\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ​ម៉ាសាឈូសេត​បែកបាក់​គ្នា​ដោយ​សារ​នយោបាយ​ក្នុង​ប្រទេស​កំណើត

  • សាយ មុន្នី

ការ​បែកបាក់​គ្នា​ខាង​នយោបាយ​នេះ គឺ​មិនមែន​រវាង​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​និង​​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​ជម្លោះ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​វិញ​ទេ។

លោក​ ផេង អាង បាន​ចាត់​ទុក​ទីក្រុង​ឡូវែល​ក្នុង​រដ្ឋ​ម៉ាសាឈូសេត​នេះ​ថា​ ជា​ផ្ទះ​របស់​លោក​អស់​រយៈពេល​ជិត​៣០​ឆ្នាំ​មក​ហើយ។ លោក​អះអាង​ថា លោក​មិន​ដែល​ឃើញ​សហគមន៍​ខ្មែរ​នៅ​ទី​នេះ មាន​ការ​បែកបាក់​គ្នា​ខាង​នយោបាយ​ខ្លាំងក្លា ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ។

ការ​បែកបាក់​គ្នា​ខាង​នយោបាយ​នេះ គឺ​មិនមែន​រវាង​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​និងគណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​ជម្លោះ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​វិញ​ទេ។

«កាល​នោះ​ មិន​ទាន់​បែកបាក់​គ្នា​ខ្លាំង ដល់​បែកបាក់​គ្នា​ខ្លាំង​នេះ គឺ​គណបក្ស​ប្រជាជន​គេ​មក​បំពាក់បំប៉ន ពេល​ហ្នឹង​មាន​ច្រើន ហើយ​យើង​បូក​ផ្សំ​នឹង​ខ្មែរ​យើង អត់​សូវ​រួបរួម​គ្នា​ផង ទាំង​ព្រះសង្ឃ​ក៏​អត់​មាន​ការ​រួបរួម​គ្នា​ដែរ»។

លោក ផេង អាង បុគ្គលិក​រៀបចំ​កម្មវិធី​សិក្សា​នៃ​សាលារៀន Lowell រដ្ឋ​ម៉ាសាឈូសេត ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA នៅ​គេហដ្ឋាន​របស់​លោក កាលពី​ថ្ងៃពុធ ទី៧ ខែ​កញ្ញា ឆ្នាំ២០១៦។

លោក ផេង អាង បុគ្គលិក​រៀបចំ​កម្មវិធី​សិក្សា​នៃ​សាលារៀន Lowell រដ្ឋ​ម៉ាសាឈូសេត ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA នៅ​គេហដ្ឋាន​របស់​លោក កាលពី​ថ្ងៃពុធ ទី៧ ខែ​កញ្ញា ឆ្នាំ២០១៦។

លោក ផេង អាង ដែល​បាន​ភៀសខ្លួន​ពី​ប្រទេស​កម្ពុជា​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម​តាំង​ពី​ឆ្នាំ​១៩៨៧​មក​នោះ ​ដឹង​ថា​បញ្ហា​នយោបាយ​កម្ពុជា តែងតែ​នៅ​អន្ទង​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​រដ្ឋ​ម៉ាសាឈូសេត​នេះ។

ប៉ុន្តែ​លោក​ថា ចាប់តាំង​ពី​មាន​ដំណើរ​ទស្សនកិច្ច​មួយ​របស់​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មក​កាន់​ទីក្រុង​ឡូវែល​កាល​ពី​ខែ​មេសា​កន្លង​មក ការ​បែកបាក់​គ្នា​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទី​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

លោក​ ហ៊ុន ម៉ាណែត ដែល​ជា​ឧត្ដមសេនីយ៍​ជាន់​ខ្ពស់​ម្នាក់​ក្នុង​ជួរ​កងទ័ព​កម្ពុជា និង​ដែល​ត្រូវ​គេ​គិត​ថា អាច​ជា​អ្នក​ស្នង​តំណែង​ពី​ឪពុក​របស់​លោក​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ផង​នោះ ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្រុម​អ្នក​តវ៉ា​ខ្មែរ ដែល​ខឹង​សម្បារ​នឹង​របប​គ្រប់គ្រង​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​សារ​តែ​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​ការ​គាបសង្កត់​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ប្រជាជន​ខ្មែរ​យ៉ាង​ច្រើន​បាន​ចាប់​ផ្ដើម​ភៀសខ្លួន​មក​រស់នៅ​ក្នុង​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត ប៉ែក​ឦសាន​នៃ​សហរដ្ឋ​អាមេរិក​នេះ។

