ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ២២​ឆ្នាំ​​ក្រោយ​ការ​ប្រកាស​រដ្ឋ​ធម្មនុញ្ញ​ ច្បាប់​កំពូល​នេះ​នៅតែ​គ្មាន​ប្រសិទ្ធភាព


រូប​ឯកសារ៖ បាតុករ​ម្នាក់​មក​ពី​សហគមន៍​បឹងកក់កាន់​បដា​រូប​ជញ្ចីង ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រព័ន្ធ​យុត្តិធម៌ ខណៈពេល​ដែល​គាត់​បាន​ចូលរួម​ជាមួយ​នឹង​អ្នក​ភូមិ​ផ្សេង​ទៀតដែល​ត្រូវបាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេនៅ​ក្នុង​បាតុកម្ម​មួយ​នៅ​មុខ​ក្រសួង​យុត្តិធម៌​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ ទី៦ ខែ​ឧសភា ឆ្នាំ២០១៣។ (AP/ហេង ស៊ីនិត)
រូប​ឯកសារ៖ បាតុករ​ម្នាក់​មក​ពី​សហគមន៍​បឹងកក់កាន់​បដា​រូប​ជញ្ចីង ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រព័ន្ធ​យុត្តិធម៌ ខណៈពេល​ដែល​គាត់​បាន​ចូលរួម​ជាមួយ​នឹង​អ្នក​ភូមិ​ផ្សេង​ទៀតដែល​ត្រូវបាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេនៅ​ក្នុង​បាតុកម្ម​មួយ​នៅ​មុខ​ក្រសួង​យុត្តិធម៌​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ ទី៦ ខែ​ឧសភា ឆ្នាំ២០១៣។ (AP/ហេង ស៊ីនិត)

រយៈ​ពេល​២២​ឆ្នាំក្រោយ​ការ​ប្រកាស​រដ្ឋធម្មនុញ្ញ​ ប្រជា​ពលរដ្ឋ​ខ្មែរ​បន្ត​រង​ទុក្ខ​សោក​ពី​វិបតិ្ត​ដីធ្លី​ និង​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ ដោយ​សារ​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​អ្នក​នយោបាយ​ខ្មែរ​មិន​បាន​ប្រតិបត្តិ​ទៅ​តាម​ច្បាប់​កំពូល​របស់​រដ្ឋ​។

រយៈ​ពេល​២២​ឆ្នាំ ក្រោយ​ការ​ប្រកាស​រដ្ឋធម្មនុញ្ញ​ ប្រជា​ពលរដ្ឋ​ខ្មែរ​បន្ត​រង​ទុក្ខ​សោក​ពី​វិបតិ្ត​ដីធ្លី​ និង​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ ដោយ​សារ​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​អ្នក​នយោបាយ​ខ្មែរ​មិន​បាន​ប្រតិបត្តិ​ទៅ​តាម​ច្បាប់​កំពូល​របស់​រដ្ឋ​នេះ​ទេ។​ សកម្មជន​សិទ្ធិ​មនុស្ស​ អ្នក​វិភាគ​សង្គម​ និង​នយោ​បាយ​ខ្មែរយល់​ឃើញ​ថា​ ការ​មិន​ប្រកាន់​ខ្ជាប់​ចំពោះ​ការ​គោរព​រដ្ឋ​ម្មនុញ្ញ​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ពិបាក​រំដោះ​ខ្លួន​ចេញ​ពី​ចំណង​ទំនាស់​ដីធ្លី។ យ៉ាង​ណា​ក៏​ដោយ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ថ្លែង​ថា​ កម្ពុជា​ទទួល​បាន​នូវ​វឌ្ឍនភាព​សេដ្ឋ​កិច្ច​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មក​នេះ។​

ថ្ងៃ​ទី​២៤​កញ្ញា​កន្លង​ទៅ​នេះ​គឺ​ជា​ថ្ងៃ​ប្រកាស​សារ​ជាថ្មី​នូវ​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ប្រទេស​ដែល​ងើប​ពី​សង្គ្រាម​មួយ​នេះ​ទទួល​បាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សហគមន៍​អន្តរជាតិ​ក្នុង​ការ​កសាង​ប្រទេស​ឡើង​វិញ​កាល​ពី​ជាង​២០ឆ្នាំ​មុន។​

