\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ចិន​ចាប់​ផ្តើម​អនុវត្ត​ការធ្វើ​កសិកម្ម​បែប​សាជីវ​កម្ម


(រូបភាព​ឯកសារ​) ក្មេងប្រុស​ដើរ​លើ​វាលខ្សាច់​ក្នុងតំបន់​ Waixi ខេត្ត​ Gansu ប្រទេស​ចិន​ ជា​តំបន់​ដែល​មាន​ការទាញ​ទឹក​យក​មកធ្វើ​ស្រែចម្ការ​លើស​លុបរហូត​ដល់ទីនោះ​ក្លាយជា​វាលខ្សាច់។ (រូបថត​ ថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០០៧​)

(រូបភាព​ឯកសារ​) ក្មេងប្រុស​ដើរ​លើ​វាលខ្សាច់​ក្នុងតំបន់​ Waixi ខេត្ត​ Gansu ប្រទេស​ចិន​ ជា​តំបន់​ដែល​មាន​ការទាញ​ទឹក​យក​មកធ្វើ​ស្រែចម្ការ​លើស​លុបរហូត​ដល់ទីនោះ​ក្លាយជា​វាលខ្សាច់។ (រូបថត​ ថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០០៧​)

ប្រទេស​ចិន​កំពុង​ចាប់​ផ្តើម​ឧស្សាហកម្ម​កសិកម្ម​របស់​ខ្លួន​ឲ្យ​ទៅ​ជាកសិកម្ម​បែប​​សាជីវកម្ម​​​​​ ដែល​ជា​ការបោះ​ជំហាន​មួយ​មាន​ឥទ្ធិពល​ដ៏​ធំ​​លើ​ផ្នែក​នយោបាយ​ និង​សេដ្ឋកិច្ច។ ការ​សម្រេច​អនុវត្ត​បែប​នេះ​ អាច​នឹង​នាំ​ឲ្យ​មាន​ការ​បោះ​បង់​ចោល​​ការធ្វើ​កសិកម្ម​បែប​សមូហ​ភាព​ ដែល​ជា​គោល​នយោបាយ​ដ៏​សំខាន់​ជា​យូរយា​រណាស់​មក​ហើយ​របស់​គណបក្ស​កុម្មុយនីស្ត​ តាម​រយៈ​​បណ្តាញ​ថ្នាក់​ជាតិ​មួយ​ដែល​មាន​មេ​ដឹកនាំ​នៅ​ថ្នាក់​ខេត្ត​ និង​នៅ​ទូ​ទាំង​ប្រទេស។

ប្រទេស​ចិនសង្ឃឹម​ថា​នឹង​អាច​ទាក់​ទាញ​មូលធន​ឯកជន​ និង​បរទេស​ មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​ដែល​មានការគ្រង់​គ្រង​ដ៏តឹងរ៉ឹង​បំផុត​របស់​ខ្លួន។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ​ក៏​បាន​បញ្ជាក់​ពីគោល​នយោបាយ​របស់​ខ្លួន​ ដែល​មាន​គោល​បំណង​លើក​កម្ពស់ ​និង​ធ្វើឲ្យ​មាន​ស្តង់ដារមួយ​លើ​ «ការផ្ទេរ​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ដី​កសិកម្ម​ពី​ប្រជាជន​នៅ​តាម​តំបន់​ជនបទ ឲ្យ​ទៅ​ស្ថាប័ន​ពាណិជ្ជ​កម្ម»។

ផែន​ការ​នេះ​ត្រូវ​បាន​ធ្វើឡើង ​បន្ទាប់​ពី​អាជ្ញាធរ​បាន​ប្រកាស​កាល​ពីដើម​ឆ្នាំ​នេះ​ថា​ ពួក​គេ​ចង់​ផ្តល់​ទី​កន្លែង​ថ្មី​នៅ​តាម​ទីក្រុង​តូចៗ​ដល់​កសិករ ១០០ លាន​នាក់​ គឺ​ស្មើ​នឹង​ប្រមាណ​១២​ភាគរយ​នៃចំនួន​កសិករ​តាម​ជនបទ​សរុប។ ដី​កសិកម្ម​ដែល​ប្រជាជន​ត្រូវ​ចាក​ចេញ ​នឹង​ត្រូវ​យក​មក​បញ្ចូល​គ្នា​ជា​ផ្ទៃ​ដី​ដ៏​ធំ​សម្រាប់​យក​មក​ប្រើប្រាស់​ជា​ដី​កសិកម្ម​របស់​ក្រុមហ៊ុន​ ដោយ​អនុវត្ត​វិធី​សាស្រ្ត​កសិកម្ម​បែប​ទំនើប​ជាង​មុន។

