ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សហ​ប្រជាជាតិ​រក​ឃើញ​មាត្រា​រឹតត្បិត​ជាច្រើន​ក្នុង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ


លោកស្រី Wan Hea Lee (ឆ្វេង) តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ហៅកាត់​ថា​ OHCHR ស្តាប់​លោក​​ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួងការ​បរទេស​កម្ពុជា នៅ​ក្នុង​អំឡុងកិច្ច​ប្រជុំ​មួយ​នៅ​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។ (AP Photo/Heng Sinith)

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ ហៅកាត់​ថា​ OHCHR​ កាលពី​ថ្ងៃ​ពុធ ​បាន​ចេញ​សេចក្តី​វិភាគ​អំពី​វិសោធនកម្ម​ច្បាប់​ស្តី​អំពី​គណបក្ស​នយោបោយ​ដ៏​ចម្រូង​ចម្រាស។

សេចក្តី​វិភាគ​ដែល​មាន​កម្រាស់​៣២​ទំព័រ​នេះ​ធ្វើ​ឡើង​ ដើម្បី​បង្ហាញ​ចំណុច​រឹតត្បិត​នានា​ដែល​នឹង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​សេរីភាព​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​ខ្លួន​ដោយ​សេរី។​

សេចក្តី​វិភាគ​នោះ​បាន​ឲ្យ​ដឹង​ថា​ សុច្ចរឹតភាព​នៃ​ការ​បោះឆ្នោត​នានា​នៅ​ក្នុង​លទ្ធិ​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស​មិន​ត្រូវ​បាន​ធានា​ទេ​ ប្រសិន​បើ​គណបក្ស​នយោបាយ​មិន​អាច​អនុវត្ត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ក្នុង​នោះ​មាន​សិទ្ធិ​ក្នុង​ការ​ស្វែង​រក​ និង​ទទួល​បាន​ព័ត៌មាន​ដែល​មិន​លម្អៀង។​

រាល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​គួរ​ធ្វើ​ជា​កាតាលីករ ​ដើម្បី​ពិភាក្សា​ និង​សន្ទនា​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ។​ ការណ៍​នេះ​គួរ​ត្រូវ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​សម្តែង​មតិ​ដោយ​ឯករាជ្យ​ និង​គ្មាន​អំពើ​ហិង្សា​ គ្មាន​ការ​បង្ខិត​បង្ខំ ​គ្មាន​ការ​លួងលោម ​ឬ​ក៏​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្សេង​ទៀត។​

សេចក្តី​វិភាគ​បាន​ជ្រើសរើស​យក​មាត្រា​ជាច្រើន​ ដែល​មាន​ខ្លឹមសារ​ដាក់​សម្ពាធ​លើ​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​ចូលរួម​បម្រើ​សកម្មភាព​នយោបាយ​ដោយ​សេរី។ ​ចំណុច​រស៊ើប​មួយ​ចំនួន​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​មាត្រា​ទាំងនោះ​ រួមមាន​បញ្ហា​ឯកភាព​ជាតិ ​សនិ្តសុខជាតិ​ ​សញ្ជាតិ​ និង​ការ​ទទួល​បាន​ថវិកា​ដើម្បី​ធ្វើ​ប្រតិបត្តិ​ការ​គណបក្ស​នយោបាយ។​

លោក ប្រាក់ សំអឿន​ (ឆ្វេង) អគ្គនាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​ និង​លោក ប៊ុន ហុន (ស្តាំ) អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃទី៣​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
លោក ប្រាក់ សំអឿន​ (ឆ្វេង) អគ្គនាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​ និង​លោក ប៊ុន ហុន (ស្តាំ) អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃទី៣​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

បើ​តាម​សេចក្តី​វិភាគ​របស់​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ មាត្រា​មួយ​ចំនួន​ដែល​ត្រូវបាន​កែប្រែ​ក្នុង​ច្បាប់​នេះ​ មាន​ខ្លឹមសារ​មិនស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា មិនស្រប​តាម​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ស្តី​ពី​សិទិ្ធ​ពលរដ្ឋ​ និង​នយោបាយ​ និង​មិនស្រប​តាម​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ផ្សេង​ទៀត​ស្តី​ពី​បញ្ហា​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ទេ។​

