\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ហ្វីលីពីន​មាន​បំណង​ចង់​ដក​ប្រទេស​ហ្វីលីពីន​ចេញ​ពី​សមាជិកភាព​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ


លោក Rodrigo Duterte ថ្លែង​សុន្ទរកថា​ក្នុង​ខួប៨០​នៃ​ការិយាល័យ​ស៊ើបអង្កេត​ជាតិ កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Rodrigo Duterte ថ្លែង​សុន្ទរកថា​ក្នុង​ខួប៨០​នៃ​ការិយាល័យ​ស៊ើបអង្កេត​ជាតិ កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​ទំនង​ជា​នឹង​ធ្វើ​តាម​ករណី​ប្រទេស​រុស្ស៊ី ដោយ​ដក​ប្រទេស​ហ្វីលីពីន​ចេញ​ពី​សមាជិកភាព​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC។ អ្នក​រិះគន់​រូប​លោក បាន​លើក​ឡើង​ថា លោក​អាច​ត្រូវ​គេ​ចោទ​ប្រកាន់​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ ពី​បទ​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​មុន​ពេល​លោក Duterte ចាកចេញ​ទៅ​កាន់​ប្រទេស​ប៉េរូ​ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​នៃ​ក្រុម​មេដឹកនាំ​មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក Duterte បាន​និយាយ​ថា អង្គការ​សហប្រជាជាតិ​គ្មាន​ប្រយោជន៍​ក្នុង​ការ​ជួយ​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ពិភពលោក។ លោក​បាន​និយាយ​ថា ប្រសិនបើ​ប្រទេស​ចិន និង​ប្រទេស​រុស្ស៊ី សម្រេច​ចិត្ត​បង្កើត​អង្គការ​ពិភពលោក​ថ្មី ប្រទេស​ហ្វីលីពីន​នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​ថ្មី​នេះ ហើយ​នឹង​ចាកចេញ​ពី​សមាជិកភាព​របស់​អង្គការ​សហប្រជាជាតិ ដោយ​លោក​បាន​និយាយ​ថា អង្គការ​សហប្រជាជាតិ​នេះ​គឺ​រង​ឥទ្ធិពល​ពី​សហរដ្ឋ​អាមេរិក។

លោក Duterte ថា លោក​ចង់​ដក​ប្រទេស​ហ្វីលីពីន​ចេញ​ពី​សមាជិកភាព​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយសារ​តែ​ប្រទេស​តូចៗ​តែងតែ​រង​គ្រោះ ប៉ុន្តែ​មិន​មាន​សកម្មភាព​ណា​មួយ​ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​អនុវត្ត​លើ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ប្រទេស​អ៊ីរ៉ាក់​នោះ​ទេ ដែល​នៅ​ទី​នោះ មាន​ស្ត្រី និង​កុមារ​រាប់​ពាន់​នាក់​បាន​ស្លាប់​ដោយ​ការ​សង្គ្រាម។

លោក Duterte ក៏​បាន​រិះគន់​កិច្ច​ព្រមព្រៀង​សាកលលោក​ស្ដី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​និយាយ​ថា កិច្ច​ព្រមព្រៀង​នេះ មិន​មាន​ការ​ដាក់​ទោស​ទណ្ឌ​ណា​មួយ​ដល់​អ្នក​ប្រព្រឹត្តិ​ល្មើស​នោះ​ទេ៕

XS
SM
MD
LG