\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជនជាតិ​យេម៉ែន​ដែល​រួច​ជីវិត​ពី​គ្រាប់​មីន​​ត្រូវ​បាន​ផ្តល់​កិត្តិយស​នៅ​ក្រសួង​ការបរទេស​អាមេរិក​​


នេះ​ជា​រូបភាព​ដែល​ត្រូវ​បាន​ដក​ចេញ​ពី​វីដេអូ​កាល​ពី​ថ្ងៃទី​០៧ កញ្ញា ២០១៥ ផ្តល់​ដោយ​មជ្ឈមណ្ឌល​ដោះ​មីន​ស៊ីរី។ ជន​ស្ម័គ្រ​ចិត្ត​ម្នាក់​បាន​យក​មីន​ចេញ​ពី ក្រោម​ដិទីក្រុង Daraa ប្រទេស​ស៊ីរី។

នេះ​ជា​រូបភាព​ដែល​ត្រូវ​បាន​ដក​ចេញ​ពី​វីដេអូ​កាល​ពី​ថ្ងៃទី​០៧ កញ្ញា ២០១៥ ផ្តល់​ដោយ​មជ្ឈមណ្ឌល​ដោះ​មីន​ស៊ីរី។ ជន​ស្ម័គ្រ​ចិត្ត​ម្នាក់​បាន​យក​មីន​ចេញ​ពី ក្រោម​ដិទីក្រុង Daraa ប្រទេស​ស៊ីរី។

នៅ​ពេល​នាង​ Abdo Saif ​មាន​អាយុ​៩​ឆ្នាំ​ នាង​បាន​ជាន់​ចំ​គ្រាប់​​មីន​កប់​ក្នុង​ដី​ខណៈ​ដែល​​នាង​កំពុង​ដើរ​ទៅ​សាលា​នៅ​ក្នុង​ប្រទេស​យេម៉ែន។​ នាង​បាន​បាត់​បង់​ជើង​ស្តាំ​ មួយ​ផ្នែក​នៃ​ដៃ​ស្តាំ ​និង​បាន​រង​របួស​លើ​ផ្ទៃ​មុខ​យ៉ាង​ធ្ងន់​ធ្ងរ។​ គ្រួសារ​របស់​នាង​បាន​បង្ខំ​ចិត្ត​លក់​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​ដើម្បី​បង់​ថ្លៃ​ព្យាបាល​សម្រាប់​នាង។​ នាង​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​អ៊ីតាលី​ដើម្បី​ព្យាបាល​របួស​លើ​ផ្ទៃ​មុខ។​

ដោយ​ព្យាយាម​យក​ឈ្នះ​ និង​មិន​ចុះ​ចាញ់​គ្រប់​ឧបសគ្គ​ នាង​ Labibah ឥឡូវ​នេះ​បាន​ចូល​បម្រើការ​នៅ​សមាគម​អ្នក​រួរស់​រាន​មាន​ជីវិត​ពី​គ្រាប់​មីន​នៅយេម៉ែន និង​ក្រសួង​សង្គម​កិច្ច​ដើម្បី​ជួយ​អ្នក​ឯ​ទៀតៗ។

Alvin Madjesty មិន​មែន​ត្រឹម​តែ​ជា​សុនខ​មួយ​ក្បាល​នោះ​ទេ។​ វា​គឺ​ជា​អ្នក​សង្រ្គោះ​ជីវិត​ផងដែរ។ ចាប់​តាំង​ពី​ឆ្នាំ​២០១១​ មក​ វា​និង​ម្ចាស់​របស់​វា​គឺ​លោក​ Lance Corporal Nawarathne​ បាន​បោស​សម្អាត​ផ្ទៃ​ដី​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​គ្រាប់​មីន​ប្រមាណ ៧០.០០០​មែត្រ​ការ៉េ ​នៅ​ប្រទេស​ស្រីលង្កា។

