\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេចក្តី​ស្នើ​ច្បាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ទទួល​ការ​គាំទ្រ​ពី​អ្នកបោះឆ្នោត​នៅ​កាលីហ្វញ៉ា

  • ម៉ែន គឹមសេង

រូបឯកសារ៖ ​លោក​ Alan Lowenthal ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​បាតុករ​ដែល​មក​ពី​រដ្ឋ​នានា​នៃ​​សហរដ្ឋ​អាមេរិក ដែល​កំពុង​តែ​ជួបជុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឱ្យ​មាន​​​អន្តរាគមន៍​បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​កម្ពុជា នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។

រូបឯកសារ៖ ​លោក​ Alan Lowenthal ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​បាតុករ​ដែល​មក​ពី​រដ្ឋ​នានា​នៃ​​សហរដ្ឋ​អាមេរិក ដែល​កំពុង​តែ​ជួបជុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឱ្យ​មាន​​​អន្តរាគមន៍​បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​កម្ពុជា នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។

ក្នុង​ចំណោម​សេចក្តី​ស្នើ​ច្បាប់​ចំនួន​១៧ ​ដែល​បាន​ដាក់​​​ឱ្យ​អ្នក​បោះឆ្នោត​សម្រេច​ក្នុង​ពេល​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ គឺ​មាន​សេចក្តី​ស្នើ​ច្បាប់​លេខ​៥៥ និង​៥៧​ដែល​សមាគម​សកម្មភាព​យុវនារី​ខ្មែរ​ (Khmer Girls in Action) ​ខិតខំ​ជំរុញ​យ៉ាង​ខ្លាំង។

អ្នក​បោះឆ្នោត​នៅ​រដ្ឋ​កាលីហ្វញ៉ា​បាន​យល់​ព្រម​ដោយ​សំឡេង​ភាគច្រើន​លើ​សេចក្តី​ស្នើ​ច្បាប់​ចំនួនពីរ​ដែល​សកម្មជន​សហគមន៍​ខ្មែរ​នៅ​ទីក្រុងឡុងប៊ិច​យល់​ថា​ នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការ​អប់រំ​ និង​ផ្លូវច្បាប់​ដែល​យុវជន​ខ្មែរ​អាមេរិកាំង​កំពុង​ជួប​ប្រទះ។ ​

ក្នុង​ចំណោម​សេចក្តី​ស្នើ​ច្បាប់​ចំនួន​១៧ ​ដែល​បាន​ដាក់​ឱ្យ​អ្នក​បោះឆ្នោត​សម្រេច​ក្នុង​ពេល​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ គឺ​មាន​សេចក្តី​ស្នើ​ច្បាប់​លេខ​៥៥ និង​៥៧​ដែល​សមាគម​សកម្មភាព​យុវនារី​ខ្មែរ​ (Khmer Girls in Action) ​ខិតខំ​ជំរុញ​យ៉ាង​ខ្លាំង។

សេចក្តី​ស្នើ​ច្បាប់​លេខ​៥៥​សម្រាប់​រដ្ឋ​កាលីហ្វញ៉ា​នេះ​ គឺ​ពាក់ព័ន្ធ​នឹង​ការ​ដក​ហូត​យក​ពន្ធ។ អ្នកបោះឆ្នោត​បាន​យល់ព្រម​គាំទ្រ​ដល់​ការ​ពន្យា​ការ​បង្កើន​ពន្ធ​លើ​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែល​មាន​ចំណូល​លើ​ស​ពី​២៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​យក​ថវិកា​មក​ជួយ​ឧបត្ថម្ភ​ដល់​វិស័យអប់រំ ​និង​សុខាភិបាល។

រីឯ​សេចក្តី​ស្នើ​ច្បាប់​លេខ៥៧​សំដៅ​លើ​ការ​បន្ធូរបន្ថយ​ទោស​ដល់​អនីតិជន​ និង​ជនល្មើស​ស្ថិត​ក្នុង​សំណុំ​រឿង​អហិង្សា។ អ្នក​បោះឆ្នោត​ក៏​បាន​យល់ព្រម​គាំទ្រ​ដល់​ការ​បង្កើន​ការបន្ធូរ​បន្ថយ​ទោស​ និង​ឱកាស​ចេញពី​ពន្ធនាគារ​បាន​ឆាប់​សម្រាប់​ទណ្ឌិត​ក្នុង​សំណុំ​រឿង​មិន​ហិង្សា​បើសិន​ជា​ជន​នោះ ​បាន​ប្រព្រឹត្ត​ល្អ​ក្នុង​ពេល​ជាប់ទោស ​និង​ទីពីរ​អនុញ្ញាត​ឱ្យ​ចៅក្រម​ជា​អ្នក​សម្រេច​ថា​ ត្រូវ​កាត់ទោស​អនីតិជន​ខ្លះ​ដូច​មនុស្ស​ពេញវ័យ​ដែរ​ឬ​យ៉ាងណា។ កាល​ពី​មុន​គឺ​ក្រុមរដ្ឋ​អាជ្ញា​ជា​អ្នក​សម្រេច។

នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​សកម្មជន​សហគមន៍​ ដោយ​សារ​ពួកគេ​បាន​ធ្វើ​យុទ្ធនាការ​យ៉ាង​សកម្ម​ មុន​ពេល​បោះឆ្នោត​ដើម្បី​ឱ្យ​មាន​ការ​គាំទ្រ។

លោកស្រី​ Sophya Chhiv ​នាយិកា​កម្មវិធី​នៃ​សមាគម​សកម្មភាព​យុវនារី​ខ្មែរ​យល់​ថា ច្បាប់​ទាំងពីរ​នេះ​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​នឹង​គ្នា ​ដោយ​សារ​តែ​ប្រព័ន្ធ​អប់រំ​មិន​មាន​លក្ខណៈ​អនុគ្រោះ​ដល់​សិស្ស​ ដែល​មាន​បញ្ហា​ដោយ​មិន​គិត​ដល់​កង្វះខាត​ជំនួយ​ដែល​សិស្ស​ទាំងនោះ​ជួបប្រទះ​ក្នុង​សង្គម​ និង​គ្រួសារ​ទេ។

«ច្បាប់​នេះ​នឹង​មាន​ផលប៉ះពាល់​ដល់​មនុស្ស​ជាច្រើន​នៅក្នុង​សហគមន៍​របស់​យើង ដែល​បាន​ជាប់​ពន្ធនាគារ​ ឬ​ក៏​បោះបង់​ចោល​ការ​សិក្សា​ ឬ​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​សាលា​រៀន​ ឬ​មិន​អាច​បន្ត​ការ​សិក្សា​ទៅ​ឧត្តម​សិក្សា​បាន​ដោយ​សារ​តែ​ប្រព័ន្ធ​សិក្សា»។​

យុវជន​ខ្មែរ​ជាច្រើន​បាន​បោះបង់​ចោល​ការ​សិក្សា​ និង​គេច​មិន​ចូល​សាលារៀន​នៅ​ទីក្រុង​ឡុងប៊ិច​នេះ។ ​សាលារៀន​កម្រិត​វិទ្យាល័យ​ភាគច្រើន​មាន​អត្រា​សិស្ស​គេច​មិន​ចូល​សាលា​រហូតលើស​ពី​៧០​ភាគរយ​ហើយ​កម្រិត​នៃ​ភាព​ក្រីក្រ​នៅក្នុង​ទីក្រុង​នេះ​ក៏​មាន​ខ្ពស់ ​ដោយ​យុវជន​ពាក់កណ្តាល​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ ។ នេះ​បើ​តាមការ​ស្រាវជ្រាវ​របស់​អង្គការ​សកម្មភាព​យុវនារី​ខ្មែរ។

រដ្ឋ​កាលីហ្វញ៉ា​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅច្រើន​ជាងគេ​បំផុត​ ដោយ​មាន​ចំនួន​ជាង​៨ម៉ឺននាក់ ក្នុង​នោះ​ចំនួន​ជាង​២ម៉ឺន​នាក់​រស់​នៅក្នុង​ទីក្រុង​ឡុងប៊ិច។ អត្រា​នៃ​ភាព​ក្រីក្រ​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីនេះ​មាន​ចំនួន​ខ្ពស់​ ដោយ​មាន​ចំនួន​៣៦​ភាគរយ​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។

បើ​ទោះបី​ជា​ឱពុក​ម្តាយ​របស់​គេ​រំពឹង​ថា​ ការ​សិក្សា​របស់​កូនៗ​គឺជា​ច្រក​មួយ​ចេញ​ផុត​ពីភាព​ក្រីក្រ​ ប៉ុន្តែ​តួលេខ​ចុងក្រោយ​បង្ហាញ​ថា​ មាន​សិស្ស​ខ្មែរ​អាមេរិកាំង​ប្រហែល​ជា​៣៧​ភាគរយ​មាន​ចំណេះ​ទាប​ជាង​ការអប់រំ​ថ្នាក់​ទី​៩។ ​ហើយ​មាន​តែ​៤១​ភាគរយ​មាន​សញ្ញាបត្រ​មធ្យមសិក្សា​៩ភាគរយ​មាន​សញ្ញាបត្រ​បរិញ្ញា​ និង​មានតែ​២ភាគរយ​ប៉ុណ្ណោះ​មាន​សញ្ញាបត្រ​ឯកទេស។ នេះ​បើតាម​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០១១​ដោយ​អង្គការ​សកម្មភាព​យុវនារី​ខ្មែរ។

