ​គឺ​មាន​រុស្ស៊ី ​សូវៀត​ហ្នឹង​ មាន​ចិន​ដែល​ចូលរួម​សង្គ្រាម​ត្រជាក់​រវាង​វៀតណាម​ខាងជើង​និង​វៀតណាម​ខាង​ត្បូង​ដូចគ្នា​ រួម​ទាំង​ចូល​រួម​ជា​មួយ​ខ្មែរក្រហម​ដែរ​ ​ហើយ​ក្នុង​នោះ​មាន​សហ​រដ្ឋ​អាមេរិក ក្រោយ​ក្នុង​ទស​វត្ស​៨០ ​ទសវត្ស​៧០​នោះ​ក៏​មាន​វៀតណាម​ផង​ដែរ។ ​ហើយ​វៀតណាម​ក៏​អ្នក​ខុស​ដែរ​ព្រោះវៀតណាម​ក៏​ជា​អ្នក​បង្ក​ឱ្យ​មាន​ខ្មែរ​ក្រហម​ដែរ។ ​អីចឹង​ យើង​មើល​ឱ្យ​មែនទែន​ អ្នក​ទទួល​ខុសត្រូវ​វា​ច្រើន​ ប៉ុន្តែ​យ៉ាង​ហោចណាស់​យើង​មិន​គួរ​មាន​បំណុល​តាំង​ពី​ដើម​មក​ដែល​ខ្ញុំ​មើល​ទៅ​អ្នក​ទាំងអស់​នោះ​មិន​គួរ​បន្ត​ទារ​បំណុល​ខ្មែរ​ក្មេង​ជំនាក់​ក្រោយ​ទេ។ ​ហើយ​អ្នក​ដឹកនាំ​យើង​ក៏ត្រូវ​ទទួល​ខុស​ត្រូវ​ដែរ ​អ្នក​ដឹកនាំ​ចាស់ៗ​របស់​យើង»។​

ប្រទេស​កម្ពុជា​ជំពាក់​បំណុល​សហ​រដ្ឋ​អាមេរិក​ជាង​៣០០​លាន​ដុល្លារ​ដែល​ត្រូវ​បាន​ខ្ចី​ដោយ​របប​សាធារណ​រដ្ឋ​ខ្មែរ​អំឡុង​ទសវត្សរ៍​១៩៧០។ ​រដ្ឋាភិបាល​កម្ពុជាបាន​ស្នើ​ជា​បន្តបន្ទាប់​ឱ្យអាមេរិក​លុប​ចោល​បំណុល​ទាំង​នោះ​ ដោយ​លើក​ឡើង​ថា ​បំណុល​ទាំង​នោះ​មិន​ត្រឹម​តែ​មិន​បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ​តែ​ផ្ទុយ​ទៅ​វិញ​ វាបាន​បំផ្លិច​បំផ្លាញ​ប្រទេសកម្ពុជាស្ទើរ​តែទាំង​ស្រុងទៀត​ផង៕

XS
SM
MD
LG