ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអ្នក​តស៊ូ​មតិ​ទទូច​ឲ្យ​ស.រ.អា.​​ជួយ​កម្ពុជា​ផ្នែក​តម្លាភាព


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកតស៊ូមតិ៖​ចំណូល​ពី​ធនធាន​រ៉ែ​នៅ​កម្ពុជា​ត្រូវ​មាន​តម្លាភាព

ក្រុម​អ្នក​តស៊ូ​មតិ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទូច​ឲ្យ​ស.រ.អា.និង​ក្រុម​ហ៊ុន​ស.រ.អា.ជួយ​កម្ពុជា​ផ្នែក​តម្លាភាព​ និង​អភិបាល​កិច្ច​ល្អ​ចំពោះ​ចំណូល​បាន​មក​ពី​ការ​ជីករ៉ែ​ក្នុង​ប្រទេស​កម្ពុជា។​

នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​រៀបចំ​ដោយ​អង្គការ​ Oxfam America ​កាលពី​ថ្ងៃពុធ​នៅក្នុង​អាគារ​សភា​ស.រ.អា.​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ ក្រុម​វាគ្មិន​បីរូប​មកពី​អង្គការ ​Oxfam ​ក្នុង​តំបន់​និង​កម្ពុជា​ បាន​ថ្លែង​ថា​ ជំនួយ​និង​បទពិសោធន៍​ស.រ.អា.គឺ​ជា​រឿង​សំខាន់​ដល់​តម្លាភាព​នៃ​វិនិយោគ​ផ្នែក​ឧស្សាហ​កម្ម​ជីករ៉ែ​ក្នុង​ប្រទេស​កម្ពុជា ​ដោយសារ​តែ​កម្ពុជា​គ្មាន​ច្បាប់​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​វិនិយោគ​ផ្នែក​ឧស្សាហ​កម្ម​និស្សារណកម្ម ​ឬការ​ជីករ៉ែ​ ហើយ​ព័ត៌មាន​អំពី​ចំណូល​ពន្ធរដ្ឋ​និង​ ដំណើរ​ការ​វិនិយោគ​លើ​ធនធាន​រ៉ែនេះ​ដែល​អាច​ប៉ះពាល់​ដល់​បរិស្ថាននិង​ជីវិភាព​ពលរដ្ឋ​នេះ​ មិនត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ។ ​

ពួក​គេ​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា ​ក្រុមហ៊ុន​ស.រ.អា.ដូចជា​ក្រុមហ៊ុន ​Chevron ​និង​ក្រុមហ៊ុន​ចិន​ដែល​ទៅ​វិនិយោគ​ អាច​មាន​ឯកសារ​ជាមួយ​នឹង​ភាគី​នៅ​កម្ពុជា​ដើម្បី​ឲ្យពួក​គេ​បាន​ដឹង​ពី​ព័ត៌មាន​នេះ។

លោក​ឡាយ ឃីម​ មន្ត្រី​សម្រប​សម្រួល​កម្មវិធី​ប្រចាំ​តំបន់​ផ្នែក​ឧស្សាហ​កម្ម​និស្សារណកម្ម​នៃ​អង្គការ​អុកស្វាម​អាមេរិក​គឺជា​វាគ្មិន​ម្នាក់។​

«មាន​ក្រុមហ៊ុន​ច្រើន​បាន​ទទួល​នូវ​សម្បទាន​ក្នុង​ការ​រុករក​រ៉ែ។​ ប៉ុន្តែ​យើង​មិន​បាន​ដឹង​ថា ​តើ​គាត់​មាន​ជា​កិច្ច​ព្រមព្រៀង​របៀប​ម៉េច។​ តែ​ទី២​រឿង​ផល​ប៉ះពាល់​បរិស្ថាន​ ដែល​អាច​នឹង​កើត​មានឡើង​ ហើយនឹង​ការ​រុករក​រ៉ែនៅ​ក្នុង​តំបន់​ដែល​ប្រជាជន​ក្រីក្រ ​ជា​ពិសេស​ជនជាតិ​ដើម​ភាគ​តិច»។​

លោក​ថ្លែង​ថា ​ក្នុងរយៈ​ពេល​ជាង​១០​ឆ្នាំ​មាន​កំណើន​ក្រុមហ៊ុន​យ៉ាងតិច​១២០ ​ភាគច្រើន​មកពី​ប្រទេស​ចិន​មក​វិនិយោគ​នេះ ​ហើយ​បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ ដោយសារ​សង្គម​ស៊ីវិល​និង​ប្រជា​ពលរដ្ឋ​មិន​អាច​ចូលរួម​ពាក់ព័ន្ធ​នឹង​ដំណើរការ​វិនិយោគ​ ហើយ​នឹង​ដឹង​អំពី​បញ្ហា​តម្លាភាព​ចំពោះ​ដំណើរ​ការ​ក្រុមហ៊ុន​ទាក់ទង​នឹង​ប្រាក់​ចំណូល​ដល់រដ្ឋ​ ហើយ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ក៏មិន​ត្រូវគេ​ឲ្យ​ដឹង​ផង​ដែរ។​

