ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល​ចាត់​ទុក​បម្រាម​របស់​អាជ្ញាធរ​ មិន​ឲ្យ​បក្ស​ប្រឆាំង​ចូល​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ ថា​គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់

  • សាយ មុន្នី

អ៊ុក ពេជ្រសំណាង អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ស្រែក​ពី​​បន្ទប់​នៅ​ក្នុង​សាលាឧទ្ទរណ៏ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ហៅ​បម្រាម​របស់​អាជ្ញាធរ​នេះ​ថា «ពុំ​មាន​មូលដ្ឋាន​ផ្លូវច្បាប់»​នោះ​ទេ ទោះ​បី​ជា​ ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ថា បម្រាម​នេះ ធ្វើ​ឡើង​«ដើម្បី​រក្សា​សន្តិសុខ​សង្គម​និង​សណ្ដាប់​ធ្នាប់​សាធារណៈ» ដោយ​ផ្អែក​តាម​«គោលការណ៍​នៃ​គោល​នយោបាយ​រដ្ឋបាល​សាធារណៈ» ក៏​ដោយ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ហៅ​បម្រាម​របស់​រដ្ឋាភិបាល ដែល​ហាម​មិន​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង ចូល​សួរ​សុខទុក្ខ​សមាជិក​របស់​ខ្លួន​ក្នុង​ពន្ធនាគារ​តទៅ​ទៀត ថា​ធ្វើ​ឡើង​ដោយ​មិន​បាន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ណា​មួយ​ជាក់លាក់។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី​២៦ ខែ​មេសា។

ការ​លើកឡើង​នេះ កើតឡើង ក្រោយ​ពី​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា​ថា សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ត្រូវ​បាន​ហាមប្រាម​ មិន​ឲ្យ​ចូល​ទៅ​សួរសុខទុក្ខ​សមាជិក​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពេល​ខាងមុខ។

ការ​ប្រកាស​នេះ ធ្វើ​ឡើង បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ម្នាក់ គឺ​លោក ហួត ឃិនវុទ្ធី ហៅ​ជុន ច័ន្ទបុត្រ បាន​ចូល​រួម​ជាមួយ​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ដោយ​ធ្វើ​សេចក្ដី​ប្រកាស​អត្តសញ្ញាណ​មិន​ត្រឹមត្រូវ ក្នុង​អំឡុង​ពេល​ដែល​ក្រុម​ប្រតិភូ​គណបក្ស​ប្រឆាំង​ចូល​សួរ​សុខទុក្ខ​សមាជិក​របស់ខ្លួន​នោះ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ហៅ​បម្រាម​របស់​អាជ្ញាធរ​នេះ​ថា «ពុំ​មាន​មូលដ្ឋាន​ផ្លូវច្បាប់»​នោះ​ទេ ទោះ​បី​ជា​ ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ថា បម្រាម​នេះ ធ្វើ​ឡើង​«ដើម្បី​រក្សា​សន្តិសុខ​សង្គម​និង​សណ្ដាប់​ធ្នាប់​សាធារណៈ» ដោយ​ផ្អែក​តាម​«គោលការណ៍​នៃ​គោល​នយោបាយ​រដ្ឋបាល​សាធារណៈ» ក៏​ដោយ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ បាន​លើកឡើង​ថា រដ្ឋាភិបាល មិន​អាច​ប្រើ​វិធានការ​រដ្ឋបាល ដែល​ផ្ទុយ​នឹង​ច្បាប់​ជាធរមាន​បាន​ឡើយ ដោយ​បាន​លើក​យក​មាត្រា​ ៥៥ នៃ​ច្បាប់​ស្ដីពី​ពន្ធនាគារ​មក​សំអាង។

មាត្រា​ ៥៥ នៃ​ច្បាប់​ស្ដីពី​ពន្ធនាគារ​នេះ​ ចែង​ថា «ជន​ជាប់ឃុំ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​គ្រួសារ ឬ​ញាតិមិត្ត មក​សួរ​សុខទុក្ខ តាម​ការ​កំណត់ លើកលែង​តែ​មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​តុលាការ»។

ដូច្នេះ អង្គការ​សង្គម​ស៊ីវិល​នេះ សង្កត់​បញ្ជាក់​ថា «ក្រសួង​មហាផ្ទៃ ពុំ​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ហាម​ប្រាម​ការ​ចូល​ទៅ​សួរ​សុខទុក្ខ​ជន​ជាប់​ឃុំ​តាម​រយៈ​សេចក្ដី​សម្រេច​ផ្នែក​រដ្ឋបាល​របស់​ខ្លួន ដោយ​ពុំ​មាន​ការ​សម្រេច​ពី​អាជ្ញាធរ​តុលាការ​នោះ​ឡើយ»៕

XS
SM
MD
LG