តួអង្គ​ធ្វើឲ្យ​មានការ​ប្រែប្រួល​នយោបាយ

តាម​ច្បាប់​របស់​ចិន​ កសិករ​ទាំង​អស់​មាន​សិទ្ធិ​ជា​ម្ចាស់​ដី​ធ្លី​បែប​សមូហ​ភាព​ ឬ​ប្រមូល​ផ្តុំ។ កសិករ​ម្នាក់​អាច​ប្រើ​ប្រាស់​ដីធ្លី​បាន​ក្រោម​កិច្ច​ប្រព័ន្ធ​សន្យាមួយ​ដែល​មាន​ជា​ធរមាន​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក​ម៉្លេះ។ ក៏​ប៉ុន្តែ​ប្រព័ន្ធ​បែប​នេះ​បាន​ធ្វើ​ឲ្យ​មាន​ដី​កសិកម្ម​ជា​ច្រើន​នៅ​ទំនេរ​បោះ​បង់​ចោល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ ដោយ​សារ​តែ​កម្លាំង​ពលកម្ម​បាន​ធ្វើចំណាក​ស្រុក​ក្នុង​កម្រិត​ខ្ពស់​ទៅ​ទីក្រុង​នានា​ដែលមាន​ការរីក​ចម្រើន​ឆាប់​រហ័ស។ ករណី​មួយ​ចំនួន​ ក្រុម​កសិករ​សមូហភាព​មូលដ្ឋាន​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​មន្រ្តី​មូលដ្ឋាន​ពុករលួយ​ដែល​ឃុបឃិត​ជាមួយ​នឹង​ក្រុម​វិនិយោ​គិន។

រដ្ឋាភិបាល​ចិន​កំពុង​ពិចារណា​ផ្លាស់​ប្តូរ​ប្រព័ន្ធ​នេះ​ និង​ធ្វើ​ការ​វិនិយោគ​ដើម្បី​កែ​លម្អ​ផលិតភាព​កសិកម្ម។ ប្រទេស​ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ប្រទេស​ដែល​មានការ​ប្រើប្រាស់​ទឹក​និងជី​គ្មាន​ប្រសិទ្ធ​ផល​ ដែល​បញ្ហា​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​តាម​រយៈ​បច្ចេក​វិទ្យា​ថ្មីៗ។

លោក​ Erlend Ek អ្នក​គ្រប់​គ្រង​ការស្រាវ​ជ្រាវ​កសិកម្មនៅ​ក្រុមហ៊ុន​ China Policy​ ដែល​ផ្តល់​សេវាប្រឹក្សា​ បាន​ប្រាប់​ VOA ថា៖ «គោល​នយោបាយ​នេះ​នឹង​ក្លាយ​ជា​តួអង្គ​ធ្វើ​ឲ្យ​ប្រែប្រួល​នយោបាយ​ ដែល​នាំ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​ធំធេង​ទាំង​ប្រព័ន្ធ​សេដ្ឋកិច្ច​ និង​នយោបាយ។ ឱកាស​ថ្មីៗ​ នឹង​ចាប់​ផ្តើម​មាន​ឡើង​ ពីព្រោះ​អាជ្ញាធរ​ចិន​កំពុង​ស្វះស្វែង​រក​ភាព​ជា​ដៃគូ​ជាមួយ​និង​ក្រុមហ៊ុន​បរទេស​នានា​ក្នុងវិស័យ​បច្ចេកវិទ្យា​កសិកម្ម»។

ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​នេះ​ អាច​នឹង​ក្លាយ​ជា​ចំណុច​ប្រេះ​ឆា​ខ្លាំង​មួយ​ធៀប​នឹង​ការអនុវត្ត​កាល​ពី​ពេល​កន្លង​មក។ ក្នុង​អំឡុង​យុគ​សម័យ​លោក​ ម៉ៅ​ សេទុង ជា​ប្រធាន​បក្ស​កុម្មុយ​នីស្ត ឥទ្ធិពល​របស់​បក្ស​កើន​ឡើង​ដោយសារ​តែ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​បក្ស​ក្នុង​ការ​បែង​ចែក​ដីធ្លី​ដោយ​ស្មើ​ភាព​តាម​រយៈ​ការ​បង្កើត​ក្រុម​កសិករ​ប្រវាស់​ដៃ​ ឬ​កសិករ​សមូហ​ភាព (ប្រមូល​ផ្តុំ)។ យុទ្ធសាស្រ្ត​បែប​នេះ​ បាន​ថមថយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ នៅ​ពេល​ដែល​ប្រទេស​ចិន​បោះ​ជំហាន​ឆ្ពោះ​ទៅ​រកការ​ធ្វើឧស្សាហនីយកម្ម​ទំហំ​ធំ​ និង​ការ​កើន​ឡើង​ការ​ពង្រីក​ទីក្រុង​ដ៏​ឆាប់​រហ័ស។

