ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​បោះឆ្នោត​នៅ​អាមេរិក​អាច​ឆ្នាំ​នេះ​អាច​ប៉ះពាល់​ការ​លើក​ស្ទួយ​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក


ឯកសារ៖ លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ជជែក​តទល់​គ្នា​ជាមួយ​លោកស្រី Hillary Clinton នៅ​ក្នុង​អំឡុង​ការ​ជជែក​តទល់ Presidential debate នៅ​សាកលវិទ្យាល័យ Washington University in St. Louis កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៦។
ឯកសារ៖ លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ជជែក​តទល់​គ្នា​ជាមួយ​លោកស្រី Hillary Clinton នៅ​ក្នុង​អំឡុង​ការ​ជជែក​តទល់ Presidential debate នៅ​សាកលវិទ្យាល័យ Washington University in St. Louis កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៦។

ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សន​កិច្ច​​របស់​​ក្រុម​អ្នក​កាសែត​ពី​ប្រទេស​កម្ពុជា​​មក​ស.រ.អា.​សមភាគី ​អាមេរិក​ និង​អ្នក​ជំនាញ​នយោបាយ​របស់​អាមេរិក​បាន​និយាយ​ថា ​យុទ្ធនាការ​បោះឆ្នោត​នេះ​ជា​យុទ្ធនាការ​ដែល​«រញ៉េរញ៉ៃ​បំផុត»​តាម​ដែល​ពួក​គេ​ដឹង។

អ្នក​ជំនាញ​នយោបាយ​ព្រមាន​ថា ​យុទ្ធនាការដ៏​ចម្រូងចម្រាស​សម្រាប់ការ​បោះឆ្នោត​នៅសហ​រដ្ឋ​នៅ​ក្នុង​អាណត្តិ​នេះ​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក។​

នៅ​មុន​ពេល​ចេញ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ​ដែល​មាន​យុទ្ធនាការដ៏​ចម្រូងចម្រាស​បំផុតនៅ​ក្នុង​ប្រវត្តិសាស្ត្រអាមេរិក​ ​អ្នក​ជំនាញ​បាន​ព្រមាន​ថា ​ការ​ជជែក​តទល់​របស់​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ទាំង​ពីរ​នៅ​អាមេរិក​អាច​ធ្វើ​ឲ្យខូចខាត​កិច្ច​ប្រឹងប្រែង​របស់អាមេរិក​ក្នុង​ការ​លើក​ស្ទួយ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេសនៅ​លើ​ពិភពលោក​ដូច​ជា​នៅ​ប្រទេសកម្ពុជា​ជា​ដើម។​

ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សន​កិច្ចរបស់ក្រុម​អ្នក​កាសែត​ពី​ប្រទេស​កម្ពុជាមក​ស.រ.អា.​សមភាគី ​អាមេរិក​ និង​អ្នក​ជំនាញ​នយោបាយ​របស់​អាមេរិក​បាន​និយាយ​ថា ​យុទ្ធនាការ​បោះឆ្នោត​នេះ​ជា​យុទ្ធនាការ​ដែល​«រញ៉េរញ៉ៃ​បំផុត»​តាម​ដែល​ពួក​គេ​ដឹង។​

លោក​ ដូណាល់​ ត្រាំ ​(Donald Trump) ​ជា​សេដ្ឋី​ជំនួញ​និង​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ ​បាន​ប្រើ​ភាសា​ដែល​មាន​ការ​អុជអាល​ និង​នាំ​ឲ្យមាន​ភាព​ចម្រូងចម្រាស​ ​និង​ការ​គំរាមកំហែង​អំពីការ​រៀបចំ​ឧក្រិដ្ឋកម្ម​ដោយ​ពួក​រដ្ឋ​ឥស្លាម ​ហើយ​រដ្ឋាភិបាលវិមានក្រឹមឡាំង​របស់​រុស្ស៊ី​បាន​តាមដាន​យុទ្ធនាការ​បោះឆ្នោត​នេះ​យ៉ាង​ដិតដល់។​

រីឯបេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក​ស្រី ​ហ៊ីឡារី​ គ្លីនតុន​ (Hillary Clinton)អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ ​និង​ជា​ស្ត្រី​ទី​មួយ​របស់​សហ​រដ្ឋ​អាមេរិកបាន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​អំពី​ទំនាស់​ផល​ប្រយោជន៍ ​ដោយ​សារ​ការ​ទំនាក់ទំនង​របស់​លោក​ស្រី​ជា​មួយ Wall Street​និង​ការ​ប្រើប្រាស់​អ៊ីមែល​ឯកជន​សម្រាប់​ការងារ​ផ្លូវ​ការ​របស់​លោក​ស្រី។​

លោក​ Ken ​Vogel​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សារព័ត៌មាន Politico​ ដែល​ជា​អង្គការ​មួយ​មាន​ទី​តាំង​នៅ​រដ្ឋធានីវ៉ាស៊ីនតោន​បាន​ឱ្យ​ដឹង​ថា​ យុទ្ធនាការ​ឆ្នាំ​នេះ​បាន​រំឭក​ឡើង​វិញ​នូវ​យុទ្ធនាការ​នយោបាយ​មិន​ល្អ​របស់​អាមេរិកកាល​ពី​ពីរ​សត​វត្ស​កន្លង​ទៅ។​

«កាល​ពី​ដើម​នៅ​ក្នុង​ប្រទេស​យើង​ប្រហែល​២០០​ឆ្នាំ​មុន ​យើង​បាន​ឃើញ​ពាក្យ​សម្តី​គំរោះគំរើយ​និយាយ​អំពី​រឿង​អាក្រក់​ផ្ទាល់​ខ្លួនដោយ​បេក្ខជន​ប្រធានាធិបតី​ម្នាក់ប្រឆាំង​នឹង​បេក្ខជន​ប្រធានាធិបតី​ម្នាក់​ទៀត​ ​ហើយ​យើង​បាន​ឃើញ​បេក្ខជន​ប្រកួត​ប្រជែង​គ្នា​បែក​ជា​ពីរ​ក្រុម​ដូច​ជា​ពួក​គេ​បាញ់​គ្នា»។​

លោក​បាន​បន្ថែម​ថា៖

«វា​មិន​មែន​ជា​បញ្ហា​ថ្មី​ទាំង​ស្រុង​នោះ​ទេ​ ប៉ុន្តែ​វា​គឺ​ថ្មី​នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទំនើប»។​

លោក​បាន​បន្ថែម​ថា​ យុទ្ធនាការ​បោះ​ឆ្នោត​របស់​សហ​រដ្ឋ​អាមេរិកនេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​បោះឆ្នោត​នៅ​ក្នុង​ពេល​ថ្មីៗ​នៅ​ក្នុង​ប្រទេស​នានា​ដូច​ជា​ប្រទេស​អ៊ីតាលី​ ប្រទេស​ស៊ែប៊ី​ បូស្នី ​និង​ហ្វីលីពីន។​

លោក​ Ed Horowitz ​ សាស្ត្រាចារ្យ​ផ្នែកសារគមនាគមន៍នៅ​សាកល​វិទ្យាល័យ​ Cleveland State ​នៅ​ក្នុង​រដ្ឋ​ Ohio​ បានសួរ​ថា ​តើ​ការ​បោះ​ឆ្នោត​នេះ​នឹង​ត្រូវ​គេ​ចងចាំ​យ៉ាង​ដូច​ម្តេច?