អ៊ុង រិទ្ធី អតីតសមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូវែល និង​ជា​គ្រូ​ប្រឹក្សា​សិស្សនៃ​វិទ្យាល័យ​ឡូវែល Lowell High School រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃ​អង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០១៦។

អ៊ុង រិទ្ធី អតីតសមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូវែល និង​ជា​គ្រូ​ប្រឹក្សា​សិស្សនៃ​វិទ្យាល័យ​ឡូវែល Lowell High School រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃ​អង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០១៦។

លោក អ៊ុង រិទ្ធី គឺ​ជា​ពលរដ្ឋ​ខ្មែរ​ដំបូង​គេ ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​ក្នុង​ក្រុមប្រឹក្សា​ក្រុង​ឡូវែល​នេះ។ លោក​មាន​ប្រសាសន៍​ថា សហគមន៍​ខ្មែរ​ធ្លាប់​តែ​រួបរួម​គ្នា​ និង​ជួយ​យក​អាសា​គ្នា​ណាស់ ក្នុង​គ្រា​ដែល​លោក​ទើប​មក​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ជន​ភៀសខ្លួន​កាល​ពី​ទសវត្សរ៍​ឆ្នាំ​៨០​នោះ។

«គណបក្ស​ពី​ដើម យ៉ាង​ម៉ិច​យ៉ាង​ម៉ា យើង​អាច​និយាយ​គ្នា​កើត។ សព្វថ្ងៃ យើង​និយាយ​គ្នា​កើត ក៏​ប៉ុន្តែ​គណបក្ស​មួយ​ទៀត គេ​ថា បើ​គេ​ associate [ទាក់ទង]​ជាមួយ​យើង វា​មាន​បញ្ហា​ដល់​គេ ម៉្លោះ​ហើយ​វា​ពិបាក​បន្តិច»។

បច្ចុប្បន្ន រដ្ឋ​ម៉ាសាឈូសេត មាន​ពលរដ្ឋ​ខ្មែរ​ជាង​៣ម៉ឺន​នាក់ ដោយ​មួយ​ចំនួន​ធំ​រស់នៅ​ក្នុង​ទីក្រុង​ឡូវែល​នេះ។

លោក រិទ្ធី​ ថ្លែង​ថា ការ​បែក​បាក់​គ្នា​ខាង​នយោបាយ​រវាង​សហគមន៍​ខ្មែរ​នៅ​ទី​នេះ បាន​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង​នេះ ដែល​មាន​សមាជិក​៩​នាក់។

ទោះបី​ជា​ធ្លាប់​មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត គឺ​លោក នួន វាសនា បាន​ជាប់​ឆ្នោត​បាន​មួយ​អាណត្តិ​រយៈពេល​ពីរ​ឆ្នាំ​ធ្វើ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ក្រុង​នេះ​កាល​ពី​ឆ្នាំ​២០១១​ម្ដង​ក៏​ដោយ ក៏​បច្ចុប្បន្ន​មិន​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ ស្ថិត​ក្នុង​ក្រុម​ប្រឹក្សា​ក្រុង​នេះ​ទេ។

លោក នួន វាសនា និង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​៣​នាក់​ទៀត បាន​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ក្រុង​កាល​ពី​ឆ្នាំ​មុន ហើយ​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ទៀត ដែល​បាន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​សាលារៀន ក៏​មិន​បាន​ឈ្នះ​ការ​បោះឆ្នោត​នោះ​ដែរ។

លោក​ Edward J. Kennedy ចៅហ្វាយ​ក្រុង​ឡូវែល ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA នៅ​សាលាក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃពុធ ទី៧ ខែ​កញ្ញា ឆ្នាំ២០១៦។

លោក​ Edward J. Kennedy ចៅហ្វាយ​ក្រុង​ឡូវែល ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA នៅ​សាលាក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃពុធ ទី៧ ខែ​កញ្ញា ឆ្នាំ២០១៦។

លោក Edward Kennedy គឺ​ជា​ចៅហ្វាយ​ក្រុង​ឡូវែល។

«ពលរដ្ឋ​ខ្មែរ មិន​បាន​បោះឆ្នោត​ជា​សំឡេង​តែ​មួយ​ទេ។ ដូច្នេះ សំឡេង​របស់​ពួកគេ​មិន​សូវ​ឮ ដូច​ពេល​ដែល​ពួកគេ​បោះឆ្នោត​រួម​គ្នា​ជា​សំឡេង​តែ​មួយ​នោះ​ទេ»។

ពលរដ្ឋ​ខ្មែរ​ជំនាន់​ទី​១ ដែល​បាន​ធ្វើ​ចំណាកស្រុក​មក​រស់នៅ​ក្នុង​ក្រុង​ឡូវែល​នេះ កាល​ពី​ជាង​៣ទសវត្សរ៍​មុន បាន​ផ្ដោត​តែ​ទៅលើ​ការ​កសាង​ជីវភាព​រស់នៅ​រៀងៗខ្លួន។ ដូច្នេះ ពួកគេ​ហាក់​មិន​សូវ​ផ្ដោត​សំខាន់​លើ​បញ្ហា​នយោបាយ​ឡើយ​នៅ​ពេល​នោះ។

ប៉ុន្តែ នៅទីបំផុត បញ្ហា​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​តាម​មក​រក​ពួកគេ​ដល់​ទី​នេះ ហើយ​ជ្រៀតចូល​ដល់​ក្នុង​សង្គម​សូម្បី​តែ​ក្នុង​ស្ថាប័ន​សាសនា ដោយ​ធ្វើ​ឲ្យ​មាន​ការ​បែងចែក​បក្ខពួក​ខាង​នយោបាយ​និង​វត្តអារាម​ផង​ដែរ។

ពលរដ្ឋ​នៅ​ទីនេះ​ និយាយ​ថា ​អ្នក​ធ្វើ​ចំណាកស្រុក​មក​រស់នៅ​ទី​នេះ​ថ្មីៗ​ក៏​បាន​នាំមក​ជាមួយ​នូវ​ទស្សនៈ​នយោបាយ​ដែល​ពួកគេ​ប្រកាន់ខ្ជាប់​រៀងៗខ្លួន​តាំង​ពី​យូរយារ​មក​ហើយ។

លោក អ៊ូ សុវណ្ណ អគ្គ​កុងស៊ុល​កិត្តិយស​នៃ​រដ្ឋាភិបាល​កម្ពុជា ប្រចាំ​ក្នុង​ទីក្រុង​ឡូវែល​នេះ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ទេ​ជុំវិញ​បញ្ហា​នេះ។

លោក ឱក តុលាយុត្តិ គឺជា​សកម្មជន​នយោបាយ​ម្នាក់ និង​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។

លោក ឱក តុលាយុត្តិ គឺជា​សកម្មជន​នយោបាយ​ម្នាក់ និង​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។

តែ​ទោះជា​យ៉ាង​នេះ​ក្តី លោក ឱក តុលាយុត្តិ តំណាង​ចលនា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ទីក្រុង​ឡូវែល​នេះ មាន​ទស្សនៈ​ផ្សេង​ពី​នេះ។

«អ្នកណា​ក៏​ស្រលាញ់​សង្គម ស្រលាញ់​ជាតិ​ដូចគ្នា។ សូម្បី​តែ​សមាជិក​គណបក្ស​ប្រជាជន​មួយ​ចំនួន​ធំ ដែល​ខ្ញុំ​បាន​ស្គាល់​ហ្នឹង គឺ​ភាគច្រើន​ គាត់​នៅ​ទី​នេះ។ គាត់​មាន​កូន​នៅ​ទី​នេះ។ គាត់​មាន​ក្រុម​គ្រួសារ​នៅ​ទី​នេះ។ គាត់​ចាត់​ទុក​ថា ទី​នេះ​គឺ​ជា​ផ្ទះ គឺ​ជា​ភូមិ​កំណើត​របស់​គាត់​ដូចគ្នា។ អញ្ចឹង​ មិន​មាន​អ្នក​ណា​ម្នាក់​ មាន​គំនិត​ថា មក​បំបែក​បំបាក់​សង្គម​យើង​នៅ​ទី​នេះ​ទេ»។