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​រដ្ឋ ​បាន​និយាយ​ថា​ មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ទៅ​លើ​ការផ្លាស់​ប្តូរ​ទៅ​រកការ​ធ្វើ​កសិកម្ម​បែប​សាជីវ​កម្ម។ ទីភ្នាក់​ងារសារ​ព័ត៌មាន​ផ្លូវការ​រដ្ឋ​ Xinhua បាន​សរសេរ​ថា៖ «មានការ​កើន​ឡើង​នៃ​ការ​ទទូច​ទាមទារ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​ឲ្យ​មាន​ការ​ផ្ទេរ​ដី​ស្រែ​ចម្ការ​ទៅ​ឲ្យ​អ្នកផ្សេង​ ដើម្បី​ឲ្យ​ពួក​គេ​អាចគ្រប់គ្រង​ និង​ធ្វើ​ផលិត​កម្ម។ គោល​នយោបាយ​ថ្មី​នេះ​ នឹង​នាំ​ឲ្យ​មាន​ការ​បង្កើត​យន្តការ​នានា​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​មាន​កម្រិត​ស្តង់ដារ​កាន់​តែ​ខ្ពស់​ ខណៈ​ដែល​សិទ្ធិ​កាន់​កាប់​ដីធ្លី​ ក៏​នឹង​ត្រូវ​បាន​ការពារ​ប្រសើរ​ជាង​មុន​ដែរ»។

ថ្នាក់​ដឹក​នាំ​ចិន​បាន​នឹង​កំពុង​ពិភាក្សា​លើ​តម្រូវ​ការ​ក្នុង​ការ​ទាក់​ទាញ​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ហើយ​បាន​រៀប​ចំវិធាន​នានា​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ក្រុមហ៊ុន​កសិកម្ម​អន្តរជាតិ​ឲ្យមក​វិនិយោគ​នៅ​តំបន់​ពិសេស​ទាំង​នោះ។

ប៉ុន្តែ​ក្រុមអ្នក​វិភាគ​បាន​និយាយ​ថា​ នេះ​គឺ​ជា​ការ​ប៉ុនប៉ង​ដំបូង​ក្នុង​ការ​បង្កើត​នីតិវិធី​ដែល​អាច​នឹង​ប៉ះ​ពាល់​ដល់​ដី​ស្រែ​ចម្ការ​នានា​នៅ​ទូទាំង​ផ្ទៃ​ប្រទេស​ទាំង​មូល។

សេដ្ឋកិច្ច​វិទូ​ (អ្នក​សេដ្ឋសាស្ត្រ) មួយ​រូប​ គឺ​លោក​ Jacob Kirkegaard ​នៃ​វិទ្យា​ស្ថាន​ Peterson ​សម្រាប់​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​អន្តរជាតិ​ បាន​និយាយ​ថា ​គោល​បំណង​របស់​រដ្ឋាភិបាល​ គឺ​បញ្ចុះ​បញ្ចូល​ក្រុម​ហ៊ុន​ចិន​ឲ្យវិនិយោគ​ក្នុង​វិស័យ​ថ្មី​នេះ​ ជាជាង​ការ​ជះ​ប្រាក់​ជំនួញ​ទៅ​លើ​វិស័យ​អចលន​ទ្រព្យ ឬ​ការ​វិនិយោគ​នៅ​បរទេស​ ដែល​ទាំង​ពីរ​នេះ​គឺ​ជា​ទំនោរ​ដែល​កំពុង​តែ​កើត​មាន​ឡើង។

លោក​ទាំងពីរ​បាន​និយាយ​ថា៖​ «ការ​ធ្វើ​បែប​នេះ​ ច្បាស់​ណាស់​ជា​សញ្ញា​ចាប់​ផ្តើម​នៃ​ការ​បញ្ចប់​ ការ​ធ្វើ​កសិកម្ម​បែប​សមូហ​ភាព ឬ​ប្រមូល​ផ្តុំ ដែល​ជា​វិស័យ​ទាមទារ​កម្លាំង​ពល​កម្ម​យ៉ាង​ខ្លាំង»។

ហានិភ័យ​នៅ​ពេល​ខាងមុខ​

ការ​តស៊ូ​ប្រឆាំង​ពី​សំណាក់​ក្រុម​អ្នក​គាំ​ទ្រលទ្ធិ​ម៉ៅ​ នៅ​ក្នុង​បក្ស​កុម្មុយនីស្ត​ក៏​កើត​មាន​ដែរ​ ដែល​ប្រឆាំង​ទៅ​នឹង​ការ​ប្រគល់​ដី​ទៅឲ្យ​ក្រុម​ហ៊ុន​ជំនួញ។

