ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អ.ស.ប.ថាលោក Trump មិន​បាន​រារាំង​លោកស្រី​មិន​ឲ្យ​រិះគន់​រុស្ស៊ី​នោះ​ទេ


ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley ថ្លែងក្នុង​សន្និសីទ​គោល​នយោបាយគណកម្មាធិការការងារ​សាធារណ​របស់​អាមេរិក​និង​អ៊ីស្រាអែល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទិ​២៧ មីនា ២០១៧។

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា លោក​ប្រធានាធិបតី Donald Trump មិន​បាន​រារាំង​លោកស្រី​មិន​ឲ្យ​រិះគន់​ប្រទេស​រុស្ស៊ី​នោះ​ទេ។

លោកស្រី​បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍ ABC News ថា៖ «លោក​ប្រធានាធិបតី​មិន​ដែល​ហៅ​ខ្ញុំ​ទៅ​ប្រាប់​ថា «កុំ​រិះគន់​ប្រទេស​រុស្ស៊ី» នោះ​ទេ ហើយ​ក៏​មិន​ដែល​ប្រាប់​ខ្ញុំ​ថា​គួរតែ​និយាយ​យ៉ាង​ម៉េច​នោះ​ដែរ។ ខ្ញុំ​កំពុង​តែ​រិះគន់​ប្រទេស​រុស្ស៊ី»។

លោកស្រី Haley បាន​លើក​ឡើង​ថា ការ​ដែល​ប្រទេស​រុស្ស៊ី​ដណ្ដើម​យក​តំបន់​ឧបទ្វីប Crimea របស់​ប្រទេស​អ៊ុយក្រែន​កាល​ពី​ឆ្នាំ ២០១៤ និង​ការ​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​បន្ត​គាំទ្រ​ដល់​យុទ្ធជន​ដែល​មាន​ទំនោរ​ទៅ​រក​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ដើម្បី​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​កងកម្លាំង​រដ្ឋាភិបាល​អ៊ុយក្រែន គឺ​ជា​រឿង​ដែល​ខុស​ឆ្គង។

លោកស្រី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​រុស្ស៊ី​ធ្វើ​ខុស ខ្ញុំ​គ្មាន​បញ្ហា​ក្នុង​ការ​រិះគន់​រុស្ស៊ី​នោះ​ទេ។ លោក​ប្រធានាធិបតី Trump មិន​ដែល​ជំទាស់​នឹង​ខ្ញុំ​ទេ​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​រុស្ស៊ី​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​នោះ»។

កន្លង​មក ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នានា​របស់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ ដោយ​មាន​បញ្ជា​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន ដើម្បី​ជួយ​លោក Trump ឲ្យ​យក​ឈ្នះ​លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ៕

XS
SM
MD
LG