ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Pence៖ ​លោក​ប្រធានាធិបតី​អាមេរិកាំង ដូណាល់ ​ត្រាំ ​នឹង​អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​អាស៊ី


លោក Mike Pence អនុប្រធានាធិបតី​អាមេរិក​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​មួយ​ បន្ទាប់​ពី​កិច្ចប្រជុំ​របស់​លោក​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo នៅ​វិមាន Merdeka ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។

លោក​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក Mike Pence បាន​ប្រកាស​នៅ​ក្នុង​រដ្ឋ​ធានី​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​ប្រធានា​ធិបតី​អាមេរិកាំង ​ដូណាល់ ​ត្រាំ ​នឹង​អញ្ជើញ​ចូល​រួម​សន្និសីទ​កំពូល​៣នៅ​ក្នុង​តំបន់​អាស៊ី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោក​អនុប្រធានា​ធិបតី​អាមេរិក Pence ដែល​កំពុង​ស្នាក់​នៅ​ប្រទេសចុងក្រោយ​បង្អស់​នៃ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​១០​ថ្ងៃ​នៅ​ក្នុង​ទ្វីប​អាស៊ីបាន​មាន​ប្រសាសន៍​ថា លោក​ប្រធានាធិបតី​ត្រាំ ​មាន​គម្រោង​ចូលរួម​សន្និសីទ​កំពូល​អាមេរិក​ និង​សមាគមន៍​ប្រជា ជាតិ​អាស៊ី​អាគ្នេយ៍ឬ​អាស៊ាន និង​សន្និសីទ​កំពូល​អាស៊ី​ខាង​កើត​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ និង​សន្និសីទ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (APEC) នៅ​ក្នុង​ប្រទេស​វៀត​ណាម។

បន្ទាប់ពី​ជំនួប​ជាមួយ​លោក​អគ្គលេខាធិការ​សមាគម​អាស៊ាន ​លោក​អនុប្រធានា​ធិបតី Pence ​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋបាល​របស់​លោក​ប្រធានា​ធិបតី​ត្រាំ នឹង​សហការណ៍​ជាមួយ​សមាគមន៍​អាស៊ាន​ដើម្បី​លើក​កម្ពស់​សន្តិភាព​ និង​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថាលំហូ​ពាណិជ្ជកម្ម​មាន​ភាព​រលូន​នៅ​ក្នុង​តំបន់​នោះ។

ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​ស្វះស្វែង​រក​កិច្ច​ព្រមព្រៀង​រយៈ​ពេល​យូរ​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ តំបន់​នោះ​ប្រឈម​បញ្ហា​ថ្មី​នៅ​ពេល​ដែល​ចិន​ចាត់​វិធានការ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នៅពេល​ដែល​គោល​នយោបាយ​តំបន់​អាស៊ី​របស់​សហរដ្ឋ​អាមេរិក​នៅពេល​បច្ចុប្បន្ន​នេះ​បាន​ផ្តោត​ទៅ​លើ​ការ​កើន​ឡើង​នូវ​ការ​តាន​តឹងនៅ​លើ​ឧបទ្វី​កូរ៉េ។ លោក​អនុ​ប្រធាធិបតី​ អាមេរិក Pence ​បាន​សរសើរ​ប្រទេស​ឥណ្ឌូនេស៊ី​ចំពោះ​អ្វី​ដែល​លោក​បាន​ហៅ​ថា ​ប្រទេស​កាន់​សាសនា​ឥស្លាម​និយម​ផ្លូវ​កណ្តាល​នៅ​ពេល​ដែល​លោក​អនុប្រធានា​ធិបតី​ជួប​ជាមួយ​ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី Joko Widodo៕

XS
SM
MD
LG