ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងមហាផ្ទៃ​ប្រកាស​ឈប់​ឲ្យ​​គណបក្ស​ប្រឆាំង​ចូល​សួរ​សុខទុក្ខ​សកម្មជន​របស់​ពួកគេ​នៅ​ក្នុង​​ពន្ធនាគារ


លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)
លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

បន្ទាប់​ពី​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​​ចូល​សួរ​សុខទុក្ខ​សកម្មជន​របស់​ខ្លួន​ និង​បាន​ប្រាប់​អ្នកសារ​ព័ត៌មាន​ពី​ការ​ផ្តាំផ្ញើរ​ផ្សេងៗ​របស់​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ទាំង​នោះ ​ក្រសួង​មហា​ផ្ទៃ​​ក៏​បាន​ប្រកាស​ឈប់​ឲ្យ​​គណបក្ស​ប្រឆាំង​ចូល​សួរ​សុខទុក្ខ​សកម្មជន​របស់​ពួកគេ​ ដោយ​លើក​ឡើង​ថា សមាជិកបក្សប្រឆាំង ចូល​សួរ​ដោយ​នាំ​យក​សារ​នយោបាយ​មក​ផ្សព្វ​ផ្សាយ។ ការបញ្ឈប់​នេះ​ត្រូវ​បាន​អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លើក​ឡើង​ថា ជា​ការ​រំលោភ​សិទ្ធិ​អ្នកកំពុង​ជាប់​ឃុំ។

អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លើក​ឡើង​ថា ការ​សម្រេច​ឈប់​ឲ្យ​គណ​បក្ស​ប្រឆាំង​ចូល​សួរ​សុខទុក្ខ​សកម្ម​ជន​របស់​ពួកគេ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ គឺជា​ការ​រំលោភ​សិទ្ធិ​អ្នក​ជាប់​ឃុំ។

កាលពី​ថ្ងៃ​សុក្រ​នេះ ក្រសួង​មហាផ្ទៃ​បាន​សម្រេច​មិនឲ្យ​ក្រុម​មន្រ្តី និង​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សួរ​សុខទុក្ខ​សកម្ម​ជនរបស់​ពួកគេ​ទាំង​១៦​នាក់​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធ​នា​គារ​ព្រៃ​ស តទៅ​ទៀត ដោយ​លើក​ឡើង​ថា ការ​ចូលជួបរបស់​គណបក្ស​ប្រឆាំង​មិនមែន​ជា​ការ​ចូល​ជួប​សុខ​ទុក្ខ​។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ថ្លែង​ប្រាប់​អ្នកសារ​ព័ត៌មាន​បន្ទាប់​ពីបាន​ចូល​ជួប​សកម្មជន​របស់​ពួកគេ​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃពុធថា សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ទាំង​នោះផ្តាំ​ផ្ញើរ​កុំ​ឲ្យ​គណបក្ស​ប្រឆាំង​ភ័យ​ខ្លាច​ដោយ​សារ​តែ​ពួកគេ​ត្រូវ​ឃុំ​ខ្លួន ហើយ​យក​ការ​ភ័យ​ខ្លាច​នេះ​ដើម្បី​ដោះ​ដូរ​ជាថ្នូរ​នយោបាយ​ណាមួយ​ជា​មួយ​បក្ស​កាន់​អំណាច ដែល​នាំ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់ VOA កាលពី​ថ្ងៃ​សុក្រ​នេះ​ថា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង សម្រេច​បញ្ឈប់​លែង​ឲ្យ​គណបក្ស​ប្រឆាំង​ចូល​សួរ​សុខទុក្ខសកម្មជន​របស់​ពួកគេ​ដូច​មុន។ លោក​បន្ត​ថា មូល​ហេតុ​ដែល​ក្រសួង​ឈប់​ឲ្យ​មាន​ការ​ចូល​សួរ​សុខទុក្ខ​នេះ គឺ​ដោយ​សារក្រោយ​ចេញពី​ការ​សួរ​សុខទុក្ខ ក្រុម​តំណាង​រាស្រ្ត ឬ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ​តែង​នាំ​យក​សារ​នយោបាយ​ពី​អ្នក​ជាប់​ឃុំ​ទាំង​នោះ​មក​ផ្សព្វផ្សាយ។​