ការ​ប្រកាស​រដ្ឋ​ធម្មនុញ្ញ​នៅ​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ការ​ចុះ​សន្ធិសញ្ញា​សន្តិភាព​ទី​ក្រុងប៉ារីស​ថ្ងៃ​២៣​ ខែ​តុលា​ឆ្នាំ​១៩៩១​ ដែល​នាំ​ទៅ​ដល់​ការ​រៀប​ចំការ​បោះ​ឆ្នោត​ដោយ​អាជ្ញាធរ​បណ្តោះ​អាសន្ន​នៃ​អ.ស.ប.​នៅ​ប្រទេស​កម្ពុជា ​(U.N. Transitional Authority in Cambodia) ​ហៅ​កាត់​ថា​ អ៊ុនតាក់​នៅ​ឆ្នាំ​១៩៩៣។​

នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នា​ខែ​ឧសភា​ឆ្នាំ​១៩៩៣​ រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ត្រូវ​បាន​អនុម័ត​ដោយសភា​ជាតិ​នៅ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​១៩៩៣​ បន្ទាប់​ពី​មាន​ការ​ប្រទាញប្រទង់​ដណ្តើម​អំណាច​គ្នា​រវាង​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ និង​ព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ នាគ្រានោះ​ដែល​នៅ​ទីបញ្ចប់​មាន​ការ​សម្រប​សម្រួល​គ្នា​បង្កើត​សហ​នាយក​រដ្ឋមន្ត្រី​ទី​១ ​និង​សហ​នាយក​រដ្ឋមន្ត្រី​ទី​២ ​ដែល​ជា​ប្រព័ន្ធ​បែងចែក​អំណាច​ចម្លែក​ខុស​គេ។​ ទីបំផុត​ប្រព័ន្ធ​បែង​ចែក​អំណាច​ចម្លែក​នេះត្រូវ​អន្តរាយ​ដោយ​រដ្ឋ​ប្រហារ​នៅឆ្នាំ​១៩៩៧​ ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន ​ដែល​ជា​សហ​នាយក​រដ្ឋមន្ត្រី​ទី២។​

គិត​ចាប់​តាំង​ពី​ការ​ប្រកាស​រដ្ឋធម្មនុញ្ញ​នោះ​មក​ទល់​នឹង​ពេល​នេះ​ គឺ​មាន​រយៈពេល​២២​ឆ្នាំ​ហើយ​ តែសកម្ម​ជន​សិទ្ធិ​មនុស្ស​ អ្នក​ច្បាប់​អន្តរជាតិ​ ហើយ​និង​ក្រុម​អ្នក​វិភាគ​សង្គម​ និង​នយោបាយ​ខ្មែរ​សង្កេត​ឃើញ​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ក្លាយ​ជា​ជនរង​គ្រោះដោយ​សារ​ការ​រំលោភ​បំពាន​រដ្ឋ​ធម្មនុញ្ញ​ពី​សំណាក់​រដ្ឋា​ភិបាល​កម្ពុជា​ និង​អ្នក​នយោបាយ​ខ្មែរ។​

ការ​បំពាន​ទាំង​នោះ​ រួមមានការប្រើ​កម្លាំង​គាប​សង្កត់​ប្រជា​ពលរដ្ឋ​ឲ្យ​ចេញ​ពី​ដី​ធ្លី​ និង​ផ្ទះ​សម្បែង​របស់​ពួក​គេ ​និង​ការ​បង្កើត​ច្បាប់​ស​ម្រាប់​គ្រប់​គ្រង​ប្រព័ន្ធ​តុលាការ​ និង​រឹតបន្តឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​តស៊ូ​តវ៉ា​បញ្ចេញ​មតិ​ដោយ​អហិង្សា។​

ចុង​ក្រោយ​នេះ ​សកម្ម​ភាព​របស់​អាជ្ញាធរ​ក្នុង​ការ​ចាប់​ និង​បញ្ជូន​តំណាង​ប្រជា​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​ទៅ​កាន់​តុលាការ​នៅ​តែ​បន្ត​កើត​មាន។ ជា​ឧទាហរណ៍​ជាក់ស្តែង ​តំណាង​ប្រជា​ពលរដ្ឋ​ពីរ​រូបនៅ​ក្នុងខេត្តកំពត​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​កាន់​តុលាការ ​ដោយ​សារ​ការ​តវ៉ា​របស់​ពួក​គេ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ កាល​ពី​ដើម​ខែ​កញ្ញា​នេះ។ ក្រោយ​មក​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​វិញ​ តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​សម្រាប់​វិវាទ​ដី​ធ្លី​របស់​ពួកគេនៅ​ឡើយ​ទេ។​

វាគ្មីន​មក​ពី​គណបក្ស​ប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល​ពិភាក្សា​អំពី​«‍សេរីភាព​កំពុង​តែ​បង្កើត? ខ្លឹមសារ និង​តថភាព​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា?» នៅ​ក្នុង​ការ​តស៊ូ​មតិ​មួយ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​មូលនិធិ​អាល្លឺម៉ង់ Friedrich Naumann កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ Meta House។ (Courtesy Photo/Kun Nak's Friedrich Naumann)
វាគ្មីន​មក​ពី​គណបក្ស​ប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល​ពិភាក្សា​អំពី​«‍សេរីភាព​កំពុង​តែ​បង្កើត? ខ្លឹមសារ និង​តថភាព​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា?» នៅ​ក្នុង​ការ​តស៊ូ​មតិ​មួយ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​មូលនិធិ​អាល្លឺម៉ង់ Friedrich Naumann កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ Meta House។ (Courtesy Photo/Kun Nak's Friedrich Naumann)

លោក​ អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ឲ្យ​ដឹង​ថា រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​បាន​និយាយ​ច្បាស់​ពី​ការ​ធានា​កម្ម​សិទ្ធិ​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​ ដើម្បី​បញ្ចៀស​នូវ​វិវាទ​ដែល​នាំ​ដល់​ការ​បណ្តេញ​ចេញ និង​ការចាប់​ដាក់​ពន្ធនាគារ​នេះ។​ លោក​បាន​ពន្យល់​ពី​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​យ៉ាង​ដូច្នេះ​ថា៖​

«ប៉ុន្តែ​កន្លង​មក​ យើង​ឃើញ​ថា​ ការ​អនុវត្ត​ច្បាប់​ហ្នឹង​ វាមិន​ទាន់​គោរព​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ទេ​ ជា​ពិសេស​រាជ​រដ្ឋាភិបាល​ត្រូវ​ការ​អភិវឌ្ឍ។​ អញ្ចឹង​ការ​ដោះ​ស្រាយ​ចំពោះ​ប្រជា​ពលរដ្ឋ​ហ្នឹង​ វា​មិន​ទាន់​បាន​ទទួល​នូវ​សំណង​សមរម្យ​ និង​យុត្តិ​ធម៌​សម្រាប់​ពួក​គាត់​ ដែល​ពួក​គាត់​អាច​ទទួល​យក​បាន​ទេ។​ អញ្ចឹង​យើង​បាន​ឃើញ​ថា​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​រង​ការ​បណ្តេញ​ចេញ​ដោយ​បញ្ហា​ដី​ធ្លី។ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​គេ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ ដោយ​សារ​តែ​គាត់​ការ​ពារ​កម្ម​សិទ្ធិដី​ធ្លី​របស់​ពួក​គាត់»។​

មាត្រា​៤៤​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ចែង​ថា៖

«ជន​ណា​ក៏ដោយ​ ទោះ​ជា​បុគ្គល​ក្តី​ ជា​សមូហ​ភាពក្តី​ មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ។ មាន​តែ​រូប​វន្ត​បុគ្គល​ ឬ​នីតិ​បុគ្គល​ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ​ទេ​ ទើប​មាន​សិទ្ធិ​ជា​ម្ចាស់​កម្ម​សិទ្ធិ​លើ​ដី​ធ្លី។ កម្ម​សិទ្ធិ​ឯកជន​ស្រប​ច្បាប់​ស្ថិត​នៅ​ក្រោម​ការ​គាំពារ​នៃ​ច្បាប់។​ ការ​ដកហូត​កម្ម​សិទ្ធិ​អំពី​ជន​ណា​មួយ​អាច​នឹង​ធ្វើ​បាន​ លុះ​ត្រា​តែ​ប្រយោជន៍​សាធារណៈ​តម្រូវ​ឲ្យ​ធ្វើ​ និងក្នុង​ករណី​ដែល​ច្បាប់​បាន​បញ្ញតិ្ត​ទុក​ ហើយ​ត្រូវ​ផ្តល់​សំណង​ជាមុន​ ដោយ​សមរម្យ​ និង​យុត្តធម៌»។​

របាយ​ការណ៍​ ​ដែលបាន​ចេញ​ផ្សាយ​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​ហៅ​កាត់​ថា​ NGO Forum​ ចេញ​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​កញ្ញាកន្លងទៅ​នេះ​ បាន​រក​ឃើញ​ថា​ ​ប្រជាជន​ជាង​១៧០.០០០​គ្រួសារ​ទូទាំង​ប្រទេស​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​ទំនាស់​ដីធ្លី​នា​ឆ្នាំ​២០១៤​ ដែល​ធ្វើ​ឲ្យ​ជីវភាព​ប្រជា​ពលរដ្ឋ​ទាំង​នោះ​វិល​ទៅ​រក​ភាព​ក្រីក្រ​ឡើង​វិញ។

របាយ​ការណ៍​នេះ​ឲ្យ​ដឹង​ទៀត​ថា​ បើ​ទោះ​ជា​ចំនួន​វិវាទ​ដីធ្លី​ក្នុង​ឆ្នាំ​២០១៤​មាន​ចំនួន​ទាប​ជាង​ឆ្នាំ​កន្លង​ទៅ​ក៏ដោយ​ ក៏​រាជធានី​ភ្នំពេញ​នៅ​តែ​ជា​កន្លែង​ដែល​មាន​វិវាទ​ដីធ្លី​ខ្ពស់​ជាង​គេ ​ហើយ​ខេត្ត​រតនគីរី​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី​២។​ ក្នុង​នោះ​មូលហេតុ​ចម្បង​នៃ​វិវាទ​ដីធ្លី​គឺ​សម្បទាន​ដី​សេដ្ឋកិច្ច ​ដែល​មាន​ទំហំ​ប្រមាណ​ជា​៣១%​នៃ​ដី​ទំនាស់​សរុប។​

លោក​ អំ សំអាត ​យល់​ស្រប​ថា​ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​គឺ​ជា​ឫស​គល់​មួយ​ផ្នែក​ធំ​នៃ​វិវាទ​ដី​ធ្លី​ ដោយ​សារ​រដ្ឋាភិបាល​បាន​បំពាន​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ ដោយ​បានផ្តល់​ជូន​ដី​សម្បទាន​លើស​ពី​ទំហំ​១ម៉ឺន​ហិកតា​ដល់​ក្រុម​ហ៊ុន​មួយ។​ លោក​ថា​ ច្បាប់​ភូមិបាល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ដី​ជូន​ក្រុមហ៊ុន​ក្នុង​ចំនួន​អតិបរិមា​ត្រឹមតែ​១ម៉ឺន​ហិកតា​ប៉ុណ្ណោះ។

ការ​បែង​ចែក​ដី​ធ្លី​នេះ​បាន​បង្ក​ឲ្យ​មេ​ដឹកនាំ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​និយាយ​វាយ​ប្រហារ​គ្នា​ ដោយ​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ចោទ​ថា​ ក្រុម​គណបក្ស​ប្រឆាំង​ចង់​បង្កើត​ទំនាស់​វណ្ណៈ​ នៅ​ក្នុង​ការ​បែង​ចែក​ដី​ធ្លី​ដែល​អាច​នាំ​ទៅ​រក​ការ​កើត​ឡើង​នៃ​សង្គ្រាម​ ខណៈ​ដែលលោក​ សម​ រង្សី មេ​ដឹកនាំ​គណ​បក្ស​ប្រឆាំង​និយាយ​ថា ​រដ្ឋាភិបាល​អនាគត​របស់​បក្ស​ប្រឆាំង​ពុំមាន​ចេតនា​រឹប​អូស​ដី​ខុស​ច្បាប់​ពី​អ្នក​មាន​ផ្តល់​ជូន​អ្នក​ក្រ​នោះ​ឡើយ។​

លោក​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា ថ្លែង​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​ស្តី​អំពី​ការ​អភិវឌ្ឍ​ដោយ​ចីរភាពកាលពី​ថ្ងៃ​សៅរ៍ ទី២៦ ខែ​កញ្ញា ឆ្នាំ២០១៥ នៅ​ទីស្នាក់ការ​កណ្តាល​នៃ​អង្គការ​សហប្រជាជាតិ។ (AP/Mary Altaffer)
លោក​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា ថ្លែង​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​ស្តី​អំពី​ការ​អភិវឌ្ឍ​ដោយ​ចីរភាពកាលពី​ថ្ងៃ​សៅរ៍ ទី២៦ ខែ​កញ្ញា ឆ្នាំ២០១៥ នៅ​ទីស្នាក់ការ​កណ្តាល​នៃ​អង្គការ​សហប្រជាជាតិ។ (AP/Mary Altaffer)

ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​មួយ​ស្តី​ពី​វិស័យ​ទេសចរណ៍​ដែល​ធ្វើ​ឡើង​កាលពី​សប្តាហ៍​មុន​ លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច បាន​និយាយ​ថា ការ​ឃោសនា​នយោបាយ​របស់​ក្រុម​គណបក្ស​ប្រឆាំង​អំពី​ការ​ប៉ុនប៉ង​បែង​ចែក​ដីធ្លី​រវាង​អ្នក​មាន​ និង​ក្រ​នោះ​គឺជា​ការ​រើស​អើង​វណ្ណៈ។​

«ម៉្ងៃៗ​ឃើញ​តែ​ដើរ​ទៅ​ ទាល់​តែ​បោះ​ឆ្នោត​ឲ្យ​គេ​ បាន​វា​ដោះ​ស្រាយ​នេះ​ ដោះ​ស្រាយ​នោះ។ ក៏​ខ្ញុំ​សូម​ហ៊ាន​និយាយ​ អស់​លោក​នៅ​ទីនេះ​ សុទ្ធ​តែ​សត្រូវ​របស់​ពួក​គេ។​ អញ្ចឹង​តើ​អាហ្នឹង​សុខ​ទេ​ អាហ្នឹង!​ អស់​លោក​អ្នក​ឧកញ៉ា​សុទ្ធ​គេ​ជា​សត្រូវ​វណ្ណៈ។​ គេ​នឹង​រឹប​អូស​អ្ហាអូតែល​ហ្នឹង​ឲ្យ​ទៅ​អ្នក​ក្រ»។​

លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា ​ការ​រើស​អើងនេះនឹង​បង្ក​ឲ្យ​កើត​ជា​សង្គ្រាម។​

«អញ្ចឹង​តើ​វាសុខ​ទេ? ដែល​ខ្ញុំ​និយាយ​ វា​នឹង​កើត​សង្គ្រាម​នោះ មិន​មែនគ្មាន​ហេតុផល​ទេ​ ព្រោះ​ដោយ​សារ​ចំណុច​ពីរ​ដែល​ត្រូវ​លើក​មក​និយាយ៖​ ចំណុច​ទី​មួយ​គឺ​ចាត់​ទុក​អ្នក​មាន​ជា​សត្រូវ​របស់​គេ​ទៅ​ហើយ។​ ចំណុច​ទី​ពីរ​យក​ប្រទេស​ជិត​ខាង​ជា​សត្រូវ​ទៅ​ហើយ។​ អញ្ចឹង​រឿង​អី​វាមិន​កើត​សង្គ្រាម?»​

ជា​ការ​ឆ្លើយ​តប ​លោក​ សម រង្ស៊ី​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ប្រាប់​ទៅ​កាន់​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រឆាំង​នៅ​ឯស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​ កាល​ពី​ពីរ​ថ្ងៃ​មុន​ថា៖​

«គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដោះ​ស្រាយ​បញ្ហា​ និង​ផ្តល់​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ​ និង​ប្រមូល​ដី​ដែល​ពួក​ក្រុមហ៊ុន​ ពួក​ឧកញ៉ា​បាន​លួច​ប្លន់​ពី​ប្រជារាស្រ្ត​ យក​ទៅ​ប្រគល់​សង​ម្ចាស់​ដើម។ ​ម្ចាស់​ពិត​គឺប្រជា​រាស្រ្ត​ខ្មែរ»។​

រូប​ឯកសារ៖ លោក​ សម​ រង្ស៊ី​ នៅ​ក្នុង​កម្មវិធី​អាហារ​ស្រាយបួស​ ជាមួយ​ខ្មែរ​ឥស្លាម​ជាង​១០០នាក់​នៅ​គេហដ្ឋាន​របស់​លោក​ នៅ​ភ្នំពេញ​ នា​ថ្ងៃ​ទី៥​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (សើ​ សាយ្យាណា​/VOA​)
រូប​ឯកសារ៖ លោក​ សម​ រង្ស៊ី​ នៅ​ក្នុង​កម្មវិធី​អាហារ​ស្រាយបួស​ ជាមួយ​ខ្មែរ​ឥស្លាម​ជាង​១០០នាក់​នៅ​គេហដ្ឋាន​របស់​លោក​ នៅ​ភ្នំពេញ​ នា​ថ្ងៃ​ទី៥​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (សើ​ សាយ្យាណា​/VOA​)

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូបនេះ​ថ្លែង​ថា​ សង្គ្រាម​ក៏​នឹង​ពុំ​កើត​ឡើង​បាន​ដែរ​ ខណៈ​ដែល​គណបក្ស​ប្រឆាំង​ពុំ​បាន​យក​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​សត្រូវ​នោះ។​

«ទីមួយ​យើង​អត់​ចាត់​ទុក​ខ្មែរ​ណា​ជា​សត្រូវ​ទេ។​ នេះ​ជា​គោល​ការណ៍​គណបក្ស​សង្គ្រោះ​ជាតិ។ ដូច្នេះ​បើ​យើង​អត់​មាន​ចាត់​ទុក​នរណា​ជា​សត្រូវ យើង​អត់​មាន​សត្រូវ។​ បើ​អត់​មាន​សត្រូវ​ ក៏​មិន​អាច​មាន​សង្គ្រាម​ដែរ​ បងប្អូន​មិន​អញ្ចឹង? ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​នរណា​ បើ​អត់​មាន​សត្រូវ»។​

ប្រតិកម្ម​របស់​អ្នក​នយោបាយ​វ័យ​ចំណាស់​ទំាងពីរ​កើត​មាន​មុន​ និង​ក្រោយការ​ប្រារព្ធ​ពិធី​នៃ​ការ​ប្រកាស​រដ្ឋធម្មនុញ្ញ​សារ​ជាថ្មី​នៅ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​កន្លង​ទៅ​នេះ។​

ការ​បែង​ចែក​ដី​ធ្លី​ និង​ការ​ជួលដីទៅ​ឲ្យ​ក្រុមហ៊ុន​ឯក​ជន​ដោយ​មិន​បាន​ផ្អែក​ទៅ​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​ដែល​ស្រប​នឹង​ធម្មនុញ្ញ​នេះ​ ទំនង​ជា​បន្សល់​ទុក​នូវ​ផល​វិបាក​ស្មុគ​ស្មាញ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដ៏រ៉ាំរ៉ៃនេះ។ ​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​មួយ​បាន​ឲ្យ​ដឹង​ថា ​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​កំពុង​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​បំពាន​កម្ម​សិទ្ធិ​ដីធ្លី។​

របាយ​ការណ៍​របស់​អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​កក្កដា​ ​បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ខែ​មករា ​ឆ្នាំ​២០១៤​មក​ទល់​នឹង​ដំណាច់​ខែ​មិនា​ឆ្នាំ​២០១៥​ មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ចំនួន​៦០.០០០​នាក់​ហើយ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ ដោយសារ​គោល​នយោបាយ​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ដណ្តើម​កាន់​កាប់​ដីធ្លី។​