សេចក្តី​វិភាគ​បាន​បញ្ជាក់​ថា​ ការ​កំណត់​តួនាទី​សមស្រប​របស់​រដ្ឋ​ក្នុង​ការ​ធ្វើ​បទ​ប្បញ្ញត្តិ​លើ​គណ​បក្ស​នយោបាយ​តម្រូវ​ឲ្យ​មាន​ការ​ពិគ្រោះយោបល់​ជាមួយ​បុគ្គល​ និង​ក្រុម​នានា​ដែល​ពាក់​ព័ន្ធ​ និង​រង​ផល​ប៉ះពាល់​ពី​បទ​ប្បញ្ញត្តិ​នោះ​ ដែល​វា​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ដំណើរការ​ពង្រាង​ច្បាប់។

ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នៅ​កម្ពុជា​ ដែល​បាន​ផ្តល់​អំណាច​ដល់​ក្រសួង​មហា​ផ្ទៃ​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​គណបក្ស​នយោបាយ​នោះ​ មាន​លក្ខណៈ​ផ្ទុយ​ពី​បទដ្ឋាន​អន្តរជាតិ​ ដែល​តម្រូវ​ឲ្យ​អង្គភាព​ធ្វើ​បទ​បញ្ជា​នានា​មាន​ភាព​ឯករាជ្យ​ពី​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ដើម្បី​ធានា​បាន​នូវ​កម្រិត​នៃ​ការ​ធ្វើ​នយោបាយ។​

ក្រសួង​មហា​ផ្ទៃ​ដែល​ត្រូវ​បាន​ប្រគល់​អំណាច​ដ៏​ធំទូលាយ​ដើម្បី​ចាត់​វិធាន​ការ​នានា​នោះ​ អាច​រាប់​បាន​ថា​ ជា​ដំណើរការ​ដែល​អាច​រំលាយ​គណបក្ស​នយោបាយ។​ ហើយ​លទ្ធភាព​នៃ​ការ​ជំទាស់​នឹង​ការ​រំលាយ​អាច​ត្រូវ​បាន​ធ្វើ​តែ​តាម​តុលាការ​កំពូល​ជំនួស​ឲ្យ​ការ​តវ៉ា​តាំង​ពី​សាលាដំបូង​រហូត​ដល់​សាលា​ឧទ្ធរណ៍។​

ក៏ប៉ុន្តែ​ មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ការពារ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ ហើយ​ថា​ ច្បាប់នេះ​មាន​បំណង​បម្រើ​ដល់​សង្គមជាតិ​ទាំងមូល។

លោក​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ថ្លែង​ប្រាប់​ VOA​ ថា៖​

«ចំពោះ​ការណ៍​ដែល​អនុម័ត​ច្បាប់​ណាមួយ​ហើយ​ហ្នឹង​គឺ​ថា​ មុន​នឹង​បាន​អនុម័ត​ត្រូវឆ្លង​កាត់​ការ​ពិភាក្សា​ ការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ គិត​អំពី​អត្ថ​ប្រយោជន៍​ គិត​អំពី​ផល​វិបាក​ តើមាន​យ៉ាង​ណា​ ជះ​ឥទ្ធិពល​យ៉ាងណា​ទៅដល់​សង្គម ទៅ​ដល់​អ្នក​ដែល​ប្រតិបត្តិករ​ ដូច្នេះ​បាន​ជា​រដ្ឋសភា​បាន​ពិចារណា​គ្រប់​ជ្រុងជ្រោយ​រួចហើយ»។​

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី៥​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពើ​សំណើរបស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កែសម្រួល​បទបញ្ជា​ និង​នីតិវិធីសម្រាប់​ការ​បោះឆ្នោត​ ឃុំ​ សង្កាត់។​ (ហ៊ុល រស្មី/VOA)

លោក​សុខ ឥសាន ​ថ្លែង​បន្ថែម​ថា​ វិសោធន​កម្ម​ច្បាប់​ដែល​បាន​ធ្វើ​ឡើង​នោះ​ មិន​តម្រូវ​តាម​បំណង​ ឬ​ការ​ចង់​បាន​របស់​បុគ្គល​ ឬ​ក្រុមណា​មួយ​នោះ​ទេ ​តែ​ដើម្បី​ប្រយោជន៍​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ។​

