ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រីនៃ​អ.ស.ប​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជួប​សកម្ម​ជន​បរិស្ថាន​ខេត្ត​កោះកុង


រូបឯកសារ៖ រូបថត​នេះ​ដែល​ត្រូវ​​ផ្សាយ​តាម​ទំព័រ Facebook របស់​អង្គការ​មាតា​ធម្មជាតិ​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ​បង្ហាញ​ពី​សកម្មភាព​តវ៉ា​របស់​សកម្មជន​អង្គការ​នេះ​ក្នុង​ពេល​កន្លង​​ពេល​ថ្មីៗ​នេះ។ (អង្គការ​មាតា​ធម្មជាតិ)

សកម្មជន​សិទ្ធិ​មនុស្ស​ និង​បរិស្ថាន​ខេត្ត​កោះកុង​ ថ្លែង​ថា មន្ត្រីនៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ធ្វើ​ដំណើរ​មក​ជួប​សកម្ម​ជន​បរិស្ថាន​បី​រូប​នៃ​ចលនា​មាតា​ធម្មជាតិ​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​នៅ​ខេត្ត​កោះកុង​ និង​សាក​សួរ​ពី​ក្តី​កង្វល់​ប្រជា​ពលរដ្ឋ​នៅ​តាម​សហគមន៍​នានា​ក្នុង​ខេត្ត​កោះកុង ដែល​រង​គ្រោះ​ដោយ​ទំនាស់​ដីធ្លី​ និង​សកម្ម​ភាព​បូម​ខ្សាច់។​

ដូច​ការ​គ្រោង​ទុក​ លោក​ស្រី ​រ៉ូណា ស្មីត​ (Rhona Smith) ​អ្នក​រាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​កោះកុង​ ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​លំនៅ​ដ្ឋាន​នៅ​ក្នុង​កោះកុង​ខេត្ត។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សកម្មជន​សិទ្ធិ​មនុស្ស​ និង​បរិស្ថាន​នៅ​ក្នុង​ខេត្ត​នេះ។​

លោកស្រី​ រ៉ូណា ស្មីត​ ជនជាតិ​អង់គ្លេស​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ប្រទេស​អង់គ្លេស​ ត្រូវ​បាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស ​(អ.ស.ប.)​ តែងតាំង​ជំនួស​លោក​ សុរិយា ប្រាសាទ​ ស៊ូប៊ែឌី ​អតីត​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ កាលពី​ខែមិនា​ ឆ្នាំ​២០១៥ ​ដើម្បី​ឃ្លាំ​មើល​ដំណើរ​វិវត្តន៍​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា។​

លោក​ស្រី​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​សកម្ម​ជន​បរិស្ថាន​បី​រូប​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង​ និង​បាន​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​ទំនាស់​ដីធ្លី​ និង​ការ​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​ថៃ​នេះ។​

លោក​ អ៊ិន គង់ជិត ​អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ នៅ​ថ្ងៃ​សៅរិ៍​នេះ​ថា​ លោក​ស្រី​ រ៉ូណា ស្មីត ​បាន​ទៅដល់​ខេត្ត​កោះកុង​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ និងបាន​ធ្វើ​ដំណើរ​ទៅ​កាន់​ពន្ធនាគារ​ខេត្ត​កោះកុង​ភ្លាម​ ដើម្បី​ជួប​សកម្មជន​បរិស្ថាន​បី​រូប​នៃ​ចលនា​មាតា​ធម្មជាតិ ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ទាក់ទង​នឹង​សំណុំ​រឿង​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នៅ​ក្នុង​ស្រុក​បទុម​សាគរ ​ខេត្ត​កោះកុង​ ហើយ​បាន​ជួប​ពិភាក្សា​ជាមួយ​ពលរដ្ឋ​មក​ពី​សហគមន៍​ដែល​រងគ្រោះ​ដោយ​ទំនាស់​ដីធ្លី​ និង​ការ​បូម​ខ្សាច់។

«នៅ​ក្នុង​កិច្ច​ជំនួប​ហ្នឹង​គឺ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​បូម​ខ្សាច់​ និង​ពី​បញ្ហា​ដែល​គាត់​កំពុង​តែ​ប្រឈម​ ​ដូច​ជាគាត់​ត្រូវ​បាន​គេ​បូម​ខ្សាច់​ទៅ​បាក់​ច្រាំង​ ហើយ​បណ្តាល​ឲ្យ​គាត់​ធ្វើ​ការ​នេសាទ​អត់​បាន​ ហើយ​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ចំណូល​អត់​បាន​នេសាទ​ អត់​បាន​ធ្វើ​ផល​នេសាទ​ ហើយ​គាត់​ជួប​បញ្ហា​ជីវភាព​ដែល​អត់​បាន​រក​ចំណូល»។​

លោក​ អ៊ិន គង់ជិត ​បន្តថា​ លោក​ស្រី រ៉ូណា ស្មីត​ បាន​ជួប​ជាមួយ​មនុស្ស​១៧រូប ​ដែល​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស ​អ្នក​តវ៉ា​ និង​អ្នក​សារព័ត៌មាន​ ហើយ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ​កាល​ពី​ដើម​ខែ​កញ្ញា​នេះ​ នៅ​ក្នុង​ព្រឹត្តការណ៍​បង្ក្រាប​អ្នក​តវ៉ា​មួយ។

លោក​ស្រី​បាន​ចូល​ជួប​លោក ប៊ុន លើត អភិបាល​ខេត្ត​កោះកុង​ និង​មន្ត្រី​ប៉ូលិស ហើយ​និង​ប្រធាន​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។ ទោះ​ជា​យ៉ាង​ណា​ក្តី លោកស្រី​ពុំបាន​ធ្វើការ​សន្យា​អ្វី​ក្នុង​ការ​ជួយ​សកម្ម​ជន​បរិស្ថាន​ទាំង​បី​នោះ​ទេ​ តែ​លោក​ស្រី​បញ្ជាក់​ថា​ លោក​ស្រី​នឹង​នាំ​យក​បញ្ហា​របស់​សកម្មជន​ទាំងបី​នាក់​នោះ និង​ក្តី​កង្វល់​របស់​ប្រជា​ពលរដ្ឋ​ទៅជម្រាប​ប្រាប់​អាជ្ញាធរ​ខេត្ត​កោះកុង​ និង​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​ជាតិ ដើម្បី​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិ​ប្រជា​ពលរដ្ឋ។​

VOA ​ពុំអាច​ទំនាក់​ទំនង​លោក​ ប៊ុន លើត​ អភិបាល​ខេត្ត​កោះកុង​បាន​ទេ ​ដោយ​ទូរស័ព្ទ​លោក​រោទិ៍​តែគ្មាន​អ្នក​ទទួល។ VOA ​ក៏ពុំអាច​ទាក់​ទង​លោក​ ប៊ូ ប៊ុនហាំង​ ព្រះ​រាជអាជ្ញា​តុលាការសាលា​ដំបូង​ខេត្ក​កោះកុង​បាន​ដែរ។ រីឯ​លោក​ សម​ ឃិតវៀន​ ស្នង​ការ​ប៉ូលិស​ខេត្ត​កោះកុង​បដិសេធ​មិន​ធ្វើការ​អធិប្បាយ​ ដោយ​លោក​ពុំ​បាន​ចូល​រួម​ប្រជុំ​ជាមួយ​លោក​ស្រី ​រ៉ូណា​ ស្មីត។

ដោយ​ឡែក​ លោក​ ផុន រដ្ឋា​ សហស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​ ថ្លែង​ថា​ ការ​មក​ដល់​របស់​លោក​ស្រី​ រ៉ូណា ស្មីត​ អាច​ជាសញ្ញា​វិជ្ជមាន​សម្រាប់​ការ​ដោះ​លែង​សកម្មជនទាំងបី​នាក់ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ ដោយ​លោក​មាន​ប្រសាសន៍​ថា៖​

«សម្រាប់​ការ​មក​ជួប​ផ្ទាល់ ​ហើយ​ក៏​ដូច​ជា​ការ​ដែល​គាត់​ទៅ​ជួប​ថ្នាក់​ដឹកនាំ​ធំៗ​នេះ​ វា​ជា​ចំណុច​វិជ្ជ​មានមួយ​ ជា​ពន្លឺ​មួយ​ ដែលអាច​ដោះ​លែង​សកម្មជន​ចលនា​មាតា​ធម្ម​ជាតិ​ផង​ដែរ។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​គាត់​ជា​អ្នក​រាយ​ការណ៍​ពិសេស ​អញ្ចឹង​ចង់​មិន​ចង់​ ទាំង​រដ្ឋាភិបាល​ ទាំង​អាជ្ញាធរ​ពាក់​ព័ន្ធ​ក៏​ត្រូវ​តែ​មាន​វិធានការមួយ​ដែល​ល្អ​សម្រាប់​ចលនា​មាតា​ធម្មជាតិ»។​

សកម្មជន​បរិស្ថាន​ទាំងបី​ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​កាល​ពី​ខែ​សីហា​ រួម​មាន​លោក​ សាន់ ម៉ាឡា​ អាយុ​២៣ឆ្នាំ ​ស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​ លោក​ ទ្រី សុវិគា​ អាយុ​២៤ឆ្នាំ​ និង​លោក​ ស៊ីម សំណាង​ អាយុ​២៦ឆ្នាំ។ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង ​និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ។​

អ្នកស្រី​ ថា សុភា​ វ័យ​២២​ឆ្នាំ ​ភរិយា​របស់​លោក​ ស៊ីម សំណាង មាន​ប្រសាសន៍​ថា​ អ្នក​ស្រី​ចង់​ឃើញ​អ្នក​រាយ​ការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​នេះ​ ធ្វើ​អន្តរាគមន៍​ក្នុង​ការ​ជួយ​ឲ្យ​ស្វាមី​របស់​អ្នក​ស្រី​ និង​អ្នក​ជាប់​ឃុំ​ពីរនាក់​ផ្សេងទៀត​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ។​ អ្នក​ស្រី​ថ្លែង​ថា​ ជីវភាព​គ្រួសារ​របស់​អ្នក​ស្រី​កំពុង​ជួប​បញ្ហា​ នៅ​គ្រា​ដែល​ស្វាមី​របស់​អ្នក​ស្រី​ស្ថិត​ក្នុង​ពន្ធនាគារ។​

«ខាង​អង្គការ​សហ​ប្រជាជាតិ​ហ្នឹង​ ឲ្យ​គាត់​ជួយ​អន្តរាគមន៍​ឲ្យ​ខ្ញុំ​ផង​ ព្រោះ​មាន​តែ​គាត់​អ្នក​រក។​ ខ្ញុំ​នៅ​ផ្ទះ​ហ្នឹង​ ហើយ​មើល​កូន​ ហើយ​ម៉ែ​ខ្ញុំ​ពិការ​ពីរ​ឆ្នាំ​ជាង​ហើយ»។​

ការ​ចុះ​សួរ​សុខ​ទុក្ខ​សកម្មជន​បរិស្ថាន​ទាំងបី​នាក់​ និង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កោះកុង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ស្រី រ៉ូណា ស្មីត ​ដែល​គ្រោង​នឹង​បំពេញ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី១៧ ​ដល់​ថ្ងៃទី២៤ ​ខែ​កញ្ញា​ខាង​មុខ​នេះ។ ​ទស្សន​កិច្ច​របស់​លោក​ស្រី​ត្រូវ​បាន​លើក​ពេល​មួយ​ដង​រួច​ទៅ​ហើយ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ​ដោយ​ហេតុ​ថា​ លោក​ស្រី​ពុំ​បាន​ត្រៀ​មខ្លួន​រូចរាល់​សម្រាប់​ទស្សន​កិច្ច​នា​ពេល​នោះ៕

XS
SM
MD
LG