នាង ​ Labibah ​ សត្វ​សុនខ​ Alvin ​និង​លោក​ Nawarathne ស្ថិត​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែលត្រូវ​បាន​ផ្តល់​កិត្តិយស​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា​ ដោយ​វិទ្យាស្ថាន ​Marshall Legacy​ ដែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ។ អង្គការ​នេះ​ជា​ដៃគូ​របស់​ក្រសួង​ការបរទេស​អាមេរិក​ដើម្បី​ជួយ​ប្រទេស​នានា​ដែល​រងការបំផ្លិច​បំផ្លាញ​ដោយ​សារ​សង្រ្គាម​ និង​ដើម្បី​លុប​បំបាត់​ផល​ប៉ះ​ពាល់​ដែល​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​បង្ក​ឡើង​ដោយ​គ្រាប់​មីន។​

ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ គ្រាប់​មីន​ និង​គ្រឿង​ផ្ទុះ​ផ្សេង​ទៀត​ដែល​សេស​សល់​ពី​សង្រ្គាមបាន​សម្លាប់​ និង​ធ្វើ​ឲ្យ​ប្រជាជន​ទាំង​បុរស​ទាំង​ស្រ្តី ​និង​កុមារ​របួស​ប្រមាណ ​១០.០០០​នាក់​ ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ​តួលេខ​នេះ​បាន​ធ្លាក់​ចុះ​ជាង​៦០​ភាគ​រយ​ បន្ទាប់ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ដោយ​ប្រជាជាតិ​នានា​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ច្រើន​ នេះ​បើ​យោង​តាម​លោក​ David McKeeby​ អ្នក​នាំ​ពាក្យ​ការិយាល័យ​កិច្ច​ការ​យោធា​នយោបាយ​របស់​ក្រសួង​ការ​បរទេស។

យោង​តាម​ក្រសួង​ការបរទេស សហរដ្ឋ​អាមេរិក​គឺ​ជា​អ្នក​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​តែ​មួយ​គត់​នៅ​លើ​ពិភពលោក ដែល​ឧបត្ថម​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​សម្អាត​គ្រឿង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ និង​គ្រាប់​មីន​កប់​ក្នុង​ដី។​ អាមេរិក​បាន​រួម​ចំណែក​ឧបត្ថម្ភ​ថវិកា​ជាង​ ២.៦ ​ពាន់​លាន​ដុល្លារទៅ​ឲ្យ​ប្រទេស​ចំនួន​ ៩៥ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់ដ៏​គ្រោះ​ថ្នាក់នៃ​អាវុធ​ដែល​ប្រើ​ប្រាស់​ក្នុង​សង្រ្គាម ​ដែល​អាវុធ​ទាំង​នោះ​កំពុង​មាន​ហានិភ័យ ត្រូវ​បាន​គេ​ជួញដូរ​ដោយ​ខុស​ច្បាប់​ និង​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​ដោយ​មិន​បាន​បែង​ចែក​ត្រឹម​ត្រូវ។

នៅ​ខណៈ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​បញ្ឈប់​ការ​នាំ​ចេញ​ ការ​ផលិត​ផល និង​ការ​ទិញ​យក​គ្រាប់​មីន​ប្រឆាំងនឹង​មនុស្ស​ ​នៅ​តែ​មាន​គ្រាប់​មីន​ជា​ច្រើន​សម្រាប់​ប្រើ​ប្រាស់​នៅ​ឧបទ្វីប​កូរ៉េ​ ជា​ទី​ដែល​គេ​ត្រូវ​ការ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជា​ចាំបាច់​ដើម្បី​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូងប្រឆាំង​តទល់​ជាមួយ​កូរ៉េ​ខាង​ជើង។

ប៉ុន្តែ​ក្រុម​អ្នក​រិះ​គន់​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គួរ​តែ​បាន​ធ្វើ​លើស​ពី​នេះដើម្បី​សម្អាត​គ្រាប់​មីន​ គ្រាប់​បែក​ចង្កោម​ និង​គ្រឿង​ផ្ទុះ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​នានា​ដែល​យោធា​របស់​ខ្លួន​បាន​បង្ក​ឡើង។​

