ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​មិន​ស៊ី​សង្វាក់​គ្នា​រវាង​ជំនាញ​ និង​តម្រូវការ​ទីផ្សារ​ការងារ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា


សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីគំលាតនៃជំនាញការងារក្នុងប្រទេសកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ (ហ៊ាន សុជាតា/ VOA)
សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីគំលាតនៃជំនាញការងារក្នុងប្រទេសកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ (ហ៊ាន សុជាតា/ VOA)

កម្លាំង​ការងារ​របស់​កម្ពុជា​មាន​ច្រើន​ជាពិសេស​ គឺ​យុវជន។ ​ក៏ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​យុវជន​ទាំង​នោះ​មិន​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ដែល​ស្រប​នឹង​តម្រូវការ​ការងារ​ និង​ទីផ្សារ​នោះ​ទេ។

ចន្លោះ​ប្រហោង​នៃ​ជំនាញ​ការងារ​ ការសិក្សា​ជំនាញ​ដែល​មិន​សម​ស្រប​នឹង​ទីផ្សារ​ការងារ​ និង​ផលិតភាព​កម្លាំង​ការងារ​ គឺ​ជា​បញ្ហា​ចម្បងៗ​ចំពោះ​ការ​លូតលាស់​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា។​ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB) ​និង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

របាយការណ៍​ដែល​មាន​កម្រាស់​៩៦ទំព័រ​ស្តីពី​ចន្លោះ​ប្រហោង​នៃ​ជំនាញ​ការងារ​នេះ​ លើក​ឡើង​ថា ​ការ​ដោះស្រាយ​បញ្ហា​ចន្លោះ​ប្រហោង​នៃ​ជំនាញ​ការងារ​នឹង​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ និង​ជួយ​បង្កើន​ឲ្យ​មាន​ផលិតភាព​ការងារ​ខ្ពស់​ជាង​មុន។ ការណ៍​នេះ​នឹង​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ជាពិសេស​ទៅលើ​វិស័យ​ចម្បង​ទាំង៤ ​គឺ​វិស័យ​កាត់ដេរ​ ទេសចរណ៍ ​សំណង់ ​និង​កសិកម្ម។

លោក Shang-Jin Wei ​ប្រធាន​សេដ្ឋវិទូ​នៃ​ធនាគារ​ ADB​ ឲ្យ​ដឹង​ថា ​កម្លាំង​ការងារ​របស់​កម្ពុជា​មាន​ច្រើន​ជាពិសេស​ គឺ​យុវជន។ ​ក៏ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​យុវជន​ទាំង​នោះ​មិន​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ដែល​ស្រប​នឹង​តម្រូវការ​ការងារ​ និង​ទីផ្សារ​នោះ​ទេ។

«គោល​បំណង​នៃ​ការសិក្សា​របស់​យើង ​គឺ​ដើម្បី​ស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់​ និង​ជួយ​កម្ពុជា​ក្នុង​ការ​ស្វែង​រក​ជម្រើស​ផ្សេងៗ​ទៀត ​ក្នុង​ការបន្ត​នូវ​ការ​វិវត្តន៍​ដែល​យើង​បាន​ឃើញ​ក្នុង​ប្រទេស​កម្ពុជា។ ដូចជា​កំណើន​ផលិតផល​ក្នុង​ស្រុកសរុប​ (GDP) ​ការបង្កើត​ឱកាស​ការងារ ​និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ»។​

នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ និង​គោល​នយោបាយ​ជា​ច្រើន ​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ជំនាញ​ការងារ​នេះ។ ក្នុង​នោះ​មាន​ដូចជា​ យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី៣ ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​ ព្រម​ទាំង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​អប់រំ​ជាដើម។​

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​ពី​របាយការណ៍​នេះ ​លោក ហេង សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​ទទួល​ស្គាល់​ថា​ ការ​សិក្សា​ស្រាវជ្រាវ​ដែល​ធនាគារ​អភិវឌ្ឍ​អាស៊ី ​និង​អង្គការ ​ILO ​បាន​រកឃើញ​នេះ​ គឺ​ដូចគ្នា​នឹង​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់ផែនការ​ និង​គោល​នយោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ។​