«មិន​មែន​ធ្វើ​តម្រូវ​ចិត្ត​គាត់​មួយ​ក្រុម​តូចទេ​ គឺ​តម្រូវ​ចិត្ត​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស»។​

សេចក្តី​វិភាគ​របស់​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ឲ្យដឹង​ថា​ ការ​ទាមទារ​ឲ្យ​មាន​តែ​ពលរដ្ឋ​មាន​សញ្ញាតិ​ខ្មែរ​មក​ធ្វើ​ជា​មេ​ដឹកនាំ​ ឬក៏​សមាជិក​នៃ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្ស​ គឺជា​ទម្រង់​នៃ​ការ​រើសអើង។​

សេចក្តី​វិភាគ​នោះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀតថា វា​ជា​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​នយោបាយ​ ប្រសិន​បើ​ច្បាប់​តម្រូវ​ថា​ បុគ្គល​មួយ​រូប​ដែល​បាន​ប្រព្រឹត្ត​ទោស​កំហុស​ណា​មួយ​ ត្រូវ​បាត់បង់​មុខងារ​របស់​ខ្លួន​នៅក្នុង​គណបក្ស​នោះ។​ សេចក្តី​វិភាគ​នោះ​បន្ត​ថា​ ជារួម ​រាល់​គណបក្ស​នយោបាយ​ត្រូវតែ​មាន​ការ​គ្រប់គ្រង​ដោយ​ឯករាជ្យ​ដោយ​ខ្លួនឯង​ ខណៈ​ដែល​គណបក្ស​ទាំង​នោះ​ត្រូវតែ​ធានា​ថា​ ពួក​គេ​គោរព​សិទ្ធិ ​និង​ឱកាស​របស់​ប្រជាជន​នៅ​ក្នុងការ​ចូលរួម​សកម្ម​ភាព​សាធារណៈ​ និង​សកម្មភាព​នយោបាយ ​និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត។​

ជាមួយ​នឹង​ការ​ធ្វើ​វិសោធន​កម្មច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ក្នុង​ករណី​បរិហាកេរ្តិ៍​ និង​បទ​ល្មើស​ផ្សេង​ទៀត​នោះ​ បាន​សម្រេច​ចិត្ត​លាលែង​ចេញ​ ពី​មុខនាទី​ជា​ប្រធាន​គណបក្ស។​ ការ​សម្រេច​នេះ​ត្រូវ​គេជឿ​ថា ​ជា​ការ​សម្រេច​មួយ​ដើម្បី​រក្សា​ភាព​ហ្នឹងន​នៃ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​ប្រឆាំង។​

លោក​អេង ឆៃអ៊ាង​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ថា​ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​គ្មាន​ជម្រើស​ណា​ផ្សេង ​ក្រៅ​ពី​ការ​ធ្វើ​ទៅតាម​ច្បាប់​ដែល​បាន​ធ្វើ​វិសោធន​កម្ម​នេះ​ទេ។​

លោក​និយាយ​ថា​ ច្បាប់​នេះ​អាច​នឹង​ត្រូវ​បាន​សើរើ​ឡើងវិញ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។​

«អាហ្នឹង​យើង​មិន​បាច់​និយាយ​ទេ​ ចាំ​យើង​ឈ្នះ​សិន យើង​ដោះស្រាយ​រឿង​ហ្នឹង​បាទ»។​

ច្បាប់ស្តី​ពី​គណបក្ស​នយោបាយ​ ដែលត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ដោយ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​កាន់អំណាច​ បាន​កំណត់​មាត្រា​ចែង​ពី​ការ​ទទួល​យក​ថវិកា​ដើម្បី​ទ្រទ្រង់​គណបក្ស​ផង​ដែរ។​

ប្រយោគ​ទី​២ មាត្រា​២៩​ថ្មីនៃច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ បាន​ចែង​ថា៖ «គណបក្ស​នយោបាយ​នឹង​ត្រូវ​បាន​ហាម​ឃាត់​ពី​ការ​ទទួល​ការ​ផ្តល់​វិភាគ​ទាន​នានា​នៅ​គ្រប់​រាល់​ទម្រង់​ពីស្ថាប័ន​បរទេស​ ក្រុមហ៊ុន​បរទេស​ ជន​បរទេស​ ឬ​អង្គការ​ទាំង​ឡាយ​ណា​ ដែល​មាន​ប្រភព​ហិរញ្ញ​ប្បទាន​ពី​បរទេស»។

