ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល ពិនិត្យ​ភាព​ស្របច្បាប់​នៃ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រឆាំង


រូបភាព​ឯកសារ៖ ក្រសួង​មហាផ្ទៃ​ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/VOA)

ក្រោយ​ពេល​គណបក្ស​សង្គ្រោះជាតិ ​​​ដាក់​ឯកសារ​បាន​តែ​ប៉ុន្មាន​ថ្ងៃ លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​អង្គារ លើក​ឡើង​ថា រដ្ឋាភិបាល​ប្រហែល​ជា​មិន​ទទួល​ស្គាល់​សមាជ​គណ​បក្ស​ប្រឆាំង​​នោះ​ទេ​ ប្រសិន​បើ​រក​ឃើញ​ថា ការ​ផ្ទេរ​តំណែង​ប្រធាន​បក្ស​ទៅ​លោក កឹម សុខា បំពាន​បទបញ្ជា​ផ្ទៃ​ក្នុង​គណបក្ស​​របស់​​គណ​បក្ស​សង្គ្រោះជាតិ​ខ្លួន​ឯង។

ក្រសួង​មហាផ្ទៃ​ កំពុង​ពិនិត្យ​មើល​ភាព​ស្រប​ច្បាប់​នៃ​សមាជ​វិសាមញ្ញរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​សមាជ​របស់​គណបក្ស​នេះសម្រេច​ជ្រើស​តាំង​លោក កឹម សុខា ជា​ប្រធាន​ និង​អនុ​ប្រធានចំនួន​៣​រូប ដែល​លោក ខៀវ សុភ័គ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​អះអាង​ថា ខុស​លក្ខន្តិកៈគណបក្ស​ប្រឆាំង។

គណបក្ស​សង្គ្រោះជាតិ ​បាន​ដាក់​ឯកសារ​ស្ដីពី​លទ្ធផល​សមាជវិសាមញ្ញដែល​បាន​ធ្វើ​កាលពី​ដើម​ខែ​មីនា​នេះ ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើ​ឲ្យក្រសួង​ទទួល​ស្គាល់​សុពលភាព​សមាជ​បក្ស​របស់​ខ្លួន។

ក្រោយ​ពេល​គណបក្ស​សង្គ្រោះជាតិ ​ដាក់​ឯកសារ​បាន​តែ​ប៉ុន្មាន​ថ្ងៃ លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​អង្គារ លើក​ឡើង​ថា រដ្ឋាភិបាល​ប្រហែល​ជា​មិន​ទទួល​ស្គាល់​សមាជ​គណ​បក្ស​ប្រឆាំងនោះ​ទេ​ ប្រសិន​បើ​រក​ឃើញ​ថា ការ​ផ្ទេរ​តំណែង​ប្រធាន​បក្ស​ទៅ​លោក កឹម សុខា បំពាន​បទបញ្ជា​ផ្ទៃ​ក្នុង​គណបក្សរបស់គណ​បក្ស​សង្គ្រោះជាតិ​ខ្លួន​ឯង។

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

លោក ខៀវ សុភ័គ អ្នកនាំ​ពាក្យក្រសួង​មហាផ្ទៃប្រាប់​ VOA នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បានបំពាន​លក្ខន្តិកៈ​គណបក្សរបស់​ខ្លួន​ ដែល​បាន​ដាក់​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៣ តាម​រយៈការ​ធ្វើ​សមាជ​បក្ស​ដោយ​គ្មាន​ការ​ចូល​រួម​របស់​ប្រធាន​គណបក្សនិងការ​ជ្រើស​តាំង​មេដឹកនាំ​ខុស​ពេល​វេលា។

លោក ខៀវ សុភ័គ មិន​បាន​ឆ្លើយ​នឹង​សំណួរ​ថា​តើ​ការ​ធ្វើ​ខុស​លក្ខន្តិកៈ​របស់​គណ​បក្សសង្គ្រោះជាតិមាន​ផល​ប៉ះពាល់​បែប​ណា​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា អ្នក​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ​កំពុង​ស្រាវជ្រាវ​លើ​បញ្ហា​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ឈរ​លើ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះជាតិ សមាជ​ហ្នឹង​វា​ខុសនឹង​លក្ខន្តិកៈរបស់​គាត់។ ដូច្នេះ​លទ្ធ​ផល​បើ​យើង​គិត​ទៅ បើ​វា​ខុស​លក្ខន្តិកៈ វា​ចេញ​មក​លទ្ធផល​គឺ​វា​ខុស​ហើយ ព្រោះ​ក្នុង​លក្ខន្តិកៈ​មួយៗ​គឺ​កំណត់​ដល់​ពហុភាព​របស់​គណបក្ស​ហ្នឹង​ឯង ដល់​គាត់​ធ្វើ​ទៅ​ខុស​លក្ខន្តិកៈ បាន​សេចក្ដី​ថា​លទ្ធ​ផល​គឺ​ខុស​លក្ខន្តិកៈ។ ដល់​គាត់​ធ្វើ​ទៅ​វា​ខុស​លក្ខន្តិកៈ​ វា​ខុស​នីតិវិធី​តាម​ច្បាប់​របស់​គាត់»។

មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​ក្នុង​សមាជ​វិសាមញ្ញរបស់​ខ្លួន​កាលពី​ថ្ងៃទី២ ខែ​មិនា​ នេះថា ​គណបក្សបាន​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស មុន​នឹងរៀប​ចំ​សមាជជ្រើស​តាំង​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​ជំនួស​លោក សម រង្ស៊ី ដែល​បាន​លាលែង​ចេញ​ពី​តំណែង​កាលពី​ដើម​ខែ​មករា​នេះ គឺធ្វើ​ឲ្យ​ស្រប​តាមវិសោធនកម្ម​ច្បាប់​ស្ដីពី​គណ​បក្ស​នយោបាយ ដែល​តម្រូវ​ឲ្យ​គណបក្ស​ដែល​បាត់បង់​ប្រធាន​របស់​ខ្លួន​ជំនួស​តំណែង​នេះ​វិញ​ក្នុង​រយៈពេល​៩០​ថ្ងៃ។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ប្រឆាំង​ដែល​ទើបត្រូវ​បាន​ជ្រើស​តាំង​ដោយ​សមាជ​នោះ​ដែរ បាន​ប្រាប់​ VOA ថា ការ​សម្រេច​ធ្វើ​វិសោធនកម្មលក្ខន្តិកៈ​គណបក្ស​សង្គ្រោះជាតិ​ គឺ​ដោយសារ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ​នឹង​ចូល​ជា​ធរមាន​ក្នុង​ពេលឆាប់ៗ។ ​

លោក​បញ្ជាក់​ថា៖ «សមាជ​វិសាមញ្ញ​ហ្នឹង​គឺ​ទី១​គេ​កែ​លក្ខន្តិកៈ​សិន ទាល់​តែ​កែ​លក្ខន្តិកៈ​រួច​ហើយ បាន​គេយក​លក្ខន្តិកៈ​ហ្នឹង​មក​អនុវត្ត​បន្ទាប់ភ្លាម​ហ្នឹង ព្រោះ​ដោយ​សារ​លក្ខន្តិកៈ​គណបក្ស​សង្រ្គោះ​ជាតិ តែ​សមាជអនុម័ត​រួច​ហើយ វា​ចូល​ជា​ធរមាន​ភ្លាម​ហើយ អញ្ចឹង​បាន​គេ​អនុវត្ត​ចំណុច​ហ្នឹង។ អា​ហ្នឹង​បាន​ថា​ខ្ញុំ​ចង់​ឲ្យ​អ្នកពិនិត្យ​អា​ភាព​ត្រឹមត្រូវ​ហ្នឹង ​ពិនិត្យ​ភាព​ត្រឹមត្រូវ​ជាមុន​សិន ហើយ​ចាំ​យក​មក​និយាយ»។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់សមាជគណបក្ស កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់សមាជគណបក្ស កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

លោក អេង ឆៃអ៊ាង ​បន្ថែម​ថា គណបក្ស​សង្គ្រោះជាតិ​ មិន​បារម្ភពី​ការ​លើក​ឡើង​របស់​ក្រសួង​មហាផ្ទៃ​ដែល​ថា ការ​ធ្វើ​សមាជ និង​ការជ្រើស​តាំង​ប្រធាន​ថ្មីរបស់​គណបក្ស​សង្គ្រោះជាតិ ​ជា​សមាជ​ដែល​ខុស​ច្បាប់​នោះ​ទេ។

លោក​បាន​ការពារ​ការ​ធ្វើ​សមាជ​នោះ​ថា៖ «យើង​អត់​ខ្វល់​ខ្វាយ​ទេ សូម​ជម្រាប​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​កុំ​បារម្ភ ព្រោះ​អ្វីៗ​គឺ​យើង​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់​ផ្ទៃក្នុង​របស់​គណបក្សយើង ព្រោះ​អ្វី​ក៏​ដោយ យើង​ត្រូវ​តែ​ប្រយ័ត្នប្រយែង ព្រោះ​បច្ចុប្បន្ន​នេះ​យើង​ដឹង​ថា គេ​ហាក់​បី​ដូចជា​កំពុង​តែយក​លេស​នេះ​យក​លេស​នោះ មិន​សម​ហេតុ​ផល។​ តែ​អត់​មាន​បញ្ហា​អី​ដែល​យើង​ត្រូវ​បារម្ភ​ទេ»។

លោក ​យឿង សុធារ៉ា ​មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុមហ្រ្វែល ប្រាប់ VOA ថា ការ​ធ្វើ​វិសោធនកម្មលក្ខន្តិកៈ និង​ការ​ធ្វើ​សមាជ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​គណបក្ស ដោយ​មិន​មាន​ប៉ះ​ពាល់​ដល់​សង្គម​នោះ​ទេ។​

លោក ​យឿង សុធារ៉ា ​មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុមហ្រ្វែល

លោក ​យឿង សុធារ៉ា ​មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុមហ្រ្វែល

លោកបន្ថែម​ថា ​ការ​លើកឡើង​របស់​ក្រសួង​មហាផ្ទៃ​ដែល​ថា​ការ​រៀប​ចំ​សមាជ​វិសាមញ្ញ និង​ការ​ជ្រើស​តាំង​មេដឹកនាំរបស់​គណបក្ស​សង្គ្រោះជាតិ​ខុស​នឹង​ច្បាប់ គឺ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​គណបក្ស​ប្រឆាំង។ ​

លោក​បញ្ជាក់​ថា៖ «លក្ខន្តិកៈ​របស់​គណបក្ស​នីមួយៗ​ គឺជា​ស្វ័យ​អំណាច សិទ្ធិ​សមត្ថកិច្ច​របស់​គណ​បក្ស​នីមួយៗ​ក្នុង​ការ​កែប្រែ​ក្នុង​ករណី​ដែល​ចាំបាច់។ ករណី​ដែល​ចាំបាច់​មាន​ន័យ​ថា ​ដូចជា​ក្នុង​កាលៈទេសៈ​ក្នុង​ពេល​បច្ចុប្បន្ន​អញ្ចឹង ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​អញ្ចឹង។ ឧបមា​ថា ​មរណភាព​របស់​ប្រធាន​គណ​បក្ស ទុក​តំណែង​ហ្នឹង​ឲ្យ​ទំនេរ​ធ្វើ​អី បើ​មិនព្រម​រើស​ថ្មី​ទៀត? អា​ហ្នឹង​វា​អាស្រ័យ​លើ​សិទ្ធិ​របស់​គណ​បក្ស​តើ។ ហើយ​ប្រសិន​បើ​ធ្វើ​អញ្ចឹង​ក៏​ខុស ធ្វើ​អញ្ចុះ​ក៏​ខុស ​ខ្ញុំ​គិត​ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែកនយោបាយ​មែន​ទែន​ហើយ»។

លោក​ យឿង សុធារ៉ា បន្ថែម​ថា ប្រសិន​បើ​ក្រសួង​មហាផ្ទៃ​រក​ឃើញ​ថា ​គណបក្ស​ណាមួយ​ធ្វើ​ខុស​ លក្ខន្តិកៈ នោះ​ក្រសួង​គួរ​បញ្ជូន​ឯកសារ​ទៅ​ឲ្យ​គណបក្ស​នោះ​កែតម្រូវ​ឡើង​វិញ។

កាលពី​ខែកុម្ភៈ​នេះ រដ្ឋសភា និង​ព្រឹទ្ធសភា បាន​សម្រេច​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណ​បក្ស​នយោបាយដែល​នឹង​អនុញ្ញាត​ឲ្យ​តុលាការ​កំពូល​និង​ក្រសួង​មហា​ផ្ទៃ អាចរំលាយ​គណបក្ស​នយោបាយ​ណា​ដែល​មេដឹកនាំ​ធ្វើ​ខុស​នឹង​ច្បាប់​ព្រហ្មទណ្ឌ ក្រោយ​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក សម​ រង្ស៊ី បាន​ប្រកាស​លាលែង​តំណែង​ពី​គណបក្ស​របស់​លោក។

ក្រោយ​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​នេះ បាន​តែ​ប៉ុន្មាន​ថ្ងៃ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ ក៏បាន​លា​លែង​ចេញពី​តំណែង​ជា​បន្ត​បន្ទាប់​ដែរ៕​

XS
SM
MD
LG