\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ពី​បទ​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម


រូបឯកសារ៖ លោក ហុង សុខហួរ (ស្តាំ) សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម ​រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ ត្រូវបាន​ប៉ូលិស​នាំ​ខ្លួន​ចូលសាលាដំបូងរាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។ នៅថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូង​រាជធានីភ្នំពេញ​បាន​ចេញ​សាលក្រម​កាត់ទោស​លោក ហុង សុខហួរ ឲ្យ​ជួប​ពន្ធនាគារ​រយៈពេល​៧ឆ្នាំ។

រូបឯកសារ៖ លោក ហុង សុខហួរ (ស្តាំ) សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម ​រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ ត្រូវបាន​ប៉ូលិស​នាំ​ខ្លួន​ចូលសាលាដំបូងរាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។ នៅថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូង​រាជធានីភ្នំពេញ​បាន​ចេញ​សាលក្រម​កាត់ទោស​លោក ហុង សុខហួរ ឲ្យ​ជួប​ពន្ធនាគារ​រយៈពេល​៧ឆ្នាំ។

លោក ហុង សុខហួរ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​ឆ្នាំ២០១៥ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ឯកសារ​មួយ​ស្ដីពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​លើ​ទំព័រ Facebook របស់​លោក សម រង្ស៉ី ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​ជា​ឯកសារ​ក្លែងក្លាយ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ បាន​សម្រេច​ផ្ដន្ទាទោស​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម ​រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ចំពោះ​បទល្មើស​ចំនួន​បី​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​សាធារណៈ។

លោក ហុង សុខហួរ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​ឆ្នាំ២០១៥ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ឯកសារ​មួយ​ស្ដីពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​លើ​ទំព័រ Facebook របស់​លោក សម រង្ស៊ី ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​ជា​ឯកសារ​ក្លែងក្លាយ។

ការ​ចាប់​ខ្លួន​លោក ហុង សុខហួរ ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​ចោទ​ថា លោក ហុង សុខហួរ បាន​ក្លែង​ឯកសារ​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ថា​ជា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

នា​រសៀល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​នេះ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ប្រកាស​សាលក្រម​សម្រេច​ដាក់ទោស​លោក ហុង សុខ​ហួរ ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៧​ឆ្នាំ​ដោយ​មិន​មាន​ប្រាក់​ពិន័យ ខណៈ​ពេល​ការ​ប្រកាស​នោះមិន​មានវត្តមាន​ជន​ជាប់​ចោទ និង​ក្រុម​មេធាវី។

តុលាការ​ចោទ​ប្រកាន់ លោក ហុង សុខហួរ​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ចំនួន​បី​បទល្មើស គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ការ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៦២៩ មាត្រា​៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហុង សុខហួរ។

លោក ជួង ជូងី ប្រាប់​ VOA ​ថា តុលាការ​សម្រេច​សាលក្រម​កាត់​ទោស​កូន​ក្ដី​របស់​លោក​ដោយ​អយុត្តិធម៌ ដោយសារ​ក្នុង​ពេល​សវនាការ​កន្លង​មក​ តុលាការ​មិន​បាន​ប្រើប្រាស់​អ្នក​ជំនាញ និង​ភស្តុតាង​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹងសំណុំ​រឿង​កូន​ក្តី​លោក​មក​ស៊ើប​អង្កេត។

«លទ្ធផល​ចោទ​កូន​ក្តី​ខ្ញុំ​ថា​ក្លែង​សន្ធិ​សញ្ញា ប៉ុន្តែ​អត់​យក​អ្នកណា​ដែល​មាន​ចំណេះ​ដឹង​គួរ​សម​ផ្នែក​សន្ធិសញ្ញា​មក​បំភ្លឺ​នៅ​តុលាការ​ ហើយ​ចោទ​កូន​ក្ដី​ខ្ញុំ​ថា​ប្រព្រឹត្ត​បទ​ល្មើស​តាម​អ៊ីនធឺណិត ប៉ុន្តែ​អត់​បាន​ភ្ជាប់​អ៊ីនធឺណិត​ក្នុង​ពេល​ស៊ើបអង្កេត ហើយ​ក៏​ដូច​ពេល​សវនាការ។ អញ្ចឹងការ​កាត់​ក្ដី​ហ្នឹង​ អត់​អាច​ផ្ដល់​យុត្តិ​ធម៌​ឲ្យ​លោក ហុង​ សុខហួរ បាន​ទេ»។

លោក ជូង ជូងី បន្ថែម​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក​ដើម្បី​ប្ដឹង​មិន​សុខចិត្ត​ទៅ​សាលាឧទ្ធរណ៍​ជា​បន្ត។

VOA មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ចៅក្រម រស់ ពិសិដ្ឋ បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក អំ សំអាត ​ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ (Licadho) ប្រាប់ VOA ថា​សវនាការ​លើ​ លោក ហុង សុខហួរ កន្លង​មក ​មាន​ភាព​ខ្វះ​ចន្លោះ​ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​ភស្តុតាង​ដើម្បី​ដោះ​បន្ទុក ដែល​ជាហេតុ​ធ្វើ​ឲ្យ​សាធារណៈ​មតិ​យល់​ឃើញ​ថា​ ការ​ចោទ​ប្រកាន់ និង​ការ​កាត់​ទោស​លើ​លោក ហុង សុខហួរ មិន​មាន​ភាព​យុត្តិធម៌។

«វា​នៅ​ត្រង់​មួយ​ដែល​ចៅ​ក្រម​គាត់​បដិសេធ​ក្នុង​ការ​បង្ហាញ​នូវ​ភស្តុតាង​ដោះ​បន្ទុក​របស់​មេធាវី​របស់​ឯកឧត្តម​ ហុង សុខហួរ​ តាម​ផ្លូវ​ច្បាប់ ​វា​ត្រូវ​តែអនុញ្ញាត​ដើម្បី​ឲ្យ​មាន​ការ​បង្ហាញ​ភស្តុតាង​ដោះបន្ទុក និង​ដាក់​បន្ទុក ដើម្បី​ឲ្យ​ចៅក្រម​លោក​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់ ហើយ​និង​សម្រេច​លើ​សាលក្រម​មួយ​វា​មាន​ភាព​យុត្តិធម៌។ អញ្ចឹង​ឲ្យ​វា​មាន​ការ​ទទួល​យក​បាន​ទាំង​អស់​គ្នា។​ បើសិនជា​មេធាវីមិន​បាន​បង្ហាញ​នូវ​ភស្តុតាង​ដោះ​បន្ទុក​ណាមួយ​គ្រប់គ្រាន់​ទេ អា​ហ្នឹង​ភាព​ខ្វះ​ចន្លោះ​នៃ​ភាព​យុត្តិធម៌ ​វា​ត្រូវ​បាន​បាត់​ទៅ​តាម​ហ្នឹង​ដែរ»។

លោក ហុង សុខហួរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ ហើយ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ តាំង​ពី​ពេល​នោះ​មក។ ​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល​ក៏​បាន​ច្រាន​ចោល​ការ​ស្នើសុំ​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦​កន្លង​ទៅ​ដែរ៕

XS
SM
MD
LG