ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រុស្ស៊ី​កំណត់​អត្តសញ្ញាណ​អ្នក​បោក​គ្រាប់​បែក​ដ៏​ប្រល័យ​នៅ​​ស្ថានីយ៍​រថភ្លើង​ក្នុង​ទីក្រុង St. Petersburg


ជន​សង្ស័យ​ Akbarzhon Jalilov (Dzhalilov) ពាក់អាវ​ក្រហម កំពុង​ដើរ​នៅ​ក្នុង​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​នៅ​ក្នុង​ទីក្រុង​ St Petersburg ប្រទេស​រុស្ស៊ី។

អ្នក​ស៊ើប​អង្កេត​រុស្ស៊ី​បាន​កំណត់​អត្តសញ្ញាណ​របស់​ជន​ឈ្មោះ​ Akbarzhon Dzhalilov ដែល​កើត​នៅ​ប្រទេស ​Kyrgyzstand ​ថា​ជា​អ្នក​បោក​គ្រាប់​បែក​អត្តឃាត ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​កាល​ពី​ថ្ងៃ​ចន្ទ​ទៅលើ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​មួយ​ដែល​មាន​មនុស្ស​ច្រើន​កុះករ​នៅ​ក្នុង​ទីក្រុង​ St. Petersburg។

តួលេខ​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នោះ​បាន​កើន​ឡើង​ដល់​១៤​នាក់​ហើយ ដោយ​ក្នុង​នោះ​មាន​ជនរងគ្រោះ​រាប់​សិប​នាក់​បាន​រង​របួស​ធ្ងន់។

ប៉ូលិស​រុស្ស៊ី​បាន​ចេញ​ផ្សាយ​រូបថត​របស់​ជនសង្ស័យ​បំផ្ទុះ​គ្រាប់​បែក​នោះ​ថា​ ឈ្មោះ Dzhalilov ​អាយុ​២២​ឆ្នាំ ដែល​ពួកគេ​និយាយ​ថា​មាន​កំណើត​នៅ​ទីក្រុង ​Osh ​និង​ទទួល​បាន​សញ្ជាតិ​រុស្សី​កាល​ពី​ឆ្នាំ​២០១១។

អ្នក​ស៊ើបអង្កេត​រុស្ស៊ី​និយាយ​ថា ​Dzhalilov បាន​បង្កប់​គ្រាប់​បែក​ទី​ពីរ​នៅ​ឯ​ស្ថានីយ៍​រថភ្លើង​មួយ​ទៀត​ក្នុង​ទីក្រុង​ St. Petersburg ដែល​អាជ្ញាធរ​បាន​រក​ឃើញ​និង​បាន​ទប់​ស្កាត់​មិន​ឲ្យ​ផ្ទុះ​ទាន់​ពេល​វេលា។ នៅ​មិន​ទាន់​មាន​ក្រុម​ណាមួយ​អះអាង​ទទួល​ខុស​ត្រូវ​លើ​ការ​វាយប្រហារ​នេះ​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​កំពុង​តែ​ស៊ើបអង្កេត​លើ​ករណី​ដែល​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម​រដ្ឋ​ឥស្លាម។

មេដឹកនាំ​ពិភពលោក​ដូចជា​ចិន អឺរ៉ុប និង​ប្រេស៊ីល​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​សោកនាដកម្ម​នេះ។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ទូរស័ព្ទ​ទៅ​រក​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​បាន​ផ្តល់​ការគាំទ្រ​ទាំងស្រុង​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារ​នេះ៕

XS
SM
MD
LG