លោក​ Erlend Ek ​និយាយ​ថា៖ «ក្រុម​អ្នក​រិះគន់​ជា​ច្រើន​ រាប់​បញ្ចូល​ទាំង​សមាជិក​ជាន់​ខ្ពស់​នៃ​បក្ស​ សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្លាស់ប្តូរចេញ​ពី​មូលដ្ឋាន​អំណាច​នៅ​តាម​តំបន់​ជនបទ​ដែល​ជា​ប្រពៃណីរបស់​ពួក​គេ»។

លោក​បាននិយាយ​ថា​ ចរន្ត​នេះ​មាន​លក្ខណៈ​សម​ហេតុ​ផល​ម្យ៉ាង​ដែរ ​ពីព្រោះ​វា​អាច​នាំ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ធនធាន​កាន់​តែ​ប្រសើរ​ឡើង។ «ប៉ុន្តែ​ក្នុង​បរិបទ​សេដ្ឋកិច្ច​នយោបាយ​ វា​ផ្តល់​នូវ​ហានិភ័យ​ ដោយ​សារ​តែ​កសិកម្ម​បែប​ពាណិជ្ជកម្ម​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ក្លាយ​ភោគ​ទ្រព្យ​នៅ​តាម​តំបន់​ជនបទ ហើយទៅ​បង្កើន​ភោគ​ផល​ដល់​អភិជន​នៅ​តំបន់​ទីក្រុង​ទៅ​វិញ»។

លោក​ Kirkegaardបាន​និយាយ​ថា​ ចរន្ត​នេះ​អាច​នឹង​ «នាំ​ឲ្យ​មាន​ការ​ថយ​ចុះ​នៃ​ចំនួន​ប្រជាជន​នៅ​តាម​តំបន់​ជនបទ​ ដោយ​សារតែ​ដី​ធ្លី​ត្រូវ​បាន​គេ​ច្រ​បាច់​បញ្ចូល​គ្នា​ ហើយ​ការ​វិនិយោគ​ជា​លក្ខណៈ​ខ្សែ​សង្វាក់​ដោយ​វិនិយោគិន​ឯកជន​ថ្មីៗ​នឹង​កើត​មាន​ឡើង»។ ផល​ប៉ះ​ពាល់​នៃ​កំណែ​ទម្រង់​នេះ​ អាច​នឹង​ខុស​ពីអ្វី​ដែល​គេ​ចង់​បាន​ គឺការ​រក្សា​ប្រជាជន​នៅ​តំបន់​ជនបទ​ជា​ជាង​ការមក​កក​កុញ​គ្នា​នៅទី​ក្រុង។

លោក​ Cai Jiming ​សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៃ​សាកល​វិទ្យាល័យ​ Tsinghua ​ក្នុង​រដ្ឋធានី​ប៉េកាំង​ បាន​និយាយ​ថា ខណៈ​ដែល​គោល​នយោបាយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ និង​បរទេស​ជួល​ ឬ​ចុះ​កុងត្រា​វិនិយោគ​ដី​ធ្លី​នោះ ​ក្រុមហ៊ុន​ទាំង​នោះ​នៅ​តែ​គ្មាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​ទាំង​នេះ​ទេ ដែល​ការណ៍​នេះអាច​នឹងបង្អាក់​ទឹក​ចិត្ត​ការ​វិនិយោគ​បែប​នេះ​ដដែល។

លោក​សាស្រ្តាចារ្យ​បាន​ពន្យល់ថា៖​ «នៅ​ពេល​កសិករ​កាន់​តែ​ច្រើន​ឡើងៗ​ប្តូរ​ទៅ​រស់​នៅ​ក្នុង​ទីក្រុង​ ឬ​ត្រូវ​ប្តូរ​ទី​លំនៅ​ទៅ​កន្លែង​ផ្សេង​ ប្រពៃណី​សមូហ​ភាព​នឹង​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​ទៅ​វិញ» ហើយមិន​មែន​ជា​ក្រុម​មនុស្សមក​ពីទីក្រុង​ និង​ក្រុមហ៊ុន​ដែល​គេ​គិត​ថា​នឹង​ចូល​មក​កាន់​កាប់​ដី​ទាំង​នោះ​ទេ។

លោក​ Xu Bin ​សាស្រ្តចារ្យ​ផ្នែក​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​នៃ​សាលា​ឈ្មោះ​ហៅ​កាត់​ថា ​CEIBS ​បាន​និយាយ​ថា ​គោល​នយោបាយ​នេះ​គឺ​ស្រប​តាម​ទិស​ដៅ​នៃ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ ដែល​មាន​គោល​ដៅ​បើក​ចំហ​ឲ្យ​វិស័យ​ឯកជន​រាប់​បញ្ចូល​ទាំង​វិនិយោគិន​បរទេស​ផង​ ចូល​មក​វិនិយោគ​ក្នុង​តំបន់​ដែល​មាន​ការ​រឹតត្បិត​តឹងរ៉ឹង​ពិសេស​នានា៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី

XS
SM
MD
LG