លោក​ឡាយ ឃីមបាន​បញ្ជាក់​ថា​ រ៉ែ​ទាំងអស់​ដែល​គេ​ធ្វើការ​វិនិយោគ​គឺ​រ៉ែ​ប្រេង​កាត​ រ៉ែមាស​ រ៉ែដែក​ និង​រ៉ែ​បុកស៊ីត​ជាដើម​ តែ​ក្រុមហ៊ុនទាំង​នោះ​ត្រូវ​គេ​បញ្ជាក់​ឲ្យ​ដឹង​ថា​ ស្ថិត​នៅក្នុង​ដំណាក់​កាល​រុករក ​ស្រាវជ្រាវ​នៅឡើយ​ ហើយ​ក្រុម​ហ៊ុន​ទាំង​នោះ​ក៏មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​អំពី​ប្រត្តិបត្តិ​ការ​វិនិយោគ​របស់​គេ​ដែរ។​ ​លោក​គិត​ថា ​ស.រ.អា.​ ដែល​មាន​បទ​ពិសោធន៍​ក្នុង​រឿង​ធនធាន​ធម្មជាតិ​នេះ ​អាច​ជួយ​ដល់​កម្ពុជា​បាន។​

«ដោយសារ​តែ​ទំនាក់​ទំនង​រវាង​ស.រ.អា.ជាមួយ​ប្រទេស​កម្ពុជា​មាន​ដំណើរ​ការ​ល្អ ​ខ្ញុំ​យល់​ថា ​ស.រ.អា.អាច​ជួយ​លើក​ទឹក​ចិត្ត​ ឬ​ក៏ពន្យល់​រដ្ឋាភិបាល​ ឬក៏អ្នក​ធ្វើ​គោល​នយោបាយ​ឲ្យពិនិត្យ​មើល​ទៅលើ​បទ​ពិសោធន៍​នានា​ ដែល​មាន​បទ​ពិសោធន៍​ល្អ​នានា​ដែល​ស.រ.អា.កំពុង​ជួយ​នៅ​តាម​បណ្តា​ប្រទេស​នានា​ទៀត»។​

វាគ្មិន​ម្នាក់​ទៀត​គឺនាង ​ណាថាឆា ​គីម​ នាយិកា​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​តម្លាភាព​ធនធាន​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​ធ្លាប់​មាន​បទ​ពិសោធន៍​មិនល្អ​ផ្នែក​ធនធាន​ធម្មជាតិ​ព្រៃឈើ​រួច​ហើយ។​ នាង​បាន​បញ្ជាក់​ថា​ កម្ពុជា​មិនគួរ​កើត​មាន​រឿងនេះ​ចំពោះ​បញ្ហា​ធនធាន​រ៉ែ​ទៀត​ទេ។​ នាង​ណាថាឆា ​គីម​សង្ឃឹម​ថា ​កម្ពុជា​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ ដ៏​ធំធេង​ តាមរយៈតម្លាភាព​សម្រាប់​ការ​អភិវឌ្ឍន៍​កម្ពុជា​ និង​ជួយ​ផ្នែក​សុខុមាល​ភាព​ពលរដ្ឋ​កម្ពុជា​ផង​ដែរ។​

ក្រុម​វាគ្មិន​បាន​បង្ហាញ​អំពី​បញ្ហា​វិបត្តិ​នយោបាយ​ ដែលជាប់គាំង​ ក្រោយ​ការ​បោះឆ្នោត ​ការធ្វើ​ច្បាប់​សង្គម​ស៊ីវិល​ ឬ​ច្បាប់ ​NGOs ​និង​ច្បាប់​ប្រព័ន្ធ​អ៊ីនធ័រណិត ដែល​ពុំ​មាន​ការ​ចូល​រួម​ពីក្រុម​អង្គកា​រសង្គម​ស៊ីវិល​ និង​អ្នក​ជំនាញ​ឯករាជ្យ​ជាដើម។ ​ពួក​គេ​បញ្ជាក់​ថា ​កម្ពុជា​ពេល​នេះ​មាន​គណបក្ស​តែ​មួយ​ដឹកនាំ​ប្រទេស​ ហើយ​គណបក្ស​ជំទាស់​នៅ​បន្ត​ពហិការ​ដោយសារ​ភាព​មិន​យល់​ព្រម​នឹង​លទ្ធផល​ឆ្នោត​ដែល​មាន​ភាព​មិន​ប្រក្រតី​ដ៏​ធ្ងន់ធ្ងរ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣​ផង​នោះ។​

