ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​និយោជិត​ជំរុញ​ឱ្យ​មាន​ការ​ផ្តល់​សេវា​សុខាភិបាល​តាម​បណ្ណ​ប.ស.ស ល្អ​ជាង​មុន


រូបឯកសារ៖ បុគ្គលិក​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ឱ្យ​ក្រុមហ៊ុន H&M នៅខេត្តកណ្តាល ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ (REUTERS)
រូបឯកសារ៖ បុគ្គលិក​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ឱ្យ​ក្រុមហ៊ុន H&M នៅខេត្តកណ្តាល ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ (REUTERS)

ក្រុម​សហជីព​ និង​កម្មករ​និយោជិត​ដែល​បម្រើ​ការ​ងារ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ស្នើ​ឱ្យ​បេឡាជាតិ​របប​សន្តិសុខ​សង្គម​ (ប.ស.ស) ជួយ​ពង្រឹង​ការ​តាម​ដាន និង​ជំរុញ​ឱ្យ​មន្ទីរពេទ្យ​ដែល​ជា​ដៃគូ​យក​ចិត្ត​ទុកដាក់​ និង​ផ្តល់​សេវា​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​សម្រាប់​កម្មករ​និយោជិត​ទាំង​អស់​ដោយ​គ្មាន​ការ​រើស​អើង​។

ការ​ស្នើ​សុំ​របស់​ក្រុម​សហជីព និង​កម្មករ​និយោជិត​បែប​នេះ​ធ្វើ​ឡើង​ ដើម្បី​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​ ១ ឧសភា​ ជាថ្ងៃ​រំឭក​ឡើងវិញ​នូវការ​តស៊ូ​របស់​កម្មករ​និយោជិត​ក្នុង​ការ​ទទួល​បាន​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​ដែល​កាន់​តែ​ប្រសើរ​ឡើង ក៏​ដូចជា​ជំរុញ​ឱ្យ​មាន​ការ​ឆ្លើយ​តប​ពេញ​លេញ​ពី​ពេទ្យ​ដៃគូ​របស់​ប.ស.ស​មក​កាន់​កម្មករ​កម្មការិនី​រោងចក្រ។

លោក​ ម៉េត សម្ជស្ស ​អាយុ​៤០​ឆ្នាំ កម្មករ​បម្រើ​ការងារ​ក្នុង​រោង​ចក្រ​ JW ប្រាប់​វីអូអេ​ថា​ លោក​ធ្លាប់​បាន​ប្រើប្រាស់​បណ្ណ​ប.ស.ស ​កន្លង​ទៅ​ ប៉ុន្តែ​នៅ​តាម​មន្ទីរពេទ្យ​ខ្លះ​ដែល​ជា​ដៃគូ​របស់​ប.ស.ស ហាក់​មិន​សូវ​យក​ចិត្ត​ទុកដាក់​ប៉ុន្មាន​ឡើយ​មក​លើ​អ្នក​ជំងឺ​ដែល​កាន់​បណ្ណ​នោះ។

លោក​ថ្លែង​ថា៖ «វា​ជួប​ផល​ប៉ះពាល់ វា​លំបាក​ណាស់​បង​ដោយសារ​តែ​យើង​ធ្វើការ​រោងចក្រ​ ហើយ​យើង​ប្រើ​បណ្ណ​ហ្នឹង​ហើយ​ពេទ្យ​មិន​យក​ចិត្ត​ទុក​ដាក់​ទៀត​វា​ជួប​នឹង​បញ្ហា​ច្រើន​ អ៊ីចឹង​យើង​មាន​តែ​សម្រេច​ចិត្ត​មក​រក​ពេទ្យ​ឯកជន​ដោយ​ចំណាយ​លុយ​ភ្លាមៗ»។

កម្មករ​រូបនេះ​ ក៏​បាន​ស្នើបេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) ក៏​ដូច​ជា​រដ្ឋា​ភិបាល​ ឱ្យ​ជំរុញ​មនី្ទរ​ពេទ្យ​ដែល​ជា​ដៃគូ​ពង្រឹង និង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​នៅ​ពេល​ដែល​អ្នក​ជំងឺ​ស្វះស្វែង​រក​សេវា​សុខាភិបាល​។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ អ្នកស្រី​ យ៉ាង សោភ័ណ្ឌ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ជា​រឿយ​ៗ​ អ្នកស្រីបានទទួល​ដំណឹងពី​កម្មករ​និយោជិត ដែល​ត្អូញ​ត្អែរ​ពី​ផលវិបាក​នៅ​ពេល​ដែល​ពួកគេ​ទៅ​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​បណ្ណ ប.ស.ស ។