នៅ​ចុង​ម្ខាង​ទៀត​នៃ​ជញ្ជឹង​នយោបាយ​នេះ លោក ប៉ែន សុខផល ប្រធាន​ចលនា​យុវជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សហរដ្ឋអាមេរិក​នេះ និយាយ​ថា វា​ដល់​ពេល​ដែល​សមាគម​ខ្មែរ ដែល​មិន​មាន​និន្នាការ​នយោបាយ ដើរ​តួ​នាទី​ដឹកនាំ​ក្នុង​ការ​បង្រួបបង្រួម​សហគមន៍​ខ្មែរ​ដែល​មាន​ការ​បែកបាក់​គ្នា​ខាង​នយោបាយ​នេះ​ហើយ។

«ខ្ញុំ​សូម​និយាយ​ប៉ុណ្ណឹង​ថា សូម​ឲ្យ​សមាគម​ខ្មែរ​គិត​គូរ​ឡើងវិញ គឺ​ការ​បោះជំហាន​ចូល​ក្នុង​វិស័យ​នយោបាយ»។

ប៉ុន្តែ​ ការណ៍​នេះ​ទំនង​ដូចជា​មិន​អាច​កើតឡើង​ឡើយ។

លោក ពៅ សុវណ្ណា គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​សមាគម​ខ្មែរ។ លោក​និយាយ​ថា សមាគម​របស់​លោក​ផ្ដោត​តែ​ទៅលើ​បញ្ហា​ផ្សេងៗ​ដែល​ពលរដ្ឋ​ក្នុង​ទីក្រុង​ឡូវែល​ជួប​ប្រទះ ប៉ុន្តែ​ មិន​មែន​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។

«ប្រសិន​បើ​យើង​ផ្ដោត​ខ្លាំង​ទៅលើ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​យើង​មាន​ការ​គោរព​ខ្ពស់​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​នោះ វា​នឹង​ទាញ​ការ​ចាប់​អារម្មណ៍​របស់​យើង​ចេញ​ពី​កិច្ច​ការងារ​ពិត​ប្រាកដ​របស់​យើង​នៅ​ទី​នេះ​ ជាក់ជា​មិនខាន»។

អ្នក​ដឹកនាំ​សហគមន៍​ខ្មែរ​ម្នាក់​ទៀត គឺ​លោក លាង ស៊ីដនី បាន​ប្រៀបធៀប​បរិយាកាស​នយោបាយ​នៅ​ក្នុង​ទីក្រុង​ឡូវែល​នេះ​ ថា​មាន​លក្ខណៈ​ដូចជា​ព្យុះ​ភ្លៀង​មួយ​គ្រាៗ​ប៉ុណ្ណោះ។

លោក លាង ស៊ីដនី ប្រធាន​គម្រោង​ស្តី​អំពី​សិទ្ធិពលរដ្ឋនៃ​មជ្ឈមណ្ឌល​សុខភាព​ពលរដ្ឋ​ឡូវែល រដ្ឋ​ម៉ាសាឈូសេត។

លោក លាង ស៊ីដនី ប្រធាន​គម្រោង​ស្តី​អំពី​សិទ្ធិពលរដ្ឋនៃ​មជ្ឈមណ្ឌល​សុខភាព​ពលរដ្ឋ​ឡូវែល រដ្ឋ​ម៉ាសាឈូសេត។

«អ្នក​ក្រៅ​គេ​ឃើញ​ថា អូ​យើង​ធ្វើ​បាតុកម្ម​អីៗ​អញ្ចឹង ខ្មែរ​យើង​ ច្បាស់​ជា​បែកបាក់​គ្នា​ក្នុង​សង្គម​ឡូ។ តាម​ពិត​ មិនមែន​ទេ។ យើង​ឃើញ​ខ្មែរ​យើង អ្នក​ខ្លះ​គឺ​ថា​នៅ​អង្គុយ​ញ៉ាំ​បាយ​ជាមួយ​គ្នា ប៉ុន្តែ ដូច​ជា​ពេល​ភ្លៀង​ម្តងៗ គឺ​មាន​ន័យ​ថា ពេល​ណា​គេ​យក​ប្រធាន​បទ​ណាមួយ ធ្វើ​ឲ្យ​ទីក្រុង​ឡូ​ ពុះកញ្ជ្រោល គឺ​ពុះ​កញ្ជ្រោល​មែន ព្រោះ​ហេតុអ្វី? នៅ​ក្នុង​ទីក្រុង​ឡូ មាន​គ្រប់​រសជាតិ មាន​ជូរ មាន​ផ្អែម មាន​ប្រៃ មាន​គ្រប់​រសជាតិ»។