«ពេល​ដែល​ចប់​មក​វិញ​គឺ​តែងតែ​មាន​សារ​នយោបាយ​ជា​នយោបាយ ប្រើប្រាស់​ថា អ្នក​ជាប់​ឃុំ​គេ​មិន​អី​ទេ សូម​ឲ្យ​តែ​គណបក្ស​សង្គ្រោះជាតិ​ខិតខំ​ប្រឹងប្រែង​ទៅ គេ​ស្ម័គ្រ​ស្មោះ​ដើម្បី​ជាប់​ឃុំ​គេ​ហ្នឹង​។​ វា​ជា​រឿង​នយោបាយ មិនមែន​ជា​ការ​សួរ​សុខទុក្ខ​ដូចគេ​ធម្មតា​ឯណា​។ បើ​គាត់​មក​វិញ​គាត់​និយាយ​ថា អ្នក​ជាប់​ឃុំ​ទាំងអស់​ហ្នឹង​មាន​សុខភាព​បរិបូរណ៌​ទេ គ្រាន់​តែ​សម្រាន្ត​វា​មិន​បាន វា​ស្រក​សាច់​បន្តិច ក្នុង​ពន្ធនាគារ​គេ​អត់​ធ្វើ​បាប​អី អាហ្នឹង​ជា​ការ​សួរ​សុខទុក្ខ។ ដល់​ទៅ​សួរ​សុខ​ទុក្ខកន្លង​មក​ហ្នឹង​វា​មាន​តែ​សារ​នយោបាយ​ចេញ​មក​វិញ»។

ជារឿយៗ​គេ​តែង​ឃើញ​ក្រុម​មន្រ្តី​ជាន់​ខ្ពស់ និង​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំ ដោយ​បាន​នាំ​យក​សម្តី និង​ការ​ផ្តាំផ្ញើរ​ផ្សេងៗ​របស់​សកម្មជន​ទាំង​នោះប្រាប់​ដល់​អ្នកសារ​ព័ត៌មាន។ ទោះជាយ៉ាងណា ប្រតិកម្មពី​ក្រសួង​មហាផ្ទៃ​រហូត​មាន​ការ​ប្រកាសឲ្យ​មន្រ្តី​បក្ស​ប្រឆាំងឈប់បន្ត​ចូល​សួរ​សុខទុក្ខ​សកម្មជន​របស់​ពួកគេ កើត​ឡើង​បន្ទាប់​ពី​គេ​ឃើញ​ វត្តមានរបស់លោក ជុន ច័ន្ទបុត្រ ដែល​គេ​ស្គាល់​ថា​ជា​អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ ដែល​ជាវិទ្យុ​តែង​ផ្សព្វ​ផ្សាយ​ពី​ភាព​អវិជ្ជមាន​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​តំណាង​រាស្រ្តបក្ស​ប្រឆាំង​ទាំង​នោះ។

លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្សសង្គ្រោះជាតិ​ប្រាប់ VOA រសៀល​ថ្ងៃ​អាទិត្យ​នេះ​ថា ​ប្រជា​ពលរដ្ឋ​មានសិទ្ធិ​ក្នុងការ​ទទួល​បាន​ព័ត៌មាន និង​ការ​បញ្ចេញ​មតិ។ លោកស្រី​បន្ថែម​ថា ​ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំងគ្រាន់តែ​នាំ​យក​សារ​របស់សកម្មជន​ទាំង​១៦​រូប ដែល​បាន​ផ្តាំ​ផ្ញើរ​ពី​ក្នុង​ពន្ធ​នា​គារ​ ប្រាប់​ទៅ​អ្នកសារ​ព័ត៌មាន​ប៉ុណ្ណោះ។

«រឿង​សារ​នយោបាយ ឬ​មិន​សារ​នយោបាយ មិនជា​ខ្ញុំ​លើក​មក​ឯណា គឺជា​ការ​ផ្តាំ​ផ្ញើរ​របស់​សមាជិក​អ្នក​ដែល​ជាប់​ពន្ធនាគារ។ ហើយ​គាត់​ផ្តាំ​ផ្ញើរ​ឲ្យ​ទៅ​ដល់​ទាំងអស់​គ្នា ដូច្នេះ​យើង​ចេញ​មក​យើង​តែងតែ​ផ្តល់​ព័ត៌មាន​ទៅ​អ្នកសារព័ត៌មាន ដែល​ឈរចាំ​ព័ត៌មាន។ យើង​អត់​មាន​ធ្វើ​សារ​នយោបាយ​របស់​គណបក្ស​ទេ»។

លោកស្រី មូរ សុខហួរ បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ស្វែង​រកដំណោះស្រាយ​ពាក់ព័ន្ធ​ដើម្បី​បន្ត​ចូល​សួរ​សុខទុក្ខ​សកម្ម​ជន​របស់​បក្ស។

​ការ​សម្រេច​ឈប់​ឲ្យ​គណបក្ស​ប្រឆាំង​ចូល​សួរ​សុខទុក្ខសកម្មជន​របស់​ពួកគេ ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធ​នាគារ​នេះ​ ត្រូវ​ក្រុម​អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស​និយាយ​ថា ជាទង្វើផ្ទុយ​ពីច្បាប់​និង​ជា​ការ​រំលោភ​សិទ្ធិ​របស់​អ្នក​ដែល​កំពុង​ជាប់​ឃុំ។