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ ថ្លែង​ថា ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ បាន​ការ​ពារសិទ្ធិ​គ្រប់​យ៉ាង​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការធ្វើ​ជា​ម្ចាស់​កម្ម​សិទ្ធិ​ដី​ធ្លី​របស់​ពួក​គេ​ តែ​អ្នក​នយោបាយ​ខ្មែរ​មក​ពី​គណបក្ស​ធំៗ​ទាំង​ពីរ​ពុំបាន​បង្ហាញ​ឆន្ទៈ​គោរព​ឲ្យ​ខ្ជាប់​ខ្ជួន​តាម​ច្បាប់​កំពូល​របស់​រដ្ឋ​នេះ​ទេ។​

លោក​បញ្ជាក់ថា​ គណបក្ស​ប្រឆាំង​នៅ​ប្រកាន់​គំនិត​ថា​ កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អន្តរកាល​នៅ​ឡើយ ​ដូច្នេះ​ការ​គោរព​រដ្ឋ​ធម្មនុញ្ញ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ពេញ​លេញ​ឡើយ​ នៅ​គ្រាដែល​គណបក្ស​កាន់​អំណាច​ដឹង​ច្បាស់​ថា ​ប្រសិន​បើ​លើក​តម្កើង​ច្បាប់​រដ្ឋធម្មនុញ្ញ​ នោះ​រដ្ឋាភិបាល​មិន​អាច​ធ្វើ​អ្វីបាន​តាមតែ​អំពើ​ចិត្ត​បាន​នោះទេ។​

«ដោយសារ​អញ្ចឹង​ហើយ​ យើង​មើលមើ​ ទាក់​ទង​រឿង​រំលោភ​ដី​ធ្លី​ ទាក់​ទង​រឿង​សិទ្ធិ​ដើរ​ហើរ​ សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​ ទាក់​ទង​រឿង​បញ្ហា​ផ្សេង​ទៀត​ហ្នឹង​ គឺ​គាត់​មិន​សូវ​ចង់​លើក​មក​ ព្រោះ​អី​ បើ​លើក​មក​ គាត់​ត្រូវ​មាន​កាតព្វ​កិច្ច​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​និង​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ហ្នឹង។​ ហើយ​ដោយ​សារ​អញ្ចឹង​ហើយ​បាន​ជា​គាត់​អត់​សូវ​បាន​លើក​ឡើង ​ដើម្បី​គាត់​ធ្វើ​អី​ស្រេច​តែ​ចិត្ត​បាន។​ ហើយ​ដោយ​សារ​អញ្ចឹង​ទៅ​ រដ្ឋធម្មនុញ្ញ​យើង​មក​ដល់​ជាង​២២​ឆ្នាំ​នេះ​ គឺ​មិន​សូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទេ។​ ជាទូទៅ​ ការ​យក​ចិត្ត​ទុក​ដាក់​លើ​រដ្ឋ​ធម្មនុញ្ញ​ និង​ជំរុញ​ឲ្យ​មាន​ស្មារតី​ធម្មនុញ្ញ​និយម​ គឺ​ជារឿងមួយ​ល្អ​សម្រាប់​ប្រជា​ធិបតេយ្យ​រឹង​មាំ​ ហើយ​និង​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ»។​

ទោះ​បីជាយ៉ាង​ណាក៏ដោយ​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ដែល​បាន​ដឹក​នាំ​ប្រទេស​កម្ពុជា​ក្រោម​ដំបូល​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ជាង​២០​ឆ្នាំ​មក​នេះ​ បាន​ថ្លែង​ពី​ការ​រីក​ចម្រើន​ក្នុង​ប្រទេស​កម្ពុជា​ប្រាប់​ដល់​សន្និសីទ​កំពូល​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​ក្រោយ​ឆ្នាំ​២០១៥​ កាល​ពីពេល​ថ្មីៗ​នេះ។​ លោក​បញ្ជាក់​ប្រាប់​អង្គ​សនិ្ន​សីទ​កំពូលថា​ កម្ពុជា​រក្សា​បាន​សន្តិភាព​ពេញលេញ​ ស្ថិរភាព​នយោបាយ​រឹងមាំ​ និង​សន្តិ​សុខ​ល្អប្រសើរ​ ជា​ហេតុ​នាំឲ្យកម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​៧,៧​ភាគរយ​ក្នុង​រយៈពេល​ជាង​ពីរ​ទស្សវត្សរ៍​មក​នេះ៕​

XS
SM
MD
LG