រូបឯកសារ៖ លោក អេង ឆៃអ៊ាង តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ​និង​ជា​ប្រធាន​គណៈកម្មការ​ទី១​នៃ​រដ្ឋសភា​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា​ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក អេង ឆៃអ៊ាង តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ​និង​ជា​ប្រធាន​គណៈកម្មការ​ទី១​នៃ​រដ្ឋសភា​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា​ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

សេចក្តី​វិភាគ​របស់​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ពន្យល់​ថា​ ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ផ្តល់​មូលនិធិ​ក្នុង​វិសាល​ភាព​ទូលំ​ទូលាយ​បែប​នេះ​ ទំនង​ជា​ការ​ដាក់​កំហិត​លើ​ការ​ផ្តល់​ហិរញ្ញ​ប្បទាន​ស្របច្បាប់ ​និង​ការ​ផ្តល់​វិភាគ​ទាន​នានា​ពី​បុគ្គល​ឯកជន​កម្ពុជា​ និង​ក្រុមហ៊ុន​ក្នុង​ស្រុក។​

ក្រុម​អ្នក​វិភាគ​និយាយ​ថា ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​បាន​បង្ក​ផល​ប៉ះពាល់​ទៅលើ​ដំណើរការ​របស់​គណបក្ស​នយោបាយ​ ក្នុង​នោះ​គឺ​គណបក្ស​ប្រឆាំង​ ដែល​មក​ទល់​ពេល​នេះ​កំពុង​តទល់​ជាមួយ​ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ប្រព័ន្ធ​ដឹកនាំ​របស់​គណបក្ស។​

លោក​មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ មាន​ប្រសាសន៍​ថា៖​

«ជា​ទស្សនៈ​របស់​យើង​ជា​អ្នកស្រាវជ្រាវ​វិញ​ គឺ​យើង​បាន​មើល​ឃើញ​គ្រប់​ជ្រុង​ជ្រោយ​ ​ហើយ​យើង​ឃើញ​ថា​ ច្បាប់​នេះ​មាន​ផល​ប៉ះពាល់​ច្រើន​ទៅលើ​ការ​ធ្វើ​នយោបាយ​នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង។​ ហើយ​នៅ​ក្នុងនោះ វា​មិនមែន​តែ​ទស្សនៈ​របស់​យើង​អ្នក​ស្រាវជ្រាវ​ទេ​ សូម្បីតែ​យើង​មើល​ទិដ្ឋភាព​ជាក់​ស្តែង​ដែល​កំពុង​កើត​មាន​ក៏វា​អាច​ធ្វើ​ឲ្យយើង​ដឹង​ថា​ វា​មានការ​រឹតត្បិត​ទៅ​លើ​សិទ្ធិ​នៅ​ក្នុង​ការ​ធ្វើ​នយោបាយ​នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង។​ យើង​ឃើញ​មាន​ជាក់​ស្តែង​ហើយ»។​

លោក​បន្ត​ថា​ រដ្ឋាភិបាល​នៅ​មាន​ពេល​វេលា​ច្រើន​ ដើម្បី​ពិនិត្យ​ជាថ្មី​ទៅលើ​ច្បាប់​ដ៏​រឹតត្បិត​នេះ ​ប្រសិន​បើ​រដ្ឋាភិបាល​ចង់​រក្សា​មុខមាត់​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ។​ លោក​បន្ថែម​ថា​ គណបក្ស​កាន់​អំណាច​អាច​ទទួល​រង​សម្ពាធ​ដោយ​ច្បាប់​នេះ​វិញ​ ប្រសិន​បើ​គណបក្ស​នេះ​ចាញ់​ការ​បោះ​ឆ្នោត​ ហើយ​ប្រែ​ក្លាយ​ខ្លួន​ជា​គណបក្ស​ប្រឆាំង​នោះ។​