លោក អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេក​ទេស​ស៊ើប​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់ VOA ថា ការ​បញ្ឈប់​លែង​ឲ្យ​មន្រ្តី​ជាន់​ខ្ពស់ ឬ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចូល​សួរ​សុខ​ទុក្ខ​សកម្ម​ជន​របស់​ពួកគេ គឺ​ជា​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដែលជាប់ឃុំ។ លោក​បន្ថែម​ថា មិន​មាន​ច្បាប់​ណា​មួយ​ហាមឃាត់​តំណាងរាស្រ្តដែល​ចូល​សួរ​សុខទុក្ខ​សកម្មជន​ដែល​កំពុង​ជាប់ឃុំ​ ហើយ​នាំយកសារ​ពី​សកម្មជន​ទាំង​នោះ​មក​ផ្សព្វ​ផ្សាយ​នោះ​ទេ។

«ក្នុង​ផ្លូវ​ច្បាប់​វា​អត់​មាន​ច្បាប់​ណា​ហាមឃាត់​ទេ ហើយ​ណាមួយ​ទៀត​គាត់​ជា​តំណាង​រាស្រ្ត​ផង បើសិនជា​មាន​អី​មិន​ប្រក្រតី គាត់​អាច​ជម្រាប​ជូន​ឬ​ក៏​គាត់​អាច​ដាក់​ទៅ​ក្នុង​រដ្ឋសភាដើម្បី​ធ្វើការ​ជជែក»។

លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ​លើក​ឡើង​ថា អ្នក​ជាប់​ឃុំ​ទាំង​អស់​មាន​សិទ្ធិ​ទទួល​បាន​ការ​ចូល​សួរ​សុខ​ទុក្ខពី​ក្រុម​គ្រួសារ មិត្តភក្តិ និង​សហការី​ជា​ដើម។ លើស​ពី​នោះ អ្នក​ជាប់​ឃុំ​មាន​សិទ្ធិផ្តាំផ្ញើរ ឬ​បញ្ចេញ​មតិ​ផ្សេងៗ​ដើម្បី​ឲ្យ​អ្នក​ខាង​ក្រៅ​បាន​ដឹង។ លោកស្រី​បន្ថែម​ថា ការ​ហាម​ឃាត់​មិន​ឲ្យ​គណបក្ស​ប្រឆាំង​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន​របស់​ពួកគេ​ដែលកំពុង​ជាប់​ឃុំ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ដល់ផ្លូវចិត្ត​អ្នក​ជាប់​ឃុំ និងជា​ការ​រឹត​ត្បិត​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ​។

លោកស្រី ចក់ សុភាព បន្ថែម​ថា រដ្ឋាភិបាល​គួរ​សម្រួល​ដល់​ការ​បញ្ចេញ​មតិ និង​ការ​ទទួល​បាន​ព័ត៌មាន​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ។

«ការ​ដែល​បើក​ចំហរ​ សម្រាប់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ឲ្យ​តំណាង​រាស្រ្ត​និង​អ្នក​កាសែត​ អាច​ចូល​បាន​ដឹងពី​ស្ថានភាព​អ្នក​នៅ​ក្នុងពន្ធនាគារ ជា​រឿង​មួយ​ចាំបាច់​ដើម្បី​បង្ក​នូវ​តម្លា​ភាព និង​ទំនួល​ខុសត្រូវ​សម្រាប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​យើង​ដោះ​ស្រាយ​និង​សម្រួល​ដល់​ស្ថានភាព​របស់​ពួកគាត់។ ការ​ដែល​រាំង​ខ្ទប់​ឬ​មិន​អនុញ្ញាត​ឲ្យ​មាន​លទ្ធភាព​អ្នក​ពាក់ព័ន្ធ​អាច​ចូល​នោះ នឹង​បង្ក​នូវ​ស្ថានភាព​មួយ​ដែល​យើង​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​រវាង​គ្នា ហើយ​អាច​បង្ក​ឲ្យ​មាន​ការ​រំលោភ​ដល់​សិទ្ធិ​ អ្នក​ដែល​កំពុង​ជាប់​ពន្ធនាគារ​នោះ​ទៀត»។

សកម្មជន​ មន្ត្រី​និង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​យ៉ាង​ហោច​ណាស់​១៦​រូប​ កំពុង​ជាប់​ក្នុង​ពន្ធ​នា​គារ​ព្រៃស។ ពួកគេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​និង​កាត់​ទោស​ជា​បន្ត​បន្ទាប់ក្នុងសំណុំរឿងផ្សេងៗគ្នា​ចាប់​ពី​ឆ្នាំ​២០១៥​មក ដែល​ករណី​ទាំងនោះ​រួម​មាន​ការបង្ក​អំពើ​ហិង្សា ការ​កកូរ​កកាយ​រឿង​ផែនទី​ និង​បញ្ហាព្រំដែន​កម្ពុជា-វៀតណាម ​ជាដើម៕

XS
SM
MD
LG