ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​នៅ​ឡុងប៊ិច​សុំ​ឱ្យ​អ្នក​បោះឆ្នោត​ផ្តោត​លើ​បញ្ហា​នៅ​មូលដ្ឋាន


រូបឯកសារ៖ ពលរដ្ឋ​ខ្មែរអាមេរិកាំង​វ័យ​ចំណាស់​ចូលរួម​​សិក្ខាសាលាមួយនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា កាលពី​ឆ្នាំ២០១៥។
រូបឯកសារ៖ ពលរដ្ឋ​ខ្មែរអាមេរិកាំង​វ័យ​ចំណាស់​ចូលរួម​​សិក្ខាសាលាមួយនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា កាលពី​ឆ្នាំ២០១៥។

ការ​បោះឆ្នោត​ប្រធានាធិបតី​ និង​សភា​ជាតិ​នឹង​រៀបចំឡើង​នៅថ្ងៃទី​៨ ខែ​វិច្ឆិកា​ខាងមុខ​នេះ ដោយ​មាន​លោកស្រី ហ៊ីល្លីរី គ្លីនតុន (Hillary Clinton) ជា​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ​និង​លោក​ ដូណល់ ត្រាំ​ (Donald Trump) មកពី​គណបក្ស​សាធារណរដ្ឋ។

ចាប់​តាំងពី​ខែ​កញ្ញា​មក​បុគ្គលិក និង​អ្នក​ស្ម័គ្រចិត្ត​នៃ​អង្គការ​ Khmer Girls in Action ​បាន​ទូរស័ព្ទ និង​ចុះ​ទៅ​ជួប​សមាជិក​សហគមន៍​ខ្មែរ​អាមេរិកាំង​ជាច្រើន​នៅក្នុង​ទីក្រុង​ឡុងប៊ិច​ ដើម្បី​បញ្ចុះបញ្ចូល​ពួកគេ​ឱ្យ​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​ចំនួន​ពីរ​ដែល​ពួកគេ​យល់​ថា​ នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​សហគមន៍​ជួប​ប្រទះ។​

លោកស្រី​ Sophya Chhiv នាយិកាកម្មវិធី នៃ​អង្គការ​ Khmer Girls in Action បាន​បញ្ជាក់​ប្រាប់​ VOA ថា៖​

«ការ​បោះឆ្នោត​នេះ​ធំ​ណាស់​ ហើយ​គេ​ផ្តោត​ខ្លាំង​តែ​លើ​ការ​ពិភាក្សា​របស់​បេក្ខជន​ប្រធានាធិបតី​ និង​ផ្នែក​ផ្សេង​ទៀត​នៃ​ការ​បោះឆ្នោត​ ហើយ​គេ​ភ្លេច​អំពី​សេចក្តី​ស្នើ​ច្បាប់​នានា​ និង​សារៈសំខាន់​នៃ​ច្បាប់​នេះ​ និង​ផល​ប៉ះពាល់​ដែល​វា​មាន​មក​លើ​សហគមន៍​នានា​ដែល​មិន​មែន​ស្បែកស​ ជាពិសេស​សហគមន៍​ខ្មែរ‍»។

​អ្នក​បោះឆ្នោត​នៅរដ្ឋ​កាលីហ្វ័រញ៉ា​នឹង​ត្រូវ​គូស​សម្រេច​ថា​«យល់ព្រម»​ឬ​«បដិសេធ‍»​លើ​សេចក្តី​ស្នើច្បាប់​ជាច្រើន​ ជា​ការ​បន្ថែម​ទៅ​នឹង​ការ​ជ្រើសរើស​ប្រធានាធិបតី​ និង​អនុ​ប្រធានាធិបតី​ និង​អ្នក​តំណាងរាស្ត្រ។ ក្នុង​ចំណោម​សេចក្តី​ស្នើ​ច្បាប់​ជាច្រើន​ គឺ​សេចក្តី​ស្នើច្បាប់​លេខ​៥៥ និង​៥៧​ ដែល​សកម្មជន​នៃ​អង្គការ​ Khmer Girls in Action កំពុង​ធ្វើ​យុទ្ធនាការ​ឱ្យ​មាន​ការ​គាំទ្រ។