ការ​យល់​ព្រម​របស់​អ្នក​បោះឆ្នោត​លើ​សេចក្តី​ស្នើ​ច្បាប់​លេខ​៥៧​ មាន​ន័យ​ថា​ ចៅក្រម​នឹង​ធ្វើការ​សម្រេច​ថា ​ត្រូវ​កាត់​ទោស​អនីតិជន​នៅក្នុង​តុលាការ​ក្នុង​នាម​ជា​អនីតិជន ​ឬ​ដូចជា​មនុស្ស​ពេញ​វ័យ។

លោកស្រី​ Sophya Chhiv ​យល់​ថា ពេល​មាន​ចៅក្រម​ដែល​យល់​ដឹង​ពី​អនីតិជន​ទាំងនោះ​គឺជា​ការ​សំខាន់ ​ព្រោះ​ក្មេង​ដែល​មាន​បញ្ហា​ក្នុង​ការសិក្សា​ និង​គ្រួសារ​ត្រូវ​ការ​ជំនួយ​ក្នុង​ការ​អប់រំ​កែប្រែ​ ជា​ជាង​ការ​ដាក់​ទោសទណ្ឌ។

«សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​មានការ​ខុសប្លែក​ ដោយ​សារតែ​ចៅក្រម​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​នឹង​យុវជន​ ហើយ​អាច​ធ្វើ​សេចក្តី​សម្រេច​នឹង​កាត់​ទោស​ពួកគេ​តាម​វិធី​មួយ​ដែល​ជួយ​ដល់​ពួកគេ‍»។​

ពលរដ្ឋ​ខ្មែរ​នៅក្នុង​សហគមន៍​នេះ​មួយ​ចំនួន​បាន​ប្រព្រឹត្ត​ខុស​ ហើយ​ត្រូវ​ទទួល​ទោស​ទណ្ឌ​និង​អ្នក​ខ្លះ​ទៀត​ត្រូវ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ទៅ​ប្រទេស​កម្ពុជា។​ ការ​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា​ យុវជន​ខ្មែរ​អាមេរិកាំង​ជាង​៣០​ភាគរយ​មាន​សមាជិក​ក្រុម​គ្រួសារ​ ឬ​ស្គាល់​មនុស្ស​ក្នុង​សហគមន៍​របស់​គេ​ ដែល​ត្រូវ​បណ្តេញ​ចេញ​ពីសហរដ្ឋ​អាមេរិក។

រហូត​មក​ដល់​ដើមឆ្នាំ​២០១៦​នេះ​ មាន​អ្នកទោស​កម្រិត​ស្រាល​ប្រហែល​ជា​២៥០០០នាក់​ ដែល​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​អាច​ស្នើសុំ​ឱ្យ​ដោះលែង​មុន​កាល​កំណត់​ និង​ការ​សម្រាលទោស​នៅ​ក្រោម​សេចក្តីស្នើ​ច្បាប់​ថ្មីនេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ។​

ការ​ដាក់​ឱ្យ​អ្នក​បោះឆ្នោត​សម្រេច​លើ​សេចក្តី​ស្នើច្បាប់​លេខ​៥៧នេះ​គឺ​ជា​យុទ្ធនាការ​មួយ​របស់​លោក​អភិបាល​រដ្ឋ​ Jerry Brown ក្នុងការ​កាត់​បន្ថយ​ចំនួន​អ្នកទោស​ដើម្បី​អាច​សន្សំ​ថវិកា​សម្រាប់​រដ្ឋ​ផង​ដែរ។

ច្បាប់​នេះ​នឹង​បង្កើន​ពិន្ទុ​សម្រាប់​អ្នក​ទោស​ណា​ ដែល​បាន​បញ្ចប់​កម្មវិធី​ស្តារនីតិ​សម្បទារ​ឡើង​វិញ​ អនុញ្ញាត​ឱ្យ​អ្នក​ទោស​ក្នុង​សំណុំរឿង​មិន​ហិង្សា​ស្នើ​សុំ​ការ​លើកលែង​ទោស​ បន្ទាប់​ពី​បាន​បំពេញ​ទោស​អប្ប​បរិមា​ ហើយ​តម្រូវ​ឱ្យ​ចៅក្រម​សម្រេច​ថា​ តើ​អនីតិជន​ដែល​មាន​អាយុ​១៤​ឆ្នាំ​ អាច​ត្រូវ​យក​មក​កាត់​ទោស​ក្នុង​តុលាការ​ ដូចមនុស្ស​ចាស់​ឬ​យ៉ាង​ណា។

