ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក​ចាត់​ទុក​ជម្រើស​មួយ​ចំនួន​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ជា​ការ​គំរាម​កំហែង


លោក​អនុប្រធានាធិបតី Mike Pence ថ្លែង​ទៅ​កាន់​កងកម្លាំង​អាមេរិកាំង​ និង​កងកម្លាង​ការពារ​ខ្លួន​របស់​ជប៉ុន នៅ​នាវា​ចម្បាំង USS Ronald Reagan នៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក Yokosuka កាលពី​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump បាន​និយាយ​អំពី​របៀប​ដោះស្រាយ​តឹងរ៉ឹង​ជាង​មុន​មួយ​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ជើង​ដោយ​និយាយ​ថា​ ខ្លួន​គ្មាន​ការ​អត់ធ្មត់​ទៀត​ទេ​ជាមួយ​ការ​រឹង​ទទឹងរបស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដល់​ការ​ទាមទារ​យូរយារ​មក​ហើយ​ឱ្យ​ខ្លួន​កាត់​បន្ថយ​មហិច្ឆតា​បរមាណូ​របស់​ផង​ខ្លួន។​

លោក​អនុ​ប្រធានាធិបតី​ស.រ.អា. Mike Pence បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​ស.រ.អា.​មួយ​គ្រឿង​ក្នុង​ប្រទេស​ជប៉ុន​ថា «ពួក​ជន​ទាំង​ឡាយ​ណា​ដែល​ប្រឆាំង​នឹង​ការ​ប្ដេជ្ញា​ចិត្ត ឬ​ការ​ប្រុង​ប្រៀប​របស់​យើង​គួរ​ដឹង​ថា​យើង​នឹង​យក​ជ័យជម្នះ​លើ​ការ​វាយ​ប្រហារ​ណា​មួយ​ ហើយ​នឹង​ជួប​ប្រទះ​ជាមួយ​ការ​ប្រើប្រាស់​អាវុធ​ធម្មតា​ ឬ​អាវុធ​បរមាណូ​ជាមួយ​ការ​តបត​យ៉ាង​ខ្លាំង​ និង​មាន​ប្រសិទ្ធិភាព​ពី​ប្រទេស​អាមេរិក»។ ប្រសាសន៍​នេះ​មាន​ឡើង​នៅ​ក្រោយ​អត្ថាធិប្បាយ​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ក្រុង​តូក្យូ​ដោយ​លោក​បាន​ប្រកាស​ថា​ ស.រ.អា.​នឹង​មិន​នៅ​ស្ងៀម​ទេ​រហូត​ដល់​ពេល​ណា​ខ្លួន​សម្រេចគោលដៅ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​កុំ​ឱ្យ​ឧបទ្វីប​កូរ៉េ​មាន​អាវុធ​បរមាណូ។ ​ហើយ​នៅ​ពេល​ឈប់​សំចត​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល​កាលពី​ពេល​មុន​នោះ ​លោក​អនុប្រធានាធិបតី​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា «រយៈពេល​នៃ​ការ​អត់ធ្មត់​ខាង​យុទ្ធសាស្ត្រ​ចប់​ហើយ» ដោយ​លោក​និយាយ​យោង​ដល់​យុទ្ធសាស្ត្រ​ស្ងាត់ស្ងៀម​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​អូបាម៉ា។

ទស្សនកិច្ច​របស់​លោក​ Pence នៅ​ក្នុង​តំបន់​ឦសាន​នៃ​ទ្វីប​អាស៊ី​មាន​ឡើង​នៅ​ពេល​ដែល​លោក​ឧត្តមសេនីយ៍ឯក H.R. McMaster ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​ស.រ.អា.​បាន​និយាយ​ប្រាប់​កម្មវិធី​ទូរទស្សន៍​អាមេរិកាំង​ ABC News ថា​ «មាន​ជម្រើស​ទាំង​អស់​នៅ​លើ​តុ» ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។ ​ក៏​ប៉ុន្តែ​ទោះ ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក McMaster បាន​សម្តែង​សេចក្តី​សង្ឃឹម​ថា​នឹង​គ្មាន​សេចក្តី​ត្រូវ​ការ​ឱ្យ​មាន​ការ​វាយ​ប្រហារ​យោធា​មួយ​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាង​ជើង​ទេ។​

នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​តាម​ Twitter ពីរ​កាលពី​ពេល​ថ្មីៗ​នេះ លោក​ប្រធានាធិបតី​ Donald Trump បាន​និយាយ​យោង​ដល់​របប​គ្រប់គ្រង​ក្រុង​ព្យុងយ៉ាង​ថា ជា «ការ​គំរាម​កំហែង» មួយ​ដែល​ «បង្ក​បញ្ហា»។ ដោយ​ធ្វើ​ការ​វាយ​ប្រហារ​តាម​ពាក្យ​សម្តី​ដល់​របៀប​ដោះស្រាយ​របស់​លោក​អូបាម៉ា លោក Trump បាន​សរសេរ​ថា

«រយៈពេល​៩០​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​កាន់​តំណែង​ប្រធានាធិបតី​ស.រ.អា.​បាន​លាត​ត្រដាង​ឱ្យ​ឃើញ​បរាជ័យ​ទាំង​ស្រុង​នៃ​គោលនយោបាយ​ការបរទេស​ក្នុង​ពេល​៨ឆ្នាំ​កន្លង​ទៅ​នេះ»៕

XS
SM
MD
LG