«ការ​សិក្សា​ស្រាវជ្រាវ​ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​និង​អង្គការ​ ILO ​បាន​រកឃើញ​នេះ​គឺ​ដូចគ្នា​នឹង​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​នៅក្នុង​ផែនការ​របស់​ខ្លួន។​ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ អ្វី​ដែល​យើង​ត្រូវ​ទទួលស្គាល់​ និង​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​របស់​ខ្លួន​គឺ​ទៅលើ​យន្តការ​អនុវត្ត។ ហើយ​យើង​នឹង​ពង្រឹង​ប្រមែ​ប្រមូល​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ​ដើម្បី​ជំរុញ​ផែនការ​សកម្មភាព យុទ្ធសាស្ត្រ ​ និង​គោល​នយោបាយ និង​កម្មវិធី​ដែល​សរសេរ​ហើយ​ឲ្យ​ក្លាយ​ជា​ការ​អនុវត្ត​ជាក់ស្តែង»។

លោក ហេង សួរ លើក​ឡើង​ថា ​តម្រូវការ​សេដ្ឋកិច្ច​ពិភពលោក ​នៅ​ក្នុង​វិស័យ​ឯកជន​នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវការ​អ្នក​ជំនាញ​ឯកទេស​ច្រើន​ជាង។ ហេតុនេះ​លោក​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​កម្ពុជា​ពិនិត្យ​លើ​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​ និង​ងាក​មក​ចាប់​យក​ជំនាញ​បច្ចេកទេស ​ជំនួស​ឲ្យ​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម​វិញ។

«ជំនាញ​ដែល​ខុសគ្នា​រវាង​តម្រូវការ ​និង​ការផ្គត់ផ្គង់​ហ្នឹង​ គឺ​ភាគច្រើន​អ្នកសិក្សា​ ចូលចិត្ត​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ដូចជា​ គ្រប់គ្រង​ គណនេយ្យ ទីផ្សារ និង​ខាង​ផ្នែក​សេវាកម្ម​មួយ​ចំនួន​ផ្សេង​ទៀត។ ប៉ុន្តែ​នៅក្នុង​តម្រូវការ​សេដ្ឋកិច្ច​របស់​យើង​ គាត់ត្រូវ​ការ​ខាង​ផ្នែក​បច្ចេកទេស​ច្រើន ​ខាង​ផ្នែក​វិស្វកម្ម សំណង់​ស៊ីវិល ​ខាង​ផ្នែក​អគ្គិសនី ខាង​ផ្នែក​មេកានិក»។

លោក ចាន់ សុផល​ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​ឲ្យ​ដឹង​ថា​ ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​ដែល​កើតចេញ​ពី​ចន្លោះ​ប្រហោង​នៃ​ជំនាញ​ការងារ​ បាន​ធ្វើ​ឲ្យ​យុវជន​ខាតបង់​ប្រាក់​ចំណូល​ដែល​ពួកគេ​គួរ​ទទួល​បាន​ក្រោយ​បញ្ចប់​ការ​សិក្សា។ ហើយ​លោក​ថា ​ការ​សិក្សា​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​រួម​ចំណែក​បង្កើត​ឲ្យ​មាន​ភាព​ជឿន​លឿន​ក្នុង​សង្គម។

«វិទ្យាសាស្ត្រ​ពិត ​វា​ជួយ​ឲ្យ​សង្គម​ជាក់ស្តែង​កាន់តែ​ជឿន​លឿន។ ​ឧទាហរណ៍​ថា​ បើ​មាន​ប្រព័ន្ធ​ប្រឡាយ​ច្រើន​មាន​គុណភាព​ល្អ មាន​សំណង់​ដែល​មាន​គុណភាព​ល្អ​ មាន​សម្ភារៈ​ច្រើន​ផ្សេងៗ​កើត​ឡើង​ពី​ការបង្កើត​ដោយ​វិទ្យាសាស្ត្រ​ពិត​ វា​អាច​កាត់​បន្ថយ​ទំនិញ​នាំ​ចូល​ផង ​បង្កើន​ទិន្នផល​ ផលិតផល​ក្នុង​ស្រុក»។

អ្នក​ជំនាញ​លើក​ឡើង​ថា​ ដើម្បី​ដោះស្រាយ​ចន្លោះ​ប្រហោង​ជំនាញ​នេះ​ វា​ទាម​ទារ​ឲ្យ​មាន​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ការអប់រំ​ ពង្រឹង​គុណភាព​អប់រំ​ និង​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​និង​ការ​បង្កើន​សមត្ថភាព​គ្រូ​បង្រៀន។ បន្ថែម​ពី​លើ​នេះ​ទៀត ​គេ​ក៏​ត្រូវ​ការ​ផង​ដែរ​នូវ​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​អំពី​សេចក្តី​ត្រូវការ​ទីផ្សារ ​និង​តម្រូវការ​ការងារ​ផ្សេងៗ​ ព្រម​ទាំង​ការ​គាំទ្រ​សហគ្រាស​ខ្នាត​តូច​បំផុត ​ខ្នាត​តូច ​និង​ខ្នាត​មធ្យម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG