ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​ខ្លះ​តក់​ស្លុត តែ​ខ្លះ​ទៀត​មិន​តក់ស្លុត​នឹង​ការ​ឈ្នះ​ឆ្នោត​របស់​លោក ត្រាំ ទេ


លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោត​របស់​សហរដ្ឋ​អាមេរិក។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោត​របស់​សហរដ្ឋ​អាមេរិក។

លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​បាន​ធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​នៅ​រដ្ឋ​ខ្លះ​ភ្ញាក់​ផ្អើល និង​តក់​ស្លុត ដោយសារ​តែ​គោលនយោបាយ​រស៊ើប​មួយ​ចំនួន​របស់​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​ជាប់​ឆ្នោត​រូប​នេះ។

ក្រោយ​ពេល​ដែល​លោក ដូណាល់ ត្រាំ បាន​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​មក ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន ព្រួយ​បារម្ភ​ពី​សហគមន៍​របស់​ខ្លួន តែ​ខ្លះ​ទៀតយល់​ថា គោល​នយោបាយ​លោក ត្រាំ នឹងមិន​ប៉ះពាល់​ដល់​សហគមន៍​ខ្លួន​ទេ។

នៅ​ម៉ោង​ជិត​៣ទាប​ភ្លឺ ថ្ងៃទី៩ ខែ​វិច្ឆិកា​កន្លង​ទៅ ពលរដ្ឋ​អាមេរិកាំង​បាន​ទទួល​ដំណឹង​នៃ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ដោយ​លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ទទួល​ជ័យ​ជម្នះ ហើយ​លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បរាជ័យ។

លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​បាន​ធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​នៅ​រដ្ឋ​ខ្លះ​ភ្ញាក់​ផ្អើល និង​តក់​ស្លុត ដោយសារ​តែ​គោលនយោបាយ​រស៊ើប​មួយ​ចំនួន​របស់​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​ជាប់​ឆ្នោត​រូប​នេះ។

លោក លាង ស៊ីដនី គឺជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ រស់នៅ​ទីក្រុង​ឡូវែល ​រដ្ឋ​ម៉ាសាឈូសេត បាន​ប្រាប់ VOA ថា លោក​តក់​ស្លុត​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​នេះ។

«‍ខ្ញុំ​ក៏​ដូច​គេ​ដទៃ​ទៀត​ដែរ គឺ​មាន​ភាព​ភ្ញាក់ផ្អើល​បន្តិច ព្រោះ​ថា តាម​មើល​ស្ថិតិ និង​ការ​ស្ទង់​មតិ​ផ្សេងៗ​ ឃើញ​ថា​អ្នក​ស្រី គ្លីន​តុន នឹង​ឈ្នះ»។

ក្នុង​កំឡុង​ពេល​ឃោសនា​បោះឆ្នោត លោក ដូណាល់ ត្រាំ បាន​ប្តេជ្ញា​រឹត​បន្តឹង​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ដោយ​សន្យា​ថា​នឹង​បញ្ចូន​ជន​ដែល​រស់នៅ​ខុស​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ។ ក្រៅ​ពី​នេះ លោក​ ត្រាំ គឺជា​បេក្ខជន​ប្រធានាធិបតី​ម្នាក់​ដែល​មាន​ភាព​ចម្រូង​ចម្រាស​ច្រើន ដោយសារ​តែ​ការ​ប្រើប្រាស់​ភាសា​អសីលធម៌ ការ​រើស​អើង​លើ​ជនជាតិ​ភាគ​តិច ​ដូចជា​ពលរដ្ឋ​ដែល​កាន់​សាសនា​អ៊ីស្លាម និង​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ជា​ដើម និង​ការ​មិន​គោរព​សិទ្ធិ​ស្ត្រី​ផង​ដែរ។​