លោក ​Firoz Alizada ​នៃ​ក្រុម​ចម្រុះ​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​ហាម​ឃាត់​គ្រាប់​មីន​ និង​គ្រាប់​បែក​ចង្កោម​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​គួរ​តែ​បំផ្លាញ​ស្តុក​គ្រាប់​មីន​របស់​ខ្លួន​ឲ្យ​លឿន​ជាង​នេះ ​និង​លុប​ចោល​ឧបសគ្គ​នៃ​គោល​នយោបាយ​ចុង​ក្រោយ ដើម្បី​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​ចូល​ក្នុង​សន្ធិ​សញ្ញា​ហាម​ប្រាម​គ្រាប់​មីន»។

សន្ធិសញ្ញា​ហាម​ប្រាម​គ្រាប់​មីន​ ដែល​ត្រូវ​អនុម័ត​ក្នុង​ឆ្នាំ​១៩៩៧ ​និង​បាន​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​១៩៩៩​ គឺ​ជា​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ដែល​បាន​ចងក្រង​តាម​ផ្លូវ​ច្បាប់។ សន្ធិសញ្ញា​នេះហាម​ប្រាម​ការ​ប្រើ​ប្រាស់ ការ​ផលិត​ ការ​ស្តុក​ទុក​ និង​ការ​ផ្ទេរ​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស។ កិច្ច​ព្រម​ព្រៀង​នេះ​ក៏​បាន​បន្ថែម​កាតព្វកិច្ច​ដោយ​តម្រូវ​ឲ្យប្រទេស​នានាសម្អាត​តំបន់​ដែល​រង​ផល​ប៉ះ​ពាល់​ពី​គ្រាប់​មីន​ ជួយ​សម្រួល​ដល់​ជន​រង​គ្រោះ​ និង​បំផ្លាញ​មីន​ដែល​បាន​ស្តុក​ទុក។

សហរដ្ឋ​អាមេរិក​បាន​ចូល​រួម​ក្នុង​នាម​ជា​អ្នក​អង្កេតការណ៍​ក្នុង​កិច្ច​ប្រជុំរបស់​សន្ធិសញ្ញា​ហាម​ប្រាម​គ្រាប់​មីន​នេះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ និង​បាន​សន្យា​ថា នឹង​ចូល​រួម​ក្នុង​សន្ធិសញ្ញា​នេះ។ ក្រុម​អ្នក​តស៊ូមតិ​បាន​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា ​ជំរុញ​មន្ទីរ​បញ្ចកោណ​ឲ្យ​បញ្ចប់​ការស្រាវជ្រាវ​ទៅ​លើ​ជម្រើស​ផ្សេង​ឲ្យ​បាន​លឿន​ ដើម្បី​ឲ្យ​ការ​លើក​លែង​សម្រាប់​ប្រទេស​កូរ៉េ​អាច​ត្រូវ​បាន​លុប​ចោល​ មុន​ពេល​ដែល​លោក​ចុះ​ចេញ​ពី​តំណែង។

នាង ​Alizada ​បាន​ប្រាប់​ VOA​ ថា​ ប្រទេស​នានានឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ចុង​ខែ​វិច្ឆិកា​នេះ​ នៅ​ប្រទេស​ឈីលី​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ដ៏​ធំ​មួយ​ និង​ពិភាក្សា​ពី​ដំណើរ​ការ​ និង​បញ្ហា​ប្រឈម​ជា​ច្រើន​ក្នុង​ការ​អនុម័ត​សន្ធិសញ្ញា​នេះ​ទូទាំង​សកល​លោក។ នាង​និយាយ​ថា​ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ គោល​ដៅ​ក្នុង​ការ​បញ្ចប់​ការ​សម្អាត​គ្រាប់​មីន​នៅ​ឆ្នាំ​២០២៥ ​នឹង​ត្រូវ​បាន​បញ្ជាក់​ជា​ថ្មី៕

ប្រែសម្រួល​ដោយ៖ ទុំ ម្លិះ

XS
SM
MD
LG