\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហគមន៍​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី បន្ត​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន និង​មន្ត្រី​សិទ្ធិ​មនុស្ស


ក្រុម​អ្នកតវ៉ា​ ដើរហែរក្បួនពី​ក្រសួង​មហាផ្ទៃ​ មក​សភា​ជាតិ​ ដើម្បី​បន្តដាក់​ញ្ញត្តិ​របស់​ពួកគេ​ កាល​ពីថ្ងៃ​ទី​ ១០​ ខែ​មករា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

ក្រុម​អ្នកតវ៉ា​ ដើរហែរក្បួនពី​ក្រសួង​មហាផ្ទៃ​ មក​សភា​ជាតិ​ ដើម្បី​បន្តដាក់​ញ្ញត្តិ​របស់​ពួកគេ​ កាល​ពីថ្ងៃ​ទី​ ១០​ ខែ​មករា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

នៅ​ក្នុង​ការ​តវ៉ា​ដែល​ធ្វើ​ឡើង​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ក្រុម​ប្រជាពលរដ្ឋ​ បាន​ទាម​ទារ​ឲ្យ​មានការ​ផ្ដល់​​ដំណោះ​​ស្រាយ​លើ​ទំនាស់​ដីធ្លី​នានា​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​អស់​ជា​ច្រើន​ឆ្នាំ​មក​​ហើយ​​នោះ។ ​

នៅ​មុន​ពេល​មានជំនួប​ពិភាក្សា​ខាង​នយោបាយ​រវាង​មេ​ដឹក​នាំ​តំណាង​រាស្ត្រ​គណបក្ស​ធំៗ​ពីរ​នៅ​រដ្ឋ​សភា​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្រោយ​ថ្ងៃ​ទី​១១​ខែ​មករា​នេះ ក្រុម​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ដីធ្លី​ក្នុង​សហគមន៍​បឹង​កក់​ ព្រម​ទាំង​សហគមន៍​នានា​ ​ដែល​នៅ​ជាប់​គាំង​ក្នុង​ជម្លោះ​ដីធ្លី​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង​មហាផ្ទៃ​ និង​បានដើរទៅ​សភា​ជាតិ​ខ្មែរ​ដើម្បី​ដាក់​ញត្តិទាម​ទារ​ឲ្យ​តុលាការ​ដោះ​លែង​សកម្មជន​ដីធ្លីនៅ​តំបន់​បឹងកក់​ ​មន្ត្រី​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​មន្ត្រី​របស់​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)។

នៅ​ក្នុង​ការ​តវ៉ា​ដែល​ធ្វើ​ឡើង​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ក្រុម​ប្រជាពលរដ្ឋ​ បាន​ទាម​ទារ​ឲ្យ​មានការ​ផ្ដល់ដំណោះស្រាយ​លើ​ទំនាស់​ដីធ្លី​នានា​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​អស់​ជា​ច្រើន​ឆ្នាំ​មកហើយនោះ។ ​

អ្នក​ស្រី ​បូវ​ សោភា​ ​តំណាង​ប្រជាពលរដ្ឋ​មក​ពី​តំបន់​បឹងកក់​ ដែល​បាន​ដើរ​ចាក​ចេញ​ពី​ក្រសួង​មហា​ផ្ទៃ​បន្ទាប់​ពី​បាន​ដាក់​ញត្តិ​រួច​មក​នោះ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ក្រុម​ប្រជា​ពលរដ្ឋ​ មាន​ជំនឿ​ចិត្ត​ថា​ លោក​ ស​ ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នឹង​ពិចារណា​លើ​ការ​ស្វែង​រកដំណោះ​ស្រាយ​ឲ្យ​មានការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​ប្រាំ​មួយនាក់​នេះ​ ហើយ​ជំរុញ​មន្ត្រី​រដ្ឋាភិបាល​ ឲ្យ​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​នានា។

​«នៅ​ក្នុង​បេះ​ដូង​ពួក​យើង​ទាំង​អស់​គ្នា​ នៅ​តែ​ជឿ​ជាក់​ នៅ​តែ​រក​កិច្ច​អន្តរាគមន៍​ពី​លោក​ឧបនា​យក​រដ្ឋមន្ត្រី​ ស ខេង​ ព្រោះ​អី​គាត់​មិន​ដែល​ទុក​ប្រជា​ពលរដ្ឋ​ ជា​សត្រូវ​ ឬ​មួយ​ក៏​គាត់​មិន​ដែល​បោះបង់ពួក​យើង​ដែល​ជា​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ម្ដង​ណា​ឡើយ»។​

​លោក​ ស​ ខេង ​ប្រធាន​ថ្នាក់​ដឹកនាំ​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជនកម្ពុជា​ ​នៅ​សភា ​បាន​ប្រាប់​លោក ​កឹម​ សុខា ដែល​ទើប​ក្លាយ​ជា​ប្រធាន​ថ្នាក់​ដឹកនាំ​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ​ជំនួប​ពិភាក្សា​ការងារ​រវាង​គណបក្ស​ទាំងពីរ​ អាច​ធ្វើ​ឡើង​បន្ទាប់​ពី​ថ្ងៃ​ទី​១១​ ខែ​មករា​ ដោយ​មិន​ទាន់​កំណត់​ពេល​វេលា​ជាក់​លាក់។​ ​

លោក​ កឹម​ សុខា​ ប្រធាន​ស្តីទី​គណបក្សសង្គ្រោះ​ជាតិ ​បាន​ស្នើ​សុំ​ឲ្យ​មាន​ជំនួប​នេះ​ ដើម្បី​ពិភាក្សាបញ្ហា​ប្រទេស​ជាតិ​ និង​បញ្ហា​ប្រជា​ពលរដ្ឋ​ដោយ​សន្តិវិធី។

កាលពី​ថ្ងៃ​ទី​ ១០​ ខែមករា​ ឆ្នាំ​ ២០១៧ ​ក្រុម​ប្រជាពលរដ្ឋ​មកពី​សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​នោះ​មាន​សហគមន៍​បឹងកក់​ បាន​មកតវ៉ា​នៅមុខ​ក្រសួងមហាផ្ទៃ​ និង​សភា​ ដើម្បី​ទាមទារ​សេរីភាព​ដល់​សកម្មជន​ដីធ្លី​ មន្ត្រី​សិទ្ធិមនុស្ស​ និង​មន្ត្រី​រៀប​ចំការ​បោះឆ្នោត​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ និង​ផ្តល់​ដំណោះស្រាយ​បំបែក​វិបត្តិ​ដីធ្លី។ (ហ៊ុល រស្មី/VOA)

កាលពី​ថ្ងៃ​ទី​ ១០​ ខែមករា​ ឆ្នាំ​ ២០១៧ ​ក្រុម​ប្រជាពលរដ្ឋ​មកពី​សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​នោះ​មាន​សហគមន៍​បឹងកក់​ បាន​មកតវ៉ា​នៅមុខ​ក្រសួងមហាផ្ទៃ​ និង​សភា​ ដើម្បី​ទាមទារ​សេរីភាព​ដល់​សកម្មជន​ដីធ្លី​ មន្ត្រី​សិទ្ធិមនុស្ស​ និង​មន្ត្រី​រៀប​ចំការ​បោះឆ្នោត​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ និង​ផ្តល់​ដំណោះស្រាយ​បំបែក​វិបត្តិ​ដីធ្លី។ (ហ៊ុល រស្មី/VOA)

ការ​ស្នើ​សុំ​ឲ្យ​មាន​ជំនួប​នេះ​ កើតមាន​ឡើង​ ​ក្រោយ​ពី​ប្រធាន​ថ្នាក់​ដឹក​នាំ​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ទាំងពីរ​ ​ខក​ខាន​មិន​បាន​ជួប​ពិភាក្សា​គ្នាដែល​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​ធ្នូ​ ឆ្នាំ​ ២០១៦​កន្លង​ទៅ។​ ​

​លោក​ ស​ ខេង​ ​បាន​ប្រាប់​លោក​ កឹម ​សុខា​ ថា​ លោក​មាន​ភាព​មមាញឹក​ក្នុង​កម្មវិធី​ការ​ងារ​របស់​លោក​ ដែល​ជា​ឧបសគ្គ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួប​គ្នា​ នា​ពេល​កន្លង​មក។​

លោក​នាយ​ឧត្ដម​សេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ប្រាប់​ VOA ​ថា​ ខុទ្ទកាល័យ​ ​លោក​ ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង​ ពុំ​ទាន់​បាន​ទទួលលិខិត​សុំ​អន្តរាគមន៍​របស់​ក្រុម​អ្នកតវ៉ា​នោះ​ទេ​ ហើយថា​ ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ពុំ​មាន​សិទ្ធិ​អំណាច​ទៅ​ជ្រៀត​ជ្រែក​ក្នុង​ស្ថាប័ន​តុលាការ​នោះ​ឡើយ​ ខណៈ​ដែល​អ្នក​ជាប់​ឃុំ​ទាំង​ប្រាំ​មួយនាក់​នោះ​ ពុំ​ទាន់ត្រូវ​បាន​តុលាការ​កាត់​ទោស​ជា​ស្ថាពរ។

​លោក​នាយ​ឧត្ដមសេនីយ៍​បន្ត​ថា​ ការ​ចរចា​ខាង​នយោបាយ​ អាច​ជា​ជម្រើស​មួយ​ផ្សេង​ទៀត​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ។

លោក​បញ្ជាក់​បន្ថែម​ថា​ ការចរចា​អាច​កើតមាន​ឡើង​ក្រោយ​ថ្ងៃ​ទី​ ១១​ ខែ​មករា​ដដែល។​ ក៏​ប៉ុន្តែ​ លោក​ចង់​ឃើញ ក្រុម​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​ ​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ចរចា។

​«ចរចា​ហើយ​ជាន់​ជើង​ផង​ យើង​ចរចា​ធ្វើ​អី។​ ឧទាហរណ៍​ ថ្មីៗ​ហ្នឹង​ ដូច​ជា​ ខាង​បក្ស​ប្រឆាំង​ គេ​ថា​ ថ្ងៃ​ ៧​ មករា​ ថ្ងៃ​យួន​ ចូល​ស្រុក អា​ហ្នឹង ​វា​អញ្ចឹង​មួយ​ទៀត​ហើយ។​ វា​ ទៅ​ជា​អញ្ចឹង​ទៅ​ហើយ​ រួច​ទៅ​ចរចា​គ្នា​អី។​ ថ្ងៃ​ ៧មករា​ មាន​តែ​ថ្ងៃ​រស់​ទាំង​អស់​គ្នា​ ហើយ​ដល់​៧មករា​ ថ្ងៃ​យួន​ចូល​ស្រុក​ អា​ហ្នឹង​មិន​បាច់ចរចា​អី​ទេ»។​

អ្នក​ការ​ពារ​សិទ្ធិមនុស្ស​៤នាក់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​ដែល​រួម​មាន ​លោក នី សុខា ​លោក​ យី សុខសាន​ ​លោក ណៃ​ វ៉ង់​ដា​ ​និង​ អ្នក​ស្រី ​លឹម មុនី​ ព្រមទាំង លោក នី​ ចរិយា​ ​មន្ត្រី​ជាន់ខ្ពស់​នៃ​គ.ជ.ប ដែល​ជា​អតីត​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​លេច​ធ្លោម្នាក់​នៃ​សមាគម​អាដហុក​នេះ​ដែរ ​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ខែ​មេសា​ ឆ្នាំ​២០១៦​មក។

អ្នក​ស្រី​ ទេព​ វន្នី​ ដែល​ជា​ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹកនាំ​របស់​អង្គ​ការ​ Vital Voices​ ​បាន​ចូល​រួម​ និង​ដឹកនាំ​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ​យ៉ាង​សកម្ម​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំងនោះ។ ប៉ុន្តែ លោកស្រី បែរ​ជា​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​និង​កាត់​ទោស​ក្នុង​ករណី​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា។​

ឈរ​នៅ​ពី​មុខ​សភា​ជាតិ​អ្នក​ស្រី ស៊ី ​ហ៊ាប​ វ័យ​ ៦៨​ ឆ្នាំ​ ម្ដាយ​បង្កើត​របស់​អ្នក​ស្រី​ ទេព​ វន្នី​ បាន​ស្នើ​ឲ្យ​លោក​ ​ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​ ​ធ្វើ អន្តរាគមន៍​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី​ ទេព វន្នី​ ដែល​ អ្នក​ស្រី​ ជឿ​ថា​ ​ពុំបាន​ប្រព្រឹត្ត​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ។​

អ្នក​ស្រី​ ស៊ី ​ហ៊ាប ​និយាយ​ថា​ គ្រួសារ​របស់​អ្នក​ស្រី​ ត្រូវ​គេ​បំពារបំពាន​យ៉ាង​អយុត្តិធម៌​ ហើយ​ថា​ កូនស្រីរបស់​អ្នក​ស្រី​ បាន​ជាប់​ក្នុង​ពន្ធនាគារ​រយៈ​ពេល​បួន​ខែ​មក​ហើយ។​

«ចាស ​យក​គ្នា​ទៅ​ដាក់​គុក​អី​ចឹងៗ​ ឲ្យ​គ្នា​ព្រាត់​ប្រាស់​កូន​ ព្រាត់​ប្រាស់​ម៉ែ​បង​ប្អូន​ ធ្វើបាប​គ្នា​ជា​ស្ត្រី។​ ធ្វើបាប​គ្រួសារ​ខ្ញុំ​ណាស់​ ដោយ​អយុត្តិធម៌​ណាស់​ក្នុង​គ្រួសារ​ខ្ញុំ​ហ្នឹង​ ធ្វើបាប​គ្រួសារ​ខ្ញុំ»។

លោក​ ឡេង​ ប៉េង​ឡុង​ អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ ប្រាប់​ VOA​ ថា​ គណៈកម្មការ​ទី​មួយ​ទទួលបន្ទុក​កិច្ច​ការ​សិទ្ធិ​មនុស្ស​ និង​ទទួលពាក្យ​បណ្ដឹង​នៃ​រដ្ឋសភា​ បាន​ទទួល​ញត្តិ​របស់​ក្រុម​អ្នក​តវ៉ា​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​មាន​ប្រសាសន៍​ថា​ លោក​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​ នឹង​ពិចារណា​បញ្ជូន​លិខិត​នោះ​ទៅ​ក្រសួង​ដែល​មាន​សមត្ថកិច្ច។​

«ហ្នឹង​យើង​ នែ ធម្មតា​គឺ​ រដ្ឋសភា​តាម​រយៈ​សម្ដេច​ប្រធាន​ នឹង​ផ្ញើ​ទៅ​ស្ថាប័ន​សមត្ថកិច្ច​ដើម្បី​ដោះស្រាយ»។

ការ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក​ និង​មន្ត្រី​គ.ជ.ប ​កើត​មាន​ឡើង ​ក្រោម​បទ​ចោទ​សូក​ប៉ាន់ ​និង​សម​គំនិត​សូក​ប៉ាន់​សាក្សី ​ទាក់​ទង​នឹង​ការ​ផ្ដល់​ការ​ប្រឹក្សា​ច្បាប់​ដល់​នារី​កាត់​សក់​វ័យ​ក្មេង​ម្នាក់​ ឈ្មោះ​នាង ​ខុម​ ចាន់​តារ៉ាទី ​ហៅ​ស្រី​មុំ ​ដែល​ត្រូវ​គេ​ចោទ​ថា ​មាន​ទំនាក់​ទំនង​ស្នេហា​លួចលាក់​ជា​មួយ​លោក​ កឹម​ សុខា ​ប្រធាន​ស្ដីទី​គណបក្សសង្គ្រោះ​ជាតិ។

លោក​ អំ​ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​អំពីការបញ្ចប់​រឿងក្តី​ដែល​មាន​លក្ខណៈ​នយោ​បាយ​ ហើយ​នឹង​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

លោក​ អំ​ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​អំពីការបញ្ចប់​រឿងក្តី​ដែល​មាន​លក្ខណៈ​នយោ​បាយ​ ហើយ​នឹង​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

លោក​ អំ​ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គ​ការការពារ​សិទ្ធិ​មនុស្ស​លីកា​ដូ​ ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅមុខ​ក្រសួង​មហាផ្ទៃ​ថា​ រឿង​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ តម្រូវ​ឲ្យ​មាន​ការ​ដោះស្រាយ​តាម​ច្រក​នយោបាយ។​

​ពាក់​ព័ន្ធ​នឹង​ការ​រក​ដំណោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​នោះ​ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ លើកឡើង​ថា​ ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចង់​ឃើញ​សកម្មភាព​តវ៉ា​បន្ត​ទៀត​ទេ​នោះ​ រដ្ឋាភិបាល​គួរ​ពន្លឿន​យន្តការ​បញ្ចប់​ទំនាស់​ទាំង​អស់​នោះ​ ដោយ​មិន​ត្រូវ​ចាត់​ទុក​ក្រុម​អ្នក​តវ៉ា​ថា​ ជា​ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាលនោះ​ឡើយ។

«កាល​ណា​ យើង​បន្ត​អ្ហា​ ការ​ទាមទារ​ និង​ការ​តវ៉ា​ហ្នឹង​ចេះ​តែ​បន្ត​ ដែល​ធ្វើ​ឲ្យ​ទៅជា​ការ​ចោទ​ប្រកាន់​ទៅ​ជា​បញ្ហា​ផ្សេង​ ដូច​យើង​ឃើញ​ហើយ​ ជួនកាល​លាប​ពណ៌​ដាក់​ដោយសារ​មាន​អ្នក​នយោបាយ​នៅ​ពីក្រោយ​ ឬក៏​ជា​គណបក្ស​ប្រឆាំង​អី។​ តាម​ការ​ពិត​ បើ​យើង​ដោះស្រាយ​ឫសគល់​នៃ​បញ្ហា​ដីធ្លី​ឲ្យ​ចប់​ទៅ​ ខ្ញុំ​គិតថាដូច​ជា​អត់​មាន​អី​ទេ​ បាទ»។​

កាល​ពី​ថ្ងៃ​ចន្ទ​កន្លងទៅ​ ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់ បាន​ផ្ដើម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ សារ​ជា​ថ្មី​ បន្ទាប់​ពី​ពួកគេ​ខកចិត្ត​ ចំពោះ​ការ​បរាជ័យ​របស់​មេដឹកនាំ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ធំៗ​ពីរ​ ដើម្បី​ដោះ​លែង​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ទាំង​ប្រាំមួយ​នាក់​នោះ​ កាលពី​ដំណាច់​ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​

រហូត​មក​ដល់​ពេលនេះ​ ​មាន​តែ​លោក​ កឹម​ សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ ស៊ាងចែត​ មេឃុំ​មក​ពី​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ ដែលបាន​រួច​ផុត​ពី​អ្វី​ដែល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ប្រព័ន្ធ​តុលាការ៕

XS
SM
MD
LG