លោក​បាន​មាន​ប្រសាសន៍​ថា៖

«ក្នុង​នាម​ខ្ញុំ​ជា​សាស្ត្រាចារ្យ​ ​ខ្ញុំ​គិត​អំពី​ការ​បោះឆ្នោត​នេះ​នៅ​ក្នុង​ផ្លូវ​ពីរ។​ ទី​មួយ​យុទ្ធនាការ​បោះឆ្នោត​នេះ​ជា​ផ្លូវ​រលាក់​ ពីព្រោះ​ថា ​លោក ​ដូណាល់​ ត្រាំ ​ជា​បេក្ខជន​ប្រធានាធិបតី​ដែល​មិន​ធម្មតា»។​

លោក​ Ed Horowitz ​ សាស្ត្រាចារ្យ​ផ្នែកសារគមនាគមន៍នៅ​សាកល​វិទ្យាល័យ​ Cleveland State ​នៅ​ក្នុង​រដ្ឋ​ Ohio​
លោក​ Ed Horowitz ​ សាស្ត្រាចារ្យ​ផ្នែកសារគមនាគមន៍នៅ​សាកល​វិទ្យាល័យ​ Cleveland State ​នៅ​ក្នុង​រដ្ឋ​ Ohio​

លោក ​Horowitz​បន្ថែម​ថា៖​

«ទី​ពីរ ​យុទ្ធនាការ​នេះ​ជា​ការ​ចាប់​ផ្តើម​យុទ្ធនាការ​បោះឆ្នោត​បែប​ថ្មី​មួយ។​ ក្នុង​នាម​ខ្ញុំ​ជា​សាស្ត្រាចារ្យ​ផ្នែក​ទំនាក់​ទំនង ​ខ្ញុំ​ចាប់​អារម្មណ៍​ជា​ពិសេស​ពី​របៀប​ដែល​បេក្ខជន​ប្រធានាធិបតី​ប្រើ​ប្រាស់ប្រព័ន្ធ​ផ្សព្វផ្សាយ។​ ហើយ​លោក​ ដូណាល់ ​ត្រាំ​ ជា​អ្នក​ជំនាញ​ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ Twitter​ នៅ​ក្នុង​របៀប​មួយ​ដែល​គ្មាន​អ្នកណា​ម្នាក់​ធ្លាប់​ធ្វើ​ដូច​គាត់»។​

​លោក​ Chales Noble ​ សាស្រ្តាចារ្យ​នៅ​នាយកដ្ឋាន​វិទ្យាសាស្រ្ត​នយោបាយ​នៅ​ឯ​សាកលវិទ្យាល័យ​ California State ​នៅទី​ក្រុង​ឡុងប៊ិច Long Beach ​រដ្ឋ​ California
​លោក​ Chales Noble ​ សាស្រ្តាចារ្យ​នៅ​នាយកដ្ឋាន​វិទ្យាសាស្រ្ត​នយោបាយ​នៅ​ឯ​សាកលវិទ្យាល័យ​ California State ​នៅទី​ក្រុង​ឡុងប៊ិច Long Beach ​រដ្ឋ​ California

រី​ឯ​លោក​ Chales Noble ​ សាស្រ្តាចារ្យ​នៅ​នាយកដ្ឋាន​វិទ្យាសាស្រ្ត​នយោបាយ​នៅ​ឯ​សាកលវិទ្យាល័យ​ California State ​នៅទី​ក្រុង​ឡុងប៊ិច Long Beach ​រដ្ឋ​ California​ ​បាន​និយាយ​ថា ​ការ​ដេញ​ដោល​របស់​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​នេះបាន​ធ្វើ​ឲ្យមាន​សំណួរ​អំពី​ទ្រង់ទ្រាយ​និង​ការ​ប្រើប្រាស់​វិធីដេញ​ដោល​គ្នា​នេះ។​

ចំណែក​លោក​ James ​Sheeler​ សាស្ត្រាចារ្យ​ផ្នែក​សារ​ព័ត៌មាន ​និង​ការ​សរសេរ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៅ​សាកល​វិទ្យាល័យ​ Case Western ​នៅ​ទីក្រុង​ Cleveland ​ ​រដ្ឋ​ Ohio​ បាន​ឱ្យ​ដឹង​ថា​ សម្តីរបស់​លោក ​ដូណាល់ ​ត្រាំ ​ដែល​ថា លោក​នឹង​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ប្រសិន​បើ​លោក​ចាញ់​ ហើយ​ថា​ ការ​បោះឆ្នោត​ជា​ការរៀប​ចំ​ទុក​នោះ​ អាច​នឹង​នាំ​ឱ្យ​មាន​អំពើ​ហិង្សា។​