រូបឯកសារ៖ អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា កំពុងអង្គុយស្តាប់ការថ្លែងសុន្ទរកថាក្នុងពិធីអបអរទិវាអន្តរជាតិនារីលើកទី១១៣ នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
រូបឯកសារ៖ អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា កំពុងអង្គុយស្តាប់ការថ្លែងសុន្ទរកថាក្នុងពិធីអបអរទិវាអន្តរជាតិនារីលើកទី១១៣ នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

អ្នកស្រី​បន្ថែមថា​ ពួក​គេលើក​ឡើង​ថា​ការ​ព្យាបាល​ហាក់​ដូចជា​មាន​ការ​រើស​អើង​រវាង​អ្នក​បង់​លុយ និង​មិន​បង់​លុយ ហើយ​ជាពិសេស​ត្រូវ​រង់ចាំ​រយៈពេល​យូរ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​។

អ្នកស្រី​ថ្លែង​ថា៖ «នៅ​ពេល​ដែល​គាត់​ប្រើប្រាស់​បណ្ណ​ប.ស.ស យើង​ឃើញ​ថា​ហាក់​ដូចជា​ពេល ឧទាហរណ៍​ដូចជា​ចាប់​លេខ ចាប់​អី​វា​យូរ​ វា​លក្ខណៈ​យូរ។ យូរ​ហើយ​បន្ទាប់​មក​នៅ​ពេល​ដែល​គាត់​មាន​បញ្ហា​ដោយ​ប្រការ​ណា​មួយ​អ៊ីចឹង​ទៅ​ ប្រាប់​គាត់​ថា​មិន​មាន​បន្ទប់​ស្នាក់​នៅ​ អានេះ​ត្រូវ​បង់​លុយ ត្រូវ​អី​អ៊ីចឹង​ ហើយ​បន្ទាប់​មក​ ចង់​និយាយ​ថា​បើ​ចង់​ប្រៀបធៀប​កន្លែង​ហ្នឹង​ថា​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​លុយ​គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​អ្នក​ដែល​កាន់​បណ្ណ​ប.ស.ស​នៅ​ក្នុង​ការ​ប្រើប្រាស់»។

បើតាមអ្នកស្រី​យ៉ាង សោភ័ណ្ឌ បញ្ហា​មួយ​ទៀត​ដែល​កម្មករ​តែង​តែ​ជួបប្រទះ​នោះ​គឺ​គ្រូ​ពេទ្យ​មួយ​ចំនួន​ហាក់​ដូច​ជា​មិន​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អ្នក​ជំងឺ ដូច​ជា​ការឱ្យ​ថ្នាំ​ជា​ដើម។ អ្នក​ស្រី​ថា​ ថ្នាំ​ដែល​ទទួល​បាន​ពី​គ្រូពេទ្យ​ជាធម្មតា​ មាន​លក្ខណៈ​ដូចគ្នា​ទោះ​បី​ជា​ជំងឺ​ខុស​គ្នា​ក៏ដោយ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង់​ត្រាល់​ដែល​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​កម្មករ​លោក មឿន តុលា ប្រាប់​វីអូអេ​ថា ​កម្មករ​និយោជិត​ភាគច្រើន​រអ៊ូរទាំថា ​អ្នកជំងឺ​ដែល​កាន់​បណ្ណ​ប.ស.សតែង​ត្រូវ​បាន​ទុក​រង់ចាំ​យូរ​ ដែល​បាន​ធ្វើ​ឱ្យ​ស្ថានភាព​ជំងឺ​ពួកគេ​កាន់​តែ​ធ្ងន់ធ្ងរ​មួយ​កម្រិត​ទៀត​។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​កាល​បើ​យើង​វិភាគ​ឱ្យ​បាន​ដិតដល់​គឺ​មាន​ផល​ប៉ះពាល់​ទាំង​សុខភាព​រយៈ​ពេល​វែង​ វា​មាន​ទាំង​ផល​ប៉ះពាល់​ផ្នែក​សា្មរតី​ផង​សុខភាព​ផ្លូវចិត្ត​ផង ព្រោះ​មនុស្ស​មើល​ឃើញ​អារម្មណ៍​ថា​ហេតុ​តែ​ខ្លួន​ឯង​កាន់​ប.ស.ស​ គេ​អត់​សូវ​យក​ចិត្ត​ទុកដាក់​ បើសិន​អ្នក​ដែល​មាន​លុយ​គេ​យក​ចិត្ត​ទុកដាក់​ជាង​វា​ប៉ះពាល់​អារម្មណ៍។ ទី៣​គឺ​វា​ពាក់ព័ន្ធ​រឿង​សេដ្ឋកិច្ច​របស់​គាត់​ដែរ​ រឿង​ចំណូល​ប្រសិន​បើ​គាត់​ងាកឈប់ៗ​ ងាកឈឺៗ វា​អាច​ទៅ​ដល់​បាត់បង់​ចំណូល​ ហើយ​វា​ក៏​អាច​ឈាន​ទៅ​ដល់​គេ​បញ្ឈប់​ពី​ការងារ​ផងដែរ»។

រូបឯកសារ៖ បុគ្គលិក​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ឱ្យ​ក្រុមហ៊ុន H&M នៅខេត្តកណ្តាល ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ (REUTERS)
រូបឯកសារ៖ បុគ្គលិក​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ឱ្យ​ក្រុមហ៊ុន H&M នៅខេត្តកណ្តាល ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ (REUTERS)

ក្រុម​មេដឹកនាំ​សហជីព​ ក៏រំពឹង​ថា​ថ្នាក់​ដឹកនាំ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ធ្វើ​ការ​ជួប​ជជែក ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ដើម្បីធ្វើ​យ៉ាងណា​កែ​លម្អ រក​ដំណោះ​ស្រាយ​សមស្រប​ដើម្បី​កុំ​ឱ្យ​បញ្ហា​ទាំង​អស់​នេះ​នៅ​តែ​បន្ត​កើត​មាន​ទៀត។ ពួកគេ​ទាំង​នោះ​ក៏​ស្នើ​ឱ្យ​មាន​ការ​ដាក់​ប្រអប់​សំបុត្រ ដើម្បី​ទទួល​បាន​មតិ​យោបល់​ផ្សេងៗ​ពី​សមាជិក​ដែល​ប្រើប្រាស់​បណ្ណ​ប.ស.ស ហើយ​យក​មតិ​យោបល់​ទាំង​នោះ​យក​ទៅ​ពិចារណា​ដើម្បី​ឱ្យ​មាន​ការ​កែ​លម្អ​ប្រព័ន្ធ​សន្តិសុខ​សង្គម​នេះ​កាន់​តែ​ប្រសើរ​ឡើង។

អគ្គ​នាយករង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម លោក​ហេង សុផាន់ណារិទ្ធ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​សេវា​សុខាភិបាល​ត្រូវ​បាន​ផ្តល់​ជូន​ប្រកប​ដោយ​យុត្តិធម៌ និង​តម្លាភាព​ដោយ​មិន​មាន​ការ​រើសអើង​ថា​នរណា​ប្រើប្រាស់​បណ្ណ​ប.ស.ស ឬ​មិន​ប្រើ​នោះ​ទេ។ លោក​បន្ថែម​ថា​ ការ​ព្យាបាល​គឺ​ធ្វើ​ទៅ​តាម​លំដាប់ និង​លេខ​រៀង អ្នក​ដែល​មក​មុន ទទួល​បាន​ការ​ព្យាបាល​មុន លើក​លែងតែ​អ្នក​មាន​ជំងឺ​សង្រ្គោះ​បន្ទាន់​ប៉ុណ្ណោះ​។

លោក​សង្កត់​ធ្ងន់​ថា៖ «លើក​លែង​តែ​អ្នក​មាន​ករណី​សង្រ្គោះ​បន្ទាន់​គាត់​មាន​បញ្ហា​ធ្ងន់​ធ្ងរ អាហ្នឹង​យើង​ត្រូវ​ផ្តល់​សេវា​ជូន​គាត់​មុន​ដើម្បី​សង្រ្គោះ​ជីវិត​គាត់។ អ្វី​ដែល​គាត់​លើក​ឡើងនេះ​ខ្ញុំ​គិត​ថា​អាច​ថា​គាត់​លឺ​តៗ​គ្នា​ទេ​ ជាក់​ស្តែង​មិន​អញ្ចឹង​ទេ​ព្រោះ​ការ​ផ្តល់​សេវា​តាម​រយះ​ប.ស.ស ក៏ដោយ​តាម​រយះ​ការ​បង់​លុយ​ក៏​ដោយ​គឺ​ដូច​គ្នា»។​

បើតាម​លោក ​ហេង សុផាន់ណារិទ្ធ​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​តែង​តែ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​របស់​កម្មករ​ ក៏ដូច​ជា​អ្នកមាន​បណ្ណប.ស.ស.ឯទៀត​ ​ការរយៈ​ការ​បន្តជួប​ជជែក​ជា​មួយ​ក្រសួង​សុខាភិបាល​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​ ស្មើភាព​ និង​តម្លាភាព​ដោយ​គ្មាន​ការ​រើសអើង និងទាន់​ពេល​វេលា​៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG