ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​តវ៉ា​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ជាង​២០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង​មូស្គូ


ប៉ូលិស​រុស្ស៊ី​ចាប់​ខ្លួន​បុរស​ម្នាក់​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ទីក្រុង​មូស្គូ កាល​ពី​ថ្ងៃ​អាទិត្យក្នុង​ពេល​មាន​បាតុកម្ម​កើត​ឡើង។

ប៉ូលិស​រុស្ស៊ី​បាន​ចាប់​ខ្លួន​អ្នក​តវ៉ា​ប្រហែល​ជាង​២០​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ទីក្រុង​មូស្គូ មួយ​សប្តាហ៍​បន្ទាប់​ពី​អ្នក​តវ៉ា​ជាង​១០០០នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រមូលផ្តុំ​គ្នា​ទ្រង់ទ្រាយ​ធំ​មួយ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អ្នក​រិះគន់​លោក​ប្រធានាធិបតី Vladimir Putin។

ទីភ្នាក់ងារ​សារព័ត៌មាន​ Tass របស់​រដ្ឋ​ក្នុង​ប្រទេស​រុស្ស៊ី​បាន​ចេញ​សេចក្តីរាយការណ៍​ថា ការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​បាតុករ​បាន​ព្យាយាម​ដើរ​ដង្ហែ​ក្បួន​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ ឆ្ពោះ​ទៅ​កាន់​វិមាន​ក្រឹមឡាំង ចេញ​ពី​ទីលាន​សាធារណៈ​២​នៅ​ក្នុង​ទីក្រុង​មូស្គូ។

ប៉ូលិស​បាន​បិទ​ទីលាន ​Pushkin Square ​ដែល​ជា​ទី​កន្លែង​ប្រមូលផ្តុំ​គ្នា​សម្រាប់​អ្នក​តវ៉ា។ អាជ្ញាធរ​ក៏​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​ប្រាស់​គេហទំព័រ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​និយាយ​ថា គាំទ្រ​ដល់​ការ​តវ៉ា​ខុស​ច្បាប់ ដែល​រៀប​ចំ​ឡើង​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ឬ​ក្បែរ​ទីលាន​ Red Square ក្នុង​ទីក្រុង​មូស្គូ។

នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា ​នរណា​ជា​អ្នក​បាន​រៀបចំ​បាតុកម្ម​នេះ។ អ្នកនាំពាក្យ​ម្នាក់​របស់​លោក​ Alexei Navalny ​ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ក្រុង​ក្រឹមឡាំង​យ៉ាង​សំខាន់ ​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ពាក់ព័ន្ធ​នោះ​ទេ។ លោក​និង​បាតុករ​រាប់​រយ​នាក់​ដែល​ប្រឆាំង​នឹង​អំពើ​ពុករលួយ ដែល​បាន​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី Dmitry Medvedev ចុះ​ចេញ​ពី​តំណែង ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​សប្តាហ៍​មុន​ផង​ដែរ៕

XS
SM
MD
LG