ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Flynn ចង់​បាន​អភ័យឯកសិទ្ធិ​ដើម្បី​ធ្វើ​សក្ខីកម្ម​ក្នុង​ការ​ស៊ើបការណ៍​ពី​រុស្ស៊ី


លោក Michael Flynn (រូប​កណ្តាល) បាន​អញ្ជើញ​ទៅ​ដល់​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Michael Flynn អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​ស្នើ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ពួក​អ្នកស៊ើបអង្កេត​របស់​សភា​ស.រ.អា.​ដែល​រក​មើល​អំពី​ការ​ទាក់ទង​រវាង​ពួក​ទីប្រឹក្សា​ធ្វើការ​ឃោសនា​បោះឆ្នោត​ឱ្យ​លោក ​Trump និង​ប្រទេស​រុស្សី ដរាប​ណា​លោក​ Flynn ទទួល​អភ័យឯកសិទ្ធិ​ពី​ការ​យក​មក​កាត់ទោស។​

កាសែត​ Wall Street Journal បាន​រាយការណ៍​មុន​គេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក Flynn បាន​ធ្វើ​ការ​ចរចា​ដើម្បី​ទទួល​ការ​សន្យា​អំពី​ការ​មិន​យក​លោកទៅ​កាត់ទោស ក៏ប៉ុន្តែ​ថា​មិន​ទាន់​មាន​នរណា​ម្នាក់​យល់ព្រម​តាម​លក្ខខណ្ឌ​លោក​នៅ​ឡើយ​ទេ។

លោក Robert Kelner មេធាវី​របស់​លោក Flynn បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ពេល​បន្ទាប់មក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ «ឧត្តមសេនីយ៍​ Flynn ប្រាកដ​ជា​មាន​រឿង​មួយ​ដែល​លោកចង់​និយាយខ្លាំង​ណាស់​ប្រសិន​បើ​កាលៈទេសៈ​អនុញ្ញាត​ឱ្យ​លោក​និយាយ។ យើង​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ពេល​នេះ​អំពី​សេចក្តី​ល្អិតល្អន់នៃ​ការ​ពិភាក្សា​គ្នា​រវាង​មេធាវី​សម្រាប់​ឧត្តមសេនីយ៍ Flynn និង​គណៈកម្មាធិការ​ខាង​ការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​តំណាង​រាស្ត្រអាមេរិកាំង​ និង​ព្រឹទ្ធសភា​ស.រ.អា.​ក្រៅ​ពី​បញ្ជាក់​ថា​ការ​ពិភាក្សា​ទាំង​នោះ​ពិត​ជា​បាន​កើត​មាន​មែន»។

លោក Kelner បាននិយាយ​បន្ត​ថា «គ្មាន​មនុស្ស​មាន​ភាព​សម​ហេតុផល​ណា​ម្នាក់​ដាក់​ខ្លួន​ឯង​ឱ្យ​គេ​សាកសួរ​នៅ​ក្នុង​បរិយាកាស​មួយ​មាន​រឿង​នយោបាយ​ខ្លាំង និង​មាន​ការ​តាម​រក​មនុស្ស​ដែល​គេ​យល់​ថា​បាន​ធ្វើ​ខុស​ដោយ​គ្មានការ​ធានា​រ៉ាប់រង​ប្រឆាំង​នឹង​ការ​យក​ទៅ​កាត់ទោស​ដោយ​អយុត្តិធ៌ម​នោះ​បាន​ទេ»។

លោក Flynn ដែល​ជា​ឧត្តមសេនីយឯក​ចូលនិវត្តន៍​ម្នាក់ បាន​ត្រូវ​បង្ខំ​ឱ្យ​លាលែង​ចេញ​ពី​តំណែង​ក្នុង​ឋានៈជា​ទីប្រឹក្សា​ជិតស្និទ្ធ​ម្នាក់​របស់លោក​ Trump នៅ​ក្រោយ​លោក​បាន​លាត​ត្រដាង​ថា​លោក​បាន​ធ្វើ​ឱ្យ​លោក​អនុប្រធានាធិបតី​ Mike Pence យល់​ខុស​អំពី​ការ​ទាក់ទង​របស់​លោក​ជាមួយ​លោក Sergei Kislyak ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ស.រ.អា.។

​គណៈកម្មាធិការ​ខាង​ការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ និង​ព្រឹទ្ធសភា​ស.រ.អា.​កំពុង​ពិនិត្យ​មើល​ថា​តើ​មាន​សហការី​ណា​ខ្លះ​របស់​ Donald Trump ប្រហែល​បាន​សម្របសម្រួល​ជាមួយ​ពួក​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​រុស្ស៊ី​ក្នុង​ការ​ស្វះស្វែង​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកាំង​កាលពី​ឆ្នាំ​ទៅ​មិញ​ឬ​ទេ។

ពួក​អ្នក​ជំនាញ​បាន​និយាយ​ប្រាប់​គណៈកម្មាធិការ​ខាង​ការ​ស៊ើបការណ៍​សម្ងាត់​នៃ​ព្រឹទ្ធ​សភា​ស.រ.អា.​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ប្រទេសរុស្សី​បាន​ធ្វើ​យុទ្ធនាការ​មួយ​មិន​ធ្លាប់​មាន​ពី​ពេល​មុន​ហើយ​ប្រកប​ដោយ​ជោគជ័យ​ខ្លាំង​ក្លា​ដើម្បី​ឱ្យ​មាន​ឥទ្ធិពល​លើ​ការ​សន្ទនា​ខាង​នយោបាយក្នុង​ប្រទេស​អាមេរិក​នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​កាលពី​ឆ្នាំ​ទៅ​មិញ៕

XS
SM
MD
LG