ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មុន​លទ្ធផល​ផ្លូវការ​ ខ្មែរ​អាមេរិកាំង​សង្ឃឹម​ផ្ទុយ​គ្នា​ចំពោះ​​បេក្ខជន​ដែល​គេ​គាំទ្រ​ឈ្នះ


អ្នក​គាំទ្រ​លោក Donald Trump (ឆ្វេង) នៅ​សង្កាត់ Manhattan ក្រុង​ញូវយ៉ក អបអរសាទរ​ខណៈ​លទ្ធផល​ថ្មី​មួយ ខណៈ​ដែល​អ្នក​គាំទ្រ​លោកស្រី Hillary Clinton (ស្តាំ) ភ្ញាក់​ផ្អើល​ចំពោះ​​លទ្ធផល​​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
អ្នក​គាំទ្រ​លោក Donald Trump (ឆ្វេង) នៅ​សង្កាត់ Manhattan ក្រុង​ញូវយ៉ក អបអរសាទរ​ខណៈ​លទ្ធផល​ថ្មី​មួយ ខណៈ​ដែល​អ្នក​គាំទ្រ​លោកស្រី Hillary Clinton (ស្តាំ) ភ្ញាក់​ផ្អើល​ចំពោះ​​លទ្ធផល​​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

អ្នក​បោះឆ្នោត​មាន​ការ​ផ្តោត​ការ​វាយ​តម្លៃ​របស់​ខ្លួន​ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់​បេក្ខជន​ បទពិសោធន៍​ការងារ ​គោល​នយោបាយ​សេដ្ឋកិច្ច ​និង​អន្តោ​ប្រវេសន៍​ជាដើម​ នៅ​ពេល​សម្រេច​ចិត្ត​បោះឆ្នោត​ផ្តល់​ឱកាស​ដល់​បេក្ខជន​ប្រធានាធិបតី​ណា​មួយ​ ដើម្បី​ទៅ​កាន់​កាប់​សេតវិមាន​នោះ។

នៅ​ពេល​ដែល​ការិយាល័យ​បោះឆ្នោត​បិទ​ទ្វារ​នៅ​រដ្ឋ​ខ្លះ​និង​នៅ​បន្ត​នៅ​រដ្ឋ​ខ្លះ​ ហើយ​ លទ្ធផល​ នាំ​មុខ​ក្នុង​រដ្ឋ​នានា​ត្រូវ​គេ​បញ្ចេញ​ឲ្យ​ដឹង​ដំបូងៗ​នោះ​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ បាន​បង្ហាញ​ពី​ការ​ចង់​ឲ្យ​បេក្ខជន​ដែល​ខ្លួន​គាំទ្រ​ឈ្នះ​ឆ្នោត​ជាប់​ជា​ប្រធានាធិបតី​ទី​៤៥​ របស់​សហរដ្ឋ​អាមេរិក។

ដំណាល​គ្នា​ដែល​ពិភពលោក​កំពុង​តាមដាន​មើល​ដំណើរការ​បោះឆ្នោត​និង​លទ្ធផល​ បឋមៗ ​ចេញ​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្ងៃ​អង្គារ​ទី​៨​ ខែ​វិច្ឆិកា​ នៅ​ពេល​បិទ​ទ្វារ​ការិយាល័យ​បោះឆ្នោត​ក្នុង​រដ្ឋ​ជា​ច្រើន​នោះ ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ ចំនួន​នៅ​តាម​បណ្តា​រដ្ឋ​នានា​នៅ​តែ​ប្រាថ្នា​ចង់​ឲ្យ​បេក្ខជន​ប្រធានាធិបតី​រៀងៗ​ខ្លួន​បាន​ទទួល​ជ័យជម្នះ។

ក្នុង​ចំណោម​បេក្ខជន​ទាំង​ពីរ​គឺ​លោកស្រី ហ៊ីឡារី គ្លីនតុន​ (Hillary Clinton) ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​ និង​ជា​អតីត​លោក​ស្រី​ទី១​ នៅ​ពេល​ស្វាមី​លោកស្រី ​គឺ​លោក​ Bill Clinton ​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី​ស.រ.អា។ ​រីឯ​លោក​ ដូណាល់ ត្រាំ ​(Donald Trump) ​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ ​ដែល​លោក​ជា​មហាសេដ្ឋី​ជំនួញ​អាមេរិកាំង​ម្នាក់។​ បេក្ខជន​ទាំង​ពីរ​បាន​ទទួល​សំឡេង​ឆ្នោត​ប្រកិតៗ​គ្នា​នៅ​ពាក់​កណ្តាល​ថ្ងៃ​ ឬ ​ឈ្នះ​រដ្ឋ​ខ្លះ​ ហើយ​ចាញ់​ក្នុង​រដ្ឋ ខ្លះ​ដូចគ្នា​ ហើយ​លោក​ត្រាំ​នាំ​មុខ​នៅ​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​នៅ​មុន​ពេល​ដែល​ការិយាល័យក្នុង​រដ្ឋ​ជាង​១០ត្រូវ​បិទ​ទ្វារ​ ហើយ​រដ្ឋ​មួយ​ចំនួន​មិន​ទាន់​រាប់​សន្លឹក​ឆ្នោត​អស់។​ ការណ៍​នេះ​ដែល​ធ្វើ​ឲ្យ​អ្នក​តាម​ដាន​ការ​បោះឆ្នោត​នេះ​ផ្ចង់​ពេល​វេលា​តាម​ដាន​ទស្សនា ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ដល់​យប់​ក៏​មាន។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​មក​ពី​ក្រុង​ ឡូវែល​ រដ្ឋ ​ម៉ាស្សាឈូសេតស៍ គឺ​លោក​ អ៊ុន សុខុម បាន​ថ្លែង​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ថា ​លោក​ចង់​ឲ្យ​លោកស្រី​ ហ៊ីឡារី គ្លីនតុន​ ឈ្នះ​ការ​បោះឆ្នោត​នេះ។

លោក​ អ៊ុន សុខុម ថ្លែង​ថា៖

«ចង់​ឲ្យ​លោកស្រី ​ហ៊ីឡារី គ្លីនតុន​ ជាប់​ដឹកនាំ​ប្រទេស​ ខ្ញុំ​ជឿ​ជាក់​ថា ​បញ្ហា​នយោបាយ​ ពិភពលោក​អាច​ប្រែប្រួល»។

លោក​ថា​ លោក​នឹង​ខក​ចិត្ត​ បើ​សិន​ជា​លោកស្រី​ ហ៊ីឡារី គ្លីនតុន​ ចាញ់​ក្នុង​ពេល​ដែលកំពុង​តាម​ដាន​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​បឋមៗ​នេះ។

«នៅ​ពេល​នេះ​ទាំង​ខ្ញុំ​ទាំង​គេ ​ហើយ​ជា​ពិសេស​ប្រធានាធិបតី​ដែល​បាន​ឈរ​ឈ្មោះ​ខ្លួន​ ឯង​នឹង​ផង​ ក៏​មាន​ការ​រំជើប​រំជួល​ដូច​តែ​គ្នា​ទេ។​ គាត់​រំជើប​រំជួល​ រំភើប​ជាង​យើង​ផង​ តាម​ដាន​ជាង​យើង​ផង។​ ក៏​ប៉ុន្តែ​អ្វី​ដែល​រំភើប​បំផុត​នោះ​ គឺ​នៅ​ពេល​ណា​ដែល​ឃើញ ភាគី​ដែល​យើង​កំពុង​តែ​គាំទ្រ​ នឹង​កើន​ឡើង​គឺ​រំភើប​មែនទែន​និង​សប្បាយ​ចិត្ត‍»។

លោក ​អ៊ិន សួន​ មក​ពី​ក្រុង​ Oakland ​រដ្ឋ​កាលីហ្វ័រញ៉ា ​បាន​អះអាង​ថា ​លោក​បា្រថ្នា​ចង់​បាន​លោកស្រី​គ្លីនតុន​ឈ្នះ​ដែរ​ដោយសារ​បារម្ភ​ពី​នយោបាយ​អន្តោប្រវេសន៍​របស់​លោក​ត្រាំ​ដែល​មាន​ការ​តឹងរ៉ឹង​ខ្លាំង​នោះ។