ក្រៅពី​សេចក្តី​ស្នើ​ច្បាប់​ដ៏សំខាន់​ទាំងពីរ​នេះ​ សកម្មជន​សហគមន៍​ដទៃ​ទៀត​ដូច​ជា​អ្នកស្រី​ ណាវ៉ាន ចិត្រ ​បាន​និយាយ​ដល់​សេចក្តី​ស្នើ​ច្បាប់​លេខ​៦៣​ដែល​ទាមទារ​ឱ្យ​មាន​ការ​គ្រប់គ្រង​គ្រាប់​អាវុធ​ជាតិ​ផ្ទុះ​ ដោយ​ត្រូវ​ពិនិត្យ​មើល​ប្រវត្តិរូប​អ្នក​មក​ទិញ​អាវុធ​ឱ្យ​បាន​ដិតដល់។

«រឿង​កាំភ្លើង​គឺ​យើង​ដឹង​ហើយ​នៅស្រុក ​យើង​វា​មាន​បញ្ហា​ពួកអាយស៊ីស​ម្ល៉ោះ​ហើយ​គេ​ចង់​ត្រួត​ពិនិត្យ​មើល​។ នេះ​ឈ្នះដែរ​។ ខ្ញុំ​គូស​ហ្នឹង​ឈ្នះដែរ​។ វា​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ការពារ​ក្រុម​របស់​យើង‍»។​

អ្នកស្រី​ ណាវ៉ាន ចិត្រ ​និង​សកម្មជន​សហគមន៍​មួយ​ចំនួន​ទៀត ​បាន​ចូលរួម​គាំទ្រ​លោក​ អាឡាំង ឡូវិនថល (Alan Lowenthal) ជា​អ្នក​តំណាង​រាស្រ្ត​ប្រចាំ​សង្កាត់​លេខ​៤៧​ ឱ្យ​បាន​ជាប់​ឆ្នោត​ឡើង​វិញ​ ដោយ​ពួកគេ​យល់​ថា ​លោក​នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ដែល​បាន​លើក​ឡើង​ខាង​លើ​ និង​បញ្ហា​ផ្សេង​ទៀត​ដែល​សហគមន៍​ជួប​ប្រទះ និង​បញ្ហា​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។ លោកស្រី​បាន​បន្ថែមទៀត​ថា​៖

«ពួក​យើង​ដែល​ជា​ក្រុម​ការងារ​របស់​យើង​ក៏​ត្រេកអរ​ដែល​បាន​លោក​ Alan Lowenthal ​គាត់​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​សារ​ជាថ្មី​ ហើយ​ពួក​យើង​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​នេះ ​ហើយ​នឹង​ជិត​ទីក្រុង​ឡុងប៊ិច​ទាំង​ប៉ុន្មាន​ហ្នឹង​តែងតែ​គាំទ្រ​លោក​ Alan Lowenthal ​ពី​រឿង​ដែល​គាត់​ធ្វើ​រឿង​ HR 728‍»។

សេចក្តី​សម្រេច​លេខ​ HR 728 នេះ​ នឹង​ជួយ​គាំទ្រ​ដល់​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

បើ​ទោះ​បី​ជា​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​លើក​នេះ​បាន​នាំ​ឱ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​សមាជិក​ខ្លះ​នៃ​សហគមន៍​ខ្មែរ​នៅ​តាម​រដ្ឋ​នានា​ដែល​ពួកគេ​រស់​នៅ​ច្រើន​ដូច​ជា​នៅរដ្ឋ​ Pennsylvania, Massachusetts, Washington, Minnesota, និង​ Rhode Island ដោយសារ​លោកស្រី​ ហ៊ីលឡារី គ្លីនតុន​ មិន​បាន​ឈ្នះ​តំណែង​ប្រធានាធិបតី​។

ប៉ុន្តែ​ការ​ជួយ​ឱ្យ​អ្នក​តំណាងរាស្ត្រ​របស់​គេ​ជាប់​ឆ្នោត​ឡើងវិញ និង​បញ្ហា​ប្រឈម​នៅក្នុង​មូលដ្ឋាន​ដែល​អ្នក​បោះឆ្នោត​បាន​យល់​ព្រម គឺ​ជា​ការ​ជួយ​ដោះស្រាយ​ដោយ​ផ្ទាល់​ចំពោះ​ការ​លំបាក​ដែល​ពួកគេ​ជួប​ប្រទះ​ផងដែរ៕

XS
SM
MD
LG