សេចក្តី​ស្នើ​ច្បាប់​លេខ​៥៥​សម្រាប់​រដ្ឋ​កាលីហ្វ័រញ៉ា​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ដក​ហូត​យក​ពន្ធ។ ពេល​ដែល​ពលរដ្ឋ​គូស​យល់ព្រម​គឺ​មាន​ន័យ​ថា​ គាំទ្រ​ដល់​ការ​ពន្យា​ការ​បង្កើន​ពន្ធ​លើ​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​សម្រាប់​អ្នក​ដែល​មាន​ចំណូល​លើស​ពី​២៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​យក​ថវិកា​មក​ជួយ​ឧបត្ថម្ភ​ដល់​វិស័យ​អប់រំ ​និង​សុខាភិបាល។ បើ​បោះឆ្នោត​មិន​យល់​ព្រម​ទេ​ ការ​បង្កើន​ការ​យក​ពន្ធ​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៩។

លោកស្រី​ Sophya Chhim បាន​បញ្ជាក់​បន្ថែម​ថា៖

«ហើយ​ដោយ​ដឹង​ថា​សេចក្តី​ស្នើ​ច្បាប់​នេះ​គឺ​ជា​ការ​ពន្យា​នៃ​ច្បាប់​ពន្ធ​ វា​នឹង​ជួយ​សហគមន៍​ និង​យុវជន​របស់​យើង​បាន​ច្រើន​លើ​ផ្នែក​ជួយ​ឱ្យ​រៀន​បាន​ចប់​មធ្យម​សិក្សា​និង​បន្ត​រហូត​ដល់​ឧត្តម​សិក្សា។ ដូច្នេះ នេះ​គឺជា​ផល​ប្រយោជន៍​ដែល​មាន​លើ​សហគមន៍​របស់​យើង‍»។​

សេចក្តី​ស្នើ​ច្បាប់​លេខ​៥៧​សំដៅ​លើ​ការ​បន្ធូរបន្ថយ​ទោស​ដល់​អនីតិជន​ និង​ជនល្មើស​ស្ថិត​ក្នុង​សំណុំ​រឿង​អហិង្សា។ បើ​អ្នក​បោះឆ្នោត​យល់ព្រម​គឺ​គាំទ្រ​ដល់​ការ​បង្កើន​ការ​បន្ធូរបន្ថយ​ទោស​ និង​ឱកាស​ចេញ​ពី​ពន្ធនាគារ​បាន​ឆាប់​សម្រាប់​ទណ្ឌិត​ក្នុង​សំណុំ​រឿង​មិន​ហិង្សា​ បើ​សិន​ជា​ជន​នោះ​បាន​ប្រព្រឹត្ត​ល្អ​ក្នុង​ពេល​ជាប់ទោស និង​ទីពីរ​អនុញ្ញាត​ឱ្យ​ចៅក្រម​ជា​អ្នក​សម្រេច​ថា​ ត្រូវ​កាត់​ទោស​អនីតិជន​ខ្លះ​ដូច​មនុស្ស​ពេញ​វ័យ​ដែរ​ឬ​យ៉ាងណា។ ហើយ​បើ​មិន​យល់​ព្រម​វិញ​ គឺ​រក្សា​ទុក​ច្បាប់​នេះ​ដដែល​ ហើយ​ឱ្យ​រដ្ឋ​អាជ្ញា​ជា​អ្នក​កំណត់​កម្រិត​នៃ​ការ​កាត់​ទោស​អនីតិជន។

លោកស្រី​ Sophya Chhim ​បាន​បន្ថែម​ថា៖

«ដោយ​មាន​រឿង​រ៉ាវ​ដែល​យុវជន​របស់​យើង​បាន​ប្រាប់​យើង​ បទ​ពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​ច្បាប់​ និង​ប្រព័ន្ធ​សិក្សា​យើង​ដឹង​ថា​ ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ខុស​ប្លែក​ច្រើន‍»។

បុគ្គលិក​ និង​អ្នក​ស្ម័គ្រ​ចិត្ត​របស់​អង្គការ​នេះ​បាន​ទូរស័ព្ទ​បញ្ចុះបញ្ចូល​ និង​ដើរ​ទៅ​ជួប​សមាជិក​សហគមន៍​ ដើម្បី​ឱ្យ​ពួកគេ​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​ទាំងពីរ​នេះ ហើយ​គោលដៅ​ចម្បង​មួយ​ដែរ​ គឺ​អ្នក​បោះឆ្នោត​វ័យក្មេង។ ពួកគេ​ក៏បាន​ជួយ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​វ័យក្មេង​បាន​ចំនួន​១០៦​នាក់​ ដែល​លើស​គោលដៅ​កំណត់​ដែល​ដាក់​ត្រឹមតែ​១០០​នាក់​ប៉ុណ្ណោះ។

ពលរដ្ឋ​ក៏​ទទួល​បាន​សេវា​ជំនួយ​ពី​អង្គការ​សហគមន៍​ខ្មែរ​ផងដែរ។

កញ្ញា​ ស៊ូសានណា ស្ងៀម នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សហគមន៍​ខ្មែរ បាន​បញ្ជាក់​ប្រាប់​VOA ថា​មាន​អ្នក​បោះឆ្នោត​ចំនួន​៣០​នាក់​ បាន​មក​សុំ​ជំនួយ​បកប្រែ និង​ពន្យល់​ពី​ខ្លឹមសារ​ដែល​មាន​នៅលើ​សន្លឹក​ឆ្នោត៖

«នៅ​ឆ្នាំ​នេះ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​មាន​សេចក្តី​ស្នើ​ច្បាប់​ចំនួន​ជាង១៧​ ដូច្នេះ​ត្រូវ​ការ​ការ​ពន្យល់​ជាច្រើន​សម្រាប់​សមាជិក​សហគមន៍​ខ្មែរ ដើម្បី​អាច​យល់​បាន។ ចំណុច​មួយ​ដែល​យើង​បាន​ឃើញ​គឺ​ថា​ សមាជិក​សហគមន៍​យើង​ថ្លែង​អំណរគុណ​ដោយ​ទទួល​បាន​ការ​បកប្រែ​ខ្លឹមសារ​ក្នុងសន្លឹកឆ្នោត។ ប៉ុន្តែ​ពួកគេ​ភាគច្រើន​មិន​ចេះ​អក្សរ​ខ្មែរ​ទេ។ ដូច្នេះ​ពួកគាត់​ត្រូវ​ការ​ការ​ពន្យល់​ពី​សេចក្តី​ស្នើ​ច្បាប់​ទាំងនោះ​ផងដែរ‍»។

សេចក្តី​ស្នើ​ច្បាប់​ដទៃ​ទៀត​មាន​ដូច​ជា​ការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ការ​ប្រើប្រាស់​កញ្ឆា ការ​ពិនិត្យ​ប្រវត្តិរូប​អ្នក​មក​ទិញគ្រាប់​រំសេវ និង​ការ​ស្នើសុំ​លុបចោល​ទោស​ប្រហារ​ជីវិត​ជាដើម។​

​ការ​បោះឆ្នោត​ប្រធានាធិបតី​ និង​សភា​ជាតិ​នឹង​រៀបចំឡើង​នៅថ្ងៃទី​៨ ខែ​វិច្ឆិកា​ខាងមុខ​នេះ ដោយ​មាន​លោកស្រី ហ៊ីល្លីរី គ្លីនតុន (Hillary Clinton) ជា​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ​និង​លោក​ ដូណល់ ត្រាំ​ (Donald Trump) មកពី​គណបក្ស​សាធារណរដ្ឋ។

ទីក្រុង​ឡុងប៊ិច​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រស់នៅ​ជាង​៦០.០០០នាក់។

សហគមន៍​ខ្មែរ​នេះ​បាន​ចូល​ប្រឡូក​ក្នុង​សកម្មភាព​នយោបាយ​សហរដ្ឋ​អាមេរិក​កាន់តែ​ខ្លាំង​ជាងមុន​សម្រាប់​ការ​បោះឆ្នោត​លើក​នេះ។

ពួកគេ​នឹង​ក៏​មាន​ការ​រៀបចំ​វេទិកា​សាធារណៈ​លើក​ទីមួយ​នៅថ្ងៃ​អាទិត្យ​ ដើម្បី​ឱ្យ​បេក្ខជន​តំណាងរាស្រ្ត​នានា​នៅ​តំបន់​នោះ​បាន​មក​បង្ហាញ​គោល​នយោបាយ។ ក្នុង​ចំណោម​នេះ​មាន​លោក​ Alan Lowenthal លោកស្រី​ Loretta Sanchez ​និង​លោកស្រី Jenice Hanh ជាដើម៕

XS
SM
MD
LG