ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Mike Pence ព្រមាន​កូរ៉េ​ខាង​ជើង​កុំ​ឲ្យ​សាកល្បង​ជាមួយ​នឹង​ការ​ដោះស្រាយ​បញ្ហា​របស់​សហរដ្ឋ​អាមេរិក


អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​ Mike Pence មើល​ទៅកាន់​ភាគខាងជើង​ពី​បុស្តិ៍​អង្កេតការ Ouellette ក្នុង​តំបន់គ្មាន​យោធា (DMZ) ក្បែរ​ភូមិ​ជាយដែននៃ​ Panmunjom ដែលបែង​ចែក​កូរ៉េ​ទាំងពីរ​តាំង​ពី​សង្រ្គាម​កូរ៉េ។

នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​យោង​ទៅ​លើ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អាហ្វហ្គានីស្ថាន នា​ពេល​ថ្មីៗ​នេះ លោក​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Mike Pence បាន​ចេញ​នូវ​ការ​ព្រមាន​ខ្លាំងៗ​មួយ​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ជើង​ថា ប្រសិន​បើ​ចាំបាច់ លោក​ប្រធានាធិបតី Donald Trump នឹង​ប្រើ​កម្លាំង​យោធា ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​ការ​បន្ត​នូវ​ការ​គំរាម​កំហែង​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​លោក Kim Jong Un។

លោក Mike Pence បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​កន្លង​មក​នេះ ពិភពលោក​បាន​ឃើញ​នូវ​កម្លាំង និង​ការ​ដោះស្រាយ​បញ្ហា​របស់​ប្រធានាធិបតី​ថ្មី​របស់​យើង នៅ​ក្នុង​សកម្មភាព​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ប្រទេស​អាហ្វហ្គានីស្ថាន។ កូរ៉េ​ខាង​ជើង​ត្រូវ​ធ្វើ​ឲ្យ​បាន​ប្រសើរ បើ​មិន​ចង់​សាកល្បង​ជាមួយ​នឹង​ការ​ដោះស្រាយ​បញ្ហា​របស់​លោក​ប្រធានាធិបតី Donald Trump ទេ‍»។

លោក​អនុ​ប្រធានាធិបតី​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ជា​ការ​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចំនួន ៤ នៅ​ក្នុង​ទ្វីប​អាស៊ី ដើម្បី​ពង្រឹង​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​ខ្លាំងក្លា​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សម្ព័ន្ធ​មិត្ត នៅ​ក្នុង​តំបន់​ដែល​មាន​ភាព​តានតឹង​កាន់តែ​កើន​ឡើង​នេះ និង​ដើម្បី​គៀង​គរ​ការ​គាំទ្រ​ពី​អន្តរជាតិ​ឲ្យ​បង្កើន​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក Kim Jong Un ដើម្បី​បញ្ចប់​កម្មវិធី​អភិវឌ្ឍ​គ្រាប់​ផ្លោង​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​ធ្វើ​ឡើង​ជាមួយ​ប្រធានាធិបតី​ស្ដីទី​កូរ៉េ​ខាង​ត្បូង​លោក Hwang Kyo-ahn នៅ​ក្នុង​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃ​ចន្ទ​នេះ លោក Pence បាន​សង្កត់​ធ្ងន់​អំពី​ការ​គាំទ្រ​មិន​ប្រែប្រួល​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ការ​ការពារ​សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែង​របស់​ខ្លួន និង​ដើម្បី​សហប្រតិបត្តិការ​នូវ​រាល់​ការ​សម្រេច​ចិត្ត​ទាំង​អស់ ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់៕

XS
SM
MD
LG