ដូច​គ្នា​ដែរ លោក មុំ រ៉ាឌី តំណាងរាស្ត្រ​ប្រចាំ​សង្កាត់​ទី១៨​នៃ​រដ្ឋ​ម៉ាសាឈូសេត ដែល​មាន​ដើម​កំណើត​ខ្មែរ ហើយ​ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​ ធ្វើជាតំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ​នេះ​សម្រាប់​អាណត្តិ​ទី​២​ទៀត​នោះ ក៏​មាន​ទស្សនៈ​ស្រដៀង​គ្នា​នេះ​ដែរ។

«បើ​យើង​យក​តែ​ការ​បែក​បាក់ៗ លើក​យក​មក​និយាយ​ទៀត គឺ​កន្លែង​ហ្នឹង មិន​ត្រូវ​ បាទ អត់​ត្រូវ​ទេ។ ខ្ញុំ​ជឿ​ថា យើង​ត្រូវ​លប់​ពាក្យ​ហ្នឹង​ចេញ។ យើង​ត្រូវ​ថា បងប្អូន​យើង​រួមសាមគ្គី​គ្នា។ ហេតុអ្វី​ ខ្ញុំ​និយាយ​អញ្ចឹង? វត្ត​អារាម​យើង​កសាង គឺ​ដោយ​សារ​សាមគ្គី​គ្នា ហើយ​ប្រសិន​បើ​ប្រជាជន​យើង មាន​រាប់​សិប​ពាន់ ហើយ​យើង​មាន​វត្ត​តែ​មួយ យើង​ចូល​ក្នុង​កម្មវិធី​បុណ្យ​មួយៗ ចូល​អត់​គ្រប់​ផង​ហ្នឹង»។

លោក ខូ តារាឫទ្ធិ ជា​សាស្ត្រាចារ្យ​ខាង​វប្បធម៌ នៅ​មហាវិទ្យាល័យ Middlesex Community College។

លោក ខូ តារាឫទ្ធិ ជា​សាស្ត្រាចារ្យ​ខាង​វប្បធម៌ នៅ​មហាវិទ្យាល័យ Middlesex Community College។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ខូ តារាឫទ្ធិ អតីត​អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Harvard របស់​សហរដ្ឋ​អាមេរិក និង​បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​និង​វប្បធម៌​ខ្មែរ​នៅ​មហាវិទ្យាល័យ​ Middlesex Community College បាន​និយាយ​ថា គណបក្ស​នយោបាយ​និង​អ្នក​គាំទ្រ​គណបក្ស​ទាំង​នោះ គួរ​តែ​ផ្ដោត​ទៅលើ​ការ​ជជែក​គ្នា​ដែល​ផ្ដល់​ប្រយោជន៍ ​ជាជាង​ធ្វើ​ឲ្យ​បែកបាក់​គ្នា​ខាង​នយោបាយ​កាន់​តែ​ខ្លាំង​ជាង​នេះ​ទៀត។

«ខ្ញុំ​ដឹង​ដែរ​ថា​មាន​ការ​ឈ្លោះ​ទាស់ទែង​គ្នា ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់​ទៅ​សហគមន៍​ខ្មែរ​នៅ​ឡូ​ ថា​យើង​ត្រូវ​រៀន​ឈ្លោះ។ ឈ្លោះ​ឲ្យ​មាន​ប្រយោជន៍​ កុំ​ឲ្យ​ឈ្លោះ​ ដើម្បី​ឲ្យ​មាន​ការ​បែកបាក់​តទៅទៀត​អ្ហា៎»។

លោក​បន្ត​ថា ពលរដ្ឋ​កម្ពុជា​កម្សត់​រាប់​ជំនាន់​មក​ហើយ​ដោយសារ​តែ​ការ​បែកបាក់​គ្នា​ខាង​នយោបាយ​នេះ។ ដូច្នេះ លោក​ថា ពលរដ្ឋ​កម្ពុជា​ មិន​ថា​នៅ​ទី​ណា​ទេ គួរ​តែ​រៀន​សូត្រ​ពី​មេរៀន​នេះ ហើយ​មិន​គួរ​បណ្ដោយ​ខ្លួន​ឲ្យ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ហិនហោច​តទៅទៀត​ទេ៕

XS
SM
MD
LG