លោក​បាន​និយាយ​ថា៖​

«ការណ៍ពិត ​វា​ជា​ពេល​វេលា​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សហរដ្ឋ​អាមេរិក​ នៅ​ពេល​ឥឡូវ​នេះ​ ដោយ​សារ​តែ​អ្នក​កាសែត​អាមេរិក​កំពុង​ព្យាយាម​ពិនិត្យ​មើល​ឡើង​វិញ​នូវ​អ្វី​ដែល​លោក​ ដូណាល់ ត្រាំ​ និង​លោក​ស្រី​ហ៊ីឡារី​ គ្លីនតុនបាន​និយាយ​ ​ជា​ពិសេស​នៅ​ពេលដែល​លោក ​ដូណាល់ ត្រាំ​ បាន​និយាយ​ថា ​ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​រៀប​ចំ​ទុក»។​

លោក​បាន​បន្ថែម​ថា៖​

«បេក្ខជន​ប្រធានាធិបតី​ប្រណាំង​ប្រជែង​គ្នា​ពី​មុនៗ​ មិន​ដែល​និយាយ​អី​ចឹង​ទេ។ ​គេ​មិន​ដែល​ថ្លែង​ថា ​"ខ្ញុំ​អាច​នឹង​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត"នោះ​ទេ»។​

អ្នក​ជំនាញ​ប្រចាំ​តំបន់អាស៊ី​អាគ្នេយ៍​មើល​ឃើញ​ថា​ ការ​បោះឆ្នោត ​និង​យុទ្ធនាការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់មាន​បញ្ហា​ដូច​គ្នា។​

លោក John Ciorciari អ្នក​ជំនាញ​ ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​សាលា​ Gerald R. Ford​ ផ្នែក​នយោបាយ​សាធារណ:​នៅ​សាកលវិទ្យាល័យ​ Michigan និយាយ​ថា៖​ «ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​នេះ​គឺ​ជា​បញ្ហា​យ៉ាង​ធំ»។

លោក John Ciorciari បាន​សរសេរ​នៅ​ក្នុង​សារ​អេឡិចត្រូនិក​មួយ​យ៉ាង​ដូច្នេះ​ថា៖​

«ការ​ប្រកាន់​បក្ស​ពួក​ ការ​ប្រកាសគោល​នយោបាយ​ ការ​វាយ​ប្រហារ​ប្រឆាំង​ជំទាស់​នឹង​បេក្ខជន​ប្រឆាំង​គឺ​គ្មាន​អ្វី​ថ្មី​ឡើយ​ចំពោះ​នយោបាយ​អាមេរិក ​ប៉ុន្តែ​ការ​បោះឆ្នោត​ប្រធានាធិបតី​មួយ​នេះ​គឺ​វា​អាក្រក់​ជា​ពិសេស»។​

លោក John Ciorciari ​បន្ថែម​ថា៖​

«ការ​ចោទ​ប្រកាន់​មិន​ច្បាស់​លាស់​របស់​លោក ​ដូណាល់​ ត្រាំ ​ដែល​ថា ​ការ​បោះឆ្នោត​ត្រូវ​បាន​រៀបចំ​ទុក​ និង​ការ​គំរាម​បដិសេធ​មិន​ទទួល​យក​លទ្ធផល​អវិជ្ជមាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោលការណ៍​សំខាន់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សហរដ្ឋ​អាមេរិក​ ការ​ចូលរួម​ប្តេជ្ញា​ចិត្ត​ ​ចែក​រំលែក​យន្តការ​នៃ​ការ​បោះឆ្នោត»។

លោក John Ciorciari បន្ត​ថា៖

«ប្រជាជន​អាមេរិក​មាន​សំណាង​ ដោយ​សារ​មានប្រព័ន្ធ​ប្រជាធិបតេយ្យ ​ដែល​មាន​ស្ថិរភាព​ដែល​ត្រូវ​បាន​បង្កើត​ឡើង​រយៈ​ពេល​យូរ​មក​ហើយ។​ យើង​មិន​គួរ​ណា​យក​ប្រព័ន្ធ​បោះឆ្នោត​នេះ​មក​លេង​សើច​នោះ​ទេ»។​

លោក ​អ៊ា សុផល ​សាស្ត្រាចារ្យផ្នែក​ការទូត​ និង​កិច្ចការ​ពិភពលោក​នៅ​សាកល​វិទ្យាល័យ​ Occidental ​ក្នុង​ទី​ក្រុង ​Los Angeles ​នៃរដ្ឋ California​ បាន​ឱ្យ​ដឹង​ថា​ ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​គឺ​ជា​ការ​បោះ​ឆ្នោត «អាក្រក់​បំផុត» ​ដែល​លោក​មិនធ្លាប់​ឃើញ។​

លោក​បាន​សរសេរ​យ៉ាង​ដូច្នេះ៖​

«ការ​ខូចខាត​មាន​ទំហំធំ​ធេងរួច​ទៅ​ហើយ។​ វា​ត្រូវ​ការ​ពេល​វេលា២៤០ឆ្នាំ ​ដើម្បី​បង្កើត​ឡើង​ ហើយបុរស​ម្នាក់​នៅ​ក្នុង​ការ​បោះឆ្នោត​បាន​កម្ទេច​ផ្នែក​មួយ​នៃ​សមិទ្ធិផល​នេះ។​ សង្ឃឹម​ថា លោក​ ដូណាល់ ត្រាំ​ នឹង​គ្រាន់​តែ​ជា​លេខ​យោង​ [ឧទាហរណ៍] ក្នុង​ប្រវត្តិសាស្រ្ត​ ប៉ុន្តែការ​ខូចខាត​កេរ្តិ៍​ឈ្មោះ​យីហោ​ប្រជាធិបតេយ្យ​អាមេរិក​នេះ​នឹង​នៅ​បន្តរយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ យ៉ាង​តិច ​ប្រសិន​បើ​មិន​ច្រើនទស​វត្សរ៍​ទេ​នោះ»។

លោក​បាន​បន្ថែម​ថា​ វោហាស័ព្ទ​ប្រើ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​អាច​ជា​ទឡ្ហីករណ៍​សម​គួរ​មួយក្នុង​ការ​បញ្ជាក់​ហេតុ​ផល​ផ្នែក​ក្រម​សីលធម៌​សម្រាប់​របប​ឃោរឃៅ និង​អំពើ​ពុក​រលួយ​នៃ​របប​មួយ​ដែល​អាច​បង្កើត​ឃ្លា​មួយ​ថា៖​

«អ្នក​គ្រប់គ្នា​ធ្វើ​រឿង​នេះ ដូច្នេះ​វា​គ្មាន​អ្វី​ដែល​ត្រឹមត្រូវ​ ឬ​ខុស​នោះ​ទេ»។​

ទោះ​ជា​យ៉ាង​ណា ​លោក​ David ​ Josar​ អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ទី​ក្រុង​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា​ ដំណើរ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​អាមេរិក​មាន​ដំណើរ​ការ​ «សេរី​និង​មាន​ការ​ជជែក​ដេញ​ដោល​ធំ​ទូលាយ»។​

លោក​បាន​សរសេរ​នៅ​ក្នុង​សារ​អេឡិចត្រូនិកថា៖​

«ទោះ​ជា​នរណាក្លាយ​ជា​ប្រធានាធិបតី​ក៏ដោយ​ ក៏​សហ​រដ្ឋ​អាមេរិក​ ​និង​ប្រទេស​កម្ពុជាមាន​ទំនាក់ទំនង​ខ្លាំង​ដោយ​ផ្អែក​លើ​អត្ថ​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ការ​សហការ​លើ​ការ​អភិវឌ្ឍ​ កិច្ច​សហ​ប្រតិបត្តិការ​ សន្តិសុខ ​និងការ​ផ្លាស់ប្តូរ​ប្រជាជន»៕

XS
SM
MD
LG