លោក​ស្រី ​Wan-Hea Lee ​តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ហៅកាត់​ថា​ OHCHR​ បាន​ប្រាប់​ VOA ​កាល​ពីល្ងាច​ថ្ងៃ​ពុធ​ តាម​រយៈ​សារ​អេឡិចត្រូនិក​ ឬ​ email​ ថា​ សេចក្តី​វិភាគ​របស់​ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ត្រូវ​បានធ្វើ​ឡើង​ដើម្បី​ជាការ​រួម​ចំណែក​ដល់​ការ​ពិនិត្យ​ឡើង​វិញ​នៃ​ខ​ដែល​មាន​ចែងនា​នា​ ហើយ​ដែល​មិន​ទៅ​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ។​

លោក​ស្រី​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «ការិយាល័យ​របស់​ខ្ញុំ​តែងតែ​ត្រៀម​រួចរាល់​ជានិច្ច​ ដើម្បី​ពន្យល់​សេចក្តី​វិភាគ​អំពី​សិទ្ធិ​មនុស្ស​តាមរយៈ​ការ​សន្ទនា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ នៅ​ក្នុង​ស្មារតី​សហ​ប្រតិបត្តិការ។​ យើង​ស្វាគមន៍​ការ​សន្ទនា​ស៊ី​ជម្រៅ​អំពី​ច្បាប់​នេះ​ ដោយសារ​តែ​វា​មាន​សារៈសំខាន់​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។​

ដោយឡែក ​លោក ​Charles Santiago ​ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ បាន​បញ្ជាក់​ប្រាប់​ VOA​ តាមរយៈ​សារ​អេឡិចត្រូនិក​ ឬ ​email ​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​ថា​ ក្រុម​សមាជិក​សភា​អាស៊ាន​យល់ស្រប​នឹង​សេចក្តី​វិភាគ​របស់​អង្គការ​សហ​ប្រជាជាតិ ​ដែល​ត្រូវ​គ្នា​ទៅ​នឹង​របាយ​ការណ៍​ចុង​ក្រោយ​ស្តីពី​ជួង​មរណៈ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ ​ដែល​ត្រូវបាន​ចេញ​ផ្សាយ​ដោយ​ក្រុម​របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ។ ​

លោក ឆាល សាន់ទីអេហ្គោ (Charles Santiago) ​ប្រធានក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)
លោក ឆាល សាន់ទីអេហ្គោ (Charles Santiago) ​ប្រធានក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)

លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «យើង​យល់​ស្រប​នឹង​ការ​វាយ​តម្លៃ​របស់​អង្គការ​សហ​ប្រជាជាតិ​ទៅ​លើ​ច្បាប់​នេះ​ និង​ការ​គំរាម​កំហែង​នានា​ដែល​មាន​ទៅលើ​សិទ្ធិ​នយោបាយ​ និង​លិទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។​ ការណ៍​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញកាន់​តែ​ច្បាស់​នៃ​កី្ត​បារម្ភ​របស់​យើង​ ដែល​បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​ចុងក្រោយ​របស់​យើង។​ យើង​ជឿ​ជាក់​ថា​ ច្បាប់នេះ​គួរតែ​ត្រូវ​បាន​កែ​សម្រួល​ទាំង​ស្រុង​ឡើង​វិញ​ ហើយ​វិសោធនកម្ម​នានា​ត្រូវ​តែ​បោះបង់​ចោល»។​

លោក​សង្កត់​ធ្ងន់​ថា៖ «ដូច​ដែល​ខ្ញុំ​បាន​និយាយ​កាលពី​ពេលមុន​ថា​ ការ​អនុម័ត​វិសោធនកម្ម​ទាំង​នេះ​ បាន​បង្ហាញ​នូវ​ជួង​មរណៈ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ​សេចក្តី​វិភាគ​របស់​អង្គការ​សហ​ប្រជាជាតិ​ គឺ​ពិតជា​មាន​សុក្រឹត្យភាព​ និង​បាន​បង្ហាញ​ឲ្យ​ដឹង​នូវ​សេចក្តី​ត្រូវការ​បន្ថែម​ទៀត​សម្រាប់​ការ​កែ​សម្រួល​ [ច្បាប់​នេះ] ​ដើម្បី​ធានា​អនាគត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»៕

XS
SM
MD
LG