ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​បឹងកក់ ទេព វន្នី ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣០​ខែ ខណៈ​មនុស្ស​បួន​នាក់​ទៀត រង​ការ​វាយដំ


អ្នកស្រី​ ណាត​ ស្រីណាក់​ ប្រជាពលរដ្ឋ​មកពី​សហគមន៍​បូរីកីឡា​ ត្រូវ​ក្រុម​អ្នកតវ៉ា​ លើក​ដាក់​ម៉ូតូ​កង់​បី​ ក្រោយការ​ដួល​សន្លប់​ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​ ២៣​ ខែ​ កុម្ភៈ ឆ្នាំ​ ២០១៧។​ (ហ៊ុល រស្មី/VOA)

​​​ក្នុង​ថ្ងៃ​នៃ​ការ​បើក​សវនាការ​កាត់​ទោស​អ្នក​ស្រី​ ​ទេព​ វន្នី ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​​ អំពើ​​ហិង្សា​ក៏បាន​កើត​ឡើង​ នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ និង​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​​​នៅ​ជាប់​ពហុ​​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ខណៈ​អ្នក​តវ៉ា​ជាង​៥០នាក់ បាន​មក​ប្រមូល​ផ្ដុំ​គ្នា​​នៅ​ខាង​ក្រៅ​តុលាការ។ អ្នក​តវ៉ា​​ប្រមាណ​បួន​​​​នាក់​ ក្នុង​នោះ​មាន​​សកម្មជន​ដីធ្លី​ អ្នក​ស្រី ​បូវ​ ​សោភា​ ​បាន​​រង​ការ​វាយ​ដំ​យ៉ាង​​ដំណំ​ពី​កង​សន្តិ​សុខ​ខ័ណ្ឌ​ ៧​មករា។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ ​បាន​សម្រេច​កាត់​ទោស​អ្នក​ស្រី​ ទេព វន្នី​ ​ដែល​ជា​ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹក​នាំ​របស់​អង្គ​ការ​ Vital Voices​ ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈ​ ពេល​ ២​ ឆ្នាំ​ និង​៦​ ខែ​ ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ក្នុង​ការ​តវ៉ា​មួយ​ ដែល​បាន​កើត​ឡើងនៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ក្បែរ​វិមាន​ឯក​រាជ្យ​ កាល​ពី​ឆ្នាំ២០១៣។ ​

​លោក ឡុង​ កេសភិរម្យ ​ចៅក្រម​នៃ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ ក៏​បាន​បង្គាប់​ឲ្យ​អ្នកស្រី​ ទេព វន្នី​ បង់​ប្រាក់​ពិន័យ​ចូល​រដ្ឋ​ចំនួន​ប្រាំ​លាន​រៀល​ និង​ប្រាំ​បួន​លាន​រៀល​ផ្សេង​ទៀត​ ទៅ​សន្តិ​សុខ​ខ័ណ្ឌ​ដូនពេញ​ចំនួន​ពីរ​រូបដែលជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី។

កងកម្លាំង​ប៉ូលីស​ និង​កង​សន្តិសុខ​ខ័ណ្ឌ ក្នុង​ខ័ណ្ឌ​ ដូន​ពេញ​ ត្រូវបាន​ដាក់​ពង្រាយ​ នៅ​មុខ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ ដើម្បី​ការពារ​ដំណើរ​ការ​កាត់​ក្តី​ អ្នកស្រី​ ទេព​ វន្នី​។​ (ហ៊ុល រស្មី/VOA)
កងកម្លាំង​ប៉ូលីស​ និង​កង​សន្តិសុខ​ខ័ណ្ឌ ក្នុង​ខ័ណ្ឌ​ ដូន​ពេញ​ ត្រូវបាន​ដាក់​ពង្រាយ​ នៅ​មុខ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ ដើម្បី​ការពារ​ដំណើរ​ការ​កាត់​ក្តី​ អ្នកស្រី​ ទេព​ វន្នី​។​ (ហ៊ុល រស្មី/VOA)

ក្នុង​ថ្ងៃ​នៃ​ការ​បើក​សវនាការ​កាត់​ទោស​អ្នក​ស្រី​ ​ទេព​ វន្នី ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អំពើហិង្សា​ក៏បាន​កើត​ឡើង​ នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ និង​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ជាប់​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ខណៈ​អ្នក​តវ៉ា​ជាង​៥០នាក់ បាន​មក​ប្រមូល​ផ្ដុំ​គ្នានៅ​ខាង​ក្រៅ​តុលាការ។

អ្នក​តវ៉ាប្រមាណ​បួននាក់​ ក្នុង​នោះ​មានសកម្មជន​ដីធ្លី​ អ្នក​ស្រី ​បូវ​ ​សោភា​ ​បានរង​ការ​វាយ​ដំ​យ៉ាងដំណំ​ពី​កង​សន្តិ​សុខ​ខ័ណ្ឌ​ ៧​មករា។

អ្នក​ស្រី​ បូវ​ សោភា​ និយាយ​ប្រាប់​ VOA ​ក្រោយ​ការ​វាយ​ដំ​នោះ​ថា៖

«បើ​សិន​ជា​ងាប់​ថ្ងៃ​នេះ​ ដោះដូរ​ហ្នឹង​ការ​ដោះ​លែង​ អ្នកស្រី ទេព​ វន្នី​ ខ្ញុំ​សុខ​ចិត្ត​ឲ្យ។​ បើ​សិន​ជា​ងាប់​ថ្ងៃ​នេះ​ ធ្វើ​ឲ្យ​អ្នកដឹកនាំ​គាត់​ភ្ញាក់​រលឹក​ ចេះ​ស្រឡាញ់​ប្រជា​ជន​ ខ្ញុំ​សុខចិត្ត​។​ បើ​ខ្លួន​ខ្ញុំ​ម្នាក់​ ​កែ​ប្រែ​នាយក​រដ្ឋមន្ត្រី​ ឲ្យ​ចេះ​បម្រើ​ប្រជា​ពលរដ្ឋ​ ចេះ​ស្រឡាញ់​ប្រជាពលរដ្ឋ​ខ្ញុំ​សុខ​ចិត្ត»។​

អ្នកស្រី បូវ​ សោភា សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ស្រែក​យំ​នៅមុខ​ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​រងការ​វាយដំ​យ៉ាង​ហិង្សា​ពី​កងសន្តិសុខ​ខ័ណ្ឌ​ដូន​ពេញ នាថ្ងៃ​ទី ២៣ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល រស្មី​/VOA)
អ្នកស្រី បូវ​ សោភា សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ស្រែក​យំ​នៅមុខ​ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​រងការ​វាយដំ​យ៉ាង​ហិង្សា​ពី​កងសន្តិសុខ​ខ័ណ្ឌ​ដូន​ពេញ នាថ្ងៃ​ទី ២៣ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល រស្មី​/VOA)

​បុរស​ម្នាក់​ផ្សេង​ទៀត​ ឈ្មោះ​ ម៉ៅ​ ​សុជាតិ ដែល​គេ​ស្គាល់​ថា​ ជាសកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​កង​សន្តិ​សុខ​ដេញ​វាយ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​ជាប់​នឹងពហុកីឡាដ្ឋានជាតិ​អូឡាំពិក​ បន្ទាប់​ពី​បុរស​នោះ​ បាន​ព្យាយាម​ហាម​ឃាត់​កង​សន្តិ​សុខ​ មិន​ឲ្យ​មាន​ការ​រុញច្រាន​គ្នា​ជាមួយស្ត្រី​តវ៉ា​ ប្រឆាំង​នឹង​ការ​កាត់​ក្ដី​អ្នកស្រី​ ទេព​ វន្នី។​

​អ្នកស្រី​ បូវ​ សោភា និង​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ ណាត​ ស្រីណាក់​ ដែល​មក​ពី​សហគមន៍​បុរី​កីឡាបាន​ដួល​សន្លប់​ ក្រោយ​ការ​រុញច្រាន​ជាមួយ​កង​សន្តិ​សុខ។​ ការ​រុញច្រាន​នេះ​ កើត​មាន​ឡើង​ ​បន្ទាប់​ពី​អាជ្ញាធរ​បាន​ដឹក​អ្នកស្រី​ ទេព​ វន្នី​ ចេញ​ពី​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ ត្រឡប់​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស​វិញ។

លោក​ ម៉េត មាស​ភក្តី​ អ្នកនាំពាក្យ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ ថ្លែង​ថា​ ការ​បង្ក្រាប​របស់​កង​សន្តិ​សុខ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​នោះ​ បាន​កើត​ឡើង​ ដោយសារ​មាន​ក្រុម​អ្នកតវ៉ា​មួយ​ចំនួន​រឹង​ទទឹង​ មិន​ចាក​ចេញ​ពី​មុខ​ការិយាល័យ​រដ្ឋ​បាល​នៃសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។​

«ពី​ដំបូង​ឡើយ​ហ្នឹង​ គឺ​គាត់​បាន​ស្នើ​សុំ​ឲ្យ​ អ្នក​ដែល​តវ៉ា​អី​ទាំង​អស់​ហ្នឹង​ គឺ​គាត់​ទៅ​ធ្វើ​ដូច​សព្វ​ដង​ហ្នឹង​ មានន័យ​ថា​ ទៅ​ចំហៀង​ផ្លូវ​ទៅ​ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​ការ​ងារ​គេ។ ហើយក៏​ឃើញ​ថា​ មាន​ក្រុម​របស់​គាត់​ហ្នឹង​ មួយ​ចំនួន​ធំ​ គាត់​បាន​ស្ដាប់​តាម​ការ​ណែ​នាំ​ របស់​អាជ្ញាធរ​របស់​យើង​ហ្នឹង​ទៅ​ខាង​ហ្នុង​ដែរ​ទេ​ លើក​លែង​តែ​ដូច​ជា​បី​នាក់​ តាម​ខ្ញុំ​ចាំ។​ ដូច​ជា​បី​នាក់​ ដែល​គាត់​មិន​ដឹង​ជា​គោល​បំណង​យ៉ាង​ម៉េច​ គាត់​មិន​ស្ដាប់​តាម​ទេ​ ​រហូត​ដល់​នៅ​ក្រាញ​ននៀល​ អី​មិន​ទៅ​ ​រហូត​ឈាន​ទៅ​ដល់​ការ​រុញច្រាន​គ្នា​ហ្នឹង»។

អ្នកស្រី​ទេព​ វន្នី ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៦​ ក្រោយ​ពី​អ្នក​ស្រី​បាន​ចូលរួម និង​ដឹកនាំ​ការ​ធ្វើ​ «យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ»​ យ៉ាងសកម្ម​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​ចំនួន​បួន​រូប​ និង​អគ្គ​លេខាធិការ​រង​មួយ​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហើយនិង​ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​លោក​ កែម​ ឡី​ អ្នកវិភាគ​សង្គម​និង​នយោបាយ​ដ៏​ល្បី​ល្បាញ​មួយ​រូប​ ដែល​ត្រូវ​គេ​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​ ​២០១៦​ ​នៅ​កណ្ដាល​ទី​ក្រុង​ភ្នំពេញ។​

លោក​ អំ​ សំអាត​ ប្រធានការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​ ប្រាប់​អ្នកសារព័ត៌មាន​ នៅមុខ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ថា​ សវនាការ​កាត់​ទោ​ស​អ្នកស្រី​ ទេព​ វន្នី​ មិន​ត្រូវ​បាន​ធ្វើ​ឡើង​ ស្របតាម​នីតិវិធី​នៃ​ការ​កាត់​ក្ដី​នោះ​ទេ​ ដោយ​ហេតុ​អ​វត្ត​មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ និង​សាក្សី​របស់​ដើម​បណ្ដឹង។

លោក​ថា​ ​ក្រុម​គ្រួសារ​អ្នក​ស្រី ទេព​ វន្នី​ នឹង​ទទួល​បន្ទុក​ធ្ងន់​មួយ​បន្ថែម​ទៀត​ ក្រោយ​ការ​កាត់​ទោស​ដែល​មិន​ត្រឹម​ត្រូវ​នេះ។​

​«ក្រោយ​ពី​ការ​តវ៉ា​ដីធ្លី​ ដែល​ធ្វើ​ឲ្យ​បែក​បាក់​គ្រួសារ​ បន្ទាប់​មក​ជាប់​ពន្ធនាគារ​ ហើយ​កូន​របស់​គាត់​ធ្លាក់​ខ្លួន​ឈឺ​ ដោយ​គ្មាន​អ្នកណា​ជួយ​មើល​ ហើយ​ម្ដាយ​ចាស់​ជរា​ទៀត​ អា​នេះ​ ជា​បន្ទុក​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ ផង​ដែរ​សម្រាប់​សកម្មជនដី​ធ្លី​ ដូច​អ្នកស្រី​ ទេព វន្នី​នេះ»។​

អង្គ​ការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ចំនួន​៦១​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍នេះ​ ដោយ​បាន​សំដែង​ការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​ផ្ដន្ទាទោស​អ្នកស្រី​ ទេព​ វន្នី​ ឲ្យ​ជាប់ក្នុង​ពន្ធនាគារ​ដែល​ពួកគេ​ចាត់​ទុក​ថា​អយុត្តិធម៌​ និង​ចំពោះ​អំពើ​ហិង្សាដែល​ប្រព្រឹត្ត​ដោយ​ក្រុម​សន្តិ​សុខ​ទៅ​លើ​អ្នក​គាំ​ទ្ររបស់​អ្នកស្រី​ទេព​ វន្នី​ នៅ​ខាង​ក្រៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ។​

បណ្ដុះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ ក៏​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ ដើម្បី​ធានា​យុត្តិ​ធម៌​ដល់​ជន​រងគ្រោះ៕

XS
SM
MD
LG