លោក​ លាង ស៊ីដនី បាន​បន្ថែម​ថា ស្ថានភាព​នៅ​ក្នុង​សហគមន៍​លោក ក្រោយ​លោក ត្រាំ ឈ្នះ​ឆ្នោត គឺ​ថា ពលរដ្ឋ​មួយ​ភាគ​ធំ ដែល​មាន​ឪពុក​ម្តាយ​ជា​ជន​អន្តោប្រវេសន៍​ពោរពេញ​ដោយ​ភាព​ភ័យ​ខ្លាច។

«‍ដល់​ពេល​ព្រលឹម​ឡើង​ឃើញ​អីចឹង ក្មេងៗ​ម្នាក់ៗ​គ្នា​ភ័យ គ្នា​ភ័យ​ខ្លាច​ថា ដូណាល់ ត្រាំ ធ្វើ​បាប ​ហើយ​ខ្លាច ​ដូណាល់ ត្រាំ ធ្វើ​នេះ​ ធ្វើ​នោះ។ ដូច្នេះ វា​ធ្វើ​ឲ្យ​សង្គម​វា​ច្របូកច្របល់​គួរសម។»។

លោក​បាន​បន្ថែម​ទៀត​ថា ​នៅ​ក្នុង​រដ្ឋ​ដែល​លោក​រស់នៅ ប្រជាពលរដ្ឋ​ភាគ​ច្រើន​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ និង​លោកស្រី គ្លីនតុន ដែល​ជា​ស្ត្រី​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​សហរដ្ឋ​អាមេរិក ដែល​ត្រូវបាន​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី។

ដូច្នេះ លទ្ធផល​នៃ​ការ​ចាញ់​ឆ្នោត​របស់​លោកស្រី គ្លីន​តុន បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ជាពិសេស​ស្ត្រី​វ័យ​ចាស់ៗ​ខក​ចិត្ត។

«‍សូម្បី​តែ​ម្តាយ​មិត្តភក្តិ​ខ្ញុំ ដែល​មាន​ជំងឺ ក៏​ទៅ​តម្រង់​ជួរ​បោះឆ្នោត​ដែរ ព្រោះ​ថា​ពួក​គាត់​ចង់​ឃើញ​ស្ត្រី​មួយ​រូប​ក្លាយ​ជា​ប្រធានាធិបតី។ ហើយ​ឥឡូវ​បែរ​ជា​ខក​ចិត្ត ហើយ​ពួកគាត់​ក៏​មិន​ដឹង​មាន​គំនិត​យ៉ាង​ដូច​ម្តេច​ដែរ ហាក់​បី​ដូច​ជា​ភាំង​មួយ​សន្ទុះ​ទៅ ដូច​គេ​ដូច​ឯង​ដែរ»។

​រីឯ​នៅ​រដ្ឋ​អ៊ីល្លីណយ​វិញ លោក លឿង សុភ័ណ្ឌ ដែល​ជា​ប្រធាន​សមាគម​ខ្មែរ​រដ្ឋ​អ៊ីល្លីណយ និង​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​មួយ​រូប បាន​ប្រាប់ VOA ថា លោក​ខក​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​នេះ។

«‍មិន​កួរ​កើត​ឡើង​រឿង​ហ្នឹង ព្រោះ​លោក ដូណាល់ ត្រាំ មិន​មែន​ជា​អ្នក​នយោបាយ ហើយ​សម្តី​ដែល​គាត់និយាយ​មាន​ភាព​អសុរស​ច្រើន។ ខក​ចិត្ត ខ្ញុំ​ខក​ចិត្ត​ដែរ ព្រោះ​ខ្ញុំ​មិន​បាន​បោះឆ្នោត​ឲ្យ​គាត់​ទេ»។

យោង​តាម​ការ​សាកសួរ​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​ដទៃទៀត​នៅ​រដ្ឋ​នេះ លោក​ក៏​បាន​បន្ថែម​ថា ពលរដ្ឋ​ខ្លះ​ភ័យ​ព្រួយ​នឹង​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​លោក ត្រាំ ដូចគ្នា​នឹង​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ទីក្រុង​ឡូវែល ​រដ្ឋ​ម៉ាសាឈូសេត​ដែរ។