នាង​ច័ន្ទគ្រីស្នា ​សាវ៉ាដា​ មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​ផ្នែក​ពលរដ្ឋ​សកម្ម​នៃ​អង្គ​ការ​អុកស្វាម​អាមេរិក​គឺ​ជា​វាគ្មិន​ផង​ដែរ។​ នាង​បាន​អះអាង​ថា​ ប្រទេស​កម្ពុជា​ពេលនេះ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​បត់​មួយ​ ទាំង​នយោបាយ​និង​សេដ្ឋ​កិច្ច។​ នាង​បាន​ថ្លែង​ថា​ អ្វី​ដែល​ជាការ​គម្រាម​កំហែង​ដល់​សិទ្ធិ​សរីភាព​សង្គម​ស៊ីវិល​ពេលនេះ​គឺច្បាប់​អង្គការ ​និង​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីធ័រណិត ដែល​នាង​បាន​បញ្ជាក់​ថា ​ត្រូវ​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល​ដើម្បី​តាក់តែ​ច្បាប់​ដែល​អាច​ទទួល​យក​បាន។​

ក្រុម​វាគ្មិន​បាន​បញ្ជាក់​ថា ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ ​ដូចជា​ស.រ.អា.និង​ក្រុម​ហ៊ុន​ស.រ.អា.ជាដើម ​អាច​ដាក់​លក្ខខណ្ឌ​ឲ្យ​មាន​ការ​អនុវត្ត​ទាក់ទង​នឹង​ការ​វិនិយោគ​ដោយ​តម្លាភាព​នេះ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជំពាក់​បំណុល​បរទេស​រាប់ពាន់​លាន​ដុល្លារ​នេះ។​

លោកស្រី​អ៊ីសាប៊ែល​ ម៊ូនីឡា​ (Isabel Munilla) ​អ្នក​សម្រប​សម្រួល​ការ​ពិភាក្សា​មកពី​អង្គការ​ Oxfam ​America ​បាន​បង្ហាញ​ឲ្យដឹង​ថា ​ស.រ.អា.បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជាប្រចាំ​ដែរ​ គឺ​មានប្រមាណ​៧៦​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។​

«ហើយ​ថវិកា​ជាតិ​ប្រទេស​កម្ពុជា​ប្រមាណ​ពាក់​កណ្តាល​គឺ​ជា​ជំនួយ​អន្តរជាតិ។​ ដូច្នេះ​សម្រាប់​ប្រទេស​ដែល​មាន​ផលិតផល​សរុប​ក្នុងស្រុក​ឬ​ GDP​ ចំនួន​១​ពាន់​៤​រយ​លាន​ដុល្លារ​ ហើយ​មាន​ពលរដ្ឋ​តែ​១៥​លាន​នាក់​នោះ ​ជំនួយ​បរទេស​ជា​រឿង​សំខាន់​ណាស់»។​

គេ​មិន​ដឹង​ថា ​តើការ​ផ្តល់​អាជ្ញាប័នវិនិយោគ​ផ្នែក​ឧស្សាហ​កម្ម​រ៉ែ​ដ៏ច្រើន​សន្ធឹក​សន្ទាប់​នេះ​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​គេចផុត​ពី​ការ​ខ្ចី​ប្រាក់​បំណុល​បរទេស​ឬ​យ៉ាង​ណាទេ​ ក្នុង​ពេល​កម្ពុជា​មាន​ការ​វិវត្ត​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​ដែល​ប្រជា​ពលរដ្ឋ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​សង្គម​ ដូច​ការ​បង្ហាញ​ដោយ​សន្លឹក​ឆ្នោត​នោះ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ក្រុម​វាគ្មិន​បាន​ដាក់ក្តី​សង្ឃឹម​ថា​ ការ​យក​ចិត្ត​ទុក​ដាក់​របស់​ស.រ.អា.ចំពោះ​ការ​ផ្លាស់ប្តូរ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​ ការដែល​សភា​ស.រ.អា. មានការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​អំពី​ស្ថាន​ការណ៍​កម្ពុជា​ចុងក្រោយ​ថ្មីៗ​នេះ​ នឹង​ជួយ​ដល់​ស្ថាន​ការណ៍​នយោបាយ​និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា។​

ក្រុម​វាគ្មិន​បាន​ជួបជា​មួយ​នឹង​មន្ត្រី​ក្រសួង​ការ​បរទេស​ស.រ.អា. បុគ្គលិក​សភា​អាមេរិកាំង​ ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​ធំៗ​ ដូចជា​ធនាគារ​ពិភព​លោក​ អង្គការ​រូបិយ​ប័ណ្ណ​អន្តរជាតិ​ និង​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អន្តរជាតិ ​USAID​ ជាដើម៕
XS
SM
MD
LG