\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខជន​ប្រធានាធិបតី​​មាន​​គោលនយោបាយ​ការបរទេស​ខុស​គ្នា


លោក​ស្រី Clinton និង លោក​ Trump នៅ​ឯ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​រដ្ឋ North Carolina កាល​ពី​ថ្ងៃទី​៧ ខែ​វិច្ឆិកា។

លោក​ស្រី Clinton និង លោក​ Trump នៅ​ឯ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​រដ្ឋ North Carolina កាល​ពី​ថ្ងៃទី​៧ ខែ​វិច្ឆិកា។

ដោយ​បារម្ភ​ពី​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក ពិភព​លោក​កំពុង​តែ​តាម​ដាន​យ៉ាង​ដិត​ដល់ ខណៈ​ពេល​ដែល​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី Clinton និង​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ Trump ពពាយនាយ​ពី​ផែន​ការ​របស់​ពួក​គេ​ក្នុង​ការ​ការ​ដោះស្រាយ​អំពើ​ភេរវកម្ម និង​បញ្ហា​សកល​ផ្សេង​ទៀត។

តើ​បេក្ខជន​ទាំង​ពី​សម្លឹង​មើល​ពិភព​លោក​ក្នុង​ផ្លូវ​ណា ហើយ​តើ​ពួក​គេ​ប្រកាន់​គោល​ជំហរ​បែប​ណា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​គោល​នយោបាយ​ការ​បរទេស រាប់​ចាប់​ពី​ដោះ​ស្រាយ​បញ្ហា​សម្ព័ន្ធ​មិត្ត​អន្តរជាតិ​ ទៅ​ដល់​ការ​បង្ក្រាប​ក្រុម​ភេរវជន​រដ្ឋ​អ៊ី​ស្លាម។

អង្គការ​អូតង់​ដែល​ជា​សម្ព័ន្ធ​មិត្ត​យោធា​ប្រទេស​លោក​ខាង​លិច​អស់​រយៈ​ពេល ៦៧ឆ្នាំ ត្រូវ​គេ​លើក​យក​មក​ជជែក​ដេញ​ដោល​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​ដ៏​ជូរ​ចត់​ក្នុង​អាណត្តិ​ថ្មី​នេះ។

លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ថ្លែង​ថា៖ «យើង​ត្រូវ​តែ​ធ្វើ​ការ​យ៉ាង​ជិត​ដិត​ជា​មួយ​សម្ព័ន្ធ​មិត្ត​របស់​យើង ហើយ​នេះ​គឺ​ជា​អ្វី​ដែល​លោក Donald Trump តែង​តែ​ចាត់​ទុក​ថា​ជា​រឿង​ឥត​ប្រយោជន៍»។

ចំណែក លោក Donald Trump បេក្ខ​ជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ថ្លែង​ថា៖ «យើង​បាន​ធ្វើ​ការ​ជា​មួយ​ពួក​គេ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ហើយ​យើង​ទទួល​បាន​មក​វិញ​នូវ​បញ្ហា​ដ៏​ស្មុគ​ស្មាញ​បំផុត​មិន​ធ្លាប់​មាន»។

ភាព​ខុស​គ្នា​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​អាមេរិក​ចំពោះ​អង្គការ​អូតង់​គូស​បញ្ជាក់​ពី​ទស្សនៈ​របស់​បេក្ខជន​ទាំង​ពីរ​អំពី​ពិភព​លោក នេះ​បើ​តាម​សម្ដី​របស់​លោក Jeremy Mayer សាស្រ្តាចារ្យ​ជំនួយ​ផ្នែក​គោល​នយោបាយ និង​រដ្ឋាភិបាល​នៃ​សាកល​វិទ្យាល័យ George Mason។

«ខ្ញុំគិតថា លោក Trump គឺ​ជា​អ្នក​ជាតិ​និយម​ម្នាក់ លោក​មាន​ប្រជាប្រិយ ខណៈ​ពេល​ដែល លោក​ស្រី Clinton គឺ​ជា​អ្នក​អន្តរ​ជាតិ​និយម លោក​ស្រី​ចូល​ចិត្ត​ធ្វើ​អ្វី​ជា​ពហុភាគី»។

លោក Trump ចង់​បាន​យោធា​ដែល​ខ្លាំង​ជាង​នេះ ហើយ​លោក​សន្យា​ពី​គោល​នយោបាយ​ការ​បរទេស​ដែល​ផ្ដោត​លើ​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក។ សម្រាប់​លោក​ស្រី Clinton លោក​ស្រី​សន្យា​ប្រើ​ប្រាស់​អំណាច​ឲ្យ​អស់​លទ្ធភាព ចាប់​ពី​ផ្នែក​ការ​ទូត ទៅ​ការ​អភិវឌ្ឍ ដើម្បី​ជំរុញ​គោល​នយោបាយ​ការ​ទូត​របស់​សហរដ្ឋអាមេរិក។ ទស្សនវិស័យ​ផ្ទុយ​គ្នា​បាន​នាំ​ឱ្យ​មាន​គោល​នយោបាយ​ខុស​គ្នា​ស្រឡះ​ចំពោះ​ប្រទេស​គូ​សត្រូវ ដូច​ជា​រុស្ស៊ី​ជា​ដើម។

លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មក​ពីគណបក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ស្គាល់ លោក Putin ទេ។ ខ្ញុំគិត​ថា នេះ​ជា​រឿង​ល្អ បើ​យើង​ត្រូវ​គ្នា​ជា​មួយ​ប្រទេស​រុស្សី ពី​ព្រោះ​យើង​អាច​ប្រយុទ្ធ​ជា​មួយ​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម​ជា​មួយ​គ្នា»។

លោកស្រី Clinton មាន​ជំហរ​ផ្ទុយ​ពី​នេះ។ លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​ថា៖ «ខ្ញុំ​ប្រឈម​មុខ​ជា​មួយ​ប្រទេស​រុស្សី។ ខ្ញុំ​ប្រយុទ្ធ​ជា​មួយ លោក​ Putin និង​អ្នក​ផ្សេង​ទៀត ហើយ​ខ្ញុំ​នឹង​ធ្វើ​បែប​នេះ​ក្នុង​នាម​ជា​ប្រធានាធិបតី»។

បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​មិន​យល់​ស្រប​ទាំង​ស្រុង​ទៅ​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ប្រទេស​អ៊ីរ៉ង់។ លោក Trump បាន​ហៅ​ការណ៍​នេះ​ថា​ជា «កិច្ច​ព្រមព្រៀង​មិនល្អ» សម្រាប់​អាមេរិក។ ឯអ្នកស្រី Clinton និយាយ​ថា ការណ៍​នេះ​បាន​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់។

ចំពោះ​ការ​បង្ក្រាប​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី​ដែល​ជាបញ្ហា​គោល​នយោបាយ​ការ​បរទេស​ដែល​ប្រជាជន​អាមេរិក​ខ្វល់ខ្វាយ​បំផុតគឺ ភាព​ខុស​គ្នា​យ៉ាង​ច្បាស់​ក្រឡែត​នៃ​គោល​នយោបាយ​ការ​បរទេស​របស់​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ៖
«លោក Donald Trump បានថ្លែងថា៖ «ខ្ញុំ​មិន​ចូល​ចិត្ត លោក Bashar al Assad ទាល់​តែ​សោះ ប៉ុន្តែ លោក Assad សម្លាប់​ភេរជន​រដ្ឋអ៊ីស្លាម។ រុស្ស៊ី​សម្លាប់​ភេរវជន​រដ្ឋ​អ៊ីស្លាម។ ហើយ​អ៊ីរ៉ង់​សម្លាប់​ភេរវជន​រដ្ឋ​អ៊ីស្លាម ហើយ​ពួក​គេ បាន​ពួត​ដៃ​គ្នា ក៏​ព្រោះ​តែ​គោល​នយោបាយ​ការបរទេស​មាន​ភាពទន់ខ្សោយ»។

ប៉ុន្តែ លោកស្រី Clinton បាន​ថ្លែង​នៅក្នុង​វេទិកា​ជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​លើកទីពីរថា៖ «រុស្ស៊ី​មិន​បាន​ចាប់អារម្មណ៍​ទៅលើក្រុម​ភេរវជន​រដ្ឋអ៊ីស្លាមទេ។ ពួក​គេ​ចាប់​អារម្មណ៍​ទៅលើ​ការរក្សា​អំណាច​ ឲ្យ​លោក Assad។ ដូច្នេះ​នៅ​ពេល​ដែល​ខ្ញុំ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ខ្ញុំ​បាន​គាំ​ទ្រ​កាល​នោះ ហើយ​នៅ​តែ​គាំ​ទ្រ​មក​ទល់​សព្វ​ថ្ងៃ​ ឲ្យ​មាន​តំបន់​ហាម​មិន​ឲ្យ​យន្តហោះ​ឆ្លងកាត់ និង​តំបន់​សុវត្ថិភាព»។

ប៉ុន្តែ​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​អតីតកាល អ្នក​បោះ​ឆ្នោត​ខ្វល់ខ្វាយ​ច្រើន​ពី​បញ្ហា​ផ្សេងទៀត​ដូចជា ការងារ និង​សេដ្ឋកិច្ច ជា​ជាង​នយោបាយ​ការបរទេស៕

ប្រែសម្រួលដោយ សឿន វឌ្ឍនា

XS
SM
MD
LG