«‍ភាគច្រើន​អ្នក​ដែល​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់ គឺ​ត្រូវ​តែ​មាន​ការ​ភ័យ​ព្រួយ​យ៉ាង​ខ្លាំង ដោយសារ​សម្តី និង​អ្វី​ដែល​គាត់​បាន​និយាយ​ឃោសនា​ពី​មុន​មក វា​ធ្វើ​ឲ្យ​យើង​ភ័យ​ព្រួយ»។

លោក សុភ័ណ្ឌ ក៏​បាន​សង្កត់​ធ្ងន់​ថា ការ​ឈ្នះ​ឆ្នោត​របស់​លោក ដូណាល់ ត្រាំ ដែល​ត្រូវបាន​ចាត់ទុក​ថា ជា​បុគ្គល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សេរីភាព​របស់​បណ្តា​ប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ក​ជា​ក្តី​បារម្ភ​មួយ​ទៀត​ដល់​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​មួយ​ចំនួន ដូច​ជា​ប្រទេស​កម្ពុជា​ជា​ដើម។

លោក​យល់​ថា៖

«‍គាត់​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​សិទ្ធិ​មនុស្ស សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​ច្រើន​ទេ។ ដូច្នេះ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ផងដែរ ដូចថា ប្រទេស​ដែល​អាច​ជួយ​ខ្មែរ​បាន គឺ​ប្រទេស​អាមេរិក​នេះ​ហើយ​ដែល​ជា​ប្រទេស​មហា​អំណាច​ដ៏​ធំ។ ដូច្នេះ បើ​ប្រទេស​មហា​អំណាច​មិន​យក​ចិត្ត​ទុក​ដាក់​រឿង​សេរីភាព សិទ្ធិមនុស្ស​ទេ វា​អាច​ធ្វើ​ឲ្យ​ប្រទេស​យើង​ហ្នឹង​កាន់តែ​ធ្លាក់​ចុះ ក្រោម​ការ​ដឹកនាំ​របស់​លោក​ហ៊ុន សែន»។

ក៏ប៉ុន្តែ ពលរដ្ឋ​ខ្មែរ​ខ្លះ​មិន​តក់ស្លុត​ទេ ហើយ​បាន​ចាត់ទុក​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ ដោយសារ​លោក ដូណាល់ ត្រាំ ដែល​មិន​ដែល​មាន​បទពិសោធន៍​ខាង​វិស័យ​នយោបាយ និង​ជា​សេដ្ឋី​អចលនទ្រព្យ​មួយ​រូប​ឈ្នះ​ឆ្នោត។

លោក សេក កុសល ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​សកម្ម​ក្នុង​សង្គម និង​សហគមន៍​ខ្មែរ បាន​ប្រាប់ VOA ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រជាធានាធិបតី​ឆ្នាំ​នេះ​គឺជា​សារ​ថ្មី​មួយ​ដល់​ជួរ​ដឹកនាំ​រដ្ឋាភិបាល​អាមេរិក​របស់​លោក បារ៉ាក់ អូបាម៉ា ដែល​បាន​កាន់​អំណាច​រយៈពេល​៨ឆ្នាំ​កន្លង​ទៅ​នេះ។

«‍យប់មិញ​នេះ ជា​សារ​មួយ​ដែល​បងប្អូន​នៅ​សហរដ្ឋ​អាមេរិក​ទាំង​អស់​គ្នា បាន​ផ្ញើ​ឲ្យ​តំណាង​រាស្ត្រ​ទាំង​អស់​ គាត់​មិន​សប្បាយ​ចិត្ត និង​រីករាយ​អំពី​ស្ថាប័ន​ដែល​បាន​បម្រើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​រយៈពេល​៨ឆ្នាំ​មុន​នេះ។ អីចឹង​គាត់​កែប្រែ គាត់​ដូរ‍»។

លោក កុសល បាន​កត់​សម្គាល់​ថា ការ​បោះឆ្នោត​របស់​ពលរដ្ឋ​អាមេរិកាំង​នៅរដ្ឋ​មីណីសូតា​នេះ​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ ជាង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​មុនៗ។

«‍គាត់​បោះឆ្នោត​ប្រឆាំង​នឹង​អ្នក​ដែល​គាត់​មិន​ពេញ​ចិត្ត។ គាត់​មិន​មែន​បោះឆ្នោត​ដើម្បី​ការ​គាំទ្រ​គណបក្ស​ណា​ដូច​ពី​មុន​ទេ។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​នេះ ដូច​ចង់​លើស​១៥០ឆ្នាំ​ហើយ មិន​ដែល​ដូច​យប់​មិញ»។

ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​នៅ​រដ្ឋ​មីណីសូតា​នេះ​បាន​ប្រឈម​នឹង​ការ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយសារ​អំពើ​ប្រព្រឹត្ត​ខុស​ច្បាប់​របស់​ពួក​គេ។ ទោះ​ជា​យ៉ាង​ណា​ក្តី លោក កុសល យល់​ថា ការ​ឈ្នះ​ឆ្នោត​របស់​លោក ត្រាំ និង​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​លោក ត្រាំ នឹង​មិន​ប៉ះពាល់​ដល់​សហគមន៍​របស់​លោក​ណាស់ណា​ទេ។

«‍បងប្អូន​ខ្មែរ​ខ្លះ​ដែល​ត្រូវ​គេ​បញ្ជូន​ទៅ​គេ គឺ​គាត់​មក​រស់នៅ​ទីនេះ​ដោយ​ស្រប​ច្បាប់។ អីចឹង ខ្ញុំ​ក៏​ជឿ​ថា យើង​គួរ​តែ​យក​ច្បាប់​មក​អនុវត្ត ក្នុង​ការ​កាត់​ក្តី​ពួក​គាត់​ដែរ។ អីចឹង ខ្ញុំ​មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទេ សម្រាប់​កាលៈទេសៈ​នេះ»។

ក្រោយ​ពេល​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត ដែល​លោក ដូណាល់ ត្រាំ បាន​ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី៤៥​មក ទាំង​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​លោក​ស្រី គ្លីនតុន ដែល​ជា​បេក្ខជន​ចាញ់​ឆ្នោត បាន​ទូរស័ព្ទ​ទៅ​អបអរ​សាទរ​លោក​ ត្រាំ។

ទង្វើ​បែប​នេះ​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ ដូច​ជា​លោក លាង ស៊ីដនី យល់​ថា​ជា​ការ​ផ្សះផ្សារ​ជាតិ និង​ការ​សាមគ្គី​គ្នា​មួយ​ដ៏​ល្អ បើ​ទោះ​បី​ជា​អ្នក​ទាំង​អស់​នេះ​មិន​យល់​ស្រប​គ្នា​លើ​បញ្ហា​ប្រទេស​ជាតិ​ជា​ច្រើន។​

លោក លាង ស៊ីដនី បាន​ឲ្យ​ដឹង​ថា៖

«‍គេ​ call ទៅ​ ហើយ​ធ្វើ​ការ​កោត​សរសើរ លើក​តម្កើង​អីចឹង​ទៅ។ អា​ហ្នឹង​គឺ​គេ​បញ្ចប់ និង​ជូន​ពរ​ប៉ុណ្នឹង​ឯង។ គេ​មិន​នៅ​ដូច​ថា ប្រកាន់​គ្នា​ ឬ​មួយ​ក៏​ប្រឆាំង​គ្នា គេ​រួម​ដៃ​គ្នា»។

លោក ដូណាល់ ត្រាំ ដែល​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត នឹង​ចូល​ស្បថ​ទទួល​យក​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី៤៥​ជា​ផ្លូវការ​នៅ​ខែ​មករា ឆ្នាំ​២០១៧​ខាង​មុខ​នេះ៕

XS
SM
MD
LG