\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​ខ្មែរ-អាមេរិក៖ ការ​យល់​ឃើញ​របស់​លោក​ហ៊ុន សែន​ថាលោក​ដូណាល់ ត្រាំ​មិន​ខ្វល់ខ្វាយ​ពី​បញ្ហា​កម្ពុជាគឺ​ជា​ការ​យល់​ខុស

  • សាយ មុន្នី

លោក នួន វាសនា គឺជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)

លោក នួន វាសនា គឺជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)

​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​​នៅ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ គាំទ្រ​លោក​ ដូណាល់ ត្រាំ តាំង​ពី​មុន​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​​ម្ល៉េះ។

សកម្មជន​ក្នុង​សហគមន៍​ខ្មែរ-អាមេរិកាំង លើក​ឡើង​ថា ការ​យល់​ឃើញ​របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ថា លោក ដូណាល់ ត្រាំ នឹង​មិន​ខ្វាយខ្វល់​ពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​ការ​យល់​ខុស​មួយ។

លោក នួន វាសនា អតីត​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូវែល នៃ​រដ្ឋ​ម៉ាស្សាឈូសេត ប៉ែក​ឦសាន​សហរដ្ឋ​អាមេរិក បាន​លើកឡើង​បែប​នេះ​ នៅ​ក្នុង​កម្មវិធី​ «Hello VOA» កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ទី​១៤​ ខែ​វិច្ឆិកា​នេះ៖

«លោក​នាយក​រដ្ឋមន្ត្រី​គិត​ថា នឹង​រួច​ខ្លួន និង​អាច​បន្ត​ការ​រំលោភ​សិទ្ធិមនុស្ស និង​បន្ត​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​ដល់​អ្នក​ទោស​ផ្នែក​នយោបាយ ។ល។​ និង ។ល។ ​នោះ​គឺ​ជា​ការ​យល់​ខុស ពីព្រោះ​ទោះបី​ជា​លោក ដូណាល់ ត្រាំ​ ជា​អ្នក​ជំនួញ​មែន តែ​លោក​នឹង​ជួល​បុគ្គលិក​របស់​លោក​ មក​ធ្វើ​ការ​ជាមួយ​ហ្នឹង​គឺ​ជា​អ្នក​ដឹង​នូវ​កិច្ចការ​ការបរទេស​និង​សេដ្ឋកិច្ច»។

លោក​បន្ថែម​ថា៖

«លើ​ពី​ហ្នឹង​ទៀត ខុស​ដោយ​សារ​ថា ព្រឹទ្ធ​សភា​និង​សភា​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ហ្នឹង​ក្នុង​រយៈ​ជាង​១​ឆ្នាំ​មក​នេះ គេ​បាន​ចាប់អារម្មណ៍​ខ្លាំង​ណាស់​នូវ​រឿង​ស្រុក​ខ្មែរ។ រឿង​រដ្ឋាភិបាល​រំលោភ​សិទ្ធិ​មនុស្ស​ រឿង​រដ្ឋាភិបាល​ គាបសង្កត់​ទៅលើ​គណបក្ស​ប្រឆាំង ចាប់​ដាក់​ឃុំ​ឃាំង ជា​អ្នក​ទោស​នយោបាយ ។ល។ និង ។ល។ ម្ល៉ោះ​ហើយ គេ​នឹង​មិន​ព្រងើយ​កន្តើយ​ទេ »។

លោក Donald Trump ប្រធានាធិបតី​ជាប់​ឆ្នោតថ្លែងនៅ​រាត្រី​ថ្ងៃ​បោះឆ្នោត​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​ នៅ​បុរី​ញូវយ៉ក។

លោក Donald Trump ប្រធានាធិបតី​ជាប់​ឆ្នោតថ្លែងនៅ​រាត្រី​ថ្ងៃ​បោះឆ្នោត​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​ នៅ​បុរី​ញូវយ៉ក។

​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំនៅ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ គាំទ្រ​លោក​ ដូណាល់ ត្រាំ តាំង​ពី​មុន​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកម្ល៉េះ។

មេដឹកនាំ​កម្ពុជា ដែល​រង​ការ​រិះគន់​ដោយសារ​ការ​ប្រើ​កណ្ដាប់ដៃ​ដែក​លើ​ក្រុម​ប្រឆាំង​របស់​ខ្លួន​រូប​នេះ ​ក៏​បាន​សរសេរ​សារ​អបអរ​សាទរ​ដល់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណៈ​គឺ​លោក​ ដូណាល់​ ត្រាំ ចំពោះជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​ លើ​គូរ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​គឺ​លោកស្រី ហ៊ីលឡារី គ្លីនតុន ផង​ដែរ។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ ហ្វេសប៊ុក​របស់​លោក​ក្រោយ​ពី​ការ​ប្រកាស​ជ័យ​ជម្នះ​របស់​លោក​ត្រាំ​នៅ​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា​យ៉ាង​ដូច្នេះ​ថា៖

«ប៉ុន្មាន​ថ្ងៃ​មុន នៅ​ពេល​ដែល​ខ្ញុំ​បង្ហាញ​នូវ​ការ​គាំទ្រ​របស់​ខ្ញុំ ចំពោះ ឯកឧត្ដម មាន​មនុស្ស​មួយ​ចំនួន​ បាន​ចេញ​មក​វាយ​ប្រហារ​ខ្ញុំ រហូត​ចោទ ឯកឧត្តម ថា​ជា​មនុស្ស​ផ្ដាច់​ការ​ទើប​មាន​មនុស្ស​ដូច​ខ្ញុំ​ទៅ​គាំទ្រ។ ពេល​នេះ​អ្វីៗ​ច្បាស់​ហើយ​ គឺ​ប្រជាជន​អាមេរិក ត្រូវការ​ឯកឧត្ដម​ដឹកនាំ​ ហើយ​ការ​គាំទ្រ​របស់ខ្ញុំ ក៏​មិន​ខុស​ដែរ»។

លោក ហ៊ុន សែន ក៏​បាន​ធ្វើ​អត្ថាធិប្បាយ​ផង​ដែរ​ថា ការ​ឈ្នះ​របស់​លោក​ ត្រាំ នឹង​ធ្វើ​ឲ្យ​ពិភព​លោក មាន​សន្តិភាព​ជាង​មុន ដោយសារ​ប្រធានាធិបតី​ជាប់​ឆ្នោត​រូប​នេះ គឺ​ជា​អ្នក​ជំនួញ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​វិភាគ​និង​សកម្មជន​មួយ​ចំនួន​ដូច​ជា​លោក​ នួន វាសនា​ជាដើម មើល​ឃើញ​ថា ការ​ឈ្នះ​ឆ្នោត​របស់​ត្រាំ នឹង​មិន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ងាក​ចេញ​ពី​ការ​ចាប់អារម្មណ៍​ទៅ​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួម​ទាំង​កម្ពុជា​ផង ​នោះ​ទេ។

«លោក​នាយក​រដ្ឋមន្ត្រី​យើង គិត​ថា លោក​ ដូណាល់ ត្រាំ ​មិន​ខ្វល់ខ្វាយ​ពី​រឿង​ហ្នឹង​ទេ ដោយ​សារ​ភាសា​របស់​លោក​ដែល​បាន​និយាយ​ថា លោក​នឹង​មិន​លូកដៃ​ជ្រៀតជ្រែក​រឿង​កិច្ច​ការ​បរទេស​ទេ​ ប៉ុន្តែ អ្វី​ដែល​តំណាងរាស្ត្រ​សភា​សហព័ន្ធ​សហរដ្ឋអាមេរិក ថ្កោលទោស​លើ​ការ​ប្រើ​អំពើ​ហិង្សា​ផ្នែក​នយោបាយ ថ្កោល​ទោស​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចង់​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ ចង់​ឲ្យ​ស្រុក​ខ្មែរ​ គោរព​សិទ្ធិ​សេរីភាព​អី​ហ្នឹង គេ​នឹង​មិន​ព្រងើយ​កន្តើយទេ។ សហរដ្ឋ​អាមេរិក តែ​កាលណា​គេ​និយាយ​ហើយ គឺ​គេ​នឹង​ធ្វើ​ហើយ»។

សភា​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​សម្រេច​លេខ​៧២៨ ទទូច​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​នៅ​កម្ពុជា ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន បញ្ឈប់​ការ​យាយី​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង និង​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​និង​មន្ត្រី​សិទ្ធិមនុស្សដែល​ជាប់ពន្ធនាគារ​ឬ​មន្ទីរ​ឃុំឃាំង​ជាដើម។

សេចក្ដី​សម្រេច​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធានា​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ដែរ។

លោក នួន វាសនា ដែល​បច្ចុប្បន្ន​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ការិយាល័យ​អភិបាល​រដ្ឋ​ម៉ាស្សាឈូសេតផង​ដែរ​នោះ បាន​ថ្លែង​ថា លោក​រំពឹង​ថា រដ្ឋសភា​និង​ព្រឹទ្ធសភាសហព័ន្ធ​សហរដ្ឋ​អាមេរិក នឹង​បន្ត​ការ​អង្កេត​មើល​លើ​បញ្ហាក្នុង​ប្រទេស​កម្ពុជា​នេះ​តទៅមុខ​ទៀត។

«យើង​ក៏​រំពឹង​លើ​យុវជន​និង​យុវនារី​ខ្មែរ​ក្នុង​ស្រុក​ខ្មែរ​សព្វថ្ងៃ​ដែរ​គឺ​ថា ត្រូវ​តែ​បន្ត​ការ​តស៊ូ​មតិ ពីព្រោះ​អី យើង​ត្រូវ​ជួយ​ខ្លួន​យើង​ផង មុន​នឹង​ឲ្យ​គេ​ជួយ​យើង »៕

XS
SM
MD
LG