លោក ​អ៊ិន សួន ថ្លែង​ថា៖

‍«ខ្លាច​ដល់​ជាប់​ទៅ‍​ ជន​អន្តោប្រវេសន៍​ដូច​ជា​មិន​សូវ​មាន​សិទ្ធិ ​ប៉ុន្មាន ​ចេះ​តែ​បិទ​សិទ្ធិ​ បន្តិច​ម្តងៗ​ទៅ​ក្រែង​លោ​វា​ប៉ះពាល់​ដល់​ជន​អន្តោប្រវេសន៍​ខ្លាំង​ទី១។​ ហើយ​ទី​២ ​បើ​និយាយ​ពី​បញ្ហា​សង្គម​គឺ​គាត់​ដូច​អត់​មាន​មនោសញ្ចេតនា​មក​លើ​សង្គម​ប្រជាពលរដ្ឋ​ ដែល​ត្រូវ​ការ​សង្គម​ការងារ​ដូចជា​មិនសូវ​មាន»។

លោក​ស្រី គ្លីនតុន ​មាន​បទ​ពិសោធន៍​ជា​ច្រើន​និង​ធ្វើ​កិច្ចការ​សង្គម​ មានមនោសញ្ចេតនា​ ច្រើន​ជាង​លោក ​ត្រាំ។

លោក​ ហ៊ី សុផល ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង​ក្រុង​ Warwick ​រដ្ឋ​រ៉ូដ​អៃឡែន (Rhode Island) ​បាន​ថ្លែង​ថា ​លោក​ប្រាថ្នា​ចង់​ឲ្យ​លោក​ ដូណាល់ ត្រាំ​ ឈ្នះ​ការ​បោះឆ្នោត​នេះ។

‍«បើ​សិន​ជា​គណបក្ស​សាធារណរដ្ឋ​ឈ្នះ​ គណបក្ស​នេះ​នឹង​មាន​ឱកាស​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ​ទាំង​ការ​ប្រើ​អំណាច​ទន់​និង​អំណាច​រឹង‍»។

តែ​លោក​ថា ​អំណាច​ការ​ទូត​ដែល​ជា​អំណាច​ទន់​និង​អំណាច​យោធា​ជា​អំណាច​រឹង​របស់​គណបក្ស​សាធារណរដ្ឋ​នោះ​ លោក​សង្កេត​ឃើញ​ថា ​មាន​លំនឹង​ខ្លាំង​និង​ធ្វើ​ឲ្យ​ប្រទេស​នានា​មាន​ការ​គោរព ​ជាង​គណបក្ស​ប្រជាធិបតេយ្យ។

អ្នក​បោះឆ្នោត​មាន​ការ​ផ្តោត​ការ​វាយ​តម្លៃ​របស់​ខ្លួន​ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់​បេក្ខជន​ បទពិសោធន៍​ការងារ ​គោល​នយោបាយ​សេដ្ឋកិច្ច ​និង​អន្តោ​ប្រវេសន៍​ជាដើម​ នៅ​ពេល​សម្រេច​ចិត្ត​បោះឆ្នោត​ផ្តល់​ឱកាស​ដល់​បេក្ខជន​ប្រធានាធិបតី​ណា​មួយ​ ដើម្បី​ទៅ​កាន់​កាប់​សេតវិមាន​នោះ។

បេក្ខជន​ទាំង​ពីរ​តម្រូវ​ឲ្យឈ្នះ​ឆ្នោត​តាម​សំឡេង​ឆ្នោត​ជា​ទូទៅ​ពី​ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​ផង​នឹង​ពី​ចំនួន​អង្គ​បោះឆ្នោត​ឬ​ប្រតិភូ​នៅ​តាម​រដ្ឋ​នីមួយៗ ​ដែល​សរុប​មាន​ចំនួន​៥៣៨​នាក់។​ បេក្ខជន​ត្រូវ​ទទួល​បាន​សំឡេង​៥០​ភាគ​រយ​បូក១​ ឬ​ចំនួន​២៧០​នាក់​ពី​ចំនួន​ប្រតិភូ​ទាំង​នោះ​ ទើប​អាច​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី​៤៥ ​ហើយ​កាន់​កាប់​សេតវិមាន​បាន៕

លោក​អាច​ទទួល​ព័ត៌មាន VOA ផ្សាយ​ផ្ទាល់​ចុងក្រោយ​ដោយ​ចូល​ទៅ http://khmer.voanews.com/live

អត្ថបទ​ទាក់ទង

XS
SM
MD
LG