ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​នាំ​ទំនិញ​ចេញ​ពី​កម្ពុជា​កើន​ឡើង​ក្នុង​ឆ្នាំ​២០១៥


រូបឯកសារ៖ ទូក​ដែល​មាន​ទង់​ជាតិ​កម្ពុជា​​​បើក​ក្នុង​ឈូង​សមុទ្រ​ថៃ​នៅ​ជិត​​ក្រុង​ព្រះសីហនុ។ (រូបថត៖ AP)
រូបឯកសារ៖ ទូក​ដែល​មាន​ទង់​ជាតិ​កម្ពុជា​​​បើក​ក្នុង​ឈូង​សមុទ្រ​ថៃ​នៅ​ជិត​​ក្រុង​ព្រះសីហនុ។ (រូបថត៖ AP)

មាន​នាវា​ចំនួន​ ១.២៩២​គ្រឿង​បាន​ចូលចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​១៧% ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤។

បរិមាណ​ទំនិញ​ឆ្លង​កាត់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ក្នុង​ឆ្នាំ​២០១៥​ មាន​ការ​កើន​ឡើង​ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ២០១៤។ ​នេះ​បើ​យោង​ទៅ​តាម​មន្ត្រី​កំពង់​ផែ​ក្រុង​ព្រះសីហនុ ​និង​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

លោក​ លូ ​គឹម​ឈុន ​នាយក​កំពង់ផែ​ក្រុង​ព្រះសីហនុ ​មាន​ប្រសាសន៍​ថា​ បរិមាណ​ទំនិញ​ឆ្លង​កាត់​ផែ​ឆ្នាំ​២០១៥​ មាន​ចំនួន​៣.៨០០.០០០​តោន​ ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​៩,៩ %​ បើ​ធៀប​ទៅ​ឆ្នាំ​២០១៤។

លោក​បាន​បន្ត​ថា​ ចំនួន​នាវា​នានា​ដែលបាន​ចូល​ចត​នៅ​កំពង់ផែ​ក៏​មាន​ចំនួន​កើន​ឡើង​ដែរ។

​មាន​នាវា​ចំនួន​ ១.២៩២​គ្រឿង​បាន​ចូលចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​១៧% ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤។ ចំណែក​កប៉ាល​ទេសចរណ៍​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ក៏​មាន​ចំនួន​កើន​ឡើង​ដែរ។ ក្នុង​ឆ្នាំ​២០១៥​ កប៉ាល​ទេសចរណ៍​មាន​ចំនួន​៣៦គ្រឿង ​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ​ដែល​មាន​ចំនួន​២៥គ្រឿង។

លោក​ លូ ​គឹមឈុន ​មាន​ប្រសាសន៍​ថា​ ទន្ទឹម​នឹង​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ អង្ករ​ និង​ផលិតផល​ផ្សេង​ៗ​ទៀត​ កម្ពុជា​ក៏​នាំ​ចូល​វត្ថុ​ធាតុ​ដើម​ ដូច​ជា​ សម្ភារៈ​កាត់​ដេរ​ដែល​ភាគ​ច្រើន​នាំ​ចូល​មក​ពី​ប្រទេស​ចិន ​និង​ប្រេង​ដែល​ភាគ​ច្រើន​នាំ​មក​ពីប្រទេស​សឹង្ហបុរី។ ​

«ប្រទេស​កម្ពុជា​ក៏​មាន​ការ​នាំ​ចូល​សម្ភារៈ​កាត់ដេរ​ ដែល​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​ចិន​ ប្រេង​ឥន្ធនៈ​ដែល​នាំ​ចូល​មក​ពី​ប្រទេស​សឹង្ហបុរី ​និង​គ្រឿង​ចក្រ​សម្ភារៈ​សំណង់​ដែល​នាំ​មក​ពី​ប្រទេស​ផ្សេងៗ»។

លោក​បាន​បន្ថែម​ថា​ ទំនិញ​ដែល​នាំ​ចេញ​មាន​ ដូច​ជា​អង្ករ​ដែល​ត្រូវ​បាន​នាំ​ចេញ​ភាគ​ច្រើន​ទៅ​បណ្តា​ប្រទស​នៅ​ទ្វីប​អឺរ៉ុប​ និង​អាស៊ី​ ហើយ​នឹង​សម្លៀក​បំពាក់​ដែល​ភាគ​ច្រើន​ត្រូវ​បាន​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប ​និង​ទីផ្សារ​សហរដ្ឋ​អាមេរិក។

លោក​មាន​ប្រសាសន៍​ថា៖

«ទីផ្សារ​ដែល​ធំ​អង្ករ​គឺ​នៅ​អឺរ៉ុប​ និង​នៅ​អាស៊ី​យើង។ ទំនិញ​ជា​ខោអាវ​គឺ​ទីផ្សារ​អឺរ៉ុប​ហើយ​នឹង​ទី​ផ្សារ​អាមេរិក»។

លោក​សង្ឃឹម​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ចំនួន​ទំនិញ​ ដែល​នឹង​ត្រូវ​ឆ្លង​កាត់​កំពង់​ផែ​ព្រះសីហនុ​នឹង​បន្ត​កើន​ឡើង​៧%។

លោក ​កែន​ រដ្ឋា ​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា​ ទំនិញ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​សរុប​មាន​ការ​កើន​ឡើង​ប្រហែល​១៥% ​ក្នុង​រយៈពេល​១១ខែ ​នៃ​ឆ្នាំ​២០១៥​នេះ​ បើ​ប្រៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤។

លោក​បន្ថែម​ថា ​ទំនិញ​ដែល​នាំចេញ​ធំៗ​មាន​ ដូច​ជា​សម្លៀក​បំពាក់​ដែល​ជា​ឧស្សាហកម្ម​មួយ​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រហែល​ជាង​៦០០.០០០​នាក់។ បន្ថែម​ពី​លើ​នោះ​ទៀត​ ផលិតផល​អង្ករ​ ផលិតផល​កសិកម្ម ​និង​ផលិតផល​ផ្សេង​ ដែល​ត្រូវ​បាន​នាំចេញ​នោះ​ក៏​មាន​ការ​កើន​ឡើង​ដែរ។

«នៅ​ក្នុង​ហ្នឹង​យើង​ឃើញ​ថា ​ផលិតផល​សំខាន់ៗ​ដែល​ធំ​ៗ​ហ្នឹង​យើង​ឃើញ​ថា​ ដូច​ជា​សម្លៀក​បំពាក់​កើន​ឡើង​ប្រហែល​៦% ហើយ​អង្ករ​យើង​កើន​ឡើង​ប្រហែល​ជា​៤០% ហើយ​នឹង​ផ្សេងៗ​ទៀត​កើន​ឡើង​ប្រហែល​ជា​៦៧%»។

លោក​បាន​បញ្ជាក់​ថា ការ​នាំចេញ​សម្លៀក​បំពាក់គិត​ជា​ទឹកប្រាក់​មាន​ការ​កើន​ឡើង​ពី​៤.៨១៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៤​ ទៅ​ដល់​៥.០៩៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៥។ ហើយ​អង្ករ​មាន​ការ​កើន​ឡើង​ពី​ជាង៣​សែន​តោន​ (៣៨.៧០៦១តោន) ​ នៅ​ក្នុង​ឆ្នាំ​២០១៤​ ទៅ​ជាង​៥​សែន​តោន​(៥៣៨.៣៩៦ តោន) នៅ​ក្នុង​ឆ្នាំ​២០១៥។

លោក​សង្ឃឹម​ថា​ នៅ​ឆ្នាំ​២០១៦ ​ការ​នាំ​ចេញ​ទំនិញ​នឹង​បន្ត​កើន​ឡើង ក៏ប៉ុន្តែ​លោក​ថា​ ការ​កើន​ឡើង​នេះ​មាន​ការ​ទាក់ទង​នឹង​ការ​ប្រែប្រួល​តម្រូវ​ការ​ពិភពលោក​ផងដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​គិត​គូរ​ទៅ​លើ​ទីផ្សារ​ពិភពលោក​ដែរ។ មានន័យ​ថា​បម្រែ​បម្រួល​នៃ​ទីផ្សារ​ពិភពលោក​ ព្រោះ​ទាំង​អស់​ហ្នឹង​វា​នឹង​កំណត់​ការ​បញ្ជា​ទិញ​មក​ស្រុក​ខ្មែរ​យើង​ បើ​យើង​និយាយ​ពី​ Garment​ (សម្លៀក​បំពាក់)​ក្តី​ យើង​និយាយ​ពី​អង្ករ​ក្តី ​យើង​ត្រូវ​គិត​គូរ​ទី​ផ្សារ​ពិភពលោក​ដែរ​ព្រោះ​យើង​និយាយ​ពី​ផលិតផល​ផ្សេង​ៗ​ទៀត​ក្តី​ដែល​កម្ពុជា​នាំ​ចេញ។ អីចឹង​យើង​អាស្រ័យ​ទៅ​លើ​ទីផ្សារ​ពិភពលោក។ តម្រូវ​ការ​នៅ​លើ​ពិភពលោក»។

លោក​បន្ថែម​ថា​ ស្របពេល​ជាមួយ​គ្នា​នេះ​ ប្រទេស​កម្ពុជា​នៅ​ប្រឈម​នឹង​ការ​ខ្វះខាត​ឃ្លាំង​ស្តុក​ទំនិញ​មាន​គុណភាព​ ដូចជា​ឃ្លាំង​ស្តុក​ទុក​អង្ករ​ជាដើម‍។

«យើង​កំពុង​តែ​ខិតខំ​ច្រើន​ ព្រោះ​យើង​ត្រូវ​តែ​ឆ្លើយ​តប​បញ្ហា​មួយ​ចំនួន​ ដែល​កម្ពុជា​ប្រឈម​ដែរ​ទាក់ទង​ជាមួយ​នឹង​ឃ្លាំង​ស្តុក​ផ្សេងៗ ​ព្រោះ​យើង​អត់​ទាន់​មាន​ឃ្លាំង​ស្តុក​ធំ​ៗ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ឥឡូវ​នេះ​ យើង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​វិនិយោគ​លើ​ឃ្លាំង​ស្តុក​ និង​ឡ​សម្ងួត»។

បើ​ទោះ​ជា​មាន​ការ​កើន​ឡើង​ការ​នាំ​ចេញ​អង្ករ​យ៉ាង​ណា​ក្តី​ ប្រទេស​កម្ពុជា​មិន​បាន​សម្រេច​តាម​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ដែល​កំណត់​ការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន​យ៉ាងហោច​ណាស់​មួយ​លាន​តោន​ក្នុង​ឆ្នាំ​២០១៥​ទេ